តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPអាស៊ីឥសាន / NEA

នាវាចាស់ៗដឹកជញ្ជូនប្រេងដែលស្ថិតក្រោមទណ្ឌកម្មក្នុងបេសកកម្មដឹកទំនិញខុសច្បាប់

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការផ្ទុះដែលបង្កឲ្យបាត់បង់ជីវិតនៅលើនាវាដឹកប្រេងឥន្ធនៈ Pablo ជាការបង្ហាញឲ្យឃើញការកើនឡើងនៃ “ក្រុមនាវាដឹកទំនិញខុសច្បាប់” ប្រភេទចាស់ៗ ដែលដឹកជញ្ជូនប្រេងឆៅ និងផលិតផលដែលបានចម្រាញ់ហើយនៅក្រោមការដាក់ទណ្ឌកម្ម ដូចជាប្រេងឥន្ធនៈ និងប្រេងចាក់យន្តហោះ។ នាវាដំបូងនៅក្នុងចំណោមនាវាដែលនឹងកើនឡើងដល់ទៅចំនួនច្រើនជាង 600 នាវា ដែលភាគច្រើនជានាវាដែលហួសរយៈពេលប្រើប្រាស់របស់ខ្លួន ចាប់ផ្ដើមដឹកទំនិញនៅពេលដែលប្រទេសលោកខាងលិច​បានធ្វើការហាមឃាត់ ឬដាក់កម្រិត​ទៅដល់ការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ វ៉េណេស៊ុយអេឡា និងថ្មីៗបំផុតនេះគឺប្រទេសរុស្សី បន្ទាប់ពីប្រទេសនេះបានឈ្លានពានប្រទេសអ៊ុយក្រែន។

ក្រុមសមាជិកនៅលើនាវា Pablo ចំនួនបីរូប​បានបាត់ខ្លួន ហើយត្រូវបានគេសន្និដ្ឋានថាបានបាត់បង់ជីវិតទៅហើយ ចំណែកឯ 25 នាក់ទៀតត្រូវបានគេជួយសង្គ្រោះ​បន្ទាប់ពីនាវាដែលចុះឈ្មោះនៅប្រទេសហ្កាបុង​ បានផ្ទុះនិងឆេះនៅក្នុងសមុទ្រចិនខាងត្បូង នៅចម្ងាយលើ​ទឹក 40 ម៉ាយល៍ (75 គីឡូម៉ែត្រ) ពីកោះ Pulau Tinggi នៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2023។ មិនទាន់មានភាពច្បាស់ការនៅឡើយទេថាអ្វីបានបណ្ដាលឲ្យមានការផ្ទុះនេះ ដែលបានហែក​ច្រៀកបន្ទប់នាវា​ស្ទើរតែទាំងអស់។ ម្ចាស់ក្រុមហ៊ុននាវាចរណ៍ ដែលបានចុះឈ្មោះនៅក្នុងកោះ Marshall នេះ​មិនទាន់ត្រូវបានគេស្វែងរកឃើញនោះទេ។ មិនមានកំណត់ត្រានៃការធានារ៉ាប់រងដែលត្រូវការចាំបាច់ដើម្បីចាប់ផ្ដើមការប្រមូលបំណែករបស់នាវានោះឡើយ។ (រូបភាព៖ បំណែកឆេះខ្លោចនៃនាវា Pablo បន្ទាប់ពីបានផ្ទុះនិងឆេះនៅក្នុងសមុទ្រចិនខាងត្បូងកាលពីដើមខែឧសភាឆ្នាំ 2023។)

អាជ្ញាធរនិងឧស្សាហកម្មដឹកជញ្ជូនតាមនាវាមានការភ័យខ្លាចចំពោះឧបទ្ទវហេតុបែបនេះ ដោយហេតុថាក្រុមនាវាចរណ៍ដែលដឹកទំនិញខុសច្បាប់ ដែលត្រូវ​បាន​បង្កើត​ឡើងដើម្បី​ដឹកជញ្ជូនប្រេងដែលរងទណ្ឌកម្ម ជាការអនុវត្តមួយដែលកើនឡើងជាខ្លាំង​បន្ទាប់ពីសហភាពអឺរ៉ុប​ ក្រុមប្រទេសសេដ្ឋកិច្ចកំពូលទាំងប្រាំពីរ (G-7) ប្រទេសឧស្សាហកម្មសំខាន់ៗ និងប្រទេសអូស្ត្រាលីបានធ្វើការកំណត់តម្លៃ និងធ្វើការហាមឃាត់ចំពោះការនាំចូល​ប្រេងចម្រាញ់និងប្រេងឆៅពីប្រទេសរុស្សី។ ឧប្បត្តិ​ហេតុ​នេះ​អាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះទៅទៀត​ ប្រសិនបើនាវា Pablo ដែលភាគច្រើននៅទំនេរមិនដាក់អីវ៉ាន់បានទម្លាក់អីវ៉ាន់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន (PRC) បានផ្ទុកពេញចំណុះរបស់ខ្លួននូវប្រេងឆៅ 700 000 ធុង​ នេះបើតាមការរាយការណ៍ពីកាសែត Strait Times នៅក្នុងប្រទេសសិង្ហបុរី​កាលពីដើមខែឧសភា។ យោងតាមគេហទំព័រ Splash 247 ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានឲ្យដឹងថា ប្រេងដែលបានរសាត់មកលើច្រាំងក្នុងប្រទេសឥណ្ឌូណេស៊ី ទំនងណាស់ថាមកពីធុងប្រេងឥន្ធនៈដែលបានលេចធ្លាយពីនាវា Pablo។

ទីភ្នាក់ងារ FreightWaves ដែលតាមដានការដឹកជញ្ជូនជាសកល បានរាយការណ៍ថា ប្រេងភាគច្រើនដែលស្ថិតក្រោមការដាក់ទណ្ឌកម្មពីរដ្ឋលោកខាងលិច​ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសរុស្សីមិនមាននាវាគ្រប់គ្រាន់ដើម្បីដឹកជញ្ជូនប្រេងរបស់ខ្លួនក្នុងរយៈចម្ងាយឆ្ងាយនោះទេ បន្ទាប់ពីទ្វីបអឺរ៉ុបបានដាក់ទណ្ឌកម្មមកលើខ្លួន ដូច្នេះហើយប្រទេសនេះចាប់ផ្ដើមប្រកួតប្រជែងជាមួយនឹងប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ដើម្បីទទួលបាននាវាដឹកទំនិញខុសច្បាប់។ TradeWinds ដែលជាសេវាកម្មសារព័ត៌មានដឹកជញ្ជូនទំនិញតាមនាវា​បានរាយការណ៍កាលពីចុងខែមករាឆ្នាំ 2023 ថា ឈ្មោះនេះបានមកពីមេបញ្ជាការកប៉ាល់​ដែលបិទឧបករណ៍ទទួលសញ្ញាវិទ្យុ នៃប្រព័ន្ធសម្គាល់អត្តសញ្ញាណដោយស្វ័យប្រវត្តិ (AIS) របស់ពួកគេ ដើម្បីគេចវេសពីការត្រូវគេរកឃើញ។ TradeWinds បានលើកឡើងថា នាវាទាំងនេះក៏ទំនងជានឹងប្ដូរឈ្មោះ ហើយនឹងត្រូវចុះឈ្មោះជាមួយនឹងរដ្ឋដែលមានច្បាប់ធូរលុង។

ទោះបីជាអាយុកាលនៃនាវាដឹកធុងទំនិញតាមសមុទ្រភាគច្រើនគឺមាន 15 ឆ្នាំក៏ដោយ ក្រុមនាវាដឹកទំនិញខុសច្បាប់ភាគច្រើនមានអាយុកាលចាស់ជាងនេះ។ ឧទាហរណ៍៖ នាវា Pablo ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ 1997។ នាវាតិចតួចណាស់ដែលធ្វើការត្រួតពិនិត្យសុវត្ថិភាពជាប្រចាំនោះ។

លោក Richard Matthews ជាប្រធានផ្នែកសាវជ្រាវរបស់ក្រុមហ៊ុន E.A. Gibson Shipbrokers បានប្រាប់ទូរទស្សន៍ CNN កាលពីដើមខែមីនាឆ្នាំ 2023 នេះថា៖ «យើងមាននាវាចាស់ៗទាំងអស់នេះ ដែលប្រហែលជាមិនមានការថែរក្សាជួសជុលឲ្យស្របតាមបទដ្ឋាន​ដែលនាវាទាំងអស់នេះគួរទទួលបាននោះទេ»។ «ភាពអាចទៅរួចដែលថានឹងមានការកំពប់លេច ឬ​ឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនោះមានការកើនឡើងជារៀងរាល់ថ្ងៃ​ ពេលដែលចំនួននាវានេះកើនឡើង»។

នាវា Pablo មានភិនភាគលក្ខណៈជានាវាដែលដឹកទំនិញខុសច្បាប់។ Lloyd’s List ដែលជាប្រភពសារព័ត៌មានដឹកជញ្ជូនតាមផ្លូវទឹកបានរាយការណ៍កាលពីដើមខែឧសភា ឆ្នាំ 2023 ថា៖ «ការផ្លាស់ប្ដូរទង់ជាតិ កម្រិតថ្នាក់ ម្ចាស់ដែលបានចុះឈ្មោះ និងការប្ដូរឈ្មោះជាច្រើនលើកច្រើនសារ​គឺជាសញ្ញាព្រមានទៅដល់និយ័តករ ឬអ្នកផ្ដល់សេវាដែនទឹក ថាការរងគ្រោះថ្នាក់គឺជារឿងមុននិងក្រោយប៉ុណ្ណោះ។»

FreightWaves បានរាយការណ៍ថា នាវាដឹកធុងទំនិញចាស់ៗបំពុលបរិស្ថានច្រើនជាង ហើយមិនសូវមានសុវត្ថិភាពដើម្បីប្រតិបត្តិការនោះទេ។ នាវាដែលមានអាយុកាលចាស់ៗជាច្រើនពីមុនមកត្រូវបានគេរុះរើដើម្បីយកបំណែកអេតចាយ ហើយត្រូវបានជំនួសដោយនាវាថ្មីៗ ដែលមានប្រសិទ្ធភាពជាងមុន។ លោក Svein Moxnes Harfjeld ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននាវាដឹកជញ្ជូនប្រេងសាំង DHT Holdings បានប្រាប់ FreightWaves កាលពីដើមខែកុម្ភៈឆ្នាំ 2023 ថា ក្រុមនាវាដែលដឹកទំនិញខុសច្បាប់ ដែលក៏ត្រូវបានគេហៅផងដែរថាជាក្រុម​នាវាស្រមោល «អាចនឹងត្រូវបានគេចាត់ទុកថា​ជាការប្រើប្រាស់នាវានៅសេសសល់បែបថ្មី»។ «ខ្ញុំងឿងឆ្ងល់ថានឹងមានអ្វីកើតឡើងប្រសិនបើ ភ្លាមៗនោះយើងមាននាវាដឹកធុងប្រេងដ៏ធំ ដែលដាក់ចំណុះដល់ទៅ 2 លានធុងនៅលើកប៉ាល់ [ស្រាប់តែមានគ្រោះថ្នាក់] នៅជិតទីកន្លែងដែលមនុស្សរស់នៅ នៅច្រកសមុទ្រសិង្ហបុរី ឬនៅលើបណ្ដោយឆ្នេរមហាសមុទ្រឥណ្ឌាខាងលិច ឬនៅកណ្ដាលឈូងសមុទ្រអារ៉ាប់ ទៅនោះវិញ»។

ទណ្ឌកម្មអនុញ្ញាតឲ្យក្រុមហ៊ុនលោកខាងលិចដឹកជញ្ជូនផលិតផលប្រេងរបស់រុស្សី និង​ផលិតផលដែលស្ថិតក្រោមការដាក់កំហិត​ ហើយផ្ដល់ជូនការធានារ៉ាប់រង ប្រសិនបើការដឹកជញ្ជូនទាំងនោះគោរពបានតាមការកំណត់តម្លៃ​ដែលដាក់ឡើងដោយសម្ព័ន្ធមិត្ត ក្រោមការដឹកនាំរបស់ក្រុមប្រទេស G-7។ ព្រមជាមួយនឹងការដាក់កំហិតដូច្នេះ ការដឹកជញ្ជូនប្រេងទូទាំងសាកលលោកធ្វើឡើងតាមផ្លូវចំនួនមួយក្នុងចំណោមពីរ ដូចដែលលោក Matthews បានប្រាប់ទូរទស្សន៍ CNN ថា​៖ «មានក្រុមនាវាដែលមិនធ្វើអាជីវកម្មទាក់ទងនឹងរុស្សីណាមួយសោះឡើយ ហើយក៏មានក្រុមនាវាដែលធ្វើអាជីវកម្មទាក់ទងនឹងរុស្សីស្ទើរតែផ្ដាច់មុខតែម្ដង» នេះជាប្រសាសន៍របស់លោក។

ដោយមានតម្រូវការប្រេងឥន្ធនៈសកលខ្ពស់ — ឧទាហរណ៍៖ សាធារណរដ្ឋប្រជាមានិតចិនត្រូវការធនធានថាមពលដើម្បីចាប់ផ្ដើម​ឧស្សាហកម្មផលិតកម្មខ្នាតយក្សរបស់ខ្លួន បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃការរឹតត្បិតដោយសារជំងឺកូវីដ 19 — ទំនងណាស់ដែលថាក្រុមនាវាដឹកទំនិញខុសច្បាប់នឹងបន្តធ្វើដំណើរតាមសមុទ្រ។ ទូរទស្សន៍ CNN បានរាយការណ៍មកថា នាវាដឹកទំនិញមានចំនួនប្រហែលជា 10% នៃប្រភេទនាវាដឹកធុងប្រេង​ជាសកលខ្នាតធំ ហើយភាគរយនេះកំពុងតែកើនឡើង។

បណ្តាញ Bellingcat ដែលជាបណ្ដាញសារព័ត៌មានស៊ើបអង្កេត បានរាយការណ៍កាលពីពាក់កណ្ដាលខែឧសភាឆ្នាំ 2023 ថា ខណៈពេលដែលរូបភាពពីផ្កាយរណប​ និងរលកវិទ្យុដូចសូណារ បង្ហាញថានាវាកំពុងតែធ្វើចរាចរណ៍​ចូលនិងចេញពីស្ថានីយដឹកគ្រាប់ធញ្ញជាតិ Avlita នៅក្រុង​ Sevastopol នៃតំបន់ គ្រីមៀ នៃប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេស ដែលជាការបំពានទៅលើ​​ទណ្ឌកម្មអន្តរជាតិ។ នាវាទាំងនេះប្រាកដណាស់ថាបានបិទឧបករណ៍ទទួលសញ្ញាវិទ្យុនៃប្រព័ន្ធ AIS ​មុនពេលចូលទៅដល់កំពង់ផែសមុទ្រខ្មៅ។ Bellingcat បានរាយការណ៍ឲ្យដឹងថា បន្ទាប់ពីចេញដំណើរ ការផ្ទេរទំនិញពីកប៉ាល់មួយទៅកប៉ាល់មួយ​បង្កើននូវភាពលំបាកក្នុងការតាមដានប្រភពរបស់គ្រាប់ធញ្ញជាតិ។

 

ប្រភពរូបភាព៖ ទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្ររបស់ប្រទេសម៉ាឡេស៊ី


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button