តំបន់អូសេអានីភាពជាដៃគូ

សហរដ្ឋអាមេរិកពង្រឹងវត្តមានយោធានៅលើកោះ Guam កោះ Tinian

Tom Abke

សហរដ្ឋអាមេរិកកំពុងពង្រឹងសមត្ថភាពការពាររបស់ខ្លួននៅក្នុងប្រជុំកោះ Mariana រួមទាំងកោះ Guam ប្រឈមមុខនឹងការគំរាមកំហែងដោយមីស៊ីលពីកងទ័ពរំដោះប្រជាជន (PLA) និងដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសម្ពន្ធមិត្ត និងដៃគូឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចខិតខំប្រឹងប្រែងរួមមានសមយុទ្ធយោធា និងការកសាងទ្រព្យសម្បត្តិយោធាដែលបានគ្រោងទុកនៅក្នុងប្រជុំកោះនេះ។

លោកបណ្ឌិត Collin Koh អ្នកស្រាវជ្រាវម្នាក់នៅសាលា S. Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរីបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «សមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់កងទ័ពរំដោះប្រជាជន ដែលកំពុងកើនឡើង ជាពិសេសការពង្រីកលំដាប់នៃមីស៊ីលប៉ាលីស្ទីក និងមីស៊ីល Cruise បានបង្កើនកម្រិតនៃការគំរាមកំហែងដល់មូលដ្ឋានទ័ពអាមេរិកនៅជុំវិញឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសទីតាំងដែលមានស្ថិតនៅតាមខ្សែសង្វាក់កោះទីមួយ»។ លោកបានលើកឡើងថា ការកសាងប្រព័ន្ធការពាររបស់សហរដ្ឋអាមេរិកនៅលើកោះ Guam និងសហគមន៍កោះ Northern Mariana នៃកោះ Tinian នឹងបង្ហាញពីការយកចិត្តទុកដាក់របស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

សមយុទ្ធ​ការពារ​ជាតិចំនួនពីរត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ 2023 នៅលើ​កោះ​ Guam និងកោះ Tinian។ នៅក្នុងខែកុម្ភៈ អាកាសយានិក ទាហានជើងទឹក និងនាវិកចំនួនប្រហែលជា 2 000 នាក់មកពីប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធ Cope North ដែលផ្តោតលើការរួមបញ្ចូលផ្លូវអាកាសសម្រាប់ការងារប្រយុទ្ធដោយកម្លាំងធំ និងរហ័ស និងការហ្វឹកហ្វឺនសម្រាប់ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។ (រូបភាព៖ កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន និងយន្តហោះរបស់កងទ័ពអាកាសអាមេរិក ហោះហើរពីលើមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរកោះ Guam ក្នុងអំឡុងសមយុទ្ធ Cope North ប្រចាំឆ្នាំ 2023 ក្នុងខែកុម្ភៈ។) ​នៅក្នុងខែមីនា សមយុទ្ធ Agile Reaper 23-1 បានផ្តោតលើយុទ្ធសាស្ត្រប្រយុទ្ធ រួមទាំងយន្តហោះដែលផ្លាស់ទីយ៉ាងលឿនទៅកាន់អាកាសយានដ្ឋានប៉ាស៊ីហ្វិកខាងលិចតូចៗ ក្នុងករណីមានការវាយប្រហារដោយមីស៊ីល ឬអ្វីផ្សេងទៀតដើម្បីជៀសវាងជម្លោះ។

កោះ Guam មានមូលដ្ឋានទ័ពអាមេរិកចំនួនពីរ៖ មូលដ្ឋានទ័ពជើងទឹក Guam និងមូលដ្ឋានទ័ពអាកាស Andersen។ នៅក្នុងខែមករាឆ្នាំ 2023 កងម៉ារីនអាមេរិកបានបើកមូលដ្ឋានទ័ព Camp Blaz ជាផ្លូវការ ដែលជាទីតាំងមានទំហំ 16,2 គីឡូម៉ែត្រការ៉េនៅលើកោះ Guam ដែលត្រូវបានគេរំពឹងថានឹងទទួលកងម៉ារីនចំនួន 5 000 នាក់ដែលត្រូវបានផ្លាស់ប្តូរពីកោះ Okinawa ប្រទេសជប៉ុន។ ទស្សនាវដ្តី The Economist បានរាយការណ៍ថា សហរដ្ឋអាមេរិកមានបំណងចំណាយប្រាក់ចំនួន 1,5 ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងការការពារដែនអាកាសរបស់កោះ Guam ក្នុងឆ្នាំសារពើពន្ធ 2024 ដែលជាការចំណាយភាគច្រើនសម្រាប់ការការពារមីស៊ីល។

កោះ Tinian ដែលជាសហគមន៍មួយរបស់សហរដ្ឋអាមេរិកដែលមានចម្ងាយតិចជាង 200 គីឡូម៉ែត្រភាគឦសាននៃកោះ Guam នៅក្នុងប្រជុំកោះ Northern Mariana គឺជាទីតាំងអនាគតនៃអាកាសយានដ្ឋាន Tinian Divert Airfield និងកន្លែងចតយន្តហោះដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ 2025 នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Pacific Island Times ដែលជាកាសែតប្រចាំនៅ Guam។ ការវិនិយោគចំនួន 162 លានដុល្លារអាមេរិកដោយក្រសួងការពារជាតិសហរដ្ឋអាមេរិកនេះ គឺមានបំណងបម្រើជាទីតាំងប្រតិបត្តិការជំនួសទៅកាន់មូលដ្ឋានទ័ពអាកាស Andersen នៅលើកោះ Guam ប្រសិនបើវាស្ថិតនៅក្រោមការវាយប្រហារ ឬមិនមានប្រតិបត្តិការ។

លោក Koh បានថ្លែងថា៖ «ការសាងសង់ឡើងនៅលើកោះ Guam និងកោះ Tinian ស័ក្ដិសមល្អនៅក្នុងយុទ្ធសាស្រ្តដ៏ទូលំទូលាយនៃការបំបែកកងកម្លាំង ដើម្បីបង្កើនភាពធន់របស់ពួកគេប្រឆាំងនឹងការធ្វើឱ្យលែងមានប្រសិទ្ធភាពដោយកងទ័ពរំដោះប្រជាជន ប្រសិនបើពួកគេត្រូវបានប្រមូលផ្តុំយ៉ាងច្រើននៅក្នុងទីតាំងមួយចំនួនប៉ុណ្ណោះ»។

កោះ Tinian ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រៀបចំ​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​សម្រាប់​កងទ័ព​អាមេរិកផងដែរ។

លោក Daniel Kritenbrink ជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា៖ «ចំណុចសំខាន់ស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់យើង គឺការកសាងទំនាក់ទំនងជាមួយសម្ពន្ធមិត្ត ដៃគូ និងមិត្តភក្តិទំាងក្នុង និងក្រៅតំបន់ ដើម្បីបង្កើត និងគាំទ្រនូវអ្វីដែលយើងហៅថាជាប្រដឹសនៃសម្ពន្ធភាពរឹងមាំ និងការពង្រឹងទៅវិញទៅមក ដើម្បីកសាងសមត្ថភាពរួម និងដោះស្រាយបញ្ហារួមប្រកបដោយភាពច្នៃប្រឌិតរបស់យើងរួមគ្នា»។

ប្រភពរូបភាព៖ CHARLES T. FULTZ/កងទ័ពអាកាសអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button