ទស្សនៈសាកលអាស៊ីឥសាន / NEA

ប្រទេសជប៉ុន កូរ៉េខាងត្បូង អាមេរិក បង្កើនសមត្ថភាពសង្គ្រាមអេឡិចត្រូនិក ដើម្បីការពារសន្តិសុខក្នុងតំបន់

លោក Felix Kim

សង្គ្រាមអេឡិចត្រូនិក(EW) — សកម្មភាពយោធាដែលធ្វើឡើងនៅក្នុងវិសាលគមអេឡិចត្រូម៉ាញ៉េទិច — គឺជាអាទិភាពដែលកំពុងកើនឡើងសម្រាប់កងកម្លាំងប្រដាប់អាវុធប្រចាំនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងពង្រឹងសមត្ថភាពសង្គ្រាមអេឡិចត្រូនិករបស់ពួកគេនៅលើអាកាស សមុទ្រ និងនៅលើដី នៅពេលប្រឈមមុខនឹងការគំរាមកំហែងក្នុងតំបន់ដែលបង្កឡើងដោយកូរ៉េខាងជើង សាធារណរដ្ឋប្រជាមានិតចិន (PRC) និងរុស្ស៊ី។

លោកបណ្ឌិត Kim Jae Yeop អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Sungkyun សម្រាប់យុទ្ធសាស្រ្តសកល នៅសកលវិទ្យាល័យ Sungkyunkwan របស់កូរ៉េខាងត្បូងបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «ដោយពិចារណាលើការអនុវត្តយ៉ាងទូលំទូលាយអំពីបច្ចេកវិទ្យាអេឡិចត្រូនិក និងការរីកចម្រើនខាងទំនាក់ទំនងគ្នាទៅវិញទៅមកសម្រាប់វេទិកាយោធាផ្សេងៗនៅក្នុងគ្រប់ដែនទាំងអស់ — ដែនដី ដែនសមុទ្រ ដែនអាកាស និងសូម្បីតែលំហអាកាស — សារៈសំខាន់នៃសង្រ្គាមអេឡិចត្រូនិកមិនអាចមើលរំលងបានទេ»។

ជាធម្មតា សមត្ថភាពនៃសង្រ្គាមអេឡិចត្រូនិករួមមានការឈ្លបយកការណ៍តាមអេឡិចត្រូនិក ការឃ្លាំមើល និងការការពារ ប៉ុន្តែក៏មានការប្រើប្រាស់វិសាលគមអេឡិចត្រូម៉ាញេទិក ដើម្បីចាប់បាន វិភាគ និងរំខានដល់ការទំនាក់ទំនងរបស់បច្ចាមិត្ត និងសញ្ញារ៉ាដាផងដែរ។ ជាមួយនឹងការកើនឡើងនៃការគំរាមកំហែងផ្នែកអាវុធប្រល័យលោក (WMD) ពីកូរ៉េខាងជើង លោក Kim បានលើកឡើងថា «តម្រូវការសម្រាប់សកម្មភាពសង្រ្គាមអេឡិចត្រូនិកនៅលើឧបទ្វីបកូរ៉េ ដើម្បីចាប់បាន និងតាមដានសកម្មភាពអាវុធប្រល័យលោករបស់ទីក្រុងព្យុងយ៉ាងឱ្យបានទាន់ពេលវេលាគឺកាន់តែកើនឡើង។

នៅក្នុងខែមេសា ឆ្នាំ 2023 ទីក្រុងសេអ៊ូលបានអនុម័តផែនការចំនួន $1,41 ពាន់លានដុល្លារក្នុងការផលិតយន្តហោះដែលបំពាក់ដោយសង្រ្គាមអេឡិចត្រូនិកពីឆ្នាំ 2024-32 ដែលជាផ្នែកមួយនៃប្រព័ន្ធឆ្លើយតបសង្រ្គាមអេឡិចត្រូនិករបស់ប្រទេស នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាល​កម្មវិធី​ទិញសព្វាវុធការពារ​ជាតិ​ (DAPA) របស់កូរ៉េ​ខាងត្បូង។ ជាមួយនឹងសមត្ថភាពក្នុងការរំខានដល់ការការពារដែនអាកាសរបស់បច្ចាមិត្ត ក៏ដូចជាប្រព័ន្ធបញ្ជា និងទំនាក់ទំនងរបស់វា យន្តហោះថ្មីនេះនឹងពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នា និងលទ្ធភាពរស់រាននៃធនធានលើអាកាស។ ប្រព័ន្ធទាំងនោះក៏នឹងប្រមូលផ្តុំ និងវាយតម្លៃសញ្ញានៃការគំរាមកំហែងផងដែរ។

កម្មវិធីសង្គ្រាមអេឡិចត្រូនិកនៃកងទ័ពជើងទឹក II របស់ រដ្ឋបាល​កម្មវិធី​ទិញសព្វាវុធការពារ​ជាតិ​ (DAPA) ដែលដំណើរការរហូតដល់ឆ្នាំ 2036 នឹងអាប់ក្រេដប្រព័ន្ធសង្រ្គាមអេឡិចត្រូនិកនៅលើនាវាកងទ័ពជើងទឹករបស់សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើការប្រើប្រាស់បញ្ញាសិប្បនិមិត្តឱ្យកាន់តែទូលំទូលាយ ដើម្បីផ្តល់នូវការពង្រឹងសមត្ថភាព «ការចាប់បានទិសដៅឌីជីថល» និង «ការធ្វើឱ្យ​រាំងស្ទះឆ្លាតវៃ»។

ទន្ទឹមនឹងនោះដែរ ទីក្រុងតូក្យូ គ្រោងនឹងបញ្ចប់ខ្សែសង្វាក់នៃអង្គភាពសង្រ្គាមអេឡិចត្រូនិកនៅក្នុងឆ្នាំ 2023 នៅឯមូលដ្ឋានកងកម្លាំងស្វ័យការពារជើកគោករបស់ជប៉ុន នៅភាគនិរតីនៃប្រទេស នេះបើយោងតាមសេចក្ដីថ្លែងការរបស់ក្រសួងការពារជាតិជប៉ុន។ ឯកសារឆ្នាំ 2022 បានលើកឡើងថា៖ «ប្រទេសជប៉ុនបានបង្កើតប្រព័ន្ធមួយដែលអាចបន្សាបការប្រើប្រាស់វិសាលគមអេឡិចត្រូម៉ាញ៉េទិចរបស់បច្ចាមិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍នៅក្នុងប្រភេទផ្សេងៗនៃប្រតិបត្តិការក្នុងករណីមានអាសន្ន»។

ទីក្រុងតូក្យូមើលឃើញការគំរាមកំហែងដល់ដែនដីនៅឆ្ងាយរបស់ខ្លួនដែលបង្កឡើងដោយសាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ីថាជាហេតុផលសម្រាប់ការបង្កើនសមត្ថភាពសង្រ្គាមអេឡិចត្រូនិករបស់ខ្លួន។

ប្រទេសជប៉ុនក៏មានអង្គភាពសង្រ្គាមអេឡិចត្រូនិកដែលមានមូលដ្ឋានលើអាកាស ក្រោមកងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន ដែលអាចប្រមូលផ្តុំយន្តហោះស៊ើបការណ៍ និងទប់ស្កាត់ ក៏ដូចជាសមត្ថភាពសង្រ្គាមអេឡិចត្រូនិកដែលផ្តល់ដោយកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន ដែលប្រតិបត្តិការយន្តហោះប្រភេទ Lockheed EP-3C Orion ចំនួនបួនគ្រឿងដើម្បីប្រមូលការឈ្លបយកការណ៍តាមអេឡិចត្រូនិក។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាជាមួយជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងពង្រឹងសមត្ថភាពសង្រ្គាមអេឡិចត្រូនិករបស់ខ្លួន ដែលជាអាទិភាពបន្ទាន់មួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នេះបើតាម នាយឧត្ដមនាវី លោក John Aquilino មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) បានថ្លែងប្រាប់គណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភាអាមេរិកកាលពីខែមេសា ឆ្នាំ 2023 កន្លងទៅនេះ។

ទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) កំពុងស្វែងរកការអាប់ក្រេដសង្រ្គាមអេឡិចត្រូនិកសម្រាប់ធនធានកងទ័ពជើងគោក និងកងទ័ពជើងទឹក ក្រោមគំនិតផ្តួចផ្តើមក្នុងការទប់ស្កាត់នៅតំបន់ប៉ាស៊ីហ្វិករបស់ក្រសួងការពារជាតិអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ 2023។ (រូបភាព៖ យន្តហោះសង្រ្គាមអេឡិចត្រូនិកប្រភេទ E/A-18G Growler របស់សហរដ្ឋអាមេរិក ចាប់ផ្ដើមដំណើរការពីនាវាផ្ទុកយន្តហោះ ចម្បាំងប្រភេទ USS Nimitz ក្នុងអំឡុងពេលប្រតិបត្តិការជាប្រចាំនៅក្នុងសមុទ្រហ្វ៊ីលីពីននៅក្នុងខែឧសភា ឆ្នាំ 2023។)

លោក Aquilino បានលើកឡើងថា៖ «យើងត្រូវមានលទ្ធភាពធ្វើប្រតិបត្តិការក្នុងលំហអាកាសដែលមានការប្រកួតប្រជែង។ «យើងត្រូវការការយល់ដឹងពីតំបន់ប្រយុទ្ធជាប់លាប់អំពីអ្វីៗទាំងអស់ដែលកំពុងកើតឡើង ហើយយើងត្រូវមានលទ្ធភាពបិទខ្សែសង្វាក់ពិឃាតរបស់យើងជាមួយនឹងអាវុធ និងបណ្តាញដែលអនុញ្ញាតឱ្យវាកើតឡើង។ វិសាលគមអេឡិចត្រូម៉ាញេទិចមានសារៈសំខាន់ចំពោះវា»។

លោក Felix Kim គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

 

ប្រភពរូបភាព៖ ចក្របាលរងឯក JUSTIN MCTAGGART/កងទ័ពជើងទឹកអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button