ការរីកសាយអាវុធអាស៊ីឥសាន / NEA

ជប៉ុន កូរ៉េខាងត្បូង អាមេរិក ពិភាក្សាចែករំលែកទិន្នន័យមីស៊ីលកូរ៉េខាងជើង

The Associated Press

អ្នកនាំពាក្យរដ្ឋាភិបាលក្រុងតូក្យូបាននិយាយនៅដើមខែ​ឧសភា ឆ្នាំ 2023 ថា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងចរចាកិច្ចព្រមព្រៀងស្តីពីការចែករំលែកទិន្នន័យក្នុង​ពេល​ជាក់ស្តែង ស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ខណៈដែលកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងបីនេះកាន់តែមានសារៈសំខាន់ ចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលពីកូរ៉េខាងជើង។

ប្រធានលេខាធិការ​ខុទ្ទកាល័យ​ជប៉ុន លោក Hirokazu Matsuno បាន​និយាយ​ថា​៖ «​ខ្ញុំ​យល់​ថា​អាជ្ញាធរ​ការពារជាតិ​កំពុង​ដំណើរការ​យ៉ាង​​ស្វាហាប់​​ដើម្បី​ធ្វើការ​រៀបចំ​មួយ​»​។ «បរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញទៅ ហើយការសម្របសម្រួលរវាងប្រទេសទាំងពីរ ក៏ដូចជាត្រីភាគីជាមួយសហរដ្ឋអាមេរិកកាន់តែមានសារៈសំខាន់»។

ប្រទេសជប៉ុន និងកូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ហើយកិច្ចសហប្រតិបត្តិការគឺជាគន្លឹះនៃយុទ្ធសាស្ត្រសន្តិសុខរបស់ប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិក នៅពេលដែលភាពតានតឹងកើនឡើងជាមួយសាធារណរដ្ឋប្រជាមានិតចិន (PRC) កូរ៉េខាងជើង និងរុស្សី។

ប្រទេសជប៉ុន និងកូរ៉េខាងត្បូងមានការ​តភ្ជាប់ដាច់ដោយឡែកពីគ្នាទៅនឹងទិន្នន័យពីប្រព័ន្ធរ៉ាដារបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែនដោយផ្ទាល់ទៅគ្នាទៅវិញទៅមកនោះទេ។ មេដឹកនាំនៃប្រទេសទាំងបីបានព្រមព្រៀងគ្នាក្នុងខែវិច្ឆិកា ឆ្នាំ 2022 ដើម្បីពន្លឿនការចែករំលែកព័ត៌មានស្តីពីការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

កាសែត Yomiuri Shimbun បានរាយការណ៍កាលពីខែឧសភា ឆ្នាំ 2023 ថា ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ជិតឈានដល់កិច្ចព្រមព្រៀងលើការភ្ជាប់រ៉ាដារបស់ពួកគេតាមរយៈប្រព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានព្រមានអំពីមីស៊ីលរបស់​កូរ៉េខាងជើង​ក្នុង​ពេល​ជាក់ស្តែង ហើយ​វា​​នឹងពង្រឹងសមត្ថភាពការពារមីស៊ីលរបស់ជប៉ុន។

កាសែតជប៉ុននេះ​បានរាយការណ៍ថា ប្រទេសទាំងនេះត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងមួយនៅដើមខែមិថុនា ឆ្នាំ 2023 នៅ​ក្នុ​ងកិច្ច​ប្រជុំបន្ទាប់​បន្សំ​អំឡុង​ពេលនៃកិច្ចសន្ទនា Shangri-La ដែលជាសន្និសីទរដ្ឋមន្ត្រីការពារជាតិប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ដែលរដ្ឋមន្ត្រីការពារជាតិជប៉ុន និងកូរ៉េខាងត្បូងនឹងធ្វើកិច្ចពិភាក្សាទ្វេភាគី។

កិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ដែលភាគច្រើនដោយសារតែអារម្មណ៍រួមគ្នារបស់ពួកគេនៃភាពបន្ទាន់ជុំវិញការកើនឡើងនៃការគំរាមកំហែងសន្តិសុខក្នុងតំបន់។

(រូបភាព៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ខាងឆ្វេង ជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងខែឧសភា ឆ្នាំ 2023។)

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button