ការរីកសាយអាវុធអាស៊ីឥសាន / NEA

សម្ព័ន្ធភាពសាធារណរដ្ឋកូរ៉េ-សហរដ្ឋអាមេរិក ប្រារព្ធខួបលើកទី 70 ជាមួយនឹងការពង្រឹងការប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមក

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) បានលើកឡើងអំពីខួប 70 ឆ្នាំនៃសម្ព័នភាពរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)-សហរដ្ឋអាមេរិក ជាមួយនឹងការប្តេជ្ញាចិត្តចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការរារាំងការរីកសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

«ប្រធានាធិបតីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំដូចដែកថែបរបស់ខ្លួនចំពោះអ្វីដែលបានក្លាយទៅជាសម្ព័ន្ធភាពសកល ដែលបានផ្តោតលើការពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ និងសន្តិសុខ ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបរិស្ថាន ការបង្កើនកិច្ចសហប្រតិបត្តិការឌីជីថល និងបច្ចេកវិទ្យា — រួមទាំងក្នុងវិស័យអវកាស — និងពង្រីកជំនួយអភិវឌ្ឍន៍ ការផ្ដោះប្តូរបទពិសោធន៍ផ្នែកអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានស្តីពីដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍របស់លោក Yoon ទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីចុងខែមេសា ឆ្នាំ 2023 កន្លងទៅនេះ។

លោក Yoon បាន​ហៅ​សម្ព័ន្ធភាព​នេះ​ថា​ជា «​គន្លឹះ​នៃ​សន្តិភាព និង​ស្ថិរភាព​» នៅ​ឧបទ្វីប​កូរ៉េ និង​ជុំវិញ​ពិភពលោក។ (រូបភាព៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ខាងឆ្វេង និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថ្លែងក្នុងពិធីជប់លៀងអាហារពេលល្ងាចថ្នាក់រដ្ឋក្នុងកិត្តិយសរបស់លោក Yoon នៅសេតវិមានកាលពីក្នុងខែមេសា ឆ្នាំ 2023)។

លោក Yoon បានមានប្រសាសន៍ថា៖ «សម្ព័ន្ធភាពរបស់យើងគឺជាសម្ព័ន្ធភាពនៃតម្លៃដោយផ្អែកលើតម្លៃសកលរួមនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់យើង»។ «វា​មិន​មែន​ជា​ទំនាក់​ទំនង​តាម​កិច្ច​សន្យា​នៃកាលានុវត្តភាព​ដើម្បីគ្រាន់​តែ​ស្វែង​រក​ផលប្រយោជន៍​ប៉ុណ្ណោះទេ។ ដោយនាំមុខដោយតម្លៃរួមរបស់យើង សម្ព័ន្ធភាពរបស់យើងគឺជាភាពជាដៃគូអមតៈជានិច្ច។ សម្ព័ន្ធភាពរបស់សាធារណៈរដ្ឋកូរ៉េ-សហរដ្ឋអាមេរិក ក៏មានភាពធន់ផងដែរ។ យើងរួមគ្នាដោះស្រាយបញ្ហារាល់រវាងពួកយើងតាមរយៈការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ»។

លោកប្រធានាធិបតី បៃឌិន បានមានប្រសាសន៍ថា ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកបញ្ហាប្រឈមណាមួយដោយលើកឡើងថាពួកគេកំពុង «បង្កើនទ្វេដង» លើកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងការគំរាមកំហែងដូចជាការគំរាមកំហែងពីរ៉េខាងជើងជាដើម។

សេតវិមានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រើឈ្មោះផ្លូវការសម្រាប់កូរ៉េខាងជើងថា៖ «លោកប្រធានាធិបតី បៃឌិន បានបញ្ជាក់សារជាថ្មីថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសាធារណៈរដ្ឋកូរ៉េ និងប្រជាជនកូរ៉េគឺមានភាពឋិតថេរ និងរឹងមាំដូចដែកថែប ហើយថារាល់ការវាយប្រហារដោយនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង [សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ] មកលើសាធារណរដ្ឋ​កូរ៉េ នឹងត្រូវបានជួបប្រទះនូវការឆ្លើយតបយ៉ាងឆាប់រហ័ស លើសលប់ និងមិនរុញរា»។

ប្រធានាធិបតីបានគូសបញ្ជាក់អំពីផ្នែកនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខពិភពលោក ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត និងបង្ហាញការសន្យាថ្មី ក្នុងចំណោមពួកគេ៖

  • សម្ព័ន្ធមិត្តបានដាក់ចេញនូវក្រុមពិគ្រោះយោបល់ផ្នែកនុយក្លេអ៊ែរ ដើម្បីពិភាក្សាអំពីការរៀបចំផែនការសម្រាប់យថាហេតុនុយក្លេអ៊ែរ និងដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់នុយក្លេអ៊ែរ។
  • ពួកគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្ធិសញ្ញាអំពីការមិនរីកសាយភាយអាវុធជាមូលដ្ឋានគ្រឹះសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។
  • សហរដ្ឋអាមេរិកបានប្តេជ្ញាជំរុញការដាក់ពង្រាយធនធានយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុង និងជុំវិញឧបទ្វីបកូរ៉េ ជាពិសេសវេទិកាដែលមានសមត្ថភាពនុយក្លេអ៊ែរ។ សម្ព័ន្ធភាពនេះក៏នឹងពង្រីកវិសាលភាព និងទំហំនៃសមយុទ្ធរួម និងរក្សាការចូលរួម និងការសន្ទនាផ្នែកការពារជាតិកម្រិតខ្ពស់ជាប្រចាំ ដើម្បីទប់ទល់នឹងការគំរាមកំហែងក្នុងតំបន់។
  • កងកម្លាំងសាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិកកំពុងបង្កើនទំនាក់ទំនងរវាងគ្នានឹងគ្នា ដើម្បីជំរុញការធ្វើផែនការ និងការប្រតិបត្តិរួមគ្នា។
  • ដើម្បីធានាបាននូវការត្រៀមខ្លួនរួចរាល់ និងពង្រឹងប៉ុស្តិ៍ឈរ​ជើង​របស់កងកម្លាំងរួមគ្នា កងកម្លាំងរបស់សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិកកំពុងតែពង្រីកសមយុទ្ធហ្វឹកហ្វឺនលើទីលាន រួមទាំងសមយុទ្ធ Ulchi Freedom Shield និងសមយុទ្ធ Warrior Shield ដើម្បីធានាបាននូវប្រព័ន្ធសមយុទ្ធរួមបញ្ចូលគ្នាកម្រិតតំបន់។ ប្រទេសទាំងពីរក៏មានគម្រោងធ្វើសមយុទ្ធត្រីភាគីជាមួយនឹងប្រទេសជប៉ុនផងដែរ។
  • សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិកនឹងប្រើប្រាស់ក្រុមការងារកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីបង្កើនការយល់ដឹងអំពីដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយនឹងដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បន្ថែមពីលើការការពារជាតិ និងសន្តិសុខពិភពលោក សម្ព័ន្ធមិត្តបានគូសបញ្ជាក់ពីសកម្មភាពនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបរិស្ថាន បច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការឌីជីថល និងអវកាស និងការអភិវឌ្ឍ ការអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានឱ្យដឹងថា៖ «ដោយមើលឃើញពីការវិវឌ្ឍដ៏សំខាន់ទាំងនេះ លោកប្រធានាធិបតី បៃឌិន និងលោកប្រធានាធិបតី Yoon បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់សហគមន៍អន្តរជាតិថា សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េនឹងឈរជាមួយគ្នាក្នុងការប្រឈមមុខនឹងការគំរាមកំហែងណាមួយចំពោះសន្តិសុខរួមគ្នារបស់ប្រទេសទាំងពីរ» «ហើយបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធរបស់ពួកគេលើជំហានបន្ថែមទៀតដើម្បីពង្រឹងការទប់ស្កាត់បន្ថែមទៀត»។

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button