ទស្សនៈសាកលលក្ខណៈពិសេសសកម្មភាពរារាំងជារួម

ការរួម​បញ្ចូល ​ឧត្តម​ភាព

មជ្ឈមណ្ឌលឆ្លើយតបនឹងវិបត្តិនៅឥណ្ឌូប៉ាស៊ីហ្វិកសម្របខ្លួនក្នុងបរិយាកាសយោធាស៊ីវិលដែលកំពុងវិវឌ្ឍន៍

Aiyana Paschal/មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1994 មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) បានពង្រឹងសមត្ថភាពឆ្លើយតបនឹងវិបត្តិ បង្កើនការសម្របសម្រួលនិងការសហការ ព្រមទាំងពង្រឹងទំនាក់ទំនងដើម្បីកែលម្អការអនុវត្តរបស់សហរដ្ឋអាមេរិក និងយោធាដៃគូក្នុងអំឡុងពេលគ្រោះមហន្តរាយ។ បន្ថែមពីលើតំបន់ស្នូលទាំងនេះ CFE-DM បានអនុវត្តគំនិតផ្តួចផ្តើមដើម្បីអនុវត្តតាមការណែនាំថ្មីពីក្រសួងការពារជាតិសហរដ្ឋអាមេរិក (DOD) និងទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក (USINDOPACOM)។ ឧទាហរណ៍រួមមាន ការសម្របសម្រួលកម្មវិធីសិក្ខាសាលាស្តីពីប្រតិបត្តិការរក្សាសន្តិភាពដ៏សំខាន់មួយសម្រាប់មេដឹកនាំជាន់ខ្ពស់របស់អន្តរជាតិ ការផ្តួចផ្តើមកម្មវិធីអប់រំអំពីមេរោគហ៊ីវ/ជំងឺអេដស៍សម្រាប់កងកម្លាំងអន្តរជាតិនិងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពការពារការរាតត្បាតនៃជំងឺគ្រុនផ្តាសាយសម្រាប់កងកម្លាំងសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក ការជំនួយដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កម្មវិធីអភិវឌ្ឍន៍អន្តរជាតិផ្តោតលើទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) និងបញ្ជាការនៅអាហ្វ្រិករបស់អាមេរិក និងការគាំទ្រកម្មវិធីអាហារូបករណ៍ប្រឆាំងភេរវកម្ម។

មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) បន្តផ្តោតការយកចិត្តទុកដាក់របស់ខ្លួននៅក្នុងបរិបទភូមិសាស្ត្រនយោបាយ និងបរិយាកាសប្រកបដោយថាមវ័ន្ដ ហើយផ្នែកសំខាន់នៃបេសកកម្មរបស់ខ្លួនគឺការបណ្តុះបណ្តាល និងការចូលរួមជាមួយដៃគូស៊ីវិល និងយោធា។ ជាធម្មតាកម្មវិធីនេះត្រូវបានធ្វើឡើងដោយផ្តោតលើគ្រោះមហន្តរាយធម្មជាតិតាមរយៈការគាំទ្រដល់អង្គការក្នុងតំបន់ និងសមយុទ្ធរបស់ USINDOPACOM ព្រមទំាងវគ្គបណ្តុះបណ្តាលការឆ្លើយតបជំនួយមនុស្សធម៌ (HART) របស់មជ្ឈមណ្ឌល។ ទោះយ៉ាងណាក៏ដោយ ជម្លោះកំពុងកើតមានកាន់តែខ្លាំងឡើងនៅក្នុងតំបន់ទីប្រជុំជនដែលមានប្រជាជនច្រើន។ ក្នុងករណីដូចជាការឈ្លានពានអ៊ុយក្រែនដោយមិនញញើតរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ 2022 កន្លងមក របបផ្តាច់ការនេះកំពុងកំណត់គោលដៅទៅកាន់ជនស៊ីវិលដើម្បីសម្រេចគោលបំណងនយោបាយ ឬជាតិនិយមតាមគ្រប់មធ្យោបាយទាំងអស់។ អាស្រ័យហេតុនេះមជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) កំពុងផ្តោតលើសេណារីយ៉ូជម្លោះនៅក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ និងផែនការរបស់ខ្លួន។ 

អស់រយៈពេល 25 ឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) បានសហការជាមួយគណៈកម្មាធិការអន្តរជាតិរបស់កាកបាទក្រហម (ICRC) និងសាកលវិទ្យាល័យ Hawaii នៅ Manoa ដើម្បីជួយសម្រួលដល់វគ្គសិក្សាផ្នែកសុខភាពប្រចាំឆ្នាំក្នុងគ្រាមានប្រជាជនច្រើន (HELP)។ គណៈកម្មាធិការអន្តរជាតិរបស់កាកបាទក្រហម (ICRC) បានបង្កើតក្របខណ្ឌជំនួយសម្រាប់អ្នកឆ្លើយតបមនុស្សធម៌ក្នុងអំឡុងពេលមានជម្លោះ និងគាំទ្រការសម្របសម្រួលរបស់ខ្លួនដោយអង្គការដៃគូនៅទូទាំងពិភពលោក។ វគ្គសិក្សានៃមជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) ដែលធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍នៅរដ្ឋហាវ៉ៃ រួមមានអ្នកចូលរួមជាជនស៊ីវិលនិងយោធា តុល្យភាពនៃប្រវត្តិរូបដែលធានាបាននូវបទពិសោធន៍អប់រំប្រកបដោយគុណភាព និងឱកាសផ្សារភ្ជាប់បណ្តាញដ៏មានតម្លៃក្នុងចំណោមអ្នកជំនាញដែលអាចនឹងជួបគ្នាម្តងទៀតក្នុងអំឡុងពេលមានអាសន្នផ្នែកមនុស្សធម៌។ វគ្គសិក្សាផ្នែកសុខភាពប្រចាំឆ្នាំក្នុងគ្រាមានប្រជាជនច្រើន (HELP) របស់មជ្ឈមណ្ឌលឥឡូវនេះមាននិស្សិតបញ្ចប់ការសិក្សាជាង 600 នាក់ហើយ។  

សាធារណរដ្ឋកូរ៉េ និងទាហានម៉ារីនអាមេរិក បានបោសសម្អាតភក់ និងកម្ទេចកម្ទីនៅខាងក្រៅទីផ្សារក្នុងទីក្រុង Pohang ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីព្យុះទីហ្វុង Hinnamnor ក្នុងខែកញ្ញា ឆ្នាំ 2022។ 1ST LT។ DAKOTA A. FORTUNA-CHUN/កងទ័ពម៉ារីនអាមេរក

មជ្ឈមណ្ឌលនេះក៏មានវគ្គបណ្តុះបណ្តាលការឆ្លើយតបជំនួយមនុស្សធម៌ក្នុងជម្លោះថ្មីមួយ (HART-C) ដែលណែនាំកងកម្លាំងរួម និងដៃគូរបស់សហរដ្ឋអាមេរិកអំពីភាពស្មុគស្មាញនៃការដឹកនាំជំនួយមនុស្សធម៌នៅក្នុងតំបន់ជម្លោះមួយ។ ប្រធានបទរួមមាន ប្រព័ន្ធជូនដំណឹងមនុស្សធម៌ យន្តការសម្របសម្រួលជនស៊ីវិល និងយោធា ការរៀបចំសម្រាប់ការជម្លៀសរបស់ជនស៊ីវិលទ្រង់ទ្រាយធំ ការវិភាគជម្លោះទៅលើមនុស្សធម៌ ការទទួលបាន និងសន្តិសុខ និងផលវិបាកនៃជម្លោះប្រដាប់អាវុធ និងសង្រ្គាម។  

ទំនួលខុសត្រូវផ្សេងទៀតរបស់មជ្ឈមណ្ឌលរួមមានការរួមបញ្ចូលផែនការគ្រប់គ្រងគ្រោះមហន្តរាយទៅក្នុងមុខងាររបស់ទីបញ្ជាការតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​អាមរិក (USINDOPACOM) និងការរួមចំណែកដល់គោលនយោបាយ និងគោលការណ៍ណែនាំរបស់ការិយាល័យរដ្ឋលេខាធិការនៃក្រសួង​ការពារជាតិ។ មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) ក៏ធ្វើការស្រាវជ្រាវ និងបង្កើតផលិតផលព័ត៌មានដូចជា សៀវភៅណែនាំស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ តារាងផ្ដល់ព័ត៌មានពិត និងខិត្តបណ្ណបង្ហាញការអនុវត្តល្អបំផុត ដែលទាំងអស់នេះមានជាសាធារណៈនៅលើអនឡាញតាមរយៈគេហទំព័រ cfe-dmha.org/publications។ ដូចគ្នានេះផងដែរមជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) លើកកម្ពស់គំនិតផ្តួចផ្តើមដើម្បីសម្រួលលំហូរនៃព័ត៌មានសំខាន់ៗក្នុងចំណោមដៃគូជនស៊ីវិល-យោធាក្នុងអំឡុងពេលចាត់វិធានការកិច្ចខិតខំប្រឹងប្រែងក្នុងការសង្គ្រោះ។ អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសហការជាមួយស្ថាប័នសិក្សា និងអង្គការដៃគូលើគម្រោង និងសំណើនានា ដើម្បីធានាថាលទ្ធផលស្រាវជ្រាវរបស់ពួកគេមានផ្ដល់ជូនដល់អ្នកប្រតិបត្តិការ និងអ្នកជំនាញក្នុងវិស័យនេះ និងដើម្បីផ្តល់នូវការវិភាគដ៏ទូលំទូលាយលើការសម្របសម្រួលដល់ជនស៊ីវិល និងយោធានៅក្នុងបរិស្ថានគ្រោះមហន្តរាយ។

«កត្តាសីលធម៌»

មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) បន្តសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទិដ្ឋភាពនៃគ្រោះមហន្តរាយធម្មជាតិ និងមនុស្សជាតិ រួមទាំងជម្លោះផងដែរ។ គំនិតផ្តួចផ្តើមថ្មីៗរួមមានកម្មវិធីការពារជនស៊ីវិល (POC) និងកម្មវិធីស្ដីពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ (CCI)។ កម្មវិធីការពារជនស៊ីវិល (POC) ស្វែងរកការបន្ធូរបន្ថយ និងឆ្លើយតបទៅនឹងការរងគ្រោះជនស៊ីវិលទទួលរងក្នុងអំឡុងពេលប្រតិបត្តិការយោធា។ មានផ្លូវសំខាន់ៗចំនួនបីសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ៖ ការគាំទ្រទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) ក្នុងការអនុម័តនិងអនុវត្តគោលនយោបាយ និងការអនុវត្តរបស់ក្រសួងការពារជាតិ (DOD) ថ្មីសម្រាប់ការការពារជនស៊ីវិល, ការកំណត់អត្តសញ្ញាណនិងលើកកម្ពស់ការអនុវត្តល្អបំផុត និងការជំរុញការសន្ទនាលើបញ្ហាប្រឈមសំខាន់ៗ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងចំណោមដៃគូក្នុងតំបន់។ ដើម្បីកំណត់ពីការអនុវត្តល្អបំផុត មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) ធ្វើការជាមួយភ្នាក់ងារមនុស្សធម៌ និងរក្សាការសន្ទនាយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិរបស់កាកបាទក្រហម (ICRC) ដែលដូចជាថ្មីៗនេះ មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) បានចេញផ្សាយសៀវភៅណែនាំស្តីពីការអនុវត្តល្អបំផុតសម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។  

កិច្ចខិតខំប្រឹងប្រែងទាំងនេះស្របគ្នានឹងផែនការសកម្មភាពកាត់បន្ថយ និងឆ្លើយតបគ្រោះមហន្តរាយថ្មីរបស់ក្រសួងការពារជាតិ (DOD) ដែលចេញផ្សាយនៅចុងខែសីហា ឆ្នាំ 2022 តាមការណែនាំរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin។ ក្នុងចំណោមវិធានការរបស់ផែនការ៖

បង្កើតមជ្ឈមណ្ឌលឧត្តមភាពការពារជនស៊ីវិល ដើម្បីសម្រួលដល់ការវិភាគ ការសិក្សា និងការបណ្តុះបណ្តាលទូទាំងផ្នែក។

បង្កើតដំណើរការរាយការណ៍អំពីស្តង់ដារប្រតិបត្តិការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល និងដំណើរការគ្រប់គ្រងទិន្នន័យ។​​

ផ្តល់ព័ត៌មានបន្ថែម ដើម្បីជួយមេបញ្ជាការ និងប្រតិបត្តិករឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសរបស់ជនស៊ីវិល រួមទាំងការបញ្ចូលការណែនាំសម្រាប់ការដោះស្រាយបញ្ហាជនស៊ីវិលទៅក្នុងគោលលទ្ធិយោធា និងផែនការប្រតិបត្តិការ។

ការចេញផ្សាយព័ត៌មានរបស់ក្រសួងការពារជាតិ (DOD) បានកត់សម្គាល់ថា «ការការពារជនស៊ីវិលពីគ្រោះថ្នាក់ទាក់ទងនឹងប្រតិបត្តិការយោធា មិនត្រឹមតែជាកត្តាចាំបាច់ខាងសីលធម៌ប៉ុណ្ណោះទេ វាក៏មានសារៈសំខាន់ផងដែរក្នុងការសម្រេចបានជោគជ័យយូរអង្វែងនៅលើសមរភូមិផងដែរ។ ជោគជ័យនៃយុទ្ធវិធី និងប្រតិបត្តិការដែលរកបានដោយលំបាកអាចបានបញ្ចប់ដោយការបរាជ័យនៃយុទ្ធសាស្រ្ត ប្រសិនបើការយកចិត្តទុកដាក់មិនត្រូវបានគេអើពើដើម្បីការពារបរិយាកាសរបស់ជនស៊ីវិលទៅតាមការអនុគ្រោះពីស្ថានការណ៍»។

កងកម្លាំងជប៉ុន និងសហរដ្ឋអាមេរិកចូលរួមនៅក្នុងកម្មវិធីជំនួយមនុស្សធម៌ និងសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ដែលជាផ្នែកមួយនៃពហុជាតិសាសន៍នៃមហាសមុទ្រប៉ាស៊ីហ្វិក (RIMPAC) 2022។ AIYANA PASCHAL/ក្រសួងការពារសហរដ្ឋអាមេរិក

លោកស្រី Jenny McAvoy ទីប្រឹក្សា និងជាប្រធានក្រុមសម្រាប់កម្មវិធីកម្មវិធីការពារជនស៊ីវិល (POC) បានលើកឡើងថា៖ «អ្វីដែលបានបាត់នោះគឺវិធីសាស្រ្តក្រសួងការពារជាតិ (DOD) ដែលមានលក្ខណៈទូលំទូលាយ»។ លោកស្រី McAvoy ដែលបានធ្វើការលើបញ្ហាការពារជនស៊ីវិលអស់ជាច្រើនទសវត្សរ៍មកហើយនោះបានកត់សម្គាល់ពីតម្រូវការសម្រាប់ «ការវិនិយោគលើប្រភេទនៃសមត្ថភាពដែលអាចឱ្យមេបញ្ជាការអាចសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃប្រតិបត្តិការជាក់លាក់របស់ពួកគេ»។

ការកើនឡើងចំនួននៃជម្លោះក្នុងទីក្រុង និងផលប៉ះពាល់ដ៏អាក្រក់របស់ពួកគេទៅលើជនស៊ីវិល គឺជាផ្នែកមួយដែលជំរុញឱ្យមានភាពបន្ទាន់។ អង្គការមនុស្សធម៌ និងទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងស្វែងរកការដោះស្រាយចំពោះគ្រោះថ្នាក់នេះ។ លើសពីការស្លាប់និងការបំផ្លិចបំផ្លាញ ការកើនឡើងនៃជម្លោះនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន បានបង្កឱ្យមានកំណើនចំនួនប្រជាជនដែលធ្វើការជម្លៀសខ្លួន។ នៅចុងឆ្នាំ 2021 មនុស្សចំនួន 89.3 លាននាក់នៅទូទាំងពិភពលោកត្រូវបានជម្លៀសចេញដោយបង្ខំដោយសារតែការបៀតបៀន ជម្លោះ អំពើហិង្សា ការរំលោភសិទ្ធិមនុស្ស ឬការរំខានដ៏ធំ នេះបើយោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន។ នៅក្នុងប្រទេសភូមាតែមួយ មានមនុស្សប្រហែល 1 លាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង និងសហគមន៍របស់ពួកគេ ចំពេលមានអំពើហិង្សាដែលកំពុងបន្តបង្កឡើងដោយរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ 2021។

នៅពេលដែលជនភៀសខ្លួនឆ្លងព្រំដែនដើម្បីភៀសចេញពីតំបន់ជម្លោះ មានការជជែកដេញដោលអំពីអធិបតេយ្យភាព – សមត្ថភាពរបស់ប្រទេសមួយក្នុងការគ្រប់គ្រងអ្វីដែលកើតឡើងនៅក្នុងព្រំដែនរបស់ខ្លួន។ ប្រទេសមួយចំនួនបានបដិសេធជនភៀសខ្លួន ខណៈដែលប្រទេសខ្លះទៀតតម្រូវឱ្យពួកគេបំពេញតាមលក្ខណៈវិនិច្ឆយច្រកចូលជាក់លាក់។ គោលនយោបាយបែបនេះបង្កើតនូវសំណួរទាក់ទងនឹងក្រមសីលធម៌ និងភាពជាក់ស្តែងសំខាន់ៗអំពីរបៀបដើម្បីទទួលជនភៀសខ្លួនដោយសុវត្ថិភាព ដោយផ្អែកលើគោលការណ៍អន្តរជាតិលើការបិទមិនឱ្យបញ្ជូនជនភៀសខ្លួនត្រលប់មកវិញដែលជាការហាមឃាត់ការបញ្ជូនជនភៀសខ្លួនដោយបង្ខំទៅកាន់ប្រទេសដើមរបស់ពួកគេ ប្រសិនបើពួកគេមានការភ័យខ្លាចចំពោះការបៀតបៀន។

លោកស្រី McAvoy បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) ជាមួយដៃគូក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាទាំងនេះ ដោយផ្តល់ភាពនៅកណ្តាលនៃភាពជាដៃគូសន្តិសុខនៅក្នុងយុទ្ធសាស្ត្រយោធាទាំងមូលរបស់សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះក៏ធ្វើការជាមួយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) ដែលផ្តោតលើការធ្វើសមកាលកម្មការឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌ជាសកល ការតស៊ូមតិ ការអភិវឌ្ឍគោលនយោបាយ ការផ្តល់សេវាគ្រប់គ្រងព័ត៌មាន និងការរៀបចំធនធានហិរញ្ញវត្ថុ។ 

លោកស្រី Helene Skaardal មន្ត្រីកិច្ចការមនុស្សធម៌នៃការិយាល័យប្រចាំតំបន់របស់ UNOCHA សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកបានលើកឡើងថា «ការការពារជនស៊ីវិលគឺជាចំណុចសំខាន់នៃការងារគ្រប់យ៉ាងដែលយើងធ្វើ ក្នុងនាមជាតួអង្គមនុស្សធម៌ដើម្បីសម្រាលទុក្ខលំបាក កាត់បន្ថយហានិភ័យ និងទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិ ដែលអាចមានទម្រង់ផ្សេងៗគ្នាជាច្រើននៅក្នុងគ្រោះមហន្តរាយ និងជម្លោះ ហើយទាមទារឱ្យមានការឆ្លើយតបបែបពហុវិស័យ និងទូលំទូលាយ»។  

តួនាទីយោធាដែលមានកាតព្វកិច្ច

ការសម្របសម្រួលក្នុងចំណោមតួអង្គមនុស្សធម៌ និងយោធាអាចប្រែប្រួលយ៉ាងខ្លាំងដោយផ្អែកលើថាតើការឆ្លើយតបទាក់ទងនឹងគ្រោះមហន្តរាយធម្មជាតិ ជម្លោះប្រដាប់អាវុធ ឬគ្រាអាសន្នដ៏ស្មុគស្មាញផ្សេងទៀត។ នៅឥណ្ឌូប៉ាស៊ីហ្វិក យោធាជាច្រើនបានដើរតួនាទីជាកាតព្វកិច្ចក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដោយផ្តល់នូវសមត្ថភាពដែលច្រើនតែលើសពីធនធានដែលអាចរកបាននៅទីភ្នាក់ងារស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល (NGOs)។ ដូច្នេះហើយ នៅក្នុងការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ លោកស្រី Skaardal បានលើកឡើងថា «ជាការសំខាន់ណាស់ដែលយើងបានបង្កើតយន្តការសម្របសម្រួលដល់ជនស៊ីវិល និងយោធាយ៉ាងច្បាស់លាស់ ដើម្បីយើងអាចបែងចែកការងារ ចែករំលែកព័ត៌មាន និងរៀបចំផែនការប្រតិបត្តិការរួមគ្នា»។

លោក​ស្រី​បាន​កត់​សម្គាល់​ថា៖ «ទោះ​ជា​យ៉ាង​ណា ក្នុង​ភាព​អាសន្ន​ដ៏​ស្មុគស្មាញ និង​ជម្លោះ​ប្រដាប់​អាវុធ ប៉ុន្តែជាញឹកញាប់គឺយោធា​ជា​ភាគី​នៃ​ជម្លោះទាំងនោះ»។ «ដូច្នេះ ជាចំណុចចាប់ផ្តើម ការចូលរួមមនុស្សធម៌ជាមួយតួអង្គយោធា មិនមែនផ្អែកលើគំរូកិច្ចសហប្រតិបត្តិការនោះទេ ប៉ុន្តែជាសហត្ថិភាព និងការទូតមនុស្សធម៌»។ នោះដោយសារតែកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ត្រូវតែរក្សាឯករាជ្យជានិច្ចពីគោលបំណងនយោបាយ ឬយោធា ដែលធ្វើឱ្យវាមានសារៈសំខាន់សម្រាប់តួអង្គមនុស្សធម៌ត្រូវរក្សាអព្យាក្រឹត និងមិនលំអៀង ក្នុងពេលជាមួយគ្នានេះ ព្រមទាំងលើកកម្ពស់ និងជាការតស៊ូមតិសម្រាប់លទ្ធផលការពារផងដែរ។ លោកស្រី Skaardal បានលើកឡើងថា «អ្វីដែលយើងព្យាយាមធ្វើគឺចាំបាច់ណាស់ក្នុងការចរចាលទ្ធភាពទទួលបានមនុស្សធម៌ឱ្យបានទៅដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះ ជាមួយនឹងជំនួយមនុស្សធម៌សង្គ្រោះជីវិត និងអ្នកតស៊ូមតិសម្រាប់ការការពារជនស៊ីវិល និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ»។

បុគ្គលិកស៊ីវិល និងយោធាមកពីប្រទេសចំនួន 15 ចូលរួមក្នុងវគ្គសង្គ្រោះបន្ទាន់ផ្នែកសុខភាពក្នុងចំនួនប្រជាជនដ៏ធំដែលរៀបចំដោយ CFE-DM ក្នុងភាពជាដៃគូជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងសាកលវិទ្យាល័យហាវ៉ៃក្នុងខែសីហា ឆ្នាំ 2022។ AIYANA PASCHAL/ក្រសួងការពារសហរដ្ឋអាមេរិក

ទិដ្ឋភាពវិវត្តនៃសង្គ្រាម រួមទាំងការបង្កើននគរូបនីយកម្ម និងការកំណត់គោលដៅទៅលើជនស៊ីវិលដោយចេតនា បង្ហាញពីបញ្ហាប្រឈមជាច្រើនសម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់ការការពារ។ លោកស្រី Skaardal ដែលត្រូវបានបញ្ជូនឱ្យទៅបម្រើការនៅអ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីដើម្បីជួយកែលម្អលទ្ធភាពទទួលបានមនុស្សធម៌នៅក្នុងតំបន់ជម្លោះបានលើកឡើងថា «អ្វីដែលយើងឃើញជាញឹកញាប់នៅក្នុងជម្លោះប្រដាប់អាវុធនាពេលបច្ចុប្បន្ននេះ គឺថាការរឹតបន្តឹងលើចលនាបុគ្គលិកមនុស្សធម៌ត្រូវបានធ្វើឡើងដោយផ្ទាល់ដោយតួអង្គកងប្រដាប់អាវុធ ដើម្បីកាត់បន្ថយការធ្វើដំណើរចូលទៅរកប្រជាជនដែលរងផលប៉ះពាល់»។ «ម្យ៉ាងវិញទៀតយើងមិនអាចផ្តល់ជំនួយមនុស្សធម៌ដែលត្រូវការច្រើនដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះនោះទេ ហើយម្ខាងទៀតគឺ ការរំលោភសិទ្ធិមនុស្ស និងអំពើហឹង្សាដែលអាចកើតឡើងនៅក្រោមរ៉ាដា»។ 

ការចរចាការទទួលបានជំនួយមនុស្សធម៌ជារឿយៗមានភាពយឺតយ៉ាវ ដោយសារតែលក្ខណៈរបស់ឋានានុក្រមនៃតួអង្គកងកម្លាំងប្រដាប់អាវុធ ដែលអាចពន្យារពេលការផ្តល់ជំនួយសង្គ្រោះជីវិត និងរារាំងដំណោះស្រាយក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជំនួយដោយគ្មានការចូលរួមជាមួយភាគីនៃជម្លោះ អាចធ្វើឱ្យបុគ្គលិកមនុស្សធម៌ឱ្យទទួលរងហានិភ័យខ្ពស់។ គេហទំព័រព័ត៌មាន Irrawaddy បានរាយការណ៍ថា ឧបសគ្គទាំងនេះត្រូវបានបង្ហាញឱ្យឃើញនៅក្នុងប្រទេសភូមា ដែលរបបយោធាកាលពីខែកញ្ញា ឆ្នាំ 2022 បានបញ្ជាឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលបញ្ឈប់ការផ្តល់ជំនួយមនុស្សធម៌នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ដែលការធ្វើដំណើរចូលទៅកាន់សហគមន៍ត្រូវបានរារាំងដោយការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។

ទោះបីជាមានបញ្ហាប្រឈមបែបនេះក៏ដោយ UNOCHA និងអង្គការផ្សេងទៀតកំពុងធ្វើការដើម្បីការពារជនស៊ីវិល រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើកូដកម្មការការពារជនស៊ីវិលទៅក្នុងការអនុវត្តយោធា ដូចជាផែនការកាត់បន្ថយ និងឆ្លើយតបគ្រោះថ្នាក់ដល់ជនស៊ីវិលថ្មីរបស់ក្រសួងការពារជាតិ (DOD) ជាដើម។ ទោះយ៉ាងណាក៏ដោយ លោកស្រី Skaardal បានលើកឡើងថា យន្តការគណនេយ្យភាពត្រូវតែត្រូវបានពង្រឹងសម្រាប់ការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។ លោកស្រី​បាន​បន្ត​ទៀតថា​៖ «​ការ​ធ្វើ​ការ​នៅ​ក្នុង​ប្រព័ន្ធ​របស់​អង្គការ​សហ​ប្រជាជាតិ និង​ការ​ធ្វើ​ការ​ក្នុង​វិស័យ​មនុស្សធម៌ ចំណុច​កណ្តាល​នៃ​ការ​ការពារ​មាន​នៅ​ទីនោះ​ជា​យូរ​មក​ហើយ»។ «មានដំណើរការនៅក្នុងស្ថាប័នមនុស្សធម៌ជាច្រើនឆ្នាំដើម្បីពង្រឹងភាពជាកណ្តាលនៃការការពារ ប៉ុន្តែវាប្រហែលជាកំពុងទទួលបានសន្ទុះថ្មីមួយនៅពេលនេះ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែក៏មានការទទួលស្គាល់ថាអ៊ុយក្រែនគ្រាន់តែជា​បរិបទ​ដ៏ល្បី​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ជា​ច្រើន​ដែល​ប្រជាជន​ស៊ីវិល​រងគ្រោះ​ខ្លាំង​បំផុត»។

បម្រែបម្រួលអាកាសធាតុ 

ផលប៉ះពាល់អស្ថិរភាពនៃការប្រែប្រួលអាកាសធាតុគំរាមកំហែងដល់សន្តិសុខរបស់មនុស្ស។ រលកកម្ដៅ និងគ្រោះរាំងស្ងួតកាត់បន្ថយការផលិតស្បៀងអាហារ។ ទឹកជំនន់ ខ្យល់ព្យុះ និងភ្លើងឆេះព្រៃបានធ្វើឱ្យខូចខាត និងបំផ្លាញជីវិត ជីវភាពរស់នៅ និងហេដ្ឋារចនាសម្ពន្ធ។ បម្រែបម្រួលអាកាសធាតុអាចធ្វើឲ្យតំបន់មួយចំនួនមិនអាចរស់នៅបានតាមរយៈការជន់លិច ឬក្លាយជាវាលខ្សាច់ដែលជំរុញឱ្យមានការធ្វើចំណាកស្រុករបស់មនុស្ស នៅពេលដែលមនុស្សរួចផុតពីការគំរាមកំហែងទាំងនេះ។

លោក Steve Frano អ្នកគ្រប់គ្រងកម្មវិធីសម្រាប់កម្មវិធីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុថ្មីរបស់ CFE-DM បានលើកឡើងថា «យើងបានមើលឃើញពីផលប៉ះពាល់ទាំងនេះដែលនឹងបន្តកើតឡើង»។ «ឧទាហរណ៍ច្បាស់មួយនៅក្នុងប្រជុំកោះប៉ាស៊ីហ្វិក គឺការកើនឡើងកម្រិតទឹកសមុទ្រ។ វាមិនមែនគ្រាន់គ្រាន់តែទឹកឡើងហើយបង្ខំសហគមន៍មួយឱ្យចេញនោះឡើយ។ វានឹងក្លាយជាឧទាហរណ៍ដោយការផ្លាស់ប្តូរដែលកើតឡើងបន្តិចម្ដងៗ ដែលឥឡូវនេះមានការកើនឡើងកម្រិតទឹកសមុទ្រ និងការកើនឡើងនៃព្យុះគ្រប់គ្រាន់ ដែលធ្វើឱ្យការជ្រៀតចូលនៃទឹកប្រៃបានជះឥទ្ធិពលដល់សមត្ថភាពរស់នៅ និងការដាំដុះអាហាររបស់ពួកគេ។ ប្រសិនបើពួកគេមិនអាចសម្របខ្លួនដើម្បីរស់នៅលើដីរបស់ពួកគេទៀតទេ ពួកគេត្រូវតែរើចេញ… ដូច្នេះតើពួកគេអាចទៅទីណាបាន? សម្រាប់ភាគច្រើននៃប្រទេសទាំងនេះ សហគមន៍របស់ពួកគេ គ្រួសាររបស់ពួកគេ ប្រវត្តិសាស្រ្តរបស់ពួកគេ អ្វីគ្រប់យ៉ាង គឺបានចងភ្ជាប់ទៅនឹងដែនដីនេះ ដូច្នេះគំនិតចង់ចាកចេញពីដែនដីក្នុងករណីខ្លះ ជាដំណោះស្រាយមិនអាចដោះស្រាយទៅបាននោះឡើយ»។ 

កម្មវិធី CCI គាំទ្រដល់ការបង្កើតការយល់ដឹង និងការផ្ដោះប្ដូរចំណេះដឹង ដើម្បីបញ្ជាក់ពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុលើគំនិតផ្តួចផ្តើមសន្តិសុខក្នុងតំបន់ ដែលជំរុញឱ្យឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហកាន់តែប្រសើរ។ ការផ្តោតសំខាន់គឺជួយសម្រួលដល់បណ្តាញក្នុងតំបន់នៃអ្នកជំនាញសន្តិសុខអាកាសធាតុដ៏ទូលំទូលាយ និងផ្តល់វេទិកាដើម្បីផ្ដោះប្ដូរព័ត៌មាន និងពិភាក្សាអំពីផែនការ និងកម្មវិធីសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់សន្តិសុខនៃការប្រែប្រួលអាកាសធាតុ។ តាមរយៈការចូលរួមជាមួយដៃគូក្នុងតំបន់ អ្នកជំនាញអាចចែករំលែកវិធីសាស្រ្តរបស់ប្រទេសរបស់ពួកគេចំពោះការប្រែប្រួលអាកាសធាតុ និងសន្តិសុខ និងគូសបញ្ជាក់ពីអាទិភាព។ លោក Frano បានលើកឡើងថា «យើងនិយាយជាមួយសម្ពន្ធមិត្ត និងដៃគូរបស់យើង ពួកយើងក៏បង្កើតកម្មវិធី និងគំនិតផ្តួចផ្តើម ហើយពួកយើងបញ្ចូលវាទៅក្នុងផែនការរបស់យើងផ្ទាល់»។ 

ការយល់ដឹងអំពីសក្តានុពលនៃការផ្លាស់ប្តូរចំពោះបរិស្ថានធម្មជាតិ ក៏ដូចជាឥទ្ធិពលរបស់វាទៅលើមនុស្ស សហគមន៍ និងប្រទេសនានា — ក៏មានសារៈសំខាន់ផងដែរសម្រាប់អង្គភាពយោធាក្នុងតំបន់ដូចជា USINDOPACOM ពីព្រោះបញ្ហាទាំងនោះប៉ះពាល់ដល់សមត្ថភាពយោធាក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាព។ នៅពេលដែលប្រជាជាតិនានាងាកទៅរកជំនួយសង្គ្រោះផ្សេងទៀតនៅពេលប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ វាអាចនឹងមានការព្រួយបារម្ភអំពីការថយចុះអធិបតេយ្យភាព។ ជាឧទាហរណ៍ សម្រាប់បណ្តាប្រទេសកោះប៉ាស៊ីហ្វិកមួយចំនួនដែលកម្រិតទឹកសមុទ្រមានការកើនឡើងកំពុងលុបបំបាត់ព្រំដែនមួយចំនួនដែលកំណត់អធិបតេយ្យភាពរបស់ពួកគេរួចហើយនោះ — ការហូរច្រោះដែលអាចបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់មនុស្សជាលក្ខណៈទ្រង់ទ្រាយធំ ហើយជាហេតុបំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិសុខក្នុងតំបន់។ Frano បានលើកឡើងថា «នៅពេលយើងពិនិត្យមើលអធិបតេយ្យភាព និង HADR [ជំនួយមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ] វាមិនតែងតែទៅជាសេណារីយ៉ូនៃការរញ្ជួយដី៖ អ្វីមួយកើតឡើង យើង​ត្រូវទៅទីនោះ ហើយឆ្លើយ​តប​ទៅ​លើបញ្ហានោះ»។ «ប៉ុន្តែវាគឺជាការផ្លាស់ប្តូរបន្ថែមផ្សេងទៀតដែលនឹងបង្ខំយើងឱ្យចូលទៅក្នុងទិសដៅមួយដែលនឹងសាកល្បងសមត្ថភាពរបស់ប្រទេសនានាឱ្យបំពេញតម្រូវការរបស់ប្រជាពលរដ្ឋរបស់ពួកគេ»។

ដូច្នេះ កម្មវិធី និងសាខារបស់មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) នឹងនៅតែចូលរួមជាមួយដៃគូក្នុងតំបន់ និងលើសពីនេះ ដើម្បីធានាថា កង្វល់ពីបម្រែបម្រួលអាកាសធាតុ និងការការពារជនស៊ីវិលត្រូវបានដាក់បញ្ចូលទៅក្នុងផែនការ និងការអនុវត្ត HADR។ នៅពេលដែលជិតដល់ខួបលើកទី 30 របស់ខ្លួន មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) នៅតែជាធនធានដ៏សម្បូរបែបសម្រាប់យោធាសហរដ្ឋអាមេរិកនិងដៃគូ ភ្នាក់ងារជនស៊ីវិល និងអង្គការមនុស្សធម៌ ដែលស្វែងរកការកែលម្អការឆ្លើយតបផ្នែកយោធាស៊ីវិលចំពោះគ្រោះមហន្តរាយធម្មជាតិ និងមនុស្សជាតិ ដែលជាផ្នែកមុខងារស្នូលនៃការបណ្តុះបណ្តាលនិងការចូលរួម ការស្រាវជ្រាវ ការចែករំលែកព័ត៌មាន និងផែនការប្រតិបត្តិការគឺពាក់ព័ន្ធដូចសព្វថ្ងៃនេះ នៅពេលដែលមជ្ឈមណ្ឌលត្រូវបានបង្កើតឡើង។ ក្នុងពេលជាមួយគ្នានេះ មជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ (CFE-DM) បន្តជំរុញ និងវិវឌ្ឍ ដើម្បីដោះស្រាយតម្រូវការដែលកំពុងកើតមាននៃក្រសួងការពារជាតិ (DOD) និងទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) ជាមួយនឹងកម្មវិធីការពារជនស៊ីវិល ព្រមទំាងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គ្រាន់តែជាគំនិតផ្តួចផ្តើមថ្មីចំនួនពីរ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរឥណ្ឌូប៉ាស៊ីហ្វិក និងទិដ្ឋភាពយុទ្ធសាស្ត្រជាសកល។ 


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button