ភាពជាដៃគូអាស៊ីឥសាន / NEA

ជប៉ុន កូរ៉េខាងត្បូងពង្រឹងចំណងការពារជាតិ និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់

Marc Jacob Prosser

ប្រទេសជប៉ុន និង​​កូរ៉េ​ខាងត្បូង​កំពុងតែធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​វិស័យសំខាន់ៗមួយចំនួន​ រួមមានទាំង​វិស័យការពារជាតិ និងភាពធន់ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់។ មន្ត្រី និង អ្នកវិភាគនានាបានលើកឡើងថា តាមរយៈកិច្ច​ព្រមព្រៀង​ជាផ្លូវការ​ និងកិច្ច​សន្ទនាដែលមានកាន់តែច្រើនឡើងនេះ រដ្ឋាភិបាល​របស់ពួកគេ​កំពុងតែចែករំលែកព័ត៌មាន​ និង​សហការ​ទៅលើផ្នែកសន្តិសុខ​ពាណិជ្ជកម្ម​វិស័យបច្ចេកវិទ្យា​។

លោកប្រធានាធិបតីរបស់ប្រទេសកូរ៉េ​ខាងត្បូង​ Yoon Suk Yeol បានមានប្រសាសន៍មុនពេល​កិច្ច​ប្រជុំកំពូលក្នុង​ឆ្នាំ 2023 ជាមួយ​នឹង​នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថា៖ «មានតម្រូវការ​កាន់តែខ្លាំងឡើង​សម្រាប់​ប្រទេសកូរ៉េ [ខាងត្បូង] និង​ ជប៉ុន​ក្នុង​ការ​សហការ​ក្នុង​សម័យកាល​វិបត្តិពហុភាគីនេះ ជាមួយនឹងការគំរាមកំហែង​ដោយគ្រាប់មីស៊ីល និង​នុយក្លេអ៊ែររបស់​​ប្រទេសកូរ៉េខាងជើង ដែលកាន់តែមានសភាព​យ៉ាប់យ៉ឺនឡើង និង​បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកល​ដែលកំពុង​តែរងការរំខាន»។

ក្នុង​អំឡុង​ពេល​សន្និសីទសារព័ត៌មាន​រួមគ្នា​របស់ពួកគេនៅក្នុងទីក្រុងតូក្យូ លោក Kishida បានគាំទ្រ​ដល់​យោបល់​របស់​លោក Yoon ដោយ​ធ្វើ​ការ​សង្កត់​ធ្ងន់​ទៅលើ​បរិយាកាស​សន្តិសុខ​ប្រកបដោយការប្រកួតប្រជែង​នៅក្នុង​តំបន់ និង​តម្រូវការ​ដើម្បីលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ទ្វេ​ភាគីឱ្យ​បានកាន់តែមានភាពស្វាហាប់ឡើង។

ប្រទេសជប៉ុន និង​ប្រទេសកូរ៉េខាងត្បូង​បាន​ព្រមព្រៀងចាប់ផ្តើម​​ការពិភាក្សាអំពីសន្តិសុខឡើងវិញ​រវាងមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីការទូតជាន់ខ្ពស់។ ពួកគេក៏មានគោលបំណងធ្វើឲ្យកិច្ចព្រមព្រៀង​ក្នុងការចែករំលែកព័ត៌មានរបស់ពួកគេ​ក្លាយជាការអនុវត្តសាមញ្ញ ហើយចាប់ផ្ដើម​ទស្សនៈកិច្ចក្រៅផ្លូវការ​របស់កាទូតឲ្យបានញឹកញាប់។

ការកើនឡើងកិច្ចសហប្រតិបត្តិការកើតមានបន្ទាប់ពី​រយៈពេលជាច្រើនទសវត្សរ៍​នៃទំនាក់ទំនងដែលមិនល្អប្រសើរ ដែលមានចាប់តាំងពីការ​ចូលត្រួតត្រារបស់ប្រទេសជប៉ុនទៅលើឧបទ្វីបកូរ៉េ​នៅក្នុងពាក់កណ្ដាលទីមួយនៃសតវត្សរ៍ទី 20។

លោក Yoichiro Sato ដែលជាសាស្ត្រាចារ្យជំនាញទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាល័យ Ritsumeikan Asia Pacific ក្រុង Beppu ប្រទេសជប៉ុនបានមានប្រសាសន៍ថា ការចែករំលែកព័ត៌មាន​អាចជួយឲ្យទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូដឹងអំពីការរីកចម្រើននៃគ្រាប់មីស៊ីលអន្តរទ្វីប និងមីស៊ីលនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

លោក Sato បានប្រាប់ដល់ទស្សនាវដ្ដី FORUM ថា៖ «ការផ្សះផ្សារចំណងមិត្តភាពទ្វេភាគីក៏បានធ្វើឱ្យ​មាន​ឡើងវិញនូវ​ការចូលរួមរបស់អ្នកអង្កេតការណ៍​នៅក្នុងសមយុទ្ធយោធារៀងៗខ្លួនរបស់ប្រទេសទាំងពីរ​ជាមួយនឹងសហរដ្ឋអាមេរិក។ សមយុទ្ធទាំងនេះរួមចំណែកដល់ការបង្កើតឲ្យមានជំនឿទុកចិត្តបន្ថែមទៀត​រវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន ជាការត្រួសត្រាយផ្លូវ​ទៅរកកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីកាន់តែជិតស្និទ្ធ»។

ដូចគ្នាទៅនឹងការបញ្ជាក់អះអាង​អំពីចំណងមិត្តភាព​ក្នុងវិស័យការពារជាតិ កិច្ចប្រជុំកំពូលទ្វេភាគីថ្មីៗនេះក៏បានពង្រឹង​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ នេះបើយោងទៅតាមលោក Nozomu Yoshitomi ដែលជាសាស្ត្រាចារ្យមួយរូបនៅក្នុង​មហាវិទ្យាល័យ​គ្រប់គ្រងហានិភ័យនៃសាកលវិទ្យាល័យ Nihon របស់ទីក្រុងតូក្យូ។

លោក Yoshitomi ដែលជាឧត្តមសេនីយ៍ទោចូលនិវត្តន៍មួយរូប​បានប្រាប់​ទស្សនាវដ្តី FORUM ថា៖​ «លទ្ធភាពនៃការសហការរវាងប្រទេសទាំងពីរចំពោះសន្តិសុខសេដ្ឋកិច្ច ដោយមានប្រទេសចិននៅក្នុងចិត្ត គឺជាស្នាដៃដ៏ចម្បងមួយ»។

សាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែគោលជំហរទាមទារទឹកដីកាន់តែខ្លាំងរបស់ប្រទេសនេះនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​នាំឲ្យមានការលំបាកនានា​នៅក្នុងគោលនយោបាយបរទេសនិងសេដ្ឋកិច្ច។ ជម្លោះពាណិជ្ជកម្មរវាងសាធារណរដ្ឋប្រជាមានិតចិននិងសហរដ្ឋអាមេរិក និងដៃគូក៏ដូចជាសម្ព័ន្ធមិត្តរបស់ប្រទេសនេះ​ធ្វើឲ្យស្ថានភាពកាន់តែមានភាពស្មុគស្មាញបន្ថែមទៀត ដែលនាំឲ្យប៉ះពាល់ទៅដល់ការនាំចូលនិងការលក់ទំនិញ​ដូចជាបន្ទះឈីប​កុំព្យូទ័រជាដើម។

ឧទាហរណ៍ ស្ថាប័ននីតិបញ្ញត្តិសហរដ្ឋអាមេរិកថ្មីៗនេះ​ព្យាយាមពង្រឹងទៅលើការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតកម្មបន្ទះឈីបជាតិ ខណៈពេលដែល​ធ្វើការទប់ស្កាត់លទ្ធភាពរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងការទទួលបានបន្ទះឈីប​ និងឧបករណ៍បង្កើតបន្ទះឈីបជឿនលឿន។ ស្ថាប័ននេះជំរុញដល់ដៃគូនិងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកឲ្យធ្វើការដាក់កំហិត​ទៅដល់អន្តរកម្មបន្ទះឈីបកុំព្យូទ័រជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន។

សាធារណរដ្ឋប្រជាមានិតចិនគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់បន្ទះឈីប និងឧបករណ៍បង្កើតបន្ទះឈីប​សម្រាប់ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនបន្ទះឈីបកុំព្យូទ័រក៏បានបើករោងចក្រនៅក្នុងសាធារណរដ្ឋប្រជាមានិតចិនផងដែរដើម្បីទាញយកផលប្រយោជន៍ពីតម្លៃផលិតកម្មទៀត។

ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក​បានបង្កើតសម្ព័ន្ធមិត្តបន្ទះឈីបទាំង 4 (Chip 4 Alliance) ដើម្បីធានាឲ្យបាននូវផលិតកម្មនិងការផ្គត់ផ្គង់បន្ទះឈីបកុំព្យូទ័រប្រកបដោយស្ថិរភាព។

នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ លោក Kishida និងលោក Yoon បានព្រមព្រៀងគ្នាក្នុងការពង្រឹងសន្តិសុខសេដ្ឋកិច្ច​តាមរយៈការដោះស្រាយការលំបាក ដែលមានរួមគ្នា ដូចជា​ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងការបង្ការ​ការលេចធ្លាយបច្ចេកវិទ្យាសម្ងាត់។

ប្រទេសជប៉ុនបានព្រមព្រៀងលុបចោរការហាមឃាត់ទៅលើការនាំចេញ​សម្ភារចាំបាច់នានាក្នុងវិស័យឧស្សាហកម្ម​សម្រាប់អេក្រង់ស្មាតហ្វូន និងបន្ទះឈីបសឺម៉ីកុងឌុចទ័រ។ ដំណាលគ្នានោះ ទីក្រុងសេអ៊ូលបានប្រកាសថាខ្លួននឹង​ស្ដារស្ថានភាពរបស់ទីក្រុងតូក្យូ​ឲ្យទៅជាដៃគូពាណិជ្ជកម្មដែលខ្លួនពេញចិត្តវិញ។

ប្រភពរូបភាព៖ SHUTTERSTOCK


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button