តំបន់អូសេអានីភាពជាដៃគូ

ការហ្វឹកហ្វឺនកងកម្លាំងការពារជាតិរបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ផ្ដោតទៅលើស្ត្រី សន្តិភាព និងសន្តិសុខ

បុគ្គលិកទស្សនាវដ្តី FORUM

កងកម្លាំងការពារជាតិរបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (PNGDF) បានផ្ដល់ជូនការហ្វឹកហ្វឺន​កម្រិតឯកទេស​នៅក្នុងខែមីនាឆ្នាំ 2023 ដោយមានគោលបំណងកាត់បន្ថយអំពើហិង្សាដែលផ្អែកទៅលើយេនឌ័រ ការរួមបញ្ចូលទិដ្ឋភាពយេនឌ័រ​ និងការទទួលស្គាល់​តម្រូវការសន្តិសុខរបស់យេនឌ័រជាក់លាក់។

តាមការស្នើសុំរបស់គណៈកម្មាធិការយេនឌ័ររបស់កងកម្លាំង PNGDF ការិយាល័យស្ត្រី សន្តិភាព និងសន្តិសុខ (WPS) របស់បញ្ជាការតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​អាមរិក (USINDOPACOM) ​បានរចនា អភិវឌ្ឍ និងដឹកនាំវគ្គសិក្សាស្ដីអំពីចំណុចផ្ដោតនៃយេនឌ័រ។ វាគឺជាវគ្គហ្វឹកហ្វឺនដំបូងរបស់ WPS សម្រាប់កងកម្លាំង PNGDF ហើយរួមមានទាំងបុរស 17 នាក់និងស្ត្រី 13 នាក់ មកពីក្រសួងការពារជាតិ​របស់ប្រទេសនេះ បន្ថែមពីលើសមាជិកគណៈកម្មាធិការយេនឌ័រ មន្ត្រីប៉ូលិស វិស្វករ បព្វជិត ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានវិជ្ជាជីវៈខាងសេវាកម្មសុខភាព ក៏ដូចជាបុគ្គលិកកងកម្លាំង PNGDF ផ្សេងទៀត។ កងកម្លាំងការពារជាតិនៃប្រទេសអូស្ត្រាលី (ADF) ក៏បានផ្ដល់ជូនគ្រូបង្រៀន និងអ្នកសម្របសម្រួលសម្រាប់ការហ្វឹកហ្វឺនផងដែរ។ (រូបភាព៖ អ្នកចូលរួមក្នុងវគ្គសិក្សាចំណុចផ្ដោតស្ដីពីយេនឌ័របង្ហាញទង់ជាតិរបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។)

សិស្សដែលបញ្ចប់ការហ្វឹកហ្វឺន ដែលគេក៏ហៅផងដែរថាជា​ចំណុចផ្ដោតស្ដីអំពីយេនឌ័រ បានទទួលកិច្ចការឱ្យ​ជួយគាំទ្រដល់​គំនិតផ្តើមរបស់ WPS ដូចជាការរួមបញ្ចូលទិដ្ឋភាពនានានៃយេនឌ័រទៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ហើយទទួលស្គាល់ឥទ្ធិពលនៃជម្លោះនិងវិបត្តិទៅលើស្ត្រីនិងកុមារី។

ប្រធានក្នុងការហ្វឹកហ្វឺនរបស់កងកម្លាំង PNGDF វរសេនីយ៍ឯក Dickers Esso បានមានប្រសាសន៍ថា៖ «ជំនឿទុកចិត្ត​ទៅលើស្ត្រីនៅក្នុងកងកម្លាំងរបស់យើង​​ជួយពង្រឹងជំនឿទុកចិត្ត​នៅក្នុងចំណោមប្រជាជន ដែលយើងធ្វើការជាមួយ​នៅក្នុងការដាក់ពង្រាយ និងការចូលរួមនៃកម្លាំងរបស់យើង»។ «យើងមានវត្តមាននៅទីនេះដើម្បីបំពេញការខ្វះចន្លោះឱ្យ​គ្នា…. រៀនមេរៀនទាំងនេះនៅខាងក្រៅ ហើយបញ្ចូលទៅក្នុងជីវិតរបស់យើង»។

មេរៀននេះគឺផ្អែកទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ 1325 ដែលធ្វើការអះអាងអំពីសារៈសំខាន់របស់ស្ត្រី​ក្នុងការបង្ការនិងការដោះស្រាយជម្លោះ ការបង្កើតឱ្យ​មានសន្តិភាព និងការឆ្លើយតបបែបមនុស្សធម៌​ ហើយសង្កត់ធ្ងន់ទៅលើតម្លៃនៃការចូលរួមស្មើភាពគ្នារបស់ស្ត្រីនៅក្នុងកិច្ច​ខិតខំប្រឹងប្រែងដើម្បីសន្តិសុខនិងសន្តិភាព។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់រដ្ឋ​ជាសមាជិកទាំងអស់​​ឱ្យ​ចាត់វិធានការ ដែលធានា​ឱ្យ​បាន​នូវការគោរពដល់សិទ្ធិស្ត្រី និងចាត់វិធានការដើម្បីការពារស្ត្រីនិងកុមារីពីអំពើហិង្សានានា។

អ្នកចូលរួមនៅក្នុងវគ្គសិក្សារបស់កងកម្លាំង PNGDF បានសិក្សាអំពីឧបករណ៍ និងដំណើរការនានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ — ការប្រព្រឹត្តដោយស្មើភាពគ្នាដោយផ្អែកទៅលើតម្រូវការជាក់លាក់ —និងសមភាពនៅក្នុងកងកម្លាំងប្រដាប់អាវុធ។ (រូបភាព៖ មន្ត្រីនៃកងកម្លាំង​ PNGDF ​ចូលរួមនៅក្នុងការពិភាក្សាជាក្រុម​ក្នុងអំឡុងពេលការហ្វឹកហ្វឺនចំណុចផ្ដោតស្ដីអំពីយេនឌ័រ។)

មន្ត្រីនៃកងកម្លាំង PNGDF ចូលរួមនៅក្នុងការពិភាក្សាជាក្រុមក្នុងអំឡុងពេលការហ្វឹកហ្វឺនចំណុចផ្ដោតស្ដីអំពីយេនឌ័រ។ ប្រភពរូបភាព៖ ការិយាល័យស្រ្តី សន្តិភាព និងសន្តិសុខនៃទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM)

ស្ត្រីដែលជាអ្នកចូលរួមមួយរូបបានមានប្រសាសន៍ថា៖ “[ទិដ្ឋភាព] យេនឌ័រ​ពាក់ព័ន្ធទៅនឹងតម្រូវការរបស់អ្នកគ្រប់គ្នា — បុរស ស្ត្រី កុមារា និងកុមារី។ មិនមែនស្ត្រីតែម្នាក់ឯង ដូចដែលខ្ញុំធ្លាប់បានគិតពីមុននោះទេ» នេះបើយោងទៅតាមការិយាល័យ WPS របស់ទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM)។

កងកម្លាំង PNGDF ក៏បានបង្កើតក្របខណ្ឌឆ្លើយតបនិងបង្ការអំពើហិង្សា​ដែលផ្អែកទៅលើយេនឌ័រផងដែរ។

លោកវីរសេ​​នីយ៍ទោ Brendan Creer ជាកងកម្លាំងការពារជាតិអូស្រ្តាលី ដែលបានជួយដឹកនាំការហ្វឹកហ្វឺន បានសាទរចំពោះការងារ WPS ដែលកំពុងដំណើរការ និងបានធ្វើឡើងដោយប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ព្រមទាំងដៃគូ​​ ដូចជា ប្រទេសនូវែលសេឡង់ និងសហរដ្ឋអាមេរិកជាដើម។ លោកបា​នប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការដែលបានបន្តរវាងដៃគូមានគំនិតដូចគ្នា នឹងបន្តបំពេញបន្ថែមនូវលទ្ធផលនៃកិច្ចសហប្រតិបតិ្តការនេះ និងការហ្វឹកហ្វឺននាពេលអនាគត»។

អ្នកចូលរួមទាំងអស់បានធ្វើការស្នើសុំនូវការហ្វឹកហ្វឺន WPS បន្ថែមទៀត និងបានលើកឡើងថាវគ្គការហ្វឹកហ្វឺនសមយុទ្ធ បានផ្លាស់ប្តូរនូវការយល់ដឹងបទដ្ឋានយេនឌ័របុរាណ តួនាទីនិងការរំពឹងទុក នេះបើយោងទៅតាមថ្នាក់ដឹកនាំរបស់ទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM)។

ទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) បានបង្កើតការិយាល័យ WPS របស់ខ្លួនក្នុងឆ្នាំ 2019 ដើម្បីផ្តល់ការហ្វឹកហ្វឺន ការអប់រំ ការស្រាវជ្រាវ និងការចូលរួមជាមួយប្រទេសជាដៃគូ។

ប្រភពរូបភាព៖ ការិយាល័យស្រ្តី សន្តិភាព និងសន្តិសុខនៃទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ​(USINDOPACOM)


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button