ជប៉ុន កូរ៉េខាងត្បូងពង្រឹងចំណងការពារជាតិ និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់

Marc Jacob Prosser
ប្រទេសជប៉ុន និងកូរ៉េខាងត្បូងកំពុងតែធ្វើការជាមួយគ្នាក្នុងវិស័យសំខាន់ៗមួយចំនួន រួមមានទាំងវិស័យការពារជាតិ និងភាពធន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ មន្ត្រី និង អ្នកវិភាគនានាបានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងជាផ្លូវការ និងកិច្ចសន្ទនាដែលមានកាន់តែច្រើនឡើងនេះ រដ្ឋាភិបាលរបស់ពួកគេកំពុងតែចែករំលែកព័ត៌មាន និងសហការទៅលើផ្នែកសន្តិសុខពាណិជ្ជកម្មវិស័យបច្ចេកវិទ្យា។
លោកប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង Yoon Suk Yeol បានមានប្រសាសន៍មុនពេលកិច្ចប្រជុំកំពូលក្នុងឆ្នាំ 2023 ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថា៖ «មានតម្រូវការកាន់តែខ្លាំងឡើងសម្រាប់ប្រទេសកូរ៉េ [ខាងត្បូង] និង ជប៉ុនក្នុងការសហការក្នុងសម័យកាលវិបត្តិពហុភាគីនេះ ជាមួយនឹងការគំរាមកំហែងដោយគ្រាប់មីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ដែលកាន់តែមានសភាពយ៉ាប់យ៉ឺនឡើង និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលកំពុងតែរងការរំខាន»។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នារបស់ពួកគេនៅក្នុងទីក្រុងតូក្យូ លោក Kishida បានគាំទ្រដល់យោបល់របស់លោក Yoon ដោយធ្វើការសង្កត់ធ្ងន់ទៅលើបរិយាកាសសន្តិសុខប្រកបដោយការប្រកួតប្រជែងនៅក្នុងតំបន់ និងតម្រូវការដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីឱ្យបានកាន់តែមានភាពស្វាហាប់ឡើង។
ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងបានព្រមព្រៀងចាប់ផ្តើមការពិភាក្សាអំពីសន្តិសុខឡើងវិញរវាងមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីការទូតជាន់ខ្ពស់។ ពួកគេក៏មានគោលបំណងធ្វើឲ្យកិច្ចព្រមព្រៀងក្នុងការចែករំលែកព័ត៌មានរបស់ពួកគេក្លាយជាការអនុវត្តសាមញ្ញ ហើយចាប់ផ្ដើមទស្សនៈកិច្ចក្រៅផ្លូវការរបស់កាទូតឲ្យបានញឹកញាប់។
ការកើនឡើងកិច្ចសហប្រតិបត្តិការកើតមានបន្ទាប់ពីរយៈពេលជាច្រើនទសវត្សរ៍នៃទំនាក់ទំនងដែលមិនល្អប្រសើរ ដែលមានចាប់តាំងពីការចូលត្រួតត្រារបស់ប្រទេសជប៉ុនទៅលើឧបទ្វីបកូរ៉េនៅក្នុងពាក់កណ្ដាលទីមួយនៃសតវត្សរ៍ទី 20។
លោក Yoichiro Sato ដែលជាសាស្ត្រាចារ្យជំនាញទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាល័យ Ritsumeikan Asia Pacific ក្រុង Beppu ប្រទេសជប៉ុនបានមានប្រសាសន៍ថា ការចែករំលែកព័ត៌មានអាចជួយឲ្យទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូដឹងអំពីការរីកចម្រើននៃគ្រាប់មីស៊ីលអន្តរទ្វីប និងមីស៊ីលនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
លោក Sato បានប្រាប់ដល់ទស្សនាវដ្ដី FORUM ថា៖ «ការផ្សះផ្សារចំណងមិត្តភាពទ្វេភាគីក៏បានធ្វើឱ្យមានឡើងវិញនូវការចូលរួមរបស់អ្នកអង្កេតការណ៍នៅក្នុងសមយុទ្ធយោធារៀងៗខ្លួនរបស់ប្រទេសទាំងពីរជាមួយនឹងសហរដ្ឋអាមេរិក។ សមយុទ្ធទាំងនេះរួមចំណែកដល់ការបង្កើតឲ្យមានជំនឿទុកចិត្តបន្ថែមទៀតរវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន ជាការត្រួសត្រាយផ្លូវទៅរកកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីកាន់តែជិតស្និទ្ធ»។
ដូចគ្នាទៅនឹងការបញ្ជាក់អះអាងអំពីចំណងមិត្តភាពក្នុងវិស័យការពារជាតិ កិច្ចប្រជុំកំពូលទ្វេភាគីថ្មីៗនេះក៏បានពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ នេះបើយោងទៅតាមលោក Nozomu Yoshitomi ដែលជាសាស្ត្រាចារ្យមួយរូបនៅក្នុងមហាវិទ្យាល័យគ្រប់គ្រងហានិភ័យនៃសាកលវិទ្យាល័យ Nihon របស់ទីក្រុងតូក្យូ។
លោក Yoshitomi ដែលជាឧត្តមសេនីយ៍ទោចូលនិវត្តន៍មួយរូបបានប្រាប់ទស្សនាវដ្តី FORUM ថា៖ «លទ្ធភាពនៃការសហការរវាងប្រទេសទាំងពីរចំពោះសន្តិសុខសេដ្ឋកិច្ច ដោយមានប្រទេសចិននៅក្នុងចិត្ត គឺជាស្នាដៃដ៏ចម្បងមួយ»។
សាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែគោលជំហរទាមទារទឹកដីកាន់តែខ្លាំងរបស់ប្រទេសនេះនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនាំឲ្យមានការលំបាកនានានៅក្នុងគោលនយោបាយបរទេសនិងសេដ្ឋកិច្ច។ ជម្លោះពាណិជ្ជកម្មរវាងសាធារណរដ្ឋប្រជាមានិតចិននិងសហរដ្ឋអាមេរិក និងដៃគូក៏ដូចជាសម្ព័ន្ធមិត្តរបស់ប្រទេសនេះធ្វើឲ្យស្ថានភាពកាន់តែមានភាពស្មុគស្មាញបន្ថែមទៀត ដែលនាំឲ្យប៉ះពាល់ទៅដល់ការនាំចូលនិងការលក់ទំនិញដូចជាបន្ទះឈីបកុំព្យូទ័រជាដើម។
ឧទាហរណ៍ ស្ថាប័ននីតិបញ្ញត្តិសហរដ្ឋអាមេរិកថ្មីៗនេះព្យាយាមពង្រឹងទៅលើការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតកម្មបន្ទះឈីបជាតិ ខណៈពេលដែលធ្វើការទប់ស្កាត់លទ្ធភាពរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងការទទួលបានបន្ទះឈីប និងឧបករណ៍បង្កើតបន្ទះឈីបជឿនលឿន។ ស្ថាប័ននេះជំរុញដល់ដៃគូនិងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកឲ្យធ្វើការដាក់កំហិតទៅដល់អន្តរកម្មបន្ទះឈីបកុំព្យូទ័រជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន។
សាធារណរដ្ឋប្រជាមានិតចិនគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់បន្ទះឈីប និងឧបករណ៍បង្កើតបន្ទះឈីបសម្រាប់ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនបន្ទះឈីបកុំព្យូទ័រក៏បានបើករោងចក្រនៅក្នុងសាធារណរដ្ឋប្រជាមានិតចិនផងដែរដើម្បីទាញយកផលប្រយោជន៍ពីតម្លៃផលិតកម្មទៀត។
ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិកបានបង្កើតសម្ព័ន្ធមិត្តបន្ទះឈីបទាំង 4 (Chip 4 Alliance) ដើម្បីធានាឲ្យបាននូវផលិតកម្មនិងការផ្គត់ផ្គង់បន្ទះឈីបកុំព្យូទ័រប្រកបដោយស្ថិរភាព។
នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ លោក Kishida និងលោក Yoon បានព្រមព្រៀងគ្នាក្នុងការពង្រឹងសន្តិសុខសេដ្ឋកិច្ចតាមរយៈការដោះស្រាយការលំបាក ដែលមានរួមគ្នា ដូចជាការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងការបង្ការការលេចធ្លាយបច្ចេកវិទ្យាសម្ងាត់។
ប្រទេសជប៉ុនបានព្រមព្រៀងលុបចោរការហាមឃាត់ទៅលើការនាំចេញសម្ភារចាំបាច់នានាក្នុងវិស័យឧស្សាហកម្មសម្រាប់អេក្រង់ស្មាតហ្វូន និងបន្ទះឈីបសឺម៉ីកុងឌុចទ័រ។ ដំណាលគ្នានោះ ទីក្រុងសេអ៊ូលបានប្រកាសថាខ្លួននឹងស្ដារស្ថានភាពរបស់ទីក្រុងតូក្យូឲ្យទៅជាដៃគូពាណិជ្ជកម្មដែលខ្លួនពេញចិត្តវិញ។
ប្រភពរូបភាព៖ SHUTTERSTOCK
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។