ស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាថ្មីគាំទ្រដល់វិស័យការពារជាតិនាពេលអនាគតរបស់ជប៉ុន

Marc Jacob Prosser
គម្រោងរបស់ប្រទេសជប៉ុនក្នុងការពង្រឹងវិស័យការពារជាតិដោយការចំណាយពីភាគរយនៃតម្លៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន គិតត្រឹមឆ្នាំ 2027 កើតមានឡើងខណៈពេលដែលប្រទេសនេះប្រឈមមុខទៅនឹងផលលំបាកខាងសន្តិសុខយ៉ាងធ្ងន់ធ្ងរដូចជា៖ ប្រជាជនដែលកាន់តែថយចុះ និងមានវ័យចំណាស់។
នៅក្នុងឆ្នាំ 1994 ប្រជាជនជប៉ុនដែលមានអាយុពី 18 ដល់ 21 ឆ្នាំ ដែលជាស្នូលនៃក្រុមជ្រើសរើសរបស់កងកម្លាំងស្វ័យការពារនៃប្រទេសជប៉ុន (JSDF) មានចំនួន 17 លាននាក់។ គិតត្រឹមខែតុលាឆ្នាំ 2021 ចំនួននេះបានធ្លាក់ចុះមកត្រឹម 10,5 លាននាក់។ កងកម្លាំង JSDF ក៏ប្រឈមមុខជាមួយនឹងការប្រកួតប្រជែងពីវិស័យឯកជនចំពោះការជ្រើសរើសអនាគតពលទាហានផងដែរ។
ផ្នែកមួយនៃដំណោះស្រាយដូចបានរៀបរាប់នៅក្នុងកម្មវិធីពង្រឹងវិស័យការពារជាតិដែលត្រូវបានកែប្រែឡើងវិញនាពេលថ្មីៗនេះ របស់ប្រទេសនេះ គឺជាការបង្កើនការផ្ដោតទៅលើបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្មថ្មី។ ប្រទេសជប៉ុនបានប្ដេជ្ញាចិត្តថានឹងប្រើប្រាស់យ៉ាងសកម្មនូវស្វ័យប្រវត្តិកម្ម ដែលជាវិធានការកាត់បន្ថយពលកម្ម និងការបង្កើនប្រសិទ្ធភាពដើម្បីរ៉ាប់រងចំពោះប្រជាជនដែលមានវ័យចំណាស់ និងអត្រាកំណើតដែលបានធ្លាក់ចុះ។
លោក Nozomu Yoshitomi សាស្ត្រាចារ្យនៅមហាវិទ្យាល័យគ្រប់គ្រងហានិភ័យនៃសាកលវិទ្យាល័យ Nihon និងជានាយឧត្តមសេនីយ៍ដែលចូលនិវត្តន៍ជាមួយកងកម្លាំងស្វ័យការពារជាតិដែនគោករបស់ជប៉ុនបានប្រាប់ទៅទស្សនាវដ្តី FORUM ថា៖ «បច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្មថ្មីអាចធ្វើឱ្យមានភាពខុសប្លែកគ្នាជាវិជ្ជមានសម្រាប់មុខងារទាំងអស់នៃកម្លាំងការពាររបស់ប្រទេសជប៉ុន រួមទាំងការស៊ើបការណ៍សម្ងាត់ ប្រតិបត្តិការ ផ្នែកដឹកជញ្ជូន បញ្ជាការ និងការគ្រប់គ្រង»។
យោងតាមលោក James Angelus ប្រធានក្រុមប្រឹក្សាឧស្សាហកម្មសន្តិសុខអន្តរជាតិនៃប្រទេសជប៉ុនបានឱ្យដឹងថា ការផ្លាស់ប្តូរផ្នែកឌីជីថលនឹងក្លាយជាគន្លឹះដ៏សំខាន់។
លោកបានប្រាប់ទស្សនាវដ្តី FORUM ថា៖ «អនាគតនៃវិស័យការពារជាតិ ពឹងផ្អែកលើការច្នៃប្រឌិត និងបច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់មនុស្សនិងគំនិត យុទ្ធសាស្ត្រនិងប្រតិបត្តិការ ធ្វើឱ្យការសម្រេចចិត្ត និងការដាក់ពង្រាយកម្លាំងមានភាពរហ័ស» ហើយលោកបានបន្ថែមទៀតថា ពាក្យដែលមានភាពល្បីល្បាញដោយសារតែនាយឧត្តមសេនីយ Charles Brown Jr. នៃកងទ័ពអាកាសសហរដ្ឋអាមេរិកមានលក្ខណៈសក្តិសមនឹងប្រទេសជប៉ុង៖ «បង្កើនល្បឿន ផ្លាស់ប្ដូរ បើមិនចង់ចាញ់»។
ប្រទេសជប៉ុនបានរួមបញ្ចូលស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាថ្មីដើម្បីត្រួសត្រាយការធ្វើដំណើរឆ្លងកាត់តំបន់ដែលប្រកបដោយគ្រោះថ្នាក់នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិករួចទៅហើយ។
លោក Yoshitomi បានចង្អុលទៅកាន់នាវាចម្បាំងហ្វ្រេហ្គាតកម្រិតថ្នាក់ Mogami ដូចមាននៅក្នុងរូបភាពជាឧទាហរណ៍។ នាវាពហុបេសកកម្មរបស់កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុនមានសមត្ថភាពបំបាំងខ្លួនពីរ៉ាដា ហើយអាចធ្វើប្រតិបត្តិការយានជំនិះនៅក្នុងទឹកនិងលើដីគោកដោយមិនមានកងនាវិកបញ្ជា។ ប្រព័ន្ធស្វ័យប្រវត្តិកម្មទំនើបជឿនលឿនកាត់បន្ថយតម្រូវការសមាជិកនាវិកនៅក្នុងកាប៊ីនបញ្ជា បន្ទប់បញ្ជាម៉ាស៊ីន និងមជ្ឈមណ្ឌលព័ត៌មានប្រយុទ្ធ ដែលរួមបញ្ចូលបច្ចេកវិទ្យារូបភាពនិម្មិត។
ធនធានបែបគឺជាកត្តាពង្រឹងដល់សមត្ថភាពរបស់ប្រទេសជប៉ុនក្នុងការទប់ស្កាត់ទៅនឹងការឈ្លានពាននៅក្នុងតំបន់ ដែលគេកំពុងតែឃើញថាមានការកើនឡើងនូវអាកប្បកិរិយាអះអាងយកទឹកដី និងឈ្លានពាន ដែលធ្វើឡើងដោយប្រជាជាតិដូចជាសាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េខាងជើងជាដើម។
ប្រាជ្ញាសិប្បនិម្មិត (AI) យន្តហោះដ្រូន និងបច្ចេកវិទ្យាផ្សេងៗទៀតកំពុងតែត្រូវបានយកមកប្រើដើម្បីគាំទ្រដល់ការដំណើរការនៃព័ត៌មាន និងការធ្វើការសម្រេចចិត្ត។ ទីតាំងរ៉ាដា នាវា នាវាជ្រមុជទឹក និងប្រព័ន្ធការពារសំខាន់ៗផ្សេងទៀតនាពេលអនាគតនិងតម្រូវឲ្យមានសមាជិកនាវិកកាន់តែតិច។
ស្រដៀងគ្នានេះផងដែរ ល្បឿននៃសង្គ្រាមសម័យទំនើបតម្រូវឲ្យមានប្រព័ន្ធដែលមានការកើនឡើងស្វ័យភាពនិងស្វ័យប្រវត្តិកម្ម។ ការធ្វើតេស្តវាយប្រហារដោយគ្រាប់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងបង្ខំឲ្យប្រទេសជប៉ុនធ្វើការវិភាគ និងធ្វើការឆ្លើយតបទៅនឹងការបាញ់បង្ហោះដែលមានការព្រមានពីតិចតួចទៅមិនមានសោះដូច្នេះ។ នេះតម្រូវឲ្យមានសមាហរណកម្ម និងការផ្លាស់ប្ដូរព័ត៌មានយ៉ាងឆាប់រហ័សរវាងឧបករណ៍ស៊ើបការណ៍ និងប្រព័ន្ធការពារគ្រាប់មីស៊ីល។
ការប្រើប្រាស់បច្ចេកវិទ្យាដូចជា AI អាចនឹងផ្ដល់សមត្ថភាពឱ្យមានស្វ័យភាព និងស្វ័យប្រវត្តិកម្មកាន់តែខ្លាំង និងការសម្រេចចិត្តបានកាន់តែឆាបប់រហ័ស។ ការធានាឲ្យបានថាប្រព័ន្ធថ្មីមានទិន្នន័យចាំបាច់នានាដើម្បីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងបរិយាកាសដែលទទួលរងការប្រកួតប្រជែងយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងអថេរដែលកំពុងតែផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នឹងក្លាយជាចំណុចផ្ដោតស្នូលសម្រាប់ទីក្រុងតូក្យូ។
Angelus និង Yoshitomi បានធ្វើការសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនស្វ័យប្រវត្តិកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៅក្នុងកងកម្លាំង JSDF ក៏នឹងតម្រូវឲ្យមានក្រុមអ្នកជំនាញដែលមានការបណ្ដុះបណ្ដាល និងការដំឡើងកម្រិតជាច្រើននៅទូទាំងហេដ្ឋារចនាសម្ព័ន្ធការពារជាតិ។
លោក Marc Jacob Prosser គឺជាការីនិពន្ធរបស់ទស្សនាវដ្ដី FORUM រាយការណ៍ពីទីក្រុងតូក្យូ។
ប្រភពរូបភាព៖ សារព័ត៌មាន REUTERS