វិវាទ/ភាពតានតឹង

ក្រុមអ្នកសារព័ត៌មាន៖ អ្នកចាប់ឃុំឃាំងអ្នកសារព័ត៌មានទូទាំងពិភពលោកដ៏ធំបំផុតនៅទីក្រុងប៉េកាំង

The Associated Press

សាធារណៈរដ្ឋប្រជាមានិតចិន (PRC) គឺជាអ្នកចាប់ឃុំឃាំងអ្នកសារព័ត៌មានដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ 2022 ដែលមានជាង 100 នាក់នៅពីក្រោយការឃុំឃាំង ដោយសារបក្សកុម្មុយនិស្តចិន (CCP) ក្រោមការដឹកនាំរបស់អគ្គលេខាធិការ លោក Xi Jinping បានរឹតបន្តឹងការគ្រប់គ្រងលើសង្គម។

បក្សកុម្មុយនិស្ត​ចិន ក៏ជាអ្នកនាំចេញដ៏ធំបំផុតមួយនៃខ្លឹមសារឃោសនាផងដែរ នេះបើយោងតាមអង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន។ សាធារណរដ្ឋប្រជាមានិតចិន ជាប់ចំណាត់ថ្នាក់លេខពីរបើរាប់ពីក្រោមនៅលើសន្ទស្សន៍សេរីភាពសារព័ត៌មានប្រចាំឆ្នាំរបស់ក្រុម ដែលនៅពីក្រោយតែកូរ៉េខាងជើងប៉ុណ្ណោះ។

បក្សកុម្មុយនិស្ត​ចិន បានរឹតបន្តឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន ដែលរាល់កាសែត និងប្រព័ន្ធផ្សព្វ​ផ្សាយទាំងអស់គឺជារបស់រដ្ឋ។ គេហទំព័រ និងវេទិកា​ប្រព័ន្ធផ្សព្វផ្សាយ​ត្រូវ​បាន​តម្រូវ​ឱ្យ​ត្រួតពិនិត្យ​​សម្ភារចាក់ផ្សាយ ដែលអាចធ្វើ​ការ​មាន​ការ​ប្រឆាំងរីករាលដាល​ចំពោះរបបគ្រង់​គ្រង​ដែលមាន​តែមួយបក្សនេះ។ (រូបភាព៖ អ្នកគាំទ្រ​ដល់សេរីភាពសារព័ត៌មាន​ប្រមូលផ្តុំគ្នា​នៅក្រៅ​តុលាការមួយ​កន្លែង​ក្នុង​ទីក្រុង​ហុងកុង​កាលពីឆ្នាំ 2021។)

ក្នុងអំឡុង​កិច្ច​ប្រជុំ​ឆ្នាំ 2016 ជាមួយ​នឹង​អ្នកសារព័ត៌មាន​ ដែលទទួលបាន​រង្វាន់ជាផ្លូវការ​នោះ លោក Xi ​បានអំពាវនាវ​ដល់​ពួកគេ​ឱ្យ​គោរពតាម​ «ការតម្រង់​ទិសដៅ​ដ៏ត្រឹមត្រូវ​នៃមតិសាធារណៈ»។

អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) បាន​លើកឡើង​ក្នុង​របាយការណ៍មួយ ដែលបាន​ចេញប្រកាសកាលពីដើម​ខែឧសភា ឆ្នាំ 2023 ថា លោក​ Xi កំពុងតែព្យាយាម​ចង់​សម្រេច​នូវ «សង្គ្រាម​ប្រឆាំងនឹង​សារព័ត៌មាន» ដោយ​ហៅការធ្លាក់ចុះសេរីភាព​សារព័ត៌មាន​របស់​សាធារណរដ្ឋប្រជាមានិតចិនថាជា «មហន្តរាយ» មួយ។

ទីក្រុងប៉េកាំង​ប្រតិបត្តិសកម្មភាពមួយ ដែលគេចាត់ទុកថាជា​ប្រព័ន្ធ​គ្រប់​គ្រង​អ៊ីនធឺណិត​ដ៏ធំបំផុត​របស់ពិភពលោក។ តម្រង​របស់ប្រព័ន្ធនេះ​ព្យាយាម​រាំងខ្ទប់​សាធារណៈជនចិន​ពីការ​ចូលមើល​គេហទំព័របរទេស​ ដែលដំណើរការ​ដោយ​កាសែត​សារព័ត៌មាន រដ្ឋាភិបាល និង ក្រុមសិទ្ធិមនុស្ស និង ក្រុមសកម្មជនផ្សេងទៀត។

អ្នកកាសែតចិន​ត្រូវ​បាន​កាត់​ទោស​ពីបទចារកិច្ច ការធ្វើ​ឱ្យ​លេចធ្លាយ​ព័ត៌មានសម្ងាត់​ជាតិ និងការ​រករឿងជម្លោះ ដោយ​មានការចោទប្រកាន់​មិន​ច្បាស់​លាស់​ ដើម្បីប្រើ​ដាក់​អ្នក​ប្រឆាំងក្នុង​ពន្ធាគារ។ អ្នកផ្សេងទៀតក៏ធ្លាក់ខ្លួន​ចូលក្រោម​ការសង្កេត​តាមដាន ការ​បំភិតបំភ័យ និង​ការ​យាយី​នានា។

អ្នកសារព័ត៌មាន​ឈ្មោះ Dong Yuyu ដែលបានធ្វើ​ការឱ្យ​កាសែតដែលជាបុត្រសម្ព័ន្ធរបស់​បក្សកុម្មុយនិស្ត​ចិន និង​ជា​អតីតនិស្សិតបញ្ចប់​​ការសិក្សា​នៅសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក ប្រឈមមុខ​នឹង​ការចោទប្រកាន់ពីបទចារកម្ម​ បន្ទាប់ពី​ត្រូវ​បាន​គេឃុំខ្លួន​អស់រយៈពេល​ជាងមួយឆ្នាំ នោះបើតាមសម្តីរបស់គ្រួសារលោក​កាលពីចុងខែ​មេសា​ ឆ្នាំ 2023។

កាលពីឆ្នាំ 2022 អ្នកសារព័ត៌មាន​សញ្ជាតិអូស្ត្រាលី ដែលមាន​កំណើតពីប្រទេសចិន​ម្នាក់ឈ្មោះ Cheng Lei ត្រូវ​បាន​គេ​កាត់ទោស​ក្នុង​សាធារណរដ្ឋប្រជាមានិតចិន​ពីបទ​ចោទប្រកាន់​អំពី​សន្តិសុខជាតិ ប៉ុន្តែ​មិន​ទទួលបាន​សាលក្រម​នោះទេ នេះបើយោងតាមសម្ដី​រដ្ឋមន្ត្រីក្រសួងការបរទេស Penny Wong កាលពីខែមីនា​ ឆ្នាំ 2023។

លោកស្រី Cheng បានធ្វើ​ការ​ឱ្យ​ទូរទស្សន៍ CGTN ជាទូរទស្សន៍ភាសា​អង់គ្លេស​ដែលដំណើរ​ការ​ដោយ​រដ្ឋ​ ដែលមាន​ទស្សនិកជន​នៅក្រៅប្រទេស​ជា​គោលដៅ។ លោកស្រីត្រូវបានឃុំខ្លួនក្នុងខែសីហា ឆ្នាំ 2019 ហើយត្រូវបានចោទប្រកាន់ពីបទចែករំលែកការសម្ងាត់របស់រដ្ឋ។

នៅហុងកុង បក្សកុម្មុយនិស្ត​ចិន បានបង្ខំឱ្យបិទកាសែត Apple Daily ដែលជាផ្នែកមួយនៃការបង្ក្រាបលើមនោសញ្ចេតនាគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ស្ថាបនិកក្រុមហ៊ុន Apple Daily លោក Jimmy Lai ត្រូវបានកាត់ឱ្យជាប់ទោសពីបទក្លែងបន្លំក្នុងឆ្នាំ 2022 ដែលអ្នកគាំទ្ររបស់លោកជំទាស់ថាមានហេតុផលនយោបាយ។ អតីត​នាយក​ប្រតិបត្តិ​របស់​កាសែត​ចំនួន​ប្រាំមួយនាក់​ផ្សេង​ទៀត​បាន​សារភាព​កំហុស។

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button