ជប៉ុន កូរ៉េខាងត្បូង អាមេរិក ពិភាក្សាចែករំលែកទិន្នន័យមីស៊ីលកូរ៉េខាងជើង
The Associated Press
អ្នកនាំពាក្យរដ្ឋាភិបាលក្រុងតូក្យូបាននិយាយនៅដើមខែឧសភា ឆ្នាំ 2023 ថា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងចរចាកិច្ចព្រមព្រៀងស្តីពីការចែករំលែកទិន្នន័យក្នុងពេលជាក់ស្តែង ស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ខណៈដែលកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងបីនេះកាន់តែមានសារៈសំខាន់ ចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលពីកូរ៉េខាងជើង។
ប្រធានលេខាធិការខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយថា៖ «ខ្ញុំយល់ថាអាជ្ញាធរការពារជាតិកំពុងដំណើរការយ៉ាងស្វាហាប់ដើម្បីធ្វើការរៀបចំមួយ»។ «បរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញទៅ ហើយការសម្របសម្រួលរវាងប្រទេសទាំងពីរ ក៏ដូចជាត្រីភាគីជាមួយសហរដ្ឋអាមេរិកកាន់តែមានសារៈសំខាន់»។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ហើយកិច្ចសហប្រតិបត្តិការគឺជាគន្លឹះនៃយុទ្ធសាស្ត្រសន្តិសុខរបស់ប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិក នៅពេលដែលភាពតានតឹងកើនឡើងជាមួយសាធារណរដ្ឋប្រជាមានិតចិន (PRC) កូរ៉េខាងជើង និងរុស្សី។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូងមានការតភ្ជាប់ដាច់ដោយឡែកពីគ្នាទៅនឹងទិន្នន័យពីប្រព័ន្ធរ៉ាដារបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែនដោយផ្ទាល់ទៅគ្នាទៅវិញទៅមកនោះទេ។ មេដឹកនាំនៃប្រទេសទាំងបីបានព្រមព្រៀងគ្នាក្នុងខែវិច្ឆិកា ឆ្នាំ 2022 ដើម្បីពន្លឿនការចែករំលែកព័ត៌មានស្តីពីការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង។
កាសែត Yomiuri Shimbun បានរាយការណ៍កាលពីខែឧសភា ឆ្នាំ 2023 ថា ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ជិតឈានដល់កិច្ចព្រមព្រៀងលើការភ្ជាប់រ៉ាដារបស់ពួកគេតាមរយៈប្រព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានព្រមានអំពីមីស៊ីលរបស់កូរ៉េខាងជើងក្នុងពេលជាក់ស្តែង ហើយវានឹងពង្រឹងសមត្ថភាពការពារមីស៊ីលរបស់ជប៉ុន។
កាសែតជប៉ុននេះបានរាយការណ៍ថា ប្រទេសទាំងនេះត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងមួយនៅដើមខែមិថុនា ឆ្នាំ 2023 នៅក្នុងកិច្ចប្រជុំបន្ទាប់បន្សំអំឡុងពេលនៃកិច្ចសន្ទនា Shangri-La ដែលជាសន្និសីទរដ្ឋមន្ត្រីការពារជាតិប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ដែលរដ្ឋមន្ត្រីការពារជាតិជប៉ុន និងកូរ៉េខាងត្បូងនឹងធ្វើកិច្ចពិភាក្សាទ្វេភាគី។
កិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ដែលភាគច្រើនដោយសារតែអារម្មណ៍រួមគ្នារបស់ពួកគេនៃភាពបន្ទាន់ជុំវិញការកើនឡើងនៃការគំរាមកំហែងសន្តិសុខក្នុងតំបន់។
(រូបភាព៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ខាងឆ្វេង ជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងខែឧសភា ឆ្នាំ 2023។)
ប្រភពរូបភាព៖ THE ASSOCIATED PRESS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។