ព្រឹត្តិការណ៍សមយុទ្ធការពារសុវត្ថិភាពអ៊ីនធឺណិតដំបូងគេ កសាងភាពជាដៃគូ និងសមត្ថភាពនៅ Balikatan
បុគ្គលិករបស់ទស្សនាវដ្តី FORUM
ព្រឹត្តិការណ៍សមយុទ្ធ Balikatan ឆ្នាំ 2023 ដែលជាការចាប់ផ្តើមការហ្វឹកហ្វឺនប្រចាំឆ្នាំឡើងវិញលើកទី 38 រវាងកងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន (AFP) និងយោធាសហរដ្ឋអាមេរិក រួមមានសមយុទ្ធការពារសុវត្ថិភាពអ៊ីនធឺណិតរួមគ្នា (CYDEX) ដំបូងគេក្នុងខែមេសា ឆ្នាំ 2023។ ក្រុមអ្នកជំនាញរួមគ្នាផ្នែកការពារសុវត្ថិភាពអ៊ីធឺណិតរបស់ហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកនៅជុំរុំ Camp Aguinaldo នៅក្រៅទីក្រុងម៉ានីល ព្រមជាមួយនឹងបុគ្គលិកមន្ត្រីអនុវត្តច្បាប់នៃប្រទេសហ្វ៊ីលីពីន បានធ្វើការហ្វឹកហ្វឺននៅលើទីលានហ្វឹកហាត់ផ្នែកសុវត្ថិភាពអ៊ីនធឺណិតនៃទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) ជាវេទិកាអន្តរកម្មមួយសម្រាប់ការហ្វឹកហ្វឺនផ្នែកសន្តិសុខអ៊ីនធឺណិត។ អ្នកចូលរួមបានប្រើប្រព័ន្ធត្រាប់និម្មិត ដើម្បីការពារបណ្តាញយោធា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ និងចំណុចឌីជីថលផ្សេងទៀត ពីរដ្ឋដែលព្យាបាទ និងសកម្មជនដែលមិនមានរដ្ឋផ្សេងទៀតដូចជាក្រុមឧក្រិដ្ឋកម្ម និងបណ្តុំអ្នកលួចចូលប្រព័ន្ធ។ សមយុទ្ធ Balikatan ផ្តល់ជូនយុត្ដាធិការមួយដើម្បីពង្រឹងដល់សមត្ថភាព និងអន្តរប្រតិបត្តិជាលក្ខណៈប្រមូលផ្ដុំរបស់សម្ពន្ធមិត្តដ៏យូរអង្វែង។
ទស្សនាវដ្តី FORUM បាននិយាយទៅកាន់អ្នកដឹកនាំរបស់ CYDEX បីរូប ខណៈពេលពួកគេបានធ្វើការដើម្បីពង្រឹងភាពជាដៃគូដែលបានបង្កើតឡើង និងពង្រឹងដល់យុទ្ធសាស្ត្រ បច្ចេកទេស និង នីតិវិធីការពារសុវត្ថិភាពអ៊ីនធឺណិត។ កិច្ចសន្ទនាត្រូវបានកែសម្រួលដើម្បីឱ្យត្រូវតាមទម្រង់របស់ទស្សនាវដ្តី FORUM។
វរសេនីយ៍ទោនៃកងកម្លាំងឆ្មាំជាតិដែនអាកាសនៅទីក្រុងវ៉ាស៊ីនតោន លោក Jason Silves បានគាំទ្រដល់ប្រតិបត្តិការការពារសុវត្ថិភាពលំហអ៊ីនធឺណិតនៅឯកសមយុទ្ធ Cobra Gold តាំងពីឆ្នាំ 2018 រួមទាំងកិច្ចខិតខំប្រឹងប្រែងនាំមុនក្នុងការបង្កើតនូវសមយុទ្ធការពារសុវត្ថិភាពអ៊ីនធឺណិតដំបូងគេនៅឯព្រឹត្តិការណ៍សមយុទ្ធពហុជាតិសាសន៍ប្រចាំឆ្នាំក្នុងប្រទេសថៃ។ លោកក៏បានបង្កើតសមយុទ្ធការពារសុវត្ថិភាពអ៊ីនធឺណិតរួមគ្នា (CYDEX) ដំបូងគេក្នុងព្រឹត្តិការណ៍សមយុទ្ធ Balikatan ផងដែរ។
មេបញ្ជាការ Reynan Carrido បានបម្រើការជាប្រធានកងពលធំនៃកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន (AFP) នៅឯការិយាល័យនាយអគ្គសេនាធិការរងសម្រាប់ការបញ្ជា ការគ្រប់គ្រង ទំនាក់ទំនង កុំព្យូទ័រ ព័ត៌មានស៊ើបការណ៍ ការកំណត់គោលដៅ និងការឈ្លបយកការណ៍តាំងពីឆ្នាំ 2021 មក។ ពីមុនមក លោកបានបម្រើការជាបុគ្គលិកនាយទាហាន និងនាយទាហានផ្នែកប្រតិបត្តិក្នុងប្រព័ន្ធព័ត៌មាន ការគ្រប់គ្រងយុទ្ធសង្គ្រាមតាមអ៊ីនធឺណិត រួមទាំងប្រតិបត្តិការ និងអន្តរប្រតិបត្តិការ។ លោកបានចូលរួមជាមួយកងទ័ពជើងទឹកហ្វ៊ីលីពីនក្នុងឆ្នាំ 2005 បន្ទាប់ពីទទួលបានសញ្ញាបត្រក្នុងមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ AMA ក្នុងទីក្រុង Quezon នៃប្រទេសហ្វ៊ីលីពីន។
វរនាវីឯក Plamin Rabino នៃកងកម្លាំងឆ្មាំជាតិកោះហ្គាម បានបម្រើការជាបញ្ជាការរង G-6 នៃកងកម្លាំងឆ្មាំសមុទ្រជាតិកោះហ្គាមតាំងពីខែតុលា ឆ្នាំ 2023 មក។ ពីមុនមក លោកគឺជាវរនាវីទោកងទ័ពថ្មើរជើង ប្រធានកងអនុសេនាតូចផ្តល់សញ្ញា និងប្រធានកងអនុសេនាតូចនៃកងទ័ពថ្មើរជើង។ លោកមានសញ្ញាបត្រអនុបណ្ឌិតក្នុងមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រពី សាកលវិទ្យាល័យបច្ចេកទេស Colorado និងបានកាន់តំណែងនានារួមមានទាំង ប្រធានប្រតិបត្តិការការពារសន្តិសុខអ៊ីនធឺណិត និងអ្នកគ្រប់គ្រងប្រព័ន្ធសន្តិសុខព័ត៌មាន។ លោកបានចុះឈ្មោះចូលបម្រើការយោធាក្នុងឆ្នាំ 2006 ហើយទទួលបានបេសកកម្មជានាយទាហានកងទ័ពថ្មើរជើងក្នុងឆ្នាំ 2012។
ទស្សនាវដ្តី FORUM៖ អ្វីទៅគឺជាប្រភពដើមនៃសមយុទ្ធការពារសុវត្ថិភាពអ៊ីនធឺណិតនៅ Balikatan?
Silves៖ ចាប់តាំងពីឆ្នាំ 2019 មក កងកម្លាំងឆ្មាំជាតិដែនអាកាសនៅទីក្រុងវ៉ាស៊ីនតោនបានមានទំនាក់ទំនងជាមួយនឹងកងទ័ពអាកាសនៃប្រទេសថៃ ហើយតាមរយៈទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋនេះ យើងបានបង្កើតសមយុទ្ធសុវត្ថិភាពអ៊ីនធឺណិតមួយជាមួយនឹងកងទ័ពអាកាសនៃប្រទេសថៃ។ យើងមាន កងម៉ារីន [សហរដ្ឋអាមេរិក] មកពីកងកម្លាំងបេសកកម្មម៉ារីនទី III ដែលជាក្រុមវាស់ស្ទង់ដើម្បីការពារប្រតិបត្តិការផ្ទៃក្នុងនៃក្រសួងការពារជាតិ។ ដូច្នេះហើយ យើងមានកងម៉ារីននៅម្ខាង ក្រុមអ្នកចូលរួមមួយក្រុមពីកងកម្លាំងប្រដាប់អាវុធនៃប្រទេសថៃ (កងទ័ពអាកាស កងទ័ពជើងទឹក និងកងម៉ារីន) និងបុគ្គលិកឆ្មាំសមុទ្រនៃក្រុងវ៉ាស៊ីនតោន ដែលដំណើរការបន្ទប់គ្រប់គ្រងសមយុទ្ធ។ បើធៀបនឹងសព្វថ្ងៃនេះ វាគឺជាសមយុទ្ធដែលមិនពេលលក្ខណៈជាខ្លាំង។ ប៉ុន្តែ វាជាជោគជ័យមួយ។ ដូច្នេះហើយ យើងបានធ្វើការគ្រោងទុកនូវសមយុទ្ធ Cobra Gold ឆ្នាំ 2020 នេះ ដោយរំពឹងថាមានអ្នកចូលរួមច្រើនទៀតនៅក្នុងសមយុទ្ធ Cobra Gold នេះ ដោយសារតែយើងមានប្រទេសដែលចូលរួមចំនួនប្រាំពីរ—ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងសហរដ្ឋអាមេរិក — ហើយយើងរំពឹងថាប្រហែលជាប្រទេសមួយ ឬពីរផ្សេងទៀតនឹងមកចូលរួម។ ប្រទេសទាំងប្រាំពីរបានមកជុំគ្នា ហើយនិយាយថាពួកគេចង់ចូលរួម។ យើងបានរៀបគម្រោងសមយុទ្ធមួយ យកគ្រប់មេរៀនទាំងអស់ដែលយើងបានរៀនក្នុងឆ្នាំ 2019 ហើយអនុវត្តពួកវាក្នុងឆ្នាំ 2020។ យើងមានគម្រោងដ៏អស្ចារ្យមួយ បន្ទាប់មក ក៏កើតមានជំងឺកូវីដ។ សំណាងល្អដែរ យើងមានប្រទេសប្រាំមួយ ទៅប្រាំពីរ ដែលនៅតែបញ្ជូន [អ្នកចូលរួម] មកកាន់សមយុទ្ធនេះ។ [ក្នុងឆ្នាំ] 2021 និង 2022 … យើងបានធ្វើអ្វីមួយ ដែលយើងហៅថាជាដំណោះស្រាយកូនកាត់។ យើងមានបញ្ហាប្រឈមផ្នែកបច្ចេកទេសមួយចំនួន ដោយគ្រាន់តែនៅចម្ងាយឆ្ងាយពីគ្នាទៅវិញទៅមក។ បន្ទាប់មក ក្រោយពីយើងបានធ្វើសមយុទ្ធ Cobra Gold 22 រួចហើយ បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបានទាក់ទងមកយើងអំពីការជួយប្រទេសហ្វ៊ីលីពីនដើម្បីបង្កើតសមយុទ្ធផ្នែកសុវត្ថិភាពអ៊ីនធឺណិតមួយ។ ដូច្នេះហើយ អ្នករៀបចំគម្រោងខាងកងម៉ារីន ព្រមជាមួយនឹងកងឆ្មាំជាតិនៃកោះហ្គាម ដែលមានទំនាក់ទំនងជាមួយនឹងប្រទេសហ្វ៊ីលីពីននេះ បានបង្កើតឱ្យមានសមយុទ្ធនេះ ចេញពីអ្វីដែលយើងបានធ្វើក្នុងអំឡុងពេលសមយុទ្ធ Cobra Gold ដោយប្រើសេណារីយ៉ូស្រដៀងគ្នាខ្លាំង និងការផ្តោតទៅលើការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ យើងពិតជាមានក្ដីរំភើបចិត្តក្នុងការមើលឃើញពីរបៀបដែលសមយុទ្ធនេះមានការរីកចម្រើនឡើង និងរីកចម្រើនស្របគ្នាទៅនឹងបេសកកម្ម Cobra Gold និង Balikatan ខណៈពេលដែលសមយុទ្ធទាំងពីរនេះបន្តឆ្ពោះទៅមុខ។
យើងបានផ្លាស់ប្ដូរការផ្តោតពីប្រតិបត្តិការសុវត្ថិភាពអ៊ីនធឺណិតនៅលើហេដ្ឋារចនាសម្ព័ន្ធការពារជាតិទៅជាប្រតិបត្តិការសុវត្ថិភាពអ៊ីធឺណិត និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដោយមានការយល់ដឹងថា ពេលជម្លោះកើតមានឡើង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពិតជានឹងមានសារសំខាន់ជាងបណ្តាញព័ត៌មានទៅទៀត។ CYBERCOM [ទីបញ្ជាការសុវត្ថិភាពអ៊ីនធឺណិតអាមេរិក] នឹងនៅតែមានតួនាទីសំខាន់ក្នុងការការពារបណ្តាញរបស់ក្រសួងការពារជាតិ។ ប៉ុន្តែ ខ្ញុំបានចាប់ផ្តើមអាជីពរបស់ខ្ញុំក្នុងជួរកងទ័ពក្នុងនាមជាទាហានដឹកធុងឥន្ធនៈ ដូច្នេះហើយខ្ញុំយល់អំពីធុងឥន្ធនៈ និងគ្រាប់កាំភ្លើង ហើយបើគ្មានឥន្ធនៈនិងគ្រាប់កាំភ្លើងទេនោះ យើងទៅមុខមិនបានឡើយ។ ដូច្នេះហើយ ប្រសិនបើបច្ចាមិត្តអាចបិទកំពង់ផែរ ឬរថភ្លើងមួយបាន ឬរារាំងខ្ញុំមិនឱ្យទទួលបានប្រេងឥន្ធនៈនោះ ខ្ញុំទៅណាលែងរួចហើយ។ ដូច្នេះ នោះហើយជាកន្លែងដែលហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាមានសារសំខាន់។
ខណៈ ដែលយើងផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយយើងផ្តល់លក្ខណៈពេលលេញដល់សមយុទ្ធទាំងនេះ ជាការពិតណាស់ដែលថាយើងកំពុងតែជំរុញឱ្យមានការចោទសួរជាច្រើន។ យើងកំពុងតែជំរុញឲ្យមេបញ្ជាការដឹងថាសុវត្ថិភាពអ៊ីនធឺណិតគឺជាបញ្ហាធំជាងអ្វីដែលពួកគេដឹង។ យើងកំពុងតែជំរុញឲ្យមានការចោទសួរថាគោលនយោបាយអំពីសិទ្ធិអំណាចអ្វីដែលក្រុមការពារសុវត្ថិភាពអ៊ីនធឺណិតត្រូវដំណើរការនៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយបើនិយាយឲ្យស្មោះត្រង់ទៅ មានសំណួរដែលយើងត្រូវការសួរ និងដោះស្រាយនាពេលឥឡូវនេះនៅក្នុងសមយុទ្ធ ជាជាងការដោះស្រាយនៅក្នុងសង្គ្រាម ព្រោះថាពេលដែលជម្លោះកើតឡើង យើងនឹងមានបេសកម្មនោះ។ ត្រង់ចំណុចនោះ វានឹងយឺតពេលទៅហើយក្នុងការយល់ដឹងពីរបៀបការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ទស្សនាវដ្តី FORUM៖ តើអ្នកមានតួនាទីអ្វីខ្លះនៅក្នុងសមយុទ្ធ CYDEX លើកដំបូងនៅ Balikatan?
Carrido៖ ក្នុងនាមជាជំនួយការប្រធានគ្រប់គ្រងសមយុទ្ធ នៅក្នុងអំឡុងពេលនៃការធ្វើផែនការ ខ្ញុំគឺជាអ្នកដឹកនាំក្នុងការធ្វើគម្រោងសមយុទ្ធការពារសុវត្ថិភាពអ៊ីនធឺណិត សម្រាប់ការគ្រប់គ្រងសេណារីយ៉ូ និងជាមេបញ្ជាការបេសកកម្មក្នុងសមយុទ្ធការពារសុវត្ថិភាពអ៊ីនធឺណិត។
Rabino៖ តួនាទីរបស់ខ្ញុំគឺជាប្រធានសមយុទ្ធខាងសុវត្ថិភាពអ៊ីនធឺណិត។ ខ្ញុំពិនិត្យមើលលើគ្រប់លក្ខខណ្ឌតម្រូវទាំងអស់ ដើម្បីឲ្យប្រាកដថាវាកំពុងតែដំណើរការយ៉ាងរលូន ហើយបន្ទាប់មកក៏ធ្វើឲ្យប្រាកដថា មានតម្លៃនៅក្នុងការហ្វឹកហ្វឺន ជាពិសេសសម្រាប់ក្រុមរបស់យើងដែលទទួលបន្ទុកខាងផ្នែកការពារសុវត្ថិភាពអ៊ីនធឺណិត។ យើងកំពុងផ្ដោតទៅលើពួកវាដើម្បីបង្កើតសមត្ថភាពនៅក្នុងតំបន់របស់យើង។
ទស្សនាវដ្តី FORUM៖ អ្វីទៅជាកត្តាសំខាន់បំផុតអំពីសមយុទ្ធ CYDEX សម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍សមយុទ្ធ Balikatan?
Carrido៖ ខ្ញុំគិតថាការជាប់ពាក់ព័ន្ធនៅក្នុងសេណារីយ៉ូហ្វឹកហ្វឺនជាច្រើនលំដាប់ថ្នាក់នៅក្នុងចន្លោះសុវត្ថិភាពអ៊ីនធឺណិត [និង] ខណៈពេលដែលកសាងសមត្ថភាពយុទ្ធសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់បុគ្គលិកសុវត្ថិភាពអ៊ីនធឺណិតនៃកងកម្លាំង AFP រួមមានទាំងប៉ូលិសជាតិហ្វ៊ីលីពីន កងទ័ពហ្វ៊ីលីពីន និងកងទ័ពអាកាសហ្វ៊ីលីពីន។ បុគ្គលិកគួរតែមានសមត្ថភាពប្រតិបត្តិការបច្ចេកវិទ្យាដើម្បីធានាសន្តិសុខបណ្ដាញនៃកងកម្លាំង AFP និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល។ ខ្ញុំគិតថា ជាមួយសហរដ្ឋអាមេរិក យើងបានទទួលបទពិសោធន៍និងមេរៀន ដែលយើងចែករំលែកសម្រាប់សមយុទ្ធការពារសុវត្ថិភាពអ៊ីនធឺណិតនេះ។
Rabino៖ ចំពោះរូបខ្ញុំ សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតមានសារៈសំខាន់ណាស់នៅក្នុងប្រតិបត្តិការពហុវិស័យរបស់យើង។ វាជាដំណោះស្រាយលើរបៀបដែលយើងអាចការពារទ្រព្យសម្បត្តិលើដែនដីគោក ដែនអាកាស និងដែនសមុទ្រ ព្រោះថាយើងទាំងអស់គ្នាតភ្ជាប់គ្នានៅក្នុងលំហឌីជីថល។ យើងបាននិយាយអំពីផ្នែកយោធា ប៉ុន្តែយើងក៏ចង់និយាយផងដែរអំពីវិស័យឯកជននិងទីភ្នាក់ងាររបស់រដ្ឋាភិបាលផងដែរ។ បច្ចកវិទ្យាតាមអ៊ីនធឺណិតកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស។ យើងមានបញ្ញាសិប្បនិម្មិត។ យើងមានកំព្យូទ័រសមត្ថភាពខ្ពស់ (Quantum)។ យើងត្រូវការធ្វើឱ្យប្រាកដក្នុងចិត្តថា អ្នកជំនាញខាងសុវត្ថិភាពអ៊ីនធឺណិតអាច [បន្ត] តាមដានបច្ចេកវិទ្យាទាំងអស់នេះ ដែលកំពុងត្រូវបានបង្កើតឱ្យមានឡើងជាក់ស្តែង។
ឥឡូវនេះ យើងអាចរៀនអំពីឧបករណ៍សន្តិសុខអ៊ីនធឺណិតទាំងអស់ដែលយើងចង់ផ្តោតលើ ដោយធ្វើឱ្យប្រាកដថាអ្នកជំនាញខាងសុវត្ថិភាពអ៊ីនធឺណិតរបស់យើងមានបណ្តុំជំនាញ ដែលជួយឱ្យពួកគេការពារបណ្តាញបានយ៉ាងពិតប្រាកដ។ ពួកគេត្រូវប្រាកដថាពួកគេពិតជាប្រើប្រាស់ឧបករណ៍ទាំងអស់នេះ ដើម្បីឱ្យពួកគេត្រួតពិនិត្យបណ្តាញ និងបន្តដោះស្រាយភាពងាយរងគ្រោះ។ ទំាងអស់នេះគឺផ្ដោតលើការគ្រប់គ្រងហានិភ័យជាចម្បង។ យើងដឹងថាយើងមិនអាចការពារគ្រប់យ៉ាងបានទេ ប៉ុន្តែយ៉ាងហោចណាស់យើងអាចការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មិនត្រឹមតែសម្រាប់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍នោះផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់ដែលប្រជាជនពឹងផ្អែកលើដូចជា ថាមពល ទឹក ទំនប់ទឹក និងការដឹកជញ្ជូនរបស់យើង។
ទស្សនាវដ្តី FORUM៖ ហេតុអ្វីបានជាភាពជាដៃគូមានសារៈសំខាន់ក្នុងការការពារសុវត្ថិភាពអ៊ីនធឺណិត?
Carrido៖ សមយុទ្ធការពារសុវត្ថិភាពអ៊ីនធឺណិត មិនត្រឹមតែហ្វឹកហ្វឺនជាលក្ខណៈបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែ [ជាមួយ] ភាពជាដៃគូពហុភាគីនេះ មិនត្រឹមតែលើកម្រិតបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពស្និទ្ធស្នាលរបស់យើងនៅក្នុងកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វ៊ីលីពីន ជាមួយនឹងឆ្មាំជាតិកោះហ្គាម កងម៉ារីននៅតំបន់ប៉ាស៊ីហ្វិក កងទ័ពអាកាសនៅតំបន់ប៉ាស៊ីហ្វិក កងនាវាចរប៉ាស៊ីហ្វិក និងសមភាគីអាមេរិករបស់យើងជាមួយឆ្មាំជាតិមកពីក្រុងវ៉ាស៊ីនតោន កោះហ្គាម និងហាវ៉ៃ។
នៅពេលដែលយើងបង្កើតទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សមត្ថភាពនេះគួរតែបានពង្រឹងដោយមានជំនួយពីសមភាគីរបស់យើង។
Rabino៖ ទំនាក់ទំនងមានសារៈសំខាន់។ យើងប្រហែលជាមើលឃើញថាមហាសមុទ្រកំពុងបំបែកយើង ប៉ុន្តែយើងប្រើវាធ្វើជាគ្រឿងដើម្បីភ្ជាប់យើងទៅវិញ ដោយសារយើងទាំងអស់គ្នានៅក្នុងបរិយាកាសប្រជុំកោះនោះ។ ដូច្នេះ យើងពិតជាសប្បាយចិត្ត និងមានសំណាងណាស់ដែលយើងមានដៃគូនានា ជាពិសេសជាមួយកងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន។ វាមានសារៈសំខាន់ចំពោះពួកយើង ពីព្រោះនៅក្នុងពិភពអ៊ីនធឺណិត អ្នកមិនចាំបាច់នៅកន្លែងជាក់លាក់មួយដើម្បីធ្វើអ្វីមួយទៅកាន់តំបន់ផ្សេងនោះទេ។ យើងគួរតែធ្វើការរួមគ្នា មិនត្រឹមតែក្នុងនាមជាសមាជិកបម្រើការយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកជំនាញខាងសុវត្ថិភាពអ៊ីនធឺណិតក្នុងតំបន់របស់យើងផងដែរ។ មានតម្រូវការ [ចំពោះ] អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិត សម្រាប់រឿងដែលយើងត្រូវការពារ។ ពេលយើងផ្តល់ជូនការយល់ដឹងដល់សហគមន៍បានកាន់តែច្រើន ពិភពលោកទាំងមូលក៏កាន់តែប្រសើរឡើងផងដែរ។
ទស្សនាវដ្តី FORUM៖ តើសមយុទ្ធ CYDEX នាំទៅរកសន្តិសុខអ៊ីនធឺណិតក្នុងពិភពលោកជាក់ស្តែងដែរឬទេ?
Carrido៖ គ្រប់សេណារីយ៉ូនៃការហ្វឹកហ្វឺនទាំងអស់ត្រូវបានធ្វើឡើងជាមួយកងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក ឧទាហរណ៍ [ការការពារ] បរិក្ខារប្រព្រឹត្តកម្មទឹក ការផលិតថាមពលអគ្គិសនី អគារឆ្លាតវៃ ដោយប្រើ SCADA [ការគ្រប់គ្រង និងការទទួលយកទិន្នន័យដោយការត្រួតពិនិត្យ] និងទូរគមនាគមន៍ដែលអាចទទួលរងការផ្លាស់ប្ដូរដោយការប្រើការវាយប្រហារតាមអ៊ីនធឺណិត។ ទាំងនេះគឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលមានស្រាប់ ដែលចាំបាច់ត្រូវការពារ ដែលក្នុងនោះ យោធាអាចជាខ្សែការពារជួរមុខ ក្នុងអំឡុងពេលមានជម្លោះ។ ដូច្នេះហើយហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗទាំងនោះគួរតែជាអាទិភាព។ ចំពោះប្រជាជាតិផ្សេងទៀតដែលចូលរួមក្នុងប្រភេទនៃសមត្ថភាពសង្គ្រាមតាមអ៊ីនធឺណិតនេះ ពួកគេអាចធ្វើឲ្យមនុស្សរងភាពគ្រាំគ្រាដោយមិនបាច់បាញ់កាំភ្លើង។ អ៊ិនធឺណិតអាចប្រើជាទម្រង់នៃសង្គ្រាមដែលអាចបំផ្លាញសេដ្ឋកិច្ចនៃរដ្ឋមួយផ្សេងទៀត។ សេណារីយ៉ូនៅក្នុងសមយុទ្ធការពារសុវត្ថិភាពអ៊ីនធឺណិតមាននៅក្នុងពិភពលោកបច្ចុប្បន្ន ហើយចាំបាច់ត្រូវដោះស្រាយ។
សារសម្រាប់អ្នកជំនាញផ្នែកអ៊ីនធឺណិតរបស់យើងគឺ៖ សិក្សាពីបច្ចេកទេស និងនីតិវិធីដែលអាចប្រើបានដើម្បីឱ្យយើងបង្កើតគោលនយោបាយ [AFP] របស់យើងផ្ទាល់។ ទទួលយកមេរៀនដែលបានរៀន និងបង្កើនសមត្ថភាពរបស់យើងទាក់ទងនឹងសន្តិសុខតាមអ៊ីនធឺណិត ការការពារសុវត្ថិភាពអ៊ីនធឺណិត និងធ្វើប្រតិបត្តិការតាមអ៊ីនធឺណិតផ្ទាល់ខ្លួនរបស់យើង ទាក់ទងនឹងអ្វីដែលយើងមានបទពិសោធន៍នៅព្រឹត្តិការសមយុទ្ធ Balikatan។
Rabino៖ ដើម្បីឱ្យក្រុមរបស់យើងពង្រឹងជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត ពួកគេមិនត្រឹមតែត្រូវឆ្លងកាត់វគ្គសិក្សា [វិទ្យាសាស្ត្រកុំព្យូទ័រ] ប៉ុណ្ណោះទេ ប៉ុន្តែគួរតែអាចធ្វើការហ្វឹកហ្វឺនដោយអនុវត្តផ្ទាល់ទៅលើអ្វីដែលពួកគេរៀន។ ដូច្នេះ ក្នុងអំឡុងពេលសមយុទ្ធសុវត្ថិភាពអ៊ីនធឺណិតនេះ បណ្តាសកម្មភាពសុវត្ថិភាពអ៊ីនធឺណិតដែលយើងមាន មានអត្ថប្រយោជន៍ណាស់សម្រាប់អ្នកជំនាញខាងសុវត្ថិភាពអ៊ីនធឺណិតរបស់យើង។
ជាឧទាហរណ៍ ទាហានថ្មើរជើងត្រូវការការបណ្តុះបណ្តាលអំពីសព្វាវុធដើម្បីវាយលុកគោលដៅ។ រឿងនេះក៏ដូចគ្នាសម្រាប់អ្នកជំនាញខាងសុវត្ថិភាពអ៊ីនធឺណិត។ អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិតត្រូវការចំណេះដឹងអំពីអ៊ីនធឺណិត ដើម្បីការពារបណ្តាញ។ ជាការពិតណាស់ យើងមិនអាចបណ្តុះបណ្តាលលើបណ្តាញផលិតកម្មពិតប្រាកដបានទេ ព្រោះយើងមិនចង់បង្កបញ្ហាដល់ផលិតកម្ម។ ដូច្នេះហើយ យើងត្រូវការមានវានៅក្នុងមជ្ឈដ្ឋានធ្វើតេស្ត។ ទាហានសហរដ្ឋអាមេរិក ទាហានម៉ារីន អាកាសយានិក កងកម្លាំងអវកាស រៀនបានច្រើន។ វាគឺជាជោគជ័យដ៏ធំសម្រាប់ពួកយើងដែលមានចំណេះដឹងអំពីសុវត្ថិភាពអ៊ីនធឺណិតនេះ ជាពិសេសនៅក្នុងសមយុទ្ធសុវត្ថិភាពអ៊ីនធឺណិតដំបូងដែលយើងមាននៅទីនេះនៅ Balikatan។
ទស្សនាវដ្តី FORUM៖ តើអ្នកជំនាញខាងសុវត្ថិភាពអ៊ីនធឺណិតអាចផ្តល់អ្វីដល់មិនត្រឹមតែយោធាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជនស៊ីវិលផងដែរនោះ?
Carrido៖ យើងត្រូវការអ្នកជំនាញខាងសុវត្ថិភាពអ៊ីនធឺណិត និងកងកម្លាំងប្រដាប់អាវុធដើម្បីការពារបណ្តាញ ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានអង្គភាព។ ដូចគ្នានឹងអង្គភាពយោធាផងដែរ ដែលមិនអនុញ្ញាតឱ្យព័ត៌មានរបស់ពួកគេទៅជាសាធារណៈបាន វាជាការសំខាន់ក្នុងការធ្វើដូចគ្នានេះដោយបុគ្គល ព្រោះគេអាចប្រើវាជាការប្រមូលព័ត៌មានស៊ើបការណ៍។ សមយុទ្ធសុវត្ថិភាពអ៊ីនធឺណិតនេះ មិនត្រឹមតែការពារសាធារណៈជន និងយោធាប៉ុណ្ណោះទេ ថែមទាំងការពារគ្រួសារខ្ញុំផងដែរ។ ប្រសិនបើអ្នកកំពុងតែប្រើអ៊ីនធឺណិត គ្រាន់តែចុចតំណមួយក៏អាចនាំឱ្យមានគ្រោះថ្នាក់ផងដែរ។ ព័ត៌មានរបស់អ្នកទាំងអស់នឹងបែកធ្លាយចេញទៅក្រៅ។ ដូច្នេះហើយ នេះជារបៀបដែលយើងការពារយោធា គ្រួសារ និងខ្លួនរបស់យើងផ្ទាល់។ ពួកគេទាក់ទងគ្នាទាំងអស់ ពេលនិយាយទៅលើសន្តិសុខតាមអ៊ីនធឺណិត។
Rabino៖ ការអភិវឌ្ឍអ្នកជំនាញគឺជាគន្លឹះដ៏សំខាន់។ យើងបានរៀងដឹងច្រើនអំពីសុវត្ថិភាពអ៊ីនធឺណិត។ សូម្បីតែរឿងសាមញ្ញៗដូចជាការប្តូរលេខសម្ងាត់ក៏ដោយ — អ្នកត្រូវធ្វើវាតាមរបៀបស្មុគស្មាញដែលមាន 14 តួអក្សរ តួអក្សរពិសេស លេខផ្សេងគ្នា និងអក្សរធំ។ វាមានសារៈសំខាន់ជាពិសេសក្នុងពេលឥឡូវ ជាពិសេសចំពោះក្មេងជំនាន់ក្រោយ។
សម្រាប់ការយល់ដឹងអំពីសុវត្ថិភាពអ៊ីនធឺណិត យើងត្រូវពង្រឹងគ្រប់កម្រិតចាប់ពីវិស័យអប់រំ វិស័យថ្នាក់មហាវិទ្យាល័យ វិស័យឯកជន វិស័យរដ្ឋាភិបាល និង វិស័យយោធា យ៉ាងពិតប្រាកដ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។