បង់ក្លាដែសផ្លាស់ប្តូរជំហរ ដោយហៅសង្រ្គាមអ៊ុយក្រែនថាជា «ការបំពានលើច្បាប់អន្តរជាតិ»
សារព័ត៌មាន Benar News
ប្រទេសបង់ក្លាដែសដែលពីមុនមកមិនចូលបក្សសម្ព័ន្ធខាងណាមួយនោះ បានប្រកាសសង្រ្គាមអ៊ុយក្រែនថាជាការបំពានលើច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។
ប្រជាជាតិអាស៊ីខាងត្បូងបានកែប្រែជំហររបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយប្រទេសជប៉ុនដែលបានចេញនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីបង់ក្លាដែសអ្នកស្រី Sheikh Hasina ទៅកាន់ទីក្រុងតូក្យូនៅចុងខែមេសាឆ្នាំ 2023។ (រូបភាព៖ នាយករដ្ឋមន្ត្រីបង់ក្លាដែសអ្នកស្រី Sheikh Hasina នៅខាងឆ្វេង និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ចាប់ដៃគ្នាបន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។)
សេចក្តីថ្លែងការណ៍បានលើកឡើងថា «នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថា សង្រ្គាមនៅអ៊ុយក្រែន គឺជាការបំពានលើច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ ជាមួយនឹងផលប៉ះពាល់លើសពីការរំពឹងទុករបស់អឺរ៉ុប រួមទាំងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក»។
«ពួកគេបានអំពាវនាវម្តងទៀតឱ្យមានដំណើរការសម្រាប់សន្តិភាពតាមរយៈកិច្ចសន្ទនា និងការទូតដោយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែនក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន និងស្របតាមគោលការណ៍របស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ»។
កាលពីខែកុម្ភៈថ្មីៗនេះ ប្រទេសបង់ក្លាដែសបានបដិសេធមិនបោះឆ្នោតលើសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន។
ប្រទេសបង់ក្លាដែសបានបដិសេធក្នុងអំឡុងពេលបោះឆ្នោតលើសេចក្តីសម្រេចដែលស្រដៀងគ្នានៅក្នុងខែមីនាឆ្នាំ 2022។
ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ លោកស្រី Hasina សង្ឃឹមថានឹងកសាងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសជប៉ុន ដែលកំពុងពង្រីកភាពជាដៃគូក្នុងតំបន់ ដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់ទីក្រុងប៉េកាំង។
Humayun Kabir ដែលជាអតីតបេសកជនបង់ក្លាដែសប្រចាំសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា សេចក្តីថ្លែងការណ៍រួមនេះបង្ហាញថា «យើងកំពុងចូលទៅក្នុងសម័យកាលថ្មីនៃទំនាក់ទំនងការបរទេសហើយ»។
«ឥឡូវនេះ យើងឃើញមានការផ្លាស់ប្តូរយ៉ាងប្រុងប្រយ័ត្ននៃជំហររបស់បង់ក្លាដែសលើសង្រ្គាមអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងការណ៍រួម … ដោយសារបង់ក្លាដែសចង់ទាក់ទាញការវិនិយោគរបស់ប្រទេសជប៉ុន និងកែលម្អទំនាក់ទំនងទ្វេភាគី លោកស្រីត្រូវស្របតាមគោលជំហររបស់ជប៉ុនក្នុងកម្រិតអតិបរមា»។
លោក Imtiaz Ahmed ដែលជាអ្នកជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Dhaka បានថ្លែងប្រាប់ថា ជាលើកដំបូងដែលបង់ក្លាដែសបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើសង្រ្គាមអ៊ុយក្រែន។
នៅខែធ្នូ ឆ្នាំ 2022 បង់ក្លាដែសបានរារាំងនាវារុស្ស៊ីមិនឱ្យចូលមកកំពង់ផែក្នុងស្រុក ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកប៉ាល់ដែលទាក់ទងទៅនឹងសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។ មួយខែក្រោយមក បង់ក្លាដែសបានហាមឃាត់ការចូលរបស់នាវារុស្ស៊ីជិត 70 គ្រឿងដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ដោយទទួលបានការតវ៉ាពីទីក្រុងមូស្គូ។
Ahmed បានបន្តទៀតថា «ប្រហែលជាបង់ក្លាដែសមិនអាចមិនអើពើទៅនឹងបញ្ហានៃសង្រ្គាមអ៊ុយក្រែនបានទៀតទេ»។ «នោះគឺដោយសារតែសង្រ្គាមបានធ្វើឱ្យរំខានដល់សង្វាក់ផ្គត់ផ្គង់ជាសកល។ សេដ្ឋកិច្ចបង់ក្លាដែសបានទទួលរងផលប៉ះពាល់យ៉ាងដំណំ»។
Ahmed និង Kabir បានកត់សម្គាល់ថាការលើកឡើងរបស់សេចក្តីថ្លែងការណ៍រួមអំពីសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងក៏តំណាងឱ្យការផ្លាស់ជំហររបស់ទីក្រុង Dhaka ផងដែរ។ ទីក្រុងតូក្យូមានជម្លោះទឹកដីជាមួយទីក្រុងប៉េកាំងជុំវិញប្រជុំកោះសេនកាគូក្នុងសមុទ្រចិនខាងកើត ខណៈពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនមានជម្លោះទាមទារជាមួយទីក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូង។
Kabir ក៏បានបន្តទៀតថា «នេះជាលើកដំបូង ដែលបង់ក្លាដែសបានប្រកាន់គោលជំហរលើបញ្ហានេះ»។ «គោលជំហរនេះពិតជារបស់ជប៉ុន»។
ប្រភពរូបភាព៖ សារព័ត៌មាន REUTERS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។