អាកាសធាតុ

យោធាសហរដ្ឋអាមេរិកពង្រឹងការយល់ដឹងអំពីបរិស្ថាន និងការការពារក្នុងអំឡុងពេលការហ្វឹកហ្វឺន

បុគ្គលិករបស់ទស្សនាវដ្តី FORUM

សមយុទ្ធយោធាអាចមានទំហំធំ សំឡេងខ្លាំង និងនាំឲ្យមានការខូចខាត។ សរុបរួមមក ពេលទាហានធ្វើការហ្វឹកហ្វឺននៅក្នុងសេណារីយ៉ូជាក់ស្ដែងខ្លាំង ពួកគេត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់បេសកកម្ម។

ប៉ុន្តែតើការពិចារណាអ្វីខ្លះត្រូវបានផ្ដល់ទៅឲ្យបរិស្ថានជុំវិញនៃកន្លែងដែល​កងទ័ពធ្វើសមយុទ្ធនោះ? តើការហ្វឹកហ្វឺនយោធានិងការថែទាំបរិស្ថាន​អាចកើតមានស្របគ្នាដែរឬទេ? នៅក្នុងយោធាសហរដ្ឋអាមេរិក រឿងទាំងនេះអាចកើតមានឡើង ហើយសមាជិកបម្រើសេវាយោធាអាមេរិក​ចូលទៅក្នុងកន្លែងមួយដោយនឹកគិតអំពីកម្រិតនៃការទទួលយកបាន​នៃការរំខានទៅដល់ដី សមុទ្រ និងសត្វព្រៃ។

លោក John Mosher នៃកងនាវាចរប្រចំាតំបន់ប៉ាស៊ីហ្វិករបស់អាមេរិក ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងបង្កើនការយល់ដឹងអំពីបរិស្ថានសម្រាប់សមយុទ្ធ Northern Edge នៅក្នុងរដ្ឋអាឡាស្ការកាលពីឆ្នាំ 2021 បានមានប្រសាសន៍នាពេលនោះថា៖ «អ្នកគ្រប់គ្នាទទួលស្គាល់ពីតម្រូវការសម្រាប់យោធាក្នុងការហ្វឹកហ្វឺន»។ «អ្វីដែលមនុស្សជាច្រើនមិនដឹងនោះគឺការប្រឹងប្រែងដែលយើងដាក់ចូលទៅក្នុងនោះដើម្បីធ្វើឲ្យប្រាកដថា យើងធ្វើវាបានត្រឹមត្រូវ»។

(រូបភាព៖​ កងទ័ពសហរដ្ឋអាមេរិកហ្វឹកហ្វឺនធ្វើការវាយលុកពីដែនអាកាសក្នុងអំឡុងការសមយុទ្ធ Northern Edge ឆ្នាំ 2021 នៅក្នុងរដ្ឋអាឡាស្កា។)

បញ្ជាការបរិស្ថាននៃកងទ័ពអាមេរិកបានបោះពុម្ពផ្សាយគោលការណ៍ណែនាំ​ដោយមានកត្តាសំខាន់ៗ​សម្រាប់ការកាត់បន្ថយហានិភ័យ​ទៅដល់ទេសភាព។ ជំហានដែលត្រូវធានាឲ្យបាននូវការចូលរួមខាងផ្នែកបរិស្ថានប្រកបដោយការគោរពរួមមាន៖

  • ការប្ដេជ្ញាចិត្តផ្ដល់បុគ្គលិកនិងថវិកាឲ្យបានគ្រប់គ្រាន់​ដើម្បីធានាឲ្យបាននូវការអនុលោម​តាមបទបញ្ញត្តិនិងច្បាប់បរិស្ថាន​របស់សហព័ន្ធ រដ្ឋ និងតំបន់។
  • ការអនុវត្តកម្មវិធីគ្រប់គ្រងវត្ថុធាតុប្រកបដោយគ្រោះថ្នាក់។
  • ការដោះស្រាយក្តីបារម្ភរបស់សហគមន៍ជនជាតិដើម និងកុលសម្ព័ន្ធដែលមានដើមកំណើតក្នុងតំបន់ ដែលទទួលស្គាល់ដោយសហព័ន្ធ។
  • ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ ដើម្បីសម្អាតការបំពុលដែលបណ្ដាលមកពីការគ្រប់គ្រងសំណល់ និងការអនុវត្តការចោលសំណល់។
  • ធ្វើការហ្វឹកហ្វឺនកងទ័ពដោយអនុលោមតាមបរិស្ថាន។
  • ជូនដំណឹងអំពីសកម្មភាពយោធាដល់សហគមន៍ក្នុងតំបន់ និងធ្វើការដោះស្រាយក្តីបារម្ភនានា។

យោងតាមរបាយការណ៍របស់កងទ័ពអាមេរិកក្នុងឆ្នាំ 2022 ចំពោះការគិតពិចារណាទៅលើបរិស្ថានបានឲ្យដឹងថា៖ «ការធ្វើឲ្យបរិស្ថានចុះខ្សោយបង្កផលប៉ះពាល់ទៅដល់​សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ និងអាចនាំឲ្យថយចុះនូវការគាំទ្ររបស់ប្រទេសជាម្ចាស់ផ្ទះ​សម្រាប់គោលនយោបាយរបស់អាមេរិក»។ «ការរួមបញ្ចូលការពិចារណាទៅលើបរិស្ថានក៏ជួយផ្ដល់នូវនិរន្តរភាពទៅដល់ធនធាន កាត់បន្ថយការបំពុលដោយការដឹកជញ្ជូន លើកកម្ពស់ទំនាក់ទំនងប្រទេសជាម្ចាស់ផ្ទះប្រកបដោយភាពវិជ្ជមាន និងគាំទ្រទៅដល់កិច្ចខំប្រឹងប្រែង​ដើម្បីស្ថិរភាពក្រោយពេលមានជម្លោះ។ គោលបំណងទាំងនេះរួមចំណែកទៅដល់ប្រសិទ្ធភាពនៃបេសកកម្ម ហើយបម្រើជាការពង្រឹងទៅដល់កងកម្លាំងជាង កត្តាធ្វើឲ្យបែកអារម្មណ៍ពីបេសកកម្ម នៅពេលដែលធ្វើការរួមបញ្ចូលបានយ៉ាងត្រឹមត្រូវ»។

នៅពេលដែលកងយោធាជាង 15 000 នាក់ចូលទៅក្នុងដែនដីអាឡាស្កា​សម្រាប់សមយុទ្ធ Northern Edge​ ដែលធ្វើឡើងរៀងរាល់ពីរ​ឆ្នាំម្ដង និងជាធម្មតាធ្វើឡើងរវាងខែមេសានិងខែតុលា កងទ័ពជើងទឹកអាមេរិកយល់អំពីហានិភ័យ​នៃការរំខានដែលអាចកើតមានឡើង​ទៅដល់ប្រព័ន្ធអេកូ​សាស្ត្រ​ក្នុងទឹក និងលើគោក​ដែលមានផ្ទៃដ៏ធំរបស់រដ្ឋជាម្ចាស់ផ្ទះ។ នាវិកបានសហការជាមួយនឹងអង្គការជនជាតិដើមនៅក្នុងរដ្ឋអាឡាស្កា មន្ត្រីដែលបានជាប់ឆ្នោត និងសេវាសត្វព្រៃនិងជលផលសហរដ្ឋអាមេរិកដើម្បីចាត់វិធានការកាត់បន្ថយផលប៉ះពាល់ និងធ្វើការដាក់កម្រិត​ចំពោះការខូចខាតដល់បរិស្ថាន។

យោង​តាមកងកម្លាំងទ័ពអាកាសនៅតំបន់ប៉ាស៊ីហ្វិករបស់អាមេរិកបានឲ្យដឹងថា តាំងពីឆ្នាំ 2009 មក កងទ័ពជើងទឹកបានផ្ដោតទៅលើការការពារបរិស្ថានតំបន់ឆ្នេរនិងក្នុងទឹកនៅក្នុងឈូង​សមុទ្រនៃរដ្ឋអាឡាស្កា ដែលរួមបញ្ចូលទាំងការវិនិយោគចំនួនទឹកប្រាក់ 6 លានដុល្លារ​កាលពីឆ្នាំ 2020​ ដើម្បីតាមដានប្រភេទសត្វនៅក្នុងទឹក។ ភាពរីកចម្រើនខាងផ្នែកវិទ្យាសាស្ត្រក៏កំពុងតែជួយកងទ័ព​ឲ្យកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានរបស់ពួកគេផងដែរ។ មន្ត្រីយោធាបានមានប្រសាសន៍ថាពួកគេនឹងបន្តសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារនិងអភិរក្សបរិស្ថាននៅក្នុងរដ្ឋអាឡាស្កា ក៏ដូចជាទីតាំងដ៏ទៃទៀត ដែលកងទ័ពធ្វើការហ្វឹកហ្វឺនផងដែរ។

ប្រភពរូបភាព៖ ឧត្តមសេនីយ៍ទោ JASON WELCH/កងទ័ពអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button