ហ្វ៊ីលីពីន និងសាធារណរដ្ឋប្រជាមានិតចិនប្រឈមមុខដាក់គ្នានៅឯសមុទ្រ
The Associated Press
នាវាឆ្ឆ្មាំឆ្នេរសមុទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) បានធ្វើការបង្ខាំងនាវាល្បាតរបស់ប្រទេសហ្វ៊ីលីពីន ដែលចូលទៅកាន់តំបន់កោះដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលស្ទើរតែបណ្ដាលឲ្យមានការប៉ះទង្គិចគ្នានៅក្នុងទង្វើឈ្លានពានរបស់ក្រុងប៉េកាំងនាពេលថ្មីៗនេះនៅក្នុងច្រកដែនទឹកជាយុទ្ធសាស្ត្រនេះ។
ការប្រឈមមុខដាក់គ្នាកម្រិតខ្ពស់នៅឯសមុទ្ររវាងនាវាបក្សកុម្មុយនិស្តចិន (CCP) ដែលមានទំហំធំជាង និងនាវា BRP Malapascua របស់កងឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីននៅជិតកោះ Second Thomas Shoal កាលពីចុងខែមេសាឆ្នាំ 2023 គឺស្ថិតនៅក្នុងចំណោមពេលវេលាដ៏តឹងតែង ដែលនាវាហ្វ៊ីលីពីនបានជួបប្រទះក្នុងអំឡុងពេលដំណើរល្បាតរយៈពេលមួយសប្តាហ៍ពេញនៅក្នុងច្រកផ្លូវទឹកដែលមានការប្រកួតប្រជែងក្តៅគគុកបំផុតរបស់ពិភពលោកមួយនេះ។ (រូបភាព៖ នាវាបក្សកុម្មុយនិស្តចិនធ្វើការបង្ខាំងនាវា BRP Malapascua របស់កងឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីននៅពេលដែលនាវានេះចូលទៅជិតកោះ Second Thomas Shoal កាលពីខែមេសាឆ្នាំ 2023។)
កងឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីនបានអញ្ជើញអ្នកសារព័ត៌មានឲ្យចូលរួមនៅក្នុងដំណើរល្បាតដែលមានរយៈចម្ងាយ 1 670 គីឡូម៉ែត្រ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ប្រទេសហ្វ៊ីលីពីន ដែលសំដៅទៅដល់ការបង្ហាញឲ្យឃើញសកម្មភាពឈ្លានពានដែលកាន់តែកើនឡើងរបស់បក្សកុម្មុយនិស្តចិន (CCP) នៅក្នុងសមុទ្រចិនខាងត្បូង ដែលគេក៏ហៅថាជាសមុទ្រហ្វ៊ីលីពីនខាងលិចដែរនោះ ជាកន្លែងដែលការដឹកជញ្ជូនពាណិជ្ជកម្មសកលមានតម្លៃប្រមាណជា 5 ទ្រីលានដុល្លារក្នុងមួយឆ្នាំ។
នាវា Malapascua និងនាវារបស់ប្រទេសហ្វ៊ីលីពីនផ្សេងទៀតឈ្មោះ BRP Malabrigo បានធ្វើដំណើរហួសតំបន់កោះ កូនកោះ និង តំបន់ថ្មប៉ប្រះទឹកក្រោមការអះអាងនិងការគ្រប់គ្រងរបស់ប្រទេសហ្វ៊ីលីពីន ដែលនៅរាយប៉ាយឆ្ងាយដាច់ពីគ្នា ដើម្បីស្វែងរកការទន្ទ្រាន ការនេសាទខុសច្បាប់ និងការគំរាមកំហែងផ្សេងទៀត។
នៅក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ប្រទេសចិន នាវាល្បាតរបស់ហ្វ៊ីលីពីនបានទទួលការព្រមានតាមវិទ្យុជាភាសាចិន និងភាសាអង់គ្លេសយ៉ាងរដាក់រដុប ដែលបញ្ជាឲ្យពួកគេចាកចេញភ្លាមៗពីតំបន់ដែលឆ្មាំឆ្នេរសមុទ្រ និងអ្នកហៅតាមវិទ្យុរបស់កងទ័ពជើងទឹកចិនបានអះអាងថាគឺជា «ដែនដីដែលមិនអាចប្រកែកបាន» របស់ទីក្រុងប៉េកាំង ហើយបានចេញការគំរាមកំហែងយ៉ាងមិនជាក់លាក់នានា។
បន្ទាប់ពីការផ្លាស់ប្ដូរសារតាមវិទ្យុជាច្រើនលើកច្រើនសារ អ្នកហៅតាមវិទ្យុរបស់កងឆ្មាំឆ្នេរសមុទ្ររបស់ចិន បញ្ចេញសំឡេងមិនស្រណុកក្នុងចិត្ត ហើយបានព្រមាននូវសកម្មភាពអវិជ្ជមាន។
អ្នកនាំពាក្យរបស់ចិនបានថ្លែងថា៖ «ដោយហេតុថាអ្នកមិនអើពើទៅនឹងការព្រមានរបស់យើង យើងនឹងចាត់វិធានការចាំបាច់នានាទៅលើអ្នកស្របទៅតាមច្បាប់ ហើយផលវិបាកណាមួយដែលកើតមានគឺជាទំនួលខុសត្រូវរបស់អ្នក»។
នាវារបស់ចិនបានបើកតាមនាវា Malapascua និងនាវា Malabrigo ដែលមានទំហំតូចជាង។ ពេលដែលនាវា Malapascua បានធ្វើដំណើរទៅកាន់ច្រកចូលកោះ Second Thomas Shoal នាវារបស់ប្រទេសចិនបានផ្លាស់ទីដើម្បីបង្ខាំងវា ដោយចូលមកជិតក្នុងរយៈចម្ងាយ 36 ម៉ែត្រនៃក្បាលនាវា នេះបើយោងទៅតាមសម្ដីរបស់មេបញ្ជាការ Rodel Hernandez នៃនាវា Malapascua។
ដើម្បីជៀសវាងការប៉ះទង្គិចគ្នា Hernandez ប្ដូរទិសដៅ ហើយបិទម៉ាស៊ីន។ នាវារបស់ហ្វ៊ីលីពីនបានចាកចេញពីតំបន់នោះ ដើម្បីសុវត្ថិភាពរបស់នាវា នាវិក និងអ្នកដំណើរ។ Hernandez បានលើកឡើងថា «ការធ្វើចលនាភ្លាមៗ និងប្រកបដោយគ្រោះថ្នាក់ជាខ្លាំង» ដោយនាវាឆ្មាំឆ្នេរសមុទ្រចិនបានបំពានលើច្បាប់អន្តរជាតិស្តីពីការជៀសវាងពីការប៉ះទង្គិចគ្នា។
មុននេះបន្តិច នាវាកងទ័ពជើងទឹកចិនដ៏ធំសម្បើមមួយបានតាមដាននាវាល្បាតហ្វ៊ីលីពីនទាំងពីរគ្រឿង ខណៈពេលដែលពួកគេធ្វើដំណើរឆ្លងកាត់សមុទ្រក្បែរ Subi ដែលជាតំបន់ថ្មប៉ប្រះទឹកមួយក្នុងចំណោមតំបន់ថ្មប៉ប្រះទឹកទាំងប្រាំពីរដែលឥតជីវជាតិដែលបក្សកុម្មុយនិស្តចិន (CCP) បានផ្លាស់ប្តូរទៅជាមូលដ្ឋានយោធាការពារដោយមីស៊ីល។ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនបានផ្សាយវិទ្យុទាក់ទងទៅនាវាហ្វ៊ីលីពីន «ឱ្យចាកចេញជាបន្ទាន់ ហើយហាមមិនឱ្យចូល»។
ឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីនបានផ្សាយវិទ្យុត្រឡប់មកវិញដើម្បីអះអាងនូវសិទ្ធិអធិបតេយ្យភាពនៅក្នុងតំបន់នេះ មុនពេលដែលចាកចេញទៅ។
ហ្វ៊ីលីពីននៅដើមឆ្នាំ 2023 បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដើម្បីបង្ហាញនូវការឈ្លានពានបែបនេះ ដោយសង្ឃឹមថាការយល់ដឹងជាសាធារណៈ និងការរិះគន់នឹងបង្ខំទីក្រុងប៉េកាំងឱ្យគោរពតាមច្បាប់អន្តរជាតិ។
ជម្លោះដែនសមុទ្រដែលពាក់ព័ន្ធទៅនឹងប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វ៊ីលីពីន សាធារណរដ្ឋប្រជាមានិតចិន តៃវ៉ាន់ និងវៀតណាម គឺជាចំណុចសំខាន់នៅក្នុងតំបន់ជាយូរមកហើយ។
ប្រភពរូបភាព៖ THE ASSOCIATED PRESS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។