ភាពជាដៃគូលក្ខណៈពិសេសសកម្មភាពរារាំងជារួម

អាវុធ ជាមួយ បេសកម្ម ទំាងពីរ

ប្រព័ន្ធកាំជ្រួចបាញ់ដែលមានគោលដៅច្បាស់លាស់ មានមូលដ្ឋានលើដីគោក ដើម្បីការពារទឹកដី និងលើកកម្ពស់ដល់ការរារាំង

ប្រព័ន្ធកាំជ្រួចបាញ់ពីចម្ងាយដែលមានគោលដៅច្បាស់លាស់ ដែលបានដាក់ពង្រាយនាំមុខជាយុទ្ធសាស្ត្រ (SLRPF) គឺជាធនធានដ៏សំខាន់នៅក្នុងឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ប្រសិនបើប្រទេស រួមជាមួយនឹងសម្ពន្ធមិត្ត និងដៃគូរបស់ខ្លួនត្រូវបានបង្ខំឱ្យឆ្លើយតបផ្នែកយោធាចំពោះសកម្មភាពឈ្លានពាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងបក្សកុម្មុយនិស្តចិន (CCP)។ ដោយត្រូវបានដាក់ជាយុទ្ធសាស្ត្រ ប្រព័ន្ធប្រយុទ្ធតាមឧបករណ៍ចល័តរបស់កងទ័ពអាមេរិកទាំងនេះផ្តល់នូវការរារាំងយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយពហុដែនដែលមានស្រាប់ និងកំពុងធ្វើឱ្យប្រសើរឡើងដោយឥតឈប់ឈរ – ដែនអាកាស ប្រព័ន្ធអ៊ីនធឺណិត ដែនដី សមុទ្រ លំហ និងសមត្ថភាពអេឡិចត្រូម៉ាញ៉េទិក។ 

ការចែកចាយប្រព័ន្ធ SLRPF អនុញ្ញាតឱ្យប្រទេសដែលមានគំនិតដូចគ្នារក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យមានភាពសេរី និងបើកចំហ តាមរយៈផ្តល់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាងជាយុទ្ធសាស្ត្រតបនឹងបច្ចេកវិទ្យាមីស៊ីលកម្រិតខ្ពស់របស់បច្ចាមិត្ត និងប្រព័ន្ធវេទិកាព្យាករណ៍ថាមពល។ 

SLRPF គឺជាប្រភេទអាវុធធុនធ្ងន់ ដែលមានកម្លាំងខ្លាំង រួមទាំងមីស៊ីល កាណុង និងកាំភ្លើងធំផ្សេងទៀត ដែលត្រូវបានបង្កើតឡើងដើម្បីបាញ់ទម្លុះផ្លូវរបស់សត្រូវ និងបំផ្លាញគោលដៅសំខាន់ៗដែលមានចម្ងាយឆ្ងាយ។ ដូចទៅនឹងប្រព័ន្ធសំខាន់ផ្សេងទៀតរបស់កងទ័ពអាមេរិកផងដែរ ប្រព័ន្ធទាំងនេះត្រូវតែវិវឌ្ឍទៅតាមលក្ខណៈផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសង្គ្រាម ដើម្បីរក្សាប្រសិទ្ធភាព។

ឧត្តមសេនីយ៍ទោ John Rafferty ដែលជានាយកបម្រើការនៅក្នុងក្រុមពហុជំនាញសម្រាប់ប្រព័ន្ធកាំជ្រួច​បាញ់ពីចម្ងាយ​ដែលមានគោលដៅច្បាស់លាស់នៃបញ្ជាការដ្ឋានកងទ័ពអាមេរិកនាពេលអនាគតចាប់ពីខែឧសភា ឆ្នាំ 2018 ដល់ខែមិថុនា ឆ្នាំ 2022 បានមានប្រសាសន៍ថា «ការធ្វើឱ្យមានភាពរឹងមាំ និងការផ្លាស់ទីឱ្យបានកាន់តែប្រសើរឡើងយ៉ាងឆាប់រហ័សនៃប្រព័ន្ធកាំភ្លើងធំ និងគ្រាប់រំសេវរបស់កងទ័ពនឹងអនុញ្ញាតឱ្យទាហានរបស់យើងផ្តល់នូវឥទ្ធិពលយ៉ាងច្បាស់លាស់ និងផលយ៉ាងខ្លាំងខ្លាលើសមភូមិនាពេលអនាគត»។ ក្រុមដែលមានមូលដ្ឋាននៅ Fort Sill រដ្ឋអូក្លាហូម៉ា ត្រូវទទួលបន្ទុកក្នុងការរុករកវិធីដើម្បីធ្វើឱ្យប្រព័ន្ធកាំជ្រួចបាញ់ពីចម្ងាយដែលមានគោលដៅច្បាស់លាស់ឈានមុខសម្រាប់យុគសម័យថ្មីនៃសង្គ្រាម។ កម្មវិធីនេះគឺជាអាទិភាពនៃការធ្វើទំនើបកម្មផ្នែកយុទ្ធសាស្ត្ររបស់កងទ័ព ហើយការស្វែងរកលទ្ធភាពសម្រាប់ប្រព័ន្ធដែលពាក់ព័ន្ធទៅនឹងការទាញយកជំនាញនៃបញ្ជាការដ្ឋានអភិវឌ្ឍន៍សមត្ថភាពប្រយុទ្ធរបស់កងទ័ព រួមជាមួយនឹងកម្លំាងពីឧស្សាហកម្ម និងបណ្ឌិតសភា។

ការដំឡើងប្រព័ន្ធគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ព្រមទំាងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយនូវការគំរាមកំហែងរបស់បក្សកុម្មុយនិស្តចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត និងកន្លែងផ្សេងទៀត។ ការសម្រេចបានជោគជ័យ​រួម​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​នានា​ដូច​ជា អូស្ត្រាលី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក រួម​ជាមួយ​នឹងសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ឥណ្ឌា នូវែលសេឡង់ និង​បណ្ដាប្រទេសនៅកោះប៉ាស៊ីហ្វិក។ តាមរយៈការពង្រឹងនូវបណ្តាញសម្ពន្ធមិត្ត និងដៃគូដែលមិនអាចប្រៀបផ្ទឹមបាន ដែលចែករំលែកនូវចក្ខុវិស័យ រួមទាំងការគោរពចំពោះសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ប្រទេសនានាអាចរារំាងនូវការឈ្លានពាន ដើម្បីធានាឱ្យបាននូវសន្តិសុខរួម និងវិបុលភាព។

សមាជិកនៃកងអនុសេនាធំប្រតិបត្តិការយោធាអាមេរិករក្សាជំហរមុនពេលបាញ់បង្ហោះមីស៊ីលវាយប្រហារក្នុងគោលដៅច្បាស់លាស់ (PrSM) ពីប្រព័ន្ធបាញ់កាំភ្លើងធំ HIMARS នៅក្នុងខែតុលា ឆ្នាំ 2021។ ពលឯក លោកស្រី KADIELLE SHAW/កងទ័ពអាកាសអាមេរិក

តំបន់ដែលទទួលបន្ទុករបស់បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) គឺជាសាលប្រជុំដ៏មានអាទិភាពរបស់ក្រសួងការពារជាតិអាមេរិក។ នាយឧត្តមនាវី នាយឧត្តមនាវី John C. Aquilino ដែលជាមេបញ្ជាការទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) បានលើកឡើងថា រាល់ដែននៅក្នុងតំបន់ត្រូវបានប្រកួតប្រជែងដោយសាធារណរដ្ឋប្រជាមានិតចិន (PRC) ហើយសហរដ្ឋអាមេរិកត្រូវតែនាំមុខលើសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យានៅក្នុងការស៊ើបការណ៍សិប្បនិម្មិត ការវាយប្រហារដោយការបង្កអគ្គិភ័យ ប្រព័ន្ធកាំជ្រួចបាញ់យន្តហោះ ប្រព័ន្ធល្បឿនលឿនជាងសំឡេង និងកុំព្យូទ័រកង់ទិចជាមួយនឹងភាពជឿនលឿនដែលរួមបញ្ចូលទៅក្នុងកងកម្លាំងសម្ពន្ធមិត្ត/ដៃគូរួមគ្នាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

ការសាកល្បងហោះហើរដែលធ្វើឡើងនៅមូលដ្ឋានកងកម្លំាងដែនអវកាស Vandenberg រដ្ឋកាលីហ្វ័រញ៉ា ក្នុងខែតុលា ឆ្នាំ 2021 បានបញ្ជាក់អំពីសមត្ថភាពរបស់កងទ័ព SLRPF ក្នុងការបាញ់មីស៊ីលចម្ងាយលើសពី 499 គីឡូម៉ែត្រ ដែលហួសពីចម្ងាយ 300 គីឡូម៉ែត្រនៃយុទ្ធសាស្ត្រប្រព័ន្ធមីស៊ីលរបស់កងទ័ពដែលមានស្រាប់។ កងទ័ពគ្រោងនឹងបង្ហាញនូវប្រតិបត្តិការរបស់មីស៊ីលវាយប្រហារក្នុងគោលដៅច្បាស់លាស់ (PrSM) ជាលើកដំបូងក្នុងឆ្នាំ 2023 ហើយចក្រភពអង់គ្លេសបានប្រកាសថាខ្លួននឹងដាក់ PrSM នៅឆ្នាំ 2024 ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធបាញ់រ៉ុក្កែត M270 របស់ខ្លួន។ ប្រព័ន្ធមីស៊ីលថ្មីនេះ ត្រូវបានបង្កើតឡើងដោយឧបករណ៍បាញ់ដែលមានស្រាប់ ដែលបំពាក់ដោយ PrSMs ជំនាន់ក្រោយរបស់កងទ័ព ហើយអាចបំផ្លាញការគំរាមកំហែងពីលើអាកាស ការបាញ់មីស៊ីល មជ្ឈមណ្ឌលបញ្ជាការដ្ឋាននិងត្រួតពិនិត្យ ទីតាំងប្រមូលផ្ដុំ និងគោលដៅសំខាន់ៗផ្សេងទៀតនៃបេសកកម្ម។ មីស៊ីលមានឧបករណ៍ស្វែងរកគោលដៅពហុម៉ូត ដែលអាចសំដៅទៅរករ៉ាដា និងរលកសញ្ញាវិទ្យុរបស់សត្រូវ ដោយបើកទ្វារដើម្បីវាយប្រហារប្រឆាំងទៅនឹងដែនសមុទ្រ ក៏ដូចជាគោលដៅតាមមូលដ្ឋានប្រពៃណី។

ការលើកទឹកចិត្តសម្រាប់ផ្នែកការទូត

វាទំនងថាជាការបង្កើននូវការរារាំងផ្នែកយោធាអាមេរិក និងសម្ពន្ធមិត្ត/ដៃគូក្នុងលក្ខណៈដែលបានលើកឡើងដោយនាយឧត្តមនាវី Aquilino និងមេដឹកនាំយោធាអាមេរិកផ្សេងទៀតនឹងផ្តល់ការផ្អាកដល់និន្នាការវាតទីនិយមរបស់បក្សកុម្មុយនិស្តចិន និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពនៃដំណោះស្រាយផ្នែកការទូតចំពោះសក្តានុពលដែលអាចកើតមាននៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនចិនខាងកើត។

សហអាមេរិកត្រូវការផ្លាស់ប្តូរពីវេទិកាប្រព័ន្ធ «កិត្យានុភាព» ដ៏ធំ ដែលមានតម្លៃថ្លៃ ដូចជានាវា និងយន្តហោះ ដែលអាចត្រូវបានកំណត់គោលដៅជាមួយនឹងប្រព័ន្ធប្រឆាំងការចូល/បដិសេធតំបន់ដែលមានតម្លៃថោក ហើយវិនិយោគលើអាវុធយុទ្ធភ័ណ្ឌខ្នាតតូច ដែលចំណាយដើមទុនតិច និងមានភាពងាយស្រួលក្នុងការផលិត។ ដើម្បីធ្វើឱ្យមានតុល្យភាពក្នុងការរារំាងក្នុងតំបន់ឡើងវិញ សហអាមេរិកគួរតែផ្តោតលើការធ្វើឱ្យ​ប្រសើរឡើងនូវអាវុធប្រឆាំងក្នុងតំបន់។

ការបាញ់បង្ហោះសាកល្បងមីស៊ីលវាយប្រហារក្នុងគោលដៅច្បាស់លាស់ (PrSM) នៅឯមូលដ្ឋានទ័ពអវកាស Vandenberg រដ្ឋកាលីហ្វ័រញ៉ា នៅក្នុងខែតុលា ឆ្នាំ 2021។ លោក ANTHONY MENDEZ/កងកម្លាំងអវកាសអាមេរិក

នាយឧត្តមនាវីបានលើកឡើងថា «សមត្ថភាពប្រយុទ្ធដែលអាចជឿទុកចិត្តបាន និងជំហរនៃការរារាំងបែបធម្មតាគឺចាំបាច់ដើម្បីទប់ស្កាត់ជម្លោះ ការពារផលប្រយោជន៍របស់សហអាមេរិក ព្រមទំាងដើម្បីធានាដល់សម្ពន្ធមិត្ត និងដៃគូរបស់យើង»។ នាយឧត្តមនាវី Philip S. Davidson ដែលពេលនោះជាមេបញ្ជាការនៃ USINDOPACOM បានផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិកក្នុងខែមីនា ឆ្នាំ 2021។ «កាលណាមានអវត្តមានការរារាំងណាមួយដែលអាចជឿទុកចិត្តបាន សាធារណរដ្ឋប្រជាមានិតចិននឹងមានជំនឿចិត្តក្នុងការចាត់វិធានការដើម្បីបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ព្រមទំាងតម្លៃដែលតំណាងនៅក្នុងចក្ខុវិស័យរបស់យើងសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ»។

គោលដៅនៃការរារាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺធ្វើឱ្យកងកម្លាំងសត្រូវប្រឈមទៅមុខទៅនឹងគ្រោះថ្នាក់ និងដើម្បីធ្វើសកម្មភាពអរិភាពណាមួយ ដូចជាការវាយលុកលើបក្សកុម្មុយនិស្តចិនដែលអាចកើតមានឡើងនៅលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលចំណាយ​ខ្ពស់​ពេក​ក្នុង​ការ​អនុវត្ត។

តំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានកំណត់លក្ខណៈដោយការពង្រីកដ៏ធំនៃមហាសមុទ្រ និងប្រជុំកោះនៃកោះរាប់ពាន់ដែលមានទំហំ និងដីខុសៗគ្នា។ កំណត់លក្ខណៈភូមិសាស្ត្រទាំងនេះទៅក្នុងការរៀបចំផែនការសម្រាប់ការរារាំងធម្មតានៅក្នុងបរិយាកាស ដែលមានរាងជាផ្នែកមួយដោយឥរិយាបថរបស់សាធារណរដ្ឋប្រជាមានិតចិនទាមទារឱ្យមានការចែកចាយនូវសមត្ថភាពនៃការវាយប្រហារដោយប្រព័ន្ធកាំជ្រួចបាញ់​ពីចម្ងាយ​ដែលមានគោលដៅច្បាស់លាស់ក្នុងតំបន់។

ប្រព័ន្ធ SLRPF នឹងផ្តល់អត្ថប្រយោជន៍យុទ្ធសាស្ត្រ និងហិរញ្ញវត្ថុលើអាវុធដែលមានកិត្យានុភាព។ កងទ័ព PrSM គឺជាឧទាហរណ៍នៃគោលគំនិតនេះ។ ដោយប្រើវេទិកាប្រព័ន្ធដែលមានកិត្យានុភាពដូចជាប្រព័ន្ធកាំភ្លើងធំរ៉ុក្កែតដែលមានចល័តភាពខ្ពស់ (HIMARS) ឬប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់ច្រើនដង (MLRS) PrSM អាចបាញ់មីស៊ីលប្រឆាំងនាវាដែលមានចម្ងាយជាង 500 គីឡូម៉ែត្រ ដោយធ្វើឱ្យនាវាកងទ័ពជើងទឹករបស់សត្រូវប្រឈមមុខទៅនឹងគ្រោះថ្នាក់។ ទន្ទឹមនឹងនេះ យន្តហោះដែលបើកដោយមនុស្សមានរយៈចម្ងាយ និងរយៈពេលហោះហើរមានកំណត់ ងាយរងគ្រោះដោយសារប្រព័ន្ធការពារដែនអាកាសរបស់សត្រូវមានភាពទំនើប និងខ្វះការរារាំងនៅគ្រប់អាកាសធាតុដែលផ្តល់ដោយ SLRPF។

ភាពស្ទាត់ជំនាញរបស់ប្រព័ន្ធ SLRPF ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន។ Rafferty បានថ្លែងប្រាប់គេហទំព័រ Defence News ក្នុងខែកញ្ញា ឆ្នាំ 2020 ថា «ខ្ញុំគិតថាការមានជម្រើសសមត្ថភាពដ៏ស៊ីជម្រៅជាច្រើននៅក្នុងតំបន់ប៉ាស៊ីហ្វិកផ្តល់ឱ្យអ្នកនូវជម្រើសជាច្រើន ពីព្រោះមានទីតាំងផ្សេងៗគ្នាជាច្រើនដែលអ្នកអាចស្រមៃថានឹងបាញ់ចេញពីទីនោះបាន»។ «ហើយការលាយបញ្ចូលគ្នា និងការប្រកួតសមត្ថភាពដែលមានរយៈចម្ងាយឆ្ងាយពីទីតាំងផ្សេងៗគ្នាទាំងអស់នោះ បង្កើតបាននូវភាពលំបាកដ៏មិនគួរឱ្យជឿសម្រាប់សត្រូវ»។

កងកម្លាំងចម្រុះពហុដែនរបស់កងទ័ពអាមេរិក (MDTF) គឺជាការឆ្លើយតបរបស់កងទ័ពចំពោះតម្រូវការសម្រាប់ប្រតិបត្តិការ និងយុទ្ធសាស្រ្តនៃប្រព័ន្ធកាំជ្រួចបាញ់ដែលមានគោលដៅច្បាស់លាស់ជាមួយនឹងមីស៊ីលផ្សេងៗគ្នា ការការពារលើដែនអាកាស ការស៊ើបយកការណ៍ និងកត្តាតាមអ៊ីនធឺណិត ដែលរួមគ្នានេះគឺជាការជួយសម្រួលដល់សមត្ថភាពក្នុងការការពារតំបន់ដែលបានផ្តល់ឱ្យ — ដែលជាមូលដ្ឋានគ្រឹះនៃការរារំាងការប្រយុទ្ធដែលអាចជឿទុកចិត្តបាន។

អាវុធ SLRPF របស់កងទ័ព និងចម្ងាយបាញ់របស់វាដែលមានសម្រាប់ MDTF រួមមាន៖

អាវុធល្បឿនលឿនជាងសំឡេងដែលមានចម្ងាយឆ្ងាយ (2 775 គីឡូម៉ែត្រ)

PrSM ដែលអាចប្រើជាមួយនឹងឧបករណ៍បាញ់ HIMARS/MLRS (500 គីឡូម៉ែត្រ)

សមត្ថភាពក្នុងចម្ងាយមធ្យម (មីស៊ីល SM-6 បាញ់ពីលើដី, មីស៊ីល Tomahawk ដែលវាយប្រហារលើដីគោក
និង PrsM ដែលមានរាងគូថខ្យងចំនួន 3) (1 800 គីឡូម៉ែត្រ)

ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនដងដែលណែនាំពីចម្ងាយឆ្ងាយ ដែលអាចប្រើបានជាមួយឧបករណ៍បាញ់ HIMARS/MLRS (150 គីឡូម៉ែត្រ)

គ្រាប់បែកដែលមានអង្កត់ផ្ចិតតូចដែលបាញ់ចេញពីលើដី ហើយអាចប្រើបានជាមួយនឹងឧបករណ៍បាញ់ HIMARS/MLRS
(150 គីឡូម៉ែត្រ)

អាវុធទាំងនេះនឹងប្រយុទ្ធប្រឆំាងទៅនឹងអាវុធដែលត្រូវបានដំឡើងដោយកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ដែលភាគច្រើនមានទីតំាងនៅភាគខាងកើតនៃប្រទេសចិនក្នុងចម្ងាយដែលកងទ័ពរំដោះប្រជាជនចិនអាចស្មានទុកជាមុនអំពីការប្រឈមមុខដាក់គ្នាច្រើនបំផុត៖ សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ឧបទ្វីបកូរ៉េ និងកោះតៃវ៉ាន់។ ការដាក់ពង្រាយប្រព័ន្ធ SLRPF ចល័តដែលបាញ់ពីលើដីនៅក្នុងតំបន់នឹងបង្កនូវភាពស្មុគស្មាញដល់ការគិតគូររបស់អ្នករៀបចំផែនការនៃកងទ័ពរំដោះប្រជាជនចិន និងបង្កើនធនធានដែលត្រូវការដើម្បីកំណត់គោលដៅរបស់ប្រព័ន្ធផ្សេងៗ។

ទាហានអាមេរិកពិនិត្យមើលប្រព័ន្ធចល័ត HIMARS ដែលអាចបើកដំណើរការប្រព័ន្ធ SLRPF។ រូបភាព AFP/GETTY

ទស្សនាវដ្តី Forbes បានរាយការណ៍នៅក្នុងខែតុលាឆ្នាំ 2021 ថា «ខណៈពេលដែលទីក្រុងប៉េកាំងអាចជ្រើសរើសគោលដៅមួយចំនួនតូចដែលជាមូលដ្ឋាននៅក្បែរនោះ ដែលមានសមត្ថភាពចុះចតនិងគាំទ្រយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់របស់អាមេរិក និងនាវាចម្បាំងលើផ្ទៃទឹករបស់កងកម្លំាងអាមេរិកឱ្យចេញឆ្ងាយពីឆ្នេរសមុទ្ររបស់ប្រទេសចិន ការស្វែងរកឧបករណ៍បាញ់ពីលើដីរបស់កងទ័ពរាប់រយគ្រឿងដែលផ្លាស់ទីដោយឥតឈប់ឈរនឹងក្លាយជាកិច្ចការដែលមានការខិតខំប្រឹងប្រែងលើសពីការរំពឹងទុកនៃសមត្ថភាពរបស់កងកម្លាំងចិន»។

កត្តាមួយទៀតដែលត្រូវពិចារណាគឺការដាក់ពង្រាយនូវប្រភេទនៃប្រព័ន្ធ SLRPF។ មីស៊ីសល្បឿនលឿនជាងសំឡេងដែលអាចធ្វើដំណើរក្នុងល្បឿនលឿនជាងប្រាំដងនៃល្បឿនសំឡេង គឺអាចសម្គាល់បានយ៉ាងងាយស្រួលពីប្រព័ន្ធ SLRPF ផ្សេងទៀតរបស់កងទ័ព។ ការ​ដាក់​នូវប្រព័ន្ធល្បឿន​លឿន​ជាង​សំឡេង​ដោយ​មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​បាន​រហ័សអាច​នឹងជួបការ​ពិបាក​។ ផ្ទុយទៅវិញ ការផ្តល់មីស៊ីល PrSM គឺមិនអាចសម្គាល់បានពី HIMARS និង MLRS ដែលមានស្រាប់ ហើយបច្ចាមិត្តនឹងពិបាកក្នុងការកំណត់ថាតើមីស៊ីលណាមួយកំពុងត្រូវបានបាញ់។ ដំណើរការនេះអាចផ្តល់នូវភាពបត់បែនបន្ថែមក្នុងការដាក់ពង្រាយសមត្ថភាពសម្រាប់មីស៊ីលកម្រិតខ្ពស់ និងអាចកាត់បន្ថយកម្រិតនៃការឆ្លើយតបរបស់បក្សកុម្មុយនិស្តចិន។

សំណួរដែលកំពុងចោទសួរ

តើអាមេរិកនិងសម្ពន្ធមិត្ត ព្រមទំាងដៃគូរបស់ខ្លួននឹងដាក់ប្រព័ន្ធ SLRPF នៅឯណា? ធនធានផ្នែកយោធាគួរតែដាក់ចេញជាយុទ្ធសាស្ត្រឆ្ពោះទៅមុខ ដើម្បីរារំាង ហើយប្រសិនបើការរារាំងទទួលបរាជ័យ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការឈ្លានពានរបស់បច្ចាមិត្ត ដើម្បីស្ដារស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។ 

អាមេរិកត្រូវតែធានាចំពោះសម្ពន្ធមិត្ត និងដៃគូរបស់ខ្លួនអំពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងឋិតថេររបស់ខ្លួនចំពោះតំបន់ ហើយថាការប្តេជ្ញាចិត្តនេះនឹងប្រឆាំងទៅនឹងការបង្ខិតបង្ខំរបស់បក្សកុម្មុយនិស្តចិន។ ផ្ទុយទៅវិញ បណ្តាប្រទេសដែលយល់ព្រមទទួលយកប្រព័ន្ធ SLRPF របស់កងទ័ពទំនងជានឹងចាត់ទុកការសម្រេចចិត្តរបស់ពួកគេថាជាការពង្រឹងនូវការរារាំងប្រឆាំងទៅនឹងរបបចិនដែលកាន់តែមានការអះអាង ការបង្ខិតបង្ខំ និងការច្រានចោលច្បាប់ និងបទដ្ឋានអន្តរជាតិ។

ស្ថានីយបាញ់បង្ហោះនៅ​កូរ៉េ​ខាង​ត្បូង​ត្រូវ​បានកំណត់ទីតាំង​ដើម្បី​រារំាង​ការ​ឈ្លានពាន​របស់​កូរ៉េ​ខាង​ជើង និង​ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​តំបន់។ បញ្ហានេះមិនត្រូវបានដាក់ថាជាការគំរាមកំហែងដល់សាធារណរដ្ឋប្រជាមានិតចិននោះទេ។

នាយឧត្តមនាវី Aquilino បានលើកឡើងនៅក្នុងអំឡុងពេលសវនាការនៃការបញ្ជាក់ពីសភារបស់គាត់នៅខែមីនា ឆ្នាំ 2021 ថា «រួមគ្នាជាមួយសម្ពន្ធមិត្តនិងដៃគូរបស់យើង កងកម្លាំងយោធារួមដែលបានទទួលការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈនិងដ៍សាហាវរបស់យើង ជំហរឆ្ពោះទៅមុខនឹងផ្តល់នូវការរារាំងដែលត្រូវការ ខណៈពេលដែលការរៀបចំផ្នែកការទូតពីទីតាំងនៃកម្លំាង ដើម្បីធានានូវសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នានៅក្នុងតំបន់»។

តើបក្សកុម្មុយនិស្តចិនអាចឆ្លើយតបទៅនឹងប្រព័ន្ធ SLRPF យ៉ាងដូចម្តេចខ្លះ? អ្នកជំនាញបានកំណត់កត្តាសំខាន់ៗចំនួនបីដែលទំនងជាអាចកំណត់នូវការឆ្លើយតប៖

ការរារាំង — សមត្ថភាពរបស់សហអាមេរិក និងសម្ពន្ធមិត្ត ព្រមទំាងដៃគូរបស់ខ្លួនក្នុងការធ្វើឱ្យមានតុល្យភាពនៃវត្តមានរបស់កងទ័ពរំដោះប្រជាជនចិននៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនចិនខាងកើត ព្រមទំាងកន្លែងផ្សេងទៀតដោយបង្ហាញនូវកងកម្លាំងដ៏ខ្លាំងក្លារបស់ពួកគេ។

អំណាចផ្នែកសេដ្ឋកិច្ច — សមត្ថភាពរួមរបស់យើងក្នុងការប្រយុទ្ធប្រឆំាងទៅនឹងការទាញយកប្រយោជន៍របស់បក្សកុម្មុយនិស្តចិនលើពាណិជ្ជកម្ម ការផ្តល់ប្រាក់កម្ចី និងសកម្មភាពផ្នែកសេដ្ឋកិច្ចផ្សេងទៀតដែលមិនមានការរារាំងដោយការប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានអន្តរជាតិ។

ការរួបរួមរបស់សម្ពន្ធមិត្ត — កម្រិតដែលសម្ពន្ធមិត្ត និងដៃគូ រួមទាំងប្រទេសជាសមាជិក Quad ដូចជា អូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិក ព្រមទំាងប្រទេសនានាដែលមានគំនិតដូចគ្នាដូចជាហ្វ៊ីលីពីន និងកូរ៉េខាងត្បូងអាចបង្កើត និងរក្សាបាននូវការព្រមព្រៀងមតិ និងអន្តរប្រតិបត្តិ។

ដើម្បីទប់ស្កាត់នូវការដាក់ពង្រាយប្រព័ន្ធ SLRPF, បក្សកុម្មុយនិស្តចិនទំនងជានឹងងាកទៅរកការសូកប៉ាន់ ការនិយាយក្អេងក្អាង និងការគំរាមកំហែងដោយបិទបាំង រួមទាំងយុទ្ធនាក្នុងការឃោសនាដើម្បីបញ្ចុះបញ្ចូលប្រទេសសំខាន់ៗឱ្យបដិសេធមិនឱ្យអាមេរិកអាចដាក់ប្រព័ន្ធបាន។ ប្រសិនបើបរាជ័យ ទីក្រុងប៉េកាំងទំនងជានឹងងាកទៅរកការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការវាយប្រហារតាមអ៊ីនធឺណិត ក្នុងការប៉ុនប៉ងដើម្បីសម្រេចបាននូវគោលបំណងនយោបាយរបស់ខ្លួនដោយមិនចាំបាច់មានជម្លោះប្រដាប់អាវុធ។

ជាមួយនឹងការអះអាងកាន់តែខ្លាំងឡើងរ​បស់បក្សកុម្មុយនិស្តចិន ការរារាំងដែលអាចទុកចិត្តបានគឺជាការចាំបាច់ ហើយប្រព័ន្ធ SLRPF ដែលមានមូលដ្ឋានលើដីគោករបស់កងទ័ពអាមេរិកគួរតែជាមូលដ្ឋានគ្រឹះនៃការរារាំងនោះ។ ដោយសារសមត្ថភាព និងភាពបត់បែនឆ្លងដែនរបស់ខ្លួន MDTF នៃកងទ័ពអាមេរិក គឺជាអង្គភាពដ៏ល្អដើម្បីបង្ហាញអំពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើននេះទៅកាន់តំបន់។ គ្មានការសង្ស័យនោះទេដែលថា បក្សកុម្មុយនិស្តចិននឹងប្រើវោហាសាស្ត្រ និងការបង្ខិតបង្ខំ ដើម្បីរារាំងកងទ័ពអាមេរិកមិនឱ្យទទួលបានទីតាំងនៅក្នុងខ្សែដែនកោះទីមួយនោះ។ ប៉ុន្តែតាមរយៈការរៀបចំសម្រាប់ការឆ្លើយតបបែបនេះ សហអាមេរិក និងសម្ពន្ធមិត្ត ព្រមទំាងដៃគូរបស់ខ្លួនអាចទទួលបាន និងរក្សាការគ្រប់គ្រងនៅក្នុងតំបន់។

ដៃគូ និងសម្ពន្ធមិត្តជាច្រើនរបស់សហរដ្ឋអាមេរិកសង្ឃឹមថានឹងទទួលបានប្រព័ន្ធ HIMARS និង MLRS ដោយផ្អែកលើគុណតម្លៃរបស់ពួកគេចំពោះកងកម្លាំងអ៊ុយក្រែនដែលការពារការប្រឆាំងទៅនឹងការលុកលុយរបស់រុស្ស៊ី។ វាជាឱកាសដ៏ល្អមួយក្នុងការទទួលបានប្រព័ន្ធទាំងនេះនៅក្នុងដៃរបស់ប្រទេសដែលមានគំនិតដូចគ្នា។

Rafferty បានលើកឡើងបន្ថែមទៀតថា «នៅក្នុងបរិយាកាសប្រតិបត្តិការដ៏ស្មុគស្មាញ និងបច្ចេកវិទ្យាដ៏ខ្ពស់នេះ ការឈានទៅដល់ និងការប្រឆំាងទៅនឹងការគំរាមកំហែងយ៉ាងឆាប់រហ័ស និងត្រឹមត្រូវនឹងមានសារៈសំខាន់បំផុត»។ «សំណាងល្អដែរ សមត្ថភាពដែលយើងមើលឃើញថាកំពុងលេចចេញជាលទ្ធផលនៃការវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងទំនើបកម្មនឹងពង្រីករយៈចម្ងាយ ភាពដ៍សាហាវ និងផលប៉ះពាល់នៃការបាញ់ប្រហារពីលើផ្ទៃដីរបស់យើង ដោយរក្សាកងទ័ព កម្លាំងរួម និងសម្ពន្ធមិត្តរបស់យើងឱ្យនាំមុខលើបច្ចាមិត្តដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នានេះជានិច្ច»។  


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button