សមយុទ្ធដែនសមុទ្រអាស៊ាន-ឥណ្ឌាសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ អន្តរប្រតិបត្តិ
បុគ្គលិករបស់ទស្សនាវដ្តី FORUM
មេដឹកនាំកងទ័ពជើងទឹកឥណ្ឌា និងសិង្ហបុរី នាយឧត្ដមនាវី លោក R. Hari Kumar ដូចបានបង្ហាញក្នុងរូប និងឧត្ដមសេនីយ៍ទោ លោក Sean Wat បានចាប់ផ្តើមសមយុទ្ធលើកដំបូងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ឥណ្ឌា (AIME-23) នៅមូលដ្ឋានទ័ពជើងទឹក Changi ប្រទេសសិង្ហបុរី កាលពីដើមខែឧសភា ឆ្នាំ 2023។
កងទ័ពជើងទឹកឥណ្ឌាបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សមយុទ្ធរយៈពេលមួយសប្តាហ៍បានផ្តល់ឱកាសមួយដល់កងទ័ពជើងទឹកឥណ្ឌា និងកងនាវាចរអាស៊ានដើម្បីធ្វើការរួមគ្នា និងបង្កើនអន្តរប្រតិបត្តិការ។
កងទ័ពជើងទឹកឥណ្ឌាបានថ្លែងថា៖ «ដំណើរទស្សនកិច្ចរបស់ CNS [នាយសេនាធិការកងទ័ពជើងទឹក] បង្ហាញពីកម្រិតខ្ពស់ [មួយ] នៃការចូលរួមការពារជាតិទ្វេភាគីជាមួយនឹងសិង្ហបុរី ក៏ដូចជាការទទួលស្គាល់របស់ឥណ្ឌាអំពី ‘តួនាទីស្នូលរបស់អាស៊ាន’ ចំពោះតំបន់។ ការចូលរួមរបស់កងទ័ពជើងទឹកឥណ្ឌា នៅក្នុងសមយុទ្ធដែនសមុទ្រអាស៊ាន-ឥណ្ឌាដែលចាប់ផ្ដើម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបរិបទនេះ»។
ការជំរុញរបស់ទីក្រុងញូវដែលីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍កើតឡើងចំពេល ដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសាធារណរដ្ឋប្រជាមានិតចិនមិនត្រឹមតែនៅក្នុងមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងកើត និងខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង ដែលកំណត់ព្រំដែនឥណ្ឌា-ចិនដែលមានជម្លោះនៅក្នុងតំបន់ Ladakh ភាគខាងកើតផងដែរ។
ភ្នាក់ងារព័ត៌មានអាស៊ី (ANI) របស់ឥណ្ឌាបានរាយការណ៍ថា នាវាចំនួនប្រាំបួន យន្តហោះចំនួនប្រាំមួយ និងបុគ្គលិកចំនួនជាង 1 800 នាក់មកពីប្រទេសឥណ្ឌា និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ រួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានចូលរួមក្នុងសមយុទ្ធនេះ។
AIME-23 រួមបញ្ចូលដំណាក់កាលកំពង់ផែចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 ខែឧសភានៅឯមូលដ្ឋានទ័ពជើងទឹក Changi និងដំណាក់កាលសមុទ្រចាប់ពីថ្ងៃទី 7 ដល់ថ្ងៃទី 8 ខែឧសភានៅក្នុងសមុទ្រចិនខាងត្បូង។
ទស្សនាវដ្ដី The Week បានរាយការណ៍ថា ក្នុងអំឡុងពេលចុងក្រោយនេះ នាវាបានតាមដាននាវាក្លែងចំណាប់អារម្មណ៍ ដោយប្រើការជូនដំណឹងពីប្រព័ន្ធត្រួតពិនិត្យរបស់កងទ័ពជើងទឹករបស់អាស៊ាន និងសាធារណរដ្ឋសិង្ហបុរី។ នាវាទាំងនោះក៏បានអនុវត្តសកម្មភាពទាក់ទងនឹងក្រមសម្រាប់ការប៉ះទង្គិចនៅសមុទ្រដោយមិនបានគ្រោងទុកផងដែរ។
នាវាផលិតក្នុងស្រុកចំនួនពីរគ្រឿងពីកងនាវាចរភាគខាងកើតរបស់កងទ័ពជើងទឹកឥណ្ឌា ដូចបានបង្ហាញក្នុងរូបភាព នាវាពិឃាតបំពាក់ដោយមីស៊ីលបញ្ជា INS Delhi និង INS Satpura ដែលជានាវាចម្បាំងហ្រ្វេហ្គាតបំបាំងកាយបំពាក់ដោយមីស៊ីលបានចូលរួមក្នុងសមយុទ្ធ AIME-23 ក៏ដូចជានៅក្នុងសន្និសីទសន្តិសុខដែនសមុទ្រអន្តរជាតិ និងពិព័រណ៍ការពារដែនសមុទ្រអន្តរជាតិ នៅប្រទេសសិង្ហបុរី នេះបើតាមការលើកឡើងរបស់កងទ័ពជើងទឹកឥណ្ឌា។
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅក្នុងសុន្ទរកថារបស់លោកកាលពីខែវិច្ឆិកា ឆ្នាំ 2022 នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិឥណ្ឌា-អាស៊ាន នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ លោកក៏បានថ្លែងផងដែរថា លោកចាត់ទុកតួនាទីស្នូលរបស់អាស៊ានជាស្នូលនៃ «គោលនយោបាយធ្វើសកម្មភាពនៅខាងកើត» របស់ឥណ្ឌា នេះបើតាមសេចក្ដីរាយការណ៍របស់ទស្សនាវដ្ដី The Week។
កងទ័ពជើងទឹកឥណ្ឌាបានលើកឡើងថា៖ «សមយុទ្ធ AIME ពង្រឹងជំនឿនេះ និងការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះ ‘សកម្មភាពឆ្ពោះទៅទិសខាងកើត’ នៅក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធានា ‘សន្តិសុខ និងភាពរីចម្រើនសម្រាប់ប្រទេសទាំងអស់នៅក្នុងតំបន់’»។
ប្រភពរូបភាព៖ កងទ័ពជើងទឹកឥណ្ឌា
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។