រថយន្តយោធា Bushmasters របស់អូស្ត្រាលីពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្ម ក្នុងការថែរក្សាសន្តិភាពរបស់កងទ័ពឥណ្ឌូណេស៊ី

Gusty Da Costa
មន្ត្រីបានមានប្រសាសន៍ថា រថយន្តយោធាដែលមានបំពាក់ក្បាំងការពារ Bushmaster ចំនួន 15 គ្រឿងបន្ថែមទៀតពីប្រទេសអូស្ត្រាលីនឹងគាំទ្រទៅដល់ការធ្វើទំនើបកម្មកងកម្លាំងការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ខណៈពេលដែលពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងនេះ និងជាការបង្ហាញឲ្យឃើញនូវចំណងមិត្តភាពក្នុងវិស័យការពារជាតិដ៏រឹងមាំរវាងដៃគូជាយុទ្ធសាស្ត្រដ៏ទូលំទូលាយទាំងនេះ។
រថយន្តយោធា Bushmasters ដែលផ្ដល់ជូននៅក្រោមជំនួយដែលមានតម្លៃទឹកប្រាក់ 19,4 លានដុល្លារពីទីក្រុងកង់បេរ៉ា នឹងរួមបញ្ចូលប្រភេទរថយន្តដឹកកងទ័ពចំនួន 13 រថយន្តបញ្ជាការមួយ និងរថយន្តដឹកអ្នកជំងឺមួយ ព្រមជាមួយនឹងគ្រឿងបន្លាស់។ ប្រទេសអូស្ត្រាលីក៏នឹងផ្ដល់ជូនការហ្វឹកហ្វឺនទៅដល់អ្នកបើកបរ និងការជួសជុលសម្រាប់មន្ត្រីកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី (TNI) ផងដែរ។
«បើគិតពីទិដ្ឋភាពផ្នែកបច្ចេកទេស រថយន្តដែលនឹងត្រូវផ្ដល់ជូនស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ រួចរាល់សម្រាប់ការប្រើប្រាស់ និងអាចបង្កើនប្រសិទ្ធភាពនិងផលចំណេញដល់ការហ្វឹកហ្វឺននិងប្រតិបត្តិការ។ រថយន្តជាយុទ្ធសាស្ត្រទាំងនេះនឹងគាំទ្រទៅដល់កិច្ចការយោធារបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក» នេះបើតាមប្រសាសន៍របស់លោក Muhammad Herindra ដែលជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
យោងតាមក្រសួងការពារជាតិរបស់ប្រទេសអូស្ត្រាលីបានឲ្យដឹងថា រថយន្តនេះត្រូវបានដំឡើងកម្រិត និងបំពាក់ទៅដោយលក្ខណៈពិសេសនានាដើម្បីគាំទ្រទៅដល់បេសកកម្មថែរក្សាសន្តិភាព ហើយ «ក៏នឹងជួយបង្កើនអន្តរប្រតិបត្តិរវាងកងកម្លាំងរបស់យើងផងដែរ»។
ឧត្តមសេនីយទោដែលបានចូលនិវត្តន៍ហើយ Jan Pieter Ate បានប្រាប់ទស្សនាវដ្តី FORUM ថារថយន្តយោធា Bushmaster ដូចមាននៅក្នុងរូបភាពនេះ មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ កាលពីឆ្នាំ 2013 ទីក្រុងហ្សាការតាបានទិញរថយន្តយោធា Bushmasters ចំនួនបីពីប្រទេសអូស្ត្រាលីជាលើកដំបូង សម្រាប់កងកម្លាំងពិសេសរបស់ជាតិ ដែលគេហៅថា Kopassus។
លោក Dave Laksono ដែលជាសមាជិកសភានៅក្នុងគណៈកម្មាធិការទី I នៃសភាតំណាងរាស្ត្រនៃប្រទេសឥណ្ឌូណេស៊ី ដែលមើលការខុសត្រូវនៅក្នុងវិស័យការពារជាតិនិងការបរទេស បានប្រាប់ទស្សនាវដ្ដី FORUM ថារថយន្តយោធា Sanca ដែលផលិតក្នុងប្រទេសឥណ្ឌូណេស៊ី ជាប្រភេទរថយន្តប្រឆាំងនឹងគ្រាប់មីន ដែលផលិតដោយក្រុមហ៊ុន PT Pindad ជាការបំផុសគំនិតមកពីរថយន្តយោធា Bushmaster។
រថយន្តយោធា Bushmaster ត្រូវបានរចនាឡើងដើម្បីការពារសមាជិកក្រុមទាំង 10 នាក់របស់រថយន្ត ទល់នឹងគ្រាប់មីន និងគ្រឿងផ្ទុះដទៃទៀត ក៏ដូចជាការបាញ់ពីកាំភ្លើងខ្នាតតូចផងដែរ។ វាក៏បំពាក់ទៅដោយឧបករណ៍ដើម្បីកាត់បន្ថយឬបំបាត់ឥទ្ធិពលនៃការធ្វើឱ្យគាំងប្រព័ន្ធអេឡិចត្រូនិកនៅលើឧបករណ៍សិនសឺរ និងអាវុធនានា។
លោក Laksono បានមានប្រសាសន៍ថា ការបន្ថែមរថយន្តយោធា Bushmasters ត្រូវគ្នាទៅតាមទម្រង់នៃការធ្វើទំនើបកម្មរបស់កងកម្លាំង TNI ដែលរួមបញ្ចូលទាំងការទិញរថក្រោះប្រភេទ Leopard 2 ចំនួន 114 គ្រឿង ពីប្រទេសអាល្លឺម៉ង់ និងឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ពីសហរដ្ឋអាមេរិក។
លោកបានមានប្រសាសន៍ថា «ការទទួលបានជំនួយនេះនឹងរក្សាឲ្យបាននូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសឥណ្ឌូណេស៊ីនិងប្រទេសអូស្ត្រាលី ជាពិសេសនៅក្នុងវិស័យការពារជាតិ និងនៅក្នុងប្រតិបត្តិការការពារសន្តិភាព»។ «ជំនួយនេះនឹងកាត់បន្ថយការបែងចែកថវិកាសម្រាប់ការជួសជុលទំនិញដូចគ្នានេះពីមជ្ឈមណ្ឌលបេសកកម្មថែរក្សាសន្តិភាពរបស់ TNI សម្រាប់រយៈពេលយូរអង្វែង ពីបីទៅប្រាំឆ្នាំ»។
Ate បានមានប្រសាសន៍ថា កងកម្លាំង TNI និងពិចារណាដាក់ពង្រាយរថយន្តយោធា Bushmaster ទៅក្នុងបេសកកម្មថែរក្សាសន្តិភាពនៅលីបង់ និងអាហ្វ្រិក។
លោកបានកត់សម្គាល់ឃើញថាជំនួយនេះកើតចេញមកពីជំនួបនៅក្នុងខែកញ្ញាឆ្នាំ 2021 រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងការបរទេសនៃប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌូណេស៊ី។ លោកមានប្រសាសន៍ថា ជំនួបប្រជុំដែលគេហៅថា 2+2 នេះ «គឺជាវេទិកាដ៏ល្អឥតខ្ចោះសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌូណេស៊ីនិងប្រទេសអូស្ត្រាលី»។
នៅក្នុងកិច្ចប្រជុំ 2+2 នៅក្នុងខែកុម្ភៈឆ្នាំ 2023 រដ្ឋមន្ត្រីបានអះអាងអំពីទំនាក់ទំនងនៃការហ្វឹកហ្វឺន និងការអប់រំយោធារបស់ប្រទេស និងការពង្រីកសកម្មភាពរវាងកងកម្លាំងការពារជាតិអូស្ត្រាលី និងកងកម្លាំង TNI។
Gusty Da Costa គឺជាអ្នករួមចំណែកទស្សនាវដ្តី FORUM ដែលរាយការណ៍ពីប្រទេសឥណ្ឌូណេស៊ី។
រូបភាព៖ នាយឯក DAVID COTTON/កងកម្លាំងប្រទេសអូស្ត្រាលី