អូស្ត្រាលីគ្រោងជួសជុលវិស័យការពារជាតិជាចម្បងដើម្បីរារាំងការបង្កើនសមត្ថភាពយោធារបស់បក្សកុម្មុយនិស្តចិន

The Associated Press
អូស្ត្រាលីត្រូវតែបង្កើនការចំណាយលើវិស័យការពារជាតិ ផលិតអាវុធដោយខ្លួនឯង និងអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងការបង្កើនសមត្ថភាពយោធារបស់បក្សកុម្មុយនិស្តចិន (CCP) នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅចុងខែមេសា ឆ្នាំ 2023។
ការត្រួតពិនិត្យយុទ្ធសាស្រ្តការពារជាតិគឺជាការគាំទ្រភាពជាដៃគូក្នុងចំណោមប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា AUKUS ដែលកាលពីខែមីនា ឆ្នាំ 2023 កន្លងទៅនេះបានប្រកាសកិច្ចព្រមព្រៀងមួយដើម្បីបង្កើតកងនាវាអូស្ត្រាលីនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួនប្រាំបី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកបានចាត់ចែងការពិនិត្យឡើងវិញដើម្បីវាយតម្លៃថាតើអូស្ត្រាលីមានសមត្ថភាពការពារ ជំហរ និងការត្រៀមខ្លួនដើម្បីការពារខ្លួននៅក្នុងបរិយាកាសយុទ្ធសាស្ត្របច្ចុប្បន្នដែរឬទេ។ (រូបភាព៖ នាវានៃកងទ័ពជើងទឹកអូស្ត្រាលី បានចេញដំណើរជាក្បួនក្នុងអំឡុងសមយុទ្ធ Rim of the Pacific ប្រចាំឆ្នាំ 2022។)
លោកបានថ្លែងថា ការពិនិត្យយ៉ាងគ្រប់ជ្រុងជ្រោយគឺរឿងសំខាន់បំផុតរបស់អូស្ត្រាលីចាប់តាំងពីសង្គ្រាមលោកលើកទី 2 មកម៉្លេះ។ លោក Albanese បានលើកឡើងថា៖ «វាបង្ហាញថានៅក្នុងពិភពលោកដែលបញ្ហាប្រឈមចំពោះសន្តិសុខជាតិរបស់យើងតែងតែមានការវិវឌ្ឍ យើងមិនអាចត្រឡប់ទៅរកការសន្មតចាស់ៗបានទេ»។
កំណែសាធារណៈនៃការពិនិត្យឡើងវិញដែលបានចាត់ថ្នាក់បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលីចំណាយច្រើនលើវិស័យការពារជាតិជាង 2% នៃផលិតផលក្នុងស្រុកសរុបបច្ចុប្បន្ន ផលិតអាវុធក្នុងស្រុក និងកែលម្អសមត្ថភាពរបស់កងកម្លាំងការពារជាតិអូស្ត្រាលី (ADF) ដើម្បីវាយលុកគោលដៅនៅចម្ងាយឆ្ងាយ។
អនុសាសន៍ផ្សេងទៀតរាប់បញ្ចូលទាំងការកែលម្អសមត្ថភាពរបស់កងកម្លាំងក្នុងប្រតិបត្តិការពីមូលដ្ឋានទ័ពភាគខាងជើងរបស់ប្រទេសអូស្ត្រាលី និងការធ្វើឱ្យភាពជាដៃគូការពារជាតិជាមួយបណ្តាប្រទេសសំខាន់ៗក្នុងឥណ្ឌូប៉ាស៊ីហ្វិកកាន់តែស៊ីជម្រៅ។
ការត្រួតពិនិត្យនេះបានបង្ហាញថា ការបង្កើនសមត្ថភាពយោធារបស់បក្សកុម្មុយនិស្តចិន «ឥឡូវនេះគឺធំជាងគេ និងមានមហិច្ឆតាបំផុតជាងប្រទេសណាណាទាំងអស់» ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី 2 មក។ ការពិនិត្យឡើងវិញនេះបានបង្ហាញទៀតថា៖ «វាកើតឡើងដោយមិនមានតម្លាភាព ឬការធានាឡើងវិញចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពីចេតនាយុទ្ធសាស្ត្ររបស់ចិន»។
របាយការណ៍ដែលបានសរសេរឡើងដោយអតីតមេបញ្ជាការកងកម្លាំងការពារជាតិអូស្ត្រាលី លោក Angus Houston និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Stephen Smith បានរៀបរាប់ថា កាលៈទេសៈយុទ្ធសាស្ត្រក្នុងអំឡុងពេលពិនិត្យឡើងវិញបច្ចុប្បន្នគឺ «ខុសគ្នាខ្លាំង» ជាងកាលៈទេសៈយុទ្ធសាស្រ្តកាលពីអតីតកាលទៅទៀត។
ភ្លាមៗនោះ រដ្ឋាភិបាលគ្រោងនឹងពន្យារពេល ឬបោះបង់ចោលការចំណាយលើវិស័យការពារជាតិចំនួន 5,2 ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីអាទិភាពថ្មី។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ លោក Pat Conroy បានមានប្រាសាសន៍ថា ការបញ្ជាទិញយានយន្តប្រយុទ្ធសម្រាប់កងទ័ពថ្មើរជើងត្រូវបានកាត់បន្ថយ ហើយការសន្សំសំចៃទាំងនោះ និងការលុបចោលកងវរសេនាធំទីពីរនៃកាំភ្លើងធំចល័តដោយខ្លួនឯងនឹងពន្លឿនការទិញប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំដែលមានចល័តភាពកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជា HIMARS ដែលបង្ហាញថាមានប្រសិទ្ធភាពសម្រាប់ការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
លោក Conroy បានលើកឡើងថា រយៈចម្ងាយអតិបរមានៃអាវុធរបស់កងទ័ពនឹងពង្រីកពី 40 គីឡូម៉ែត្រទៅជាង 300 គីឡូម៉ែត្រ ហើយជាមួយនឹងការទទួលបានមីស៊ីលវាយប្រហារបានយ៉ាងសុក្រិតជាង 500 គីឡូម៉ែត្រ។
លោក Conroy បានថ្លែងបន្តថា៖ «នេះគឺសំដៅដល់ការផ្តល់ឱ្យកងទ័ពអូស្ត្រាលីនូវសមត្ថភាពបាញ់ប្រហារ និងការចល័តដែលកងទ័ពអូស្ត្រាលីត្រូវការទៅថ្ងៃអនាគត ដើម្បីប្រឈមមុខនឹងអ្វីដែលខ្លួនត្រូវជួបប្រទះ»។
អស់រយៈពេលប្រាំទសវត្សរ៍កន្លងមកនេះ គោលនយោបាយការពារជាតិរបស់អូស្ត្រាលីមានគោលបំណងរារាំង និងឆ្លើយតបទៅនឹងការគំរាមកំហែងកម្រិតទាបដែលអាចកើតមានឡើងពីប្រទេសជិតខាងដែលមានអំណាចតិចតួច ឬមធ្យម។ ការពិនិត្យឡើងវិញនេះបានឱ្យដឹងថា៖ «វិធីសាស្ត្រនេះលែងស័ក្ដិសមនឹងគោលបំណងទៀតហើយ»។
ការត្រួតពិនិត្យឡើងវិញនេះបានឱ្យដឹងទៀតថា កងទ័ពអាកាស កងទ័ពជើងគោក និងកងទ័ពជើងទឹករបស់ប្រទេសអូស្ត្រាលី ចាំបាច់ត្រូវផ្តោតលើ «ការផ្តល់សមត្ថភាពដែលពាក់ព័ន្ធ និងឱ្យទាន់ពេលវេលា» ហើយបោះបង់ចោល «ការស្វែងរកដំណោះស្រាយ ឬដំណើរការដ៏ល្អឥតខ្ចោះ» នៅក្នុងលទ្ធកម្មរបស់ខ្លួន។
ប្រភពរូបភាព៖ កងកម្លាំងការពារជាតិអូស្ត្រាលី/THE ASSOCIATED PRESS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។