តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIP

សម្ព័ន្ធមិត្ត និងដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិករក្សាការពារសិទ្ធិការធ្វើនាវាចរណ៍ រក្សាសន្តិសុខ បណ្ដាញទំនាក់ទំនងសមុទ្រសាកល

បុគ្គលិករបស់ទស្សនាវដ្តី FORUM

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនបន្តចូលរួមក្នុងសកម្មភាពការពារសន្តិសុខដែនសមុទ្រដើម្បីការពារដែនសមុទ្រអន្តរជាតិ និងបណ្ដាញទំនាក់ទំនងសមុទ្រសំខាន់ៗ (SLOC)។

ឧទាហរណ៍ ប្រទេសថៃ និងសហរដ្ឋអាមេរិកបានធ្វើកិច្ចសហប្រតិបត្តិការលើការត្រៀមខ្លួន និងការហ្វឹកហ្វឺនលើនាវា (CARAT)/សមយុទ្ធដែនសមុទ្រ (MAREX) ប្រទេសថៃលើកទី 29 នៅក្នុងខែឧសភា ឆ្នាំ 2023 ដែលរួមបញ្ចូលសមយុទ្ធរយៈពេលប្រាំថ្ងៃនៅក្នុងសង្គ្រាមប្រឆាំងនាវាមុជទឹក ទស្សនា ឡើងចូលនាវា ស្វែងរក និងរឹបអូស (VBSS) និងការយល់ដឹងអំពីដែនសមុទ្រទូទៅ។

លោកវរនាវីទោ Richard Skinnell មេបញ្ជាការនៃនាវាប្រយុទ្ធ USS Mobile របស់កងទ័ពជើងទឹកអាមេរិកដែលចូលរួមក្នុងផ្នែកដែនសមុទ្រនៃសមយុទ្ធក្នុងឈូកសមុទ្រថៃជាមួយនាវាចម្បាំងរបស់កងទ័ពជើងទឹកថៃ HTMS Naresuan, HTMS Bangpakong និង HTMS Kraburi បានថ្លែងថា «ក្នុងនាមជាប្រទេសដែនសមុទ្រពីរដែលយល់ពីតួនាទីដ៏សំខាន់ក្នុងការការពារដែនសមុទ្រ និងអធិបតេយ្យភាពរបស់យើង មេរៀនដែលយើងអាចរៀននៅទីនេះនឹងគ្រាន់តែពង្រឹងសមត្ថភាពរបស់យើងក្នុងការកសាងស្ថិរភាពអន្តរជាតិ និងរួមចំណែកដល់វិបុលភាពសកលលោក»។

CARAT/MAREX គឺជាស៊េរីសមយុទ្ធដើម្បីពង្រឹងការយល់ដឹងអំពីដែនសមុទ្រ ភាពជាដៃគូ អន្តរប្រតិបត្តិការ និងសន្តិសុខ។ (រូបភាព៖ កងទ័ពម៉ារីនប្រទេសស្រីលង្កា និងកងម៉ារីនអាមេរិករៀបចំសម្រាប់ការហ្វឹកហាត់ VBSS ក្នុងអំឡុងពេលសមយុទ្ធ CARAT/MAREX ប្រទេសស្រីលង្កាឆ្នាំ 2023)។

សម្ព័ន្ធមិត្ត និងប្រទេសជាដៃគូផ្សេងទៀត រួមទាំងអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេសក៏ទទួលស្គាល់សារៈសំខាន់នៃការគ្រប់គ្រងដែនសមុទ្ររបស់កងទ័ពជើងទឹកផងដែរ។

ការការពារបណ្ដាញទំនាក់ទំនងសមុទ្រសំខាន់ៗធានាថាផ្លូវទឹកសំខាន់ៗនៅតែបើកចំហសម្រាប់ប្រជាជាតិទាំងអស់ និងការពារពីអរិភាព និងពាណិជ្ជកម្មមិនអព្យាក្រឹត។ ការគ្រប់គ្រងសមុទ្រប្រកបដោយប្រសិទ្ធភាពរក្សាសិទ្ធិធ្វើនាវាចរណ៍ ការពារការជ្រៀតជ្រែកដោយខុសច្បាប់ និងអាចបដិសេធការប្រើប្រាស់ច្រកសមុទ្ររបស់បច្ចាមិត្ត និងផ្លូវឆ្លងកាត់ដែលចង្អៀតផ្សេងទៀតរវាងមហាសមុទ្រ និងផ្លូវសមុទ្រសំខាន់ៗសម្រាប់គោលបំណងពាណិជ្ជកម្ម និងគោលបំណងផ្សេងទៀត។

កងកម្លាំងរបស់ប្រទេសសម្ព័ន្ធមិត្ត និងប្រទេសដៃគូប្រតិបត្តិការរួមគ្នា ដើម្បីប្រឆាំងនឹងការប៉ុនប៉ងបំផ្លាញអភិបាលកិច្ចដែនសមុទ្រអន្តរជាតិ បដិសេធការប្រើប្រាស់បណ្ដាញដឹកជញ្ជូន និងរារាំងសេរីភាពនៃនាវាចរណ៍ដែនសមុទ្រ។ ការអនុវត្តដូចជាការជ្រៀតជ្រែកដោយខុសច្បាប់ទៅលើសិទ្ធិរបស់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់រដ្ឋ ការទាមទារដែនសមុទ្រដោយហួសហេតុ និងអន្តរកម្មប្រកបដោយគ្រោះថ្នាក់ជាមួយនាវា និងយន្តហោះដែលប្រតិបត្តិការដោយស្របច្បាប់ក្នុងដែនទឹកអន្តរជាតិ ឬដែនអាកាស សុទ្ធតែបំពានច្បាប់អន្តរជាតិ។

បក្សកុម្មុយនិស្តចិនបន្តធ្វើសកម្មភាពយោធាបង្កហេតុ រួមទាំងនៅសមុទ្រហ្វ៊ីលីពីនខាងលិច ច្រកសមុទ្រតៃវ៉ាន់ និងក្បែរដែនសមុទ្ររបស់ប្រទេសជប៉ុន ដើម្បីគំរាមកំហែងការដឹកជញ្ជូនពាណិជ្ជកម្ម និងសកម្មភាពដែនសមុទ្រផ្សេងទៀតនៃប្រទេសជិតខាងរបស់ខ្លួន។

សាធារណរដ្ឋប្រជាមានិតចិន (PRC) ក៏បន្តបង្ខិតបង្ខំ និងបំភិតបំភ័យប្រជាជាតិនានា ដោយធ្វើការទាមទារដែនសមុទ្រហួសហេតុ និងការកសាងដែនកោះសិប្បនិម្មិត និងមូលដ្ឋានយោធានៅក្នុងដែនសមុទ្រមានជម្លោះនៅសមុទ្រចិនខាងត្បូង។ ឧទាហរណ៍ ទីក្រុងប៉េកាំងបានជ្រៀតជ្រែកម្តងហើយម្តងទៀតក្នុងបេសកកម្មផ្គត់ផ្គង់របស់ប្រទេសហ្វីលីពីនទៅកាន់កោះ Scarborough Shoal ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល។ នៅក្នុងខែកុម្ភៈ ឆ្នាំ 2023 នាវាកងឆ្មាំឆ្នេរសមុទ្រចិនបានបាញ់ឡាស៊ែរកម្រិតយោធាតម្រង់នៅនាវាកងឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីននៅជិតដែនកោះមួយទៀត ដោយធ្វើឱ្យសមាជិកនាវិកបាត់បង់គំហើញជាបណ្តោះអាសន្ន។

សហរដ្ឋអាមេរិកបានអះអាងថា ការវាយប្រហារដោយប្រដាប់អាវុធលើកងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន យន្តហោះ ឬនាវាសាធារណៈនៅសមុទ្រចិនខាងត្បូងនឹងទាមទារកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងហ្វ៊ីលីពីន។

បន្ថែមពីលើការអនុវត្តកិច្ចព្រមព្រៀងការពារជាតិដែលប្រសើរឡើង ប្រទេសដែលមានគំនិតដូចគ្នាក៏ធ្វើការរួមគ្នាដើម្បីអនុវត្តសេរីភាពនៃការធ្វើនាវាចរណ៍តាមទម្លាប់តាមរយៈផ្លូវសមុទ្រសំខាន់ៗ ក៏ដូចជាសមយុទ្ធកងទ័ពជើងទឹកពហុជាតិដូចជាសមយុទ្ធ Balikatan, Iron Fist, Garuda Shield, Rim of the Pacific (RIMPAC) និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ និងការហ្វឹកហ្វឺន។

ក្រុមឧទ្ធម្ភាគចក្រវាយប្រហារ AH-1Z Viper របស់កងកម្លាំងការពារជាតិអូស្ត្រាលី ធ្វើប្រតិបត្តិការហោះហើរជាមួយនាវា HMAS Canberra របស់កងទ័ពជើងទឹកអូស្ត្រាលី ក្នុងអំឡុងសមយុទ្ធពហុភាគី RIMPAC ឆ្នាំ 2022។
ប្រភពរូបភាព៖ THE ASSOCIATED PRESS

ដោយសារសារៈសំខាន់ទីតាំងទំនាក់ទំនង និងបណ្ដាញទំនាក់ទំនងសមុទ្រសំខាន់ៗសម្រាប់សេដ្ឋកិច្ចពិភពលោក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនិងប្រទេសជាដៃគូធ្វើសមយុទ្ធដូចជាសមយុទ្ធ CARAT/MAREX ប្រទេសថៃឆ្នាំ 2023 ដើម្បីធានាថាច្រកសមុទ្រសំខាន់ៗនៅតែបើកចំហសម្រាប់ពាណិជ្ជកម្ម និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការពារពីអរិភាពនិងការដឹកជញ្ជូនដើម្បីគាំទ្រសង្គ្រាមដោយបច្ចាមិត្ដ។

ឧត្ដមនាវីទោ Derek Trinque មេបញ្ជាការកងកម្លាំង 76/3 និងកងកម្លាំង CARAT បានថ្លែង​ក្នុង​ពិធី​បើក​សម្ភាធថា៖ «សមយុទ្ធនេះនៅតែជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអាមេរិក-ថៃ ដែលបានវិវត្តក្នុងភាពស្មុគស្មាញ។ និងអនុញ្ញាតឱ្យកងទ័ពជើងទឹករបស់យើងកែលម្អប្រតិបត្តិការ និងយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន»។ «ប្រទេសថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់បំផុតរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ ហើយសមយុទ្ធ CARAT គឺជាការបង្ហាញពីការប្តេជ្ញាចិត្តមិនងាករេរបស់សហរដ្ឋអាមេរិកចំពោះប្រទេសថៃ និងសម្ព័ន្ធមិត្តនិងប្រទេសជាដៃគូដែលមានគំនិតដូចគ្នា ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលការពារសន្តិភាព ភាពរីចម្រើន និងស្ថិរភាពក្នុងតំបន់»។

ប្រភពរូបភាព៖ពលបាលត្រី KEVIN G. RIVAS/កងទ័ពម៉ារីនអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button