រដ្ឋមន្ត្រីការបរទេសជប៉ុនព្រមានថា សាធារណរដ្ឋប្រជាមានិតចិន និងរុស្សីបង្កើនកិច្ចសហប្រតិបត្តិការយោធា
The Associated Press
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានសម្តែងការព្រួយបារម្ភនៅពាក់កណ្តាលខែឧសភា ឆ្នាំ 2023 អំពីកិច្ចសហប្រតិបត្តិការយោធារបស់ចិន និងរុស្សីនៅក្នុងតំបន់ ហើយបាននិយាយថា ស្ថានភាពសន្តិសុខនៅអឺរ៉ុបមិនអាចបំបែកចេញពីស្ថានភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកបានទេ ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន។
លោក Hayashi បាននិយាយថា សង្រ្គាមរបស់រុស្សីនៅអ៊ុយក្រែនបាន «ធ្វើឱ្យរង្គោះរង្គើមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ» ហើយត្រូវតែប្រឈមមុខនឹងការឆ្លើយតបដោយឯកភាពគ្នាពីសហគមន៍ពិភពលោក។
លោក Hayashi បានប្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិកក្នុងប្រទេសស៊ុយអែតថា៖ «បើមិនដូច្នេះទេ បញ្ហាប្រឈមស្រដៀងគ្នានឹងកើតឡើងនៅក្នុងតំបន់ផ្សេងទៀត ហើយសណ្តាប់ធ្នាប់ដែលមានស្រាប់ដែលបានគាំទ្រដល់សន្តិភាព និងវិបុលភាពរបស់យើង អាចនឹងបាត់បង់ទាំងស្រុង»។ (រូបភាពពីឆ្វេង៖ រដ្ឋមន្ត្រីការបរទេសស៊ុយអែត Tobias Billstrom រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell ជួបប្រជុំគ្នានៅជិតរដ្ឋធានី Stockholm ប្រទេសស៊ុយអែត ក្នុងខែឧសភា ឆ្នាំ 2023។)
ជប៉ុនគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំក្នុងសង្រ្គាម ប៉ុន្តែ សាធារណរដ្ឋប្រជាមានិតចិនអះអាងថាខ្លួននៅតែអព្យាក្រឹត ខណៈដែលប្រកាសទំនាក់ទំនង «គ្មានដែនកំណត់» ជាមួយក្រុងមូស្គូ ហើយបានបន្ទោសអង្គការណាតូ និងសហរដ្ឋអាមេរិកចំពោះការបង្កជម្លោះ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានី Kyiv ប្រទេសអ៊ុយក្រែន ក្នុងខែមីនា ឆ្នាំ 2023 ខណៈដែលអគ្គលេខាធិការបក្សកុម្មុយនិស្តចិន (CCP) លោក ស៊ី ជីនពីង (Xi Jinping) កំពុងជួបជាមួយប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងមូស្គូ។
លោក Hayashi បានចោទប្រកាន់ទីក្រុងប៉េកាំងថា «បន្តនិងបង្កើនការប៉ុនប៉ងឯកតោភាគីរបស់ខ្លួន» ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូងដោយប្រើកម្លាំង និងការបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ដែលជាកោះស្វ័យគ្រប់គ្រងដែលបក្សកុម្មុយនិស្តចិន (CCP) អះអាងថាជាទឹកដីរបស់ខ្លួន។
លោក Hayashi បាននិយាយថា៖ «លើសពីនេះ ចិន និងរុស្សីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ រួមទាំងការហោះហើរយន្តហោះទម្លាក់គ្រាប់បែករបស់ពួកគេរួមគ្នា និងសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅក្នុងតំបន់ជុំវិញប្រទេសជប៉ុន»។
សាធារណរដ្ឋប្រជាមានិតចិនទាមទារតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង – បើទោះបីជាមានការច្រានចោលនាឆ្នាំ 2016 របស់តុលាការអន្តរជាតិចំពោះការទាមទារដោយបំពាន និងកាន់តែរីករាលដាលទាំងនោះថាមិនត្រឹមត្រូវ – ក៏ដូចជាកោះដែលគ្រប់គ្រងដោយជប៉ុននៅសមុទ្រចិនខាងកើត។
លោក Hayashi ក៏បានព្រមានផងដែរថា កូរ៉េខាងជើងកំពុងតែ «បង្កើនការបង្កហេតុ» នៅក្នុងតំបន់ដោយធ្វើការបាញ់មីស៊ីលផ្លោង «ជាមួយនឹងភាពញឹកញាប់ និងក្នុងលក្ខណៈដែលមិនធ្លាប់មានពីមុនមក»។
លោកបានចូលរួមជាមួយរដ្ឋមន្ត្រីរាប់សិបនាក់មកពីសហភាពអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់កិច្ចប្រជុំនៅភាគខាងជើងនៃរដ្ឋធានី Stockholm ប្រទេសស៊ុយអែត។
លោក Hayashi បានមានប្រសាសន៍ថា៖ «ចាប់តាំងពីការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន ស្ថានភាពសន្តិសុខនៅអឺរ៉ុបនេះ និងស្ថានភាពសន្តិសុខនៅប៉ាស៊ីហ្វិក មិនអាចបំបែកចេញពីគ្នាបានឡើយ»។
ប្រទេសនៅសហភាពអឺរ៉ុបភាគច្រើនបានផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ហើយប្លុកនេះបានដាក់ទណ្ឌកម្មលើរុស្សី។
សាធារណរដ្ឋប្រជាមានិតចិនមិនទទួលបានការអញ្ជើញនៅក្នុងកិច្ចពិភាក្សានេះទេ។
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានមានប្រសាសន៍ថា៖ «យើងអាចពិភាក្សាបានយ៉ាងល្អឥតខ្ចោះអំពីឥណ្ឌូប៉ាស៊ីហ្វិកដោយគ្មានប្រទេសចិន»។ «នេះមិនមែនមានន័យថាយើងមិនអើពើនឹងប្រទេសចិននោះទេ។ មិនមែនមានន័យថាយើងចង់ជំនួយប្រទេសចិននោះទេ»។
ប្រភពរូបភាព៖ សារព័ត៌មាន REUTERS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។