ជំនួយព្យុះស៊ីក្លូននៅវ៉ានូទូ៖ ប្រទេសអូស្ត្រាលីផ្ដល់បុគ្គលិក សម្ភារផ្គត់ផ្គង់ និងក្តីសង្ឃឹម

Tom Abke
ប្រទេសអូស្ត្រាលីបានមានប្រតិកម្មយ៉ាងរហ័សនៅពេលដែលព្យុះស៊ីក្លូនត្រូពិចមួយគូបានបង្កការបំផ្លិចបំផ្លាញនៅប្រទេសវ៉ានូទូ កាលពីដើមខែមីនាឆ្នាំ 2023 ដែលបន្សល់ទុកឲ្យប្រជាជននៅក្នុងប្រទេសយ៉ាងហោចណាស់ 10% មិនមានផ្ទះសម្បែង និងបានធ្វើឲ្យខូចខាតដល់សាលារៀននិងមន្ទីរពេទ្យជាទម្ងន់។
សមាជិកកងកម្លាំងការពារជាតិរបស់ប្រទេសអូស្ត្រាលី (ADF) រាប់រយនាក់បានចំណាយពេលភាគច្រើននៅក្នុងខែមីនានៅលើប្រជុំកោះប៉ាស៊ីហ្វិក ដើម្បីធ្វើការវាយតម្លៃការខូចខាត ចែកចាយសម្ភារផ្គត់ផ្គង់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ រដ្ឋាភិបាលអូស្ត្រាលីបានរួមចំណែកចំនួនទឹកប្រាក់ជាង 8 លានដុល្លារសម្រាប់ជំនួយសង្គ្រោះ។
កាសែត Daily Post របស់ប្រទេសវ៉ានូទូបានរាយការណ៍មកថា ភូមិ Ipota នៅលើកោះ Erromango ទទួលរងគ្រោះយ៉ាងដំណំ ធ្វើឲ្យអ្នកភូមិនេះត្រូវដេកដោយមិនមានដំបូលបិទបាំង និងត្រូវផឹកទឹកកករល្អក់។ អ្នកភូមិមួយរូប ដែលជាអ្នករៀបចំជំនួយក្នុងគ្រោះមហន្តរាយ ឈ្មោះថា Philip Tanka បានមានប្រសាសន៍ថា ពេលដែលក្រុមផ្ដល់ជំនួយមកពីប្រទេសអូស្ត្រាលី បារាំង និងនូវែលសេឡង់បានមកដល់នាពាក់កណ្ដាលខែមីនា «ក្តីសង្ឃឹមបានកើតឡើងម្ដងទៀតទៅដល់ភូមិនេះ»។
ក្រុមអន្តរជាតិក្រោមការសម្របសម្រួលរបស់ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសវ៉ានូទូ បាននាំមកនូវម៉ាស៊ីនភ្លើង ឧបករណ៍នានា តង់ កញ្ចប់សម្ភារអនាម័យ ធុងដាក់ទឹកដែលអាចបត់ទុកបាន និងរណារ ព្រមជាមួយនឹងទូទឹកកកសម្រាប់ដាក់វ៉ាក់សាំង និងបន្ទះសូឡា។
កិច្ចខិតខំប្រឹងប្រែងដើម្បីផ្ដល់ជំនួយសង្គ្រោះស្រដៀងគ្នានេះត្រូវបានធ្វើឡើងទូទាំងប្រទេសដែលមានប្រជាជន 319 000 នាក់នេះ។ យន្តហោះយោធា ADF C-17A Globemaster បានមកដល់ដោយមានសម្ភារផ្គត់ផ្គង់ដំបូង និងក្រុមវាយតម្លៃ 12 នាក់។ ប៉ុន្មានថ្ងៃបន្ទាប់ បុគ្គលិកកងកម្លាំង 600 ADF និងសង្គ្រោះផ្សេងទៀតបានមកដល់តាមនាវាចម្បាំង HMAS Canberra របស់កងទ័ពជើងទឹកអូស្ត្រាលី ដោយមានសម្ភារផ្គត់ផ្គង់ជំនួយមនុស្សធម៌ជាង 100 តោន។ នាវានេះក៏នាំមកនូវឧទ្ធម្ភាគចក្រ Chinook ចំនួនបី រថយន្តជាង 40 គ្រឿងទូកតូចៗ នាវាយោធា និងគ្រឿងជំនួយផ្នែកភូមិសាស្ត្រ។ (រូបភាព៖ នាវា HMAS Canberra មកដល់ប្រទេសវ៉ានូទូជាមួយនឹងបុគ្គលិកសង្គ្រោះ និងសម្ភារផ្គត់ផ្គង់ក្នុងគ្រាអាសន្ន។)
ក្រុមការងារត្រូវបានដាក់ពង្រាយទៅកាន់តំបន់ដែលមានតម្រូវការខ្លាំងបំផុតយ៉ាងឆាប់រហ័ស នេះបើយោងទៅតាមក្រសួងការពារជាតិអូស្ត្រាលី។
អនុសេនីយ៍ Ellen Rosengreen នៃកងវិស្វកម្មចម្បាំងលេខ 3 របស់កងទ័ពអូស្ត្រាលីបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ពេលយើងបានទៅដល់ទីនោះ វិស្វកររបស់យើងអាចជួយសហគមន៍នៅក្នុងតំបន់ក្នុងការសម្អាតនិងការជួសជុលសាលារៀននិងមន្ទីរពេទ្យនៅក្នុងតំបន់»។ «យើងបានជួសជុលមន្ទីរពេទ្យ ដែលអាចឱ្យសហគមន៍នៅក្នុងតំបន់ផ្ដល់នូវការថែទាំសុខភាពចាំបាច់នានា»។
គិតត្រឹមដើមខែមេសា ឆ្នាំ 2023 នាវាចម្បាំង HMAS Canberra បានត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញជាមួយនឹងបុគ្គលិកសង្គ្រោះភាគច្រើន។ វិស្វករយោធា និងកងទ័ពផ្ដល់ជំនួយរបស់អូស្ត្រាលីប្រហែលជា 60 នាក់បន្តស្ថិតនៅក្នុងប្រទេសវ៉ានូទូ។
លោក Pat Conroy ដែលជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិនិងតំបន់ប៉ាស៊ីហ្វិករបស់ប្រទេសអូស្ត្រាលី បានប្រកាសឲ្យដឹងអំពីមួយចំណែកនៃជំនួយសង្គ្រោះដែលមានថវិកា 8,1 លានដុល្លាររបស់ប្រទេស ខណៈពេលដែលធ្វើទស្សនកិច្ចនៅប្រទេសវ៉ានូទូក្នុងខែនោះ។ ថវិកានេះនឹងផ្ដល់អាហារ ជួសជុលមន្ទីរពេទ្យនិងសាលារៀន ប្ដូរសៀវភៅពុម្ពសិក្សា និងជំនួយក្នុងការបង្រៀន ហើយនឹងជួយដល់គ្រួសារដែលកំពុងតែមានការលំបាកក្នុងស្ថានភាពក្រោយពេលព្យុះ។
កាសែត Daily Post បានរាយការណ៍ថា លោក Conroy ជួបជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសវ៉ានូទូ លោក Ishmael Kalsakau ដើម្បីពិភាក្សាអំពីជំនួយសង្គ្រោះព្យុះស៊ីក្លូន និងភាពជាដៃគូសន្តិសុខរបស់ប្រទេស។ លោកក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់សាលាក្នុងភូមិមួយនៅ Pango ដែលត្រូវបានជួសជុលដោយមន្ត្រីអនុវត្តច្បាប់នៃប្រទេសអូស្ត្រាលី។
ក្នុងអំឡុងពេលប្រកាសអំពីជំនួយនេះ ឧត្តមស្នងការអូស្ត្រាលីប្រចាំប្រទេសវ៉ានូទូ លោកស្រី Sarah de Zoeten បានកត់សម្គាល់ឃើញនូវជំនួយរបស់ប្រទេសវ៉ានូទូ ក្នុងអំឡុងពេលភ្លើងឆេះព្រៃដែលមិនធ្លាប់មានពីមុនមកនៅក្នុងភាគខាងត្បូងនិងខាងកើតនៃប្រទេសអូស្ត្រាលី កាលពីឆ្នាំ 2019 និង 2020។
លោកស្រីបានមានប្រសាសន៍ថា៖ «ស្រដៀងគ្នានេះដែរ ពេលដែលប្រជាជននៅវ៉ានូទូជួបប្រទះនឹងការលំបាក ប្រទេសអូស្ត្រាលីចង់ទៅទីនោះដើម្បីជួយពួកគេផងដែរ»។
ប្រភពរូបភាព៖ កងកម្លាំងការពារជាតិនៃប្រទេសអូស្ត្រាលី