ការថ្កោលទោសចំពោះ ការគាបសង្កត់
ការរិះគន់កាន់តែច្រើន ទណ្ឌកម្មផ្តោតទៅលើការប្រព្រឹត្តិ អំពើអមនុស្សធម៌របស់បក្សកុម្មុយនិស្តចិនទៅលើក្រុមជនជាតិអ៊ុយហ្គួរ
បុគ្គលិករបស់ទស្សនាវដ្តី FORUM
កម្លាំងពលកម្មដោយបង្ខំរបស់ជនជាតិអ៊ុយហ្គួរ និងជនជាតិដើមភាគតិចផ្សេងទៀត បន្តជំរុញការផលិតនៅក្នុងតំបន់ស៊ីនជាំង (Xinjiang) នៃប្រទេសចិន នេះបើយោងតាមការស៊ើបអង្កេតដ៏ច្របូកច្របល់ រួមទាំងរបាយការណ៍សំខាន់ៗរបស់អង្គការសហប្រជាជាតិផងដែរ។ ការស្រាវជ្រាវក៏បង្ហាញផងដែរថា បក្សកុម្មុយនិស្តចិន (CCP) កំពុងតែធ្វើសកម្មភាពភាគច្រើនតាមរយៈសហគ្រាស Xinjiang Production and Construction Corps (XPCC) ដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីគាបសង្កត់ក្រុមជនជាតិភាគតិច។
របាយការណ៍បានបង្ហាញថា ទោះបីជាចំនួនប្រទេស និងស្ថាប័នអន្តរជាតិដែលកំពុងកើនឡើងបានថ្កោលទោសបក្សកុម្មុយនិស្តចិន និងបានបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបកេងប្រវ័ញ្ចក៏ដោយ វិធានការខ្លាំងជាងនេះប្រហែលជាត្រូវការជាចាំបាច់ដើម្បីកាត់បន្ថយការអនុវត្តដោយបំពាន ដែលរួមមានការធ្វើទារុណកម្ម និងការប្រល័យពូជសាសន៍។
«រដ្ឋាភិបាលចិនកំពុងតែបកស្រាយអំពីអត្តសញ្ញាណ សាសនា និងវប្បធម៌ផ្សេងគ្នារបស់ជនជាតិអ៊ុយហ្គួរ និងប្រជាជនតួកគីផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង (Xinjiang) ដែលភាគច្រើនជាមូស្លីម ជាការគំរាមកំហែងផ្នែកសន្តិសុខជាតិ និងជាការគំរាមកំហែងខាងវប្បធម៌ដល់ឯកភាពរបស់ចិន។ នេះបើតាមលោកស្រី Irina Bukarin ដែលជាអ្នកវិភាគនាំមុខគេនៅលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ 2022 ដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាការពារកម្រិតខ្ពស់ (C4ADS) ដែលមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានថ្លែងប្រាប់អង្គភាពវិទ្យុ National Public Radio។ «ហើយដូច្នេះ ពួកគេបានចាប់ជនជាតិអ៊ុយហ្គួរដាក់ពន្ធធនាគា និងបង្ខំពួកគេឱ្យធ្វើការងារក្នុងលក្ខខណ្ឌការងារបង្ខិតបង្ខំ ផ្ដាច់ពួកគេចេញពីសហគមន៍ ហើយបញ្ជូនពួកគេទៅធ្វើការនៅវាលស្រែ និងរោងចក្រដែលមានចម្ងាយជាច្រើនរយគីឡូម៉ែត្រពីគ្រួសាររបស់ពួកគេ»។
សហគ្រាស XPCC មានមុខងារជារដ្ឋាភិបាលពាក់កណ្តាលតំបន់ អង្គភាពយោធាប្រតិព័ន្ធ ប្រតិបត្តិករពន្ធនាគារ អាណាចក្រប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធអប់រំ ហើយជាសហគ្រាសដែលដំណើរការដោយរដ្ឋដ៏ធំបំផុតមួយរបស់ពិភពលោក នេះបើយោងតាមរបាយការណ៍នៅក្នុងខែកក្កដា ឆ្នាំ 2022 ដែលរាយការណ៍ដោយមជ្ឈមណ្ឌល Helena Kennedy សម្រាប់យុត្តិធម៌អន្តរជាតិនៅសាកលវិទ្យាល័យ Sheffield Hallam នៅចក្រភពអង់គ្លេស។ «រដ្ឋាភិបាលកណ្តាលនៃ PRC [សាធារណៈរដ្ឋប្រជាមានិតចិន] ចាត់ទុកសហគ្រាស XPCC ជា ‘ប្រព័ន្ធពិសេសនៃសមាហរណកម្មរបស់រដ្ឋាភិបាល យោធា និងសហគ្រាស’»។
សហគ្រាស XPCC ពង្រាបជនជាតិអ៊ុយហ្គួរ និងទាញយកកម្លាំងពលកម្មរបស់ពួកគេសម្រាប់ការបណ្តាក់ទុនដែលផ្គត់ផ្គង់ដល់សាធារណរដ្ឋប្រជាមានិតចិន — និងភាគច្រើននៃពិភពលោក — ជាមួយផលិតផល និងសេវាកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្កើនកាន់តែខ្លាំងឡើងក្រោមការដឹកនាំរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលអះអាងថា ជនជាតិអ៊ុយហ្គួរអាចបង្កការរំខាន ឬសូម្បីតែជាភេរវករ។
នៅចុងខែសីហាឆ្នាំ 2022 បីខែបន្ទាប់ពីការទៅទស្សនកិច្ចតំបន់ស៊ីនជាំង (Xinjiang) ពេលនោះ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានចេញផ្សាយរបាយការណ៍ដែលទន្ទឹងរង់ចាំជាយូរមកហើយ ដែលអះអាងថាការឃុំខ្លួនជនជាតិអ៊ុយហ្គួរ និងជនជាតិភាគតិចផ្សេងទៀតរបស់សាធារណរដ្ឋប្រជាមានិតចិន អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការវាយតម្លៃចំនួន 46 ទំព័របានកត់សម្គាល់ការរំលោភសិទ្ធិ រួមទាំងការធ្វើទារុណកម្ម ដែលទាមទារការយកចិត្តទុកដាក់ទូទាំងពិភពលោក។
ទីក្រុងប៉េកាំង ដែលបានទាមទារឱ្យលោកស្រី Bachelet មិនបានបញ្ចេញរបាយការណ៍នោះ បានបង្ហាញពីការរកឃើញរបស់លោកស្រី ថាជាផ្នែកមួយនៃយុទ្ធនាការរបស់លោកខាងលិច ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន។ សារព័ត៌មាន Associated Press (AP) បានរាយការណ៍ថា អ្នកការទូតចិនម្នាក់បានលើកឡើងថា សាធារណរដ្ឋប្រជាមានិតចិន នឹងលែងសហការជាមួយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទៀតហើយ។
អ្នកជំនាញផ្នែកច្បាប់ និងជាសកម្មជនសិទ្ធិមនុស្សរបស់ចិន លោក Teng Biao បានថ្លែងថា៖ «អ្វីដែលកំពុងតែកើតឡើងនៅក្នុងតំបន់ស៊ីនជាំង (Xinjiang) គឺជាគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតនៃសម័យកាលរបស់យើង»។ លោក Teng បានលើកឡើងនៅក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ (CFR) នៅក្នុងខែកក្កដា ឆ្នាំ 2021 ថា «សម្រាប់មនុស្សភាគច្រើនដែលត្រូវបានឃុំខ្លួននៅក្នុងជុំរុំឃុំឃាំង ឧក្រិដ្ឋកម្មតែមួយគត់របស់ពួកគេគឺភាពជា [ជនជាតិអ៊ុយហ្គួរ] ជាមូស្លីម ឬបដិសេធមិនលះបង់អត្តសញ្ញាណវប្បធម៌ ឬសាសនារបស់ពួកគេ — ដូចជាការពាក់ពុកមាត់វែង ពាក់ស្បៃមុខនៅទីសាធារណៈ និងការបដិសេធមិនមើលទូរទស្សន៍រដ្ឋ ការបដិសេធមិនទទួលទានគ្រឿងស្រវឹង ការមានកូនច្រើន ការធ្លាប់ទៅបរទេស ការដាក់ពាក្យសុំលិខិតឆ្លងដែន ការមានគម្ពីគូរ៉ាណ (Quran) ការនិយាយជាមួយសាច់ញាតិ ឬសមាជិកគ្រួសារដែលរស់នៅបរទេសជាដើម»។ លោក Teng មានសញ្ញាបត្របណ្ឌិតផ្នែកទស្សនវិជ្ជាច្បាប់ពីសាកលវិទ្យាល័យ Peking University និងបានបង្រៀននៅសកលវិទ្យាល័យ China University of Political Science and Law មុនពេលចាកចេញពីប្រទេសកំណើតរបស់លោក។
ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ (CFR) ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យមួយបានរាយការណ៍ថា ចាប់តាំងពីឆ្នាំ 2017 មក រដ្ឋាភិបាលចិនបានចាប់ឃុំខ្លួនមនុស្សជាង 1 លាននាក់នៅក្នុងតំបន់ស៊ីនជាំង (Xinjiang) ហើយបានដាក់អ្នកផ្សេងទៀតក្រោមការឃ្លាំមើល ការរឹតបន្តឹងសាសនា ការបង្ខំឱ្យធ្វើការ និងការតម្រូវឱ្យក្រៀវ។ រូបថតពីលើអាកាសដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បានបង្ហាញពីការពង្រីកបណ្តាញដ៏ធំទូលាយនៃជុំរុំឃុំខ្លួនរបស់រដ្ឋាភិបាលនៅក្នុងតំបន់ចាប់ពីខែមេសា ឆ្នាំ 2017 រហូតដល់ខែសីហា ឆ្នាំ 2018។ មន្ត្រីបក្សកុម្មុយនិស្តចិន បដិសេធថា មជ្ឈមណ្ឌលដែលហៅថាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនោះរំលោភបំពានលើសិទ្ធិមនុស្សរបស់ជនជាតិអ៊ុយហ្គួរ។
លោក Tomoya Obokata អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកទម្រង់ទាសភាពសហសម័យ បានធ្វើសេចក្ដីសន្និដ្ឋាននៅពាក់កណ្តាលខែសីហា ឆ្នាំ 2022 ថា អ្នកជាប់ឃុំជាច្រើនធ្វើការក្រោមលក្ខខណ្ឌដែល «អាចស្មើនឹងទាសភាព ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
បក្សកុម្មុយនិស្តចិន ចង់ឱ្យជនជាតិអ៊ុយហ្គួរអនុលោមតាមកំណែស្តង់ដារនៃអត្តសញ្ញាណចិន ដោយបោះបង់ចោលវប្បធម៌ ជំនឿសាសនា និងបំណងប្រាថ្នាណាមួយសម្រាប់ឯករាជ្យភាពរបស់ពួកគេ។ សហគ្រាស XPCC លើកទឹកចិត្តដល់ជនជាតិចិនហាន ដែលជាក្រុមជនជាតិភាគតិចដ៏ធំបំផុតនៃប្រទេសនេះ ផ្លាស់ទីទៅតំបន់ស៊ីនជាំង និងប្រឹងប្រែងទប់ស្កាត់អត្រាកំណើតនៃជនជាតិអ៊ុយហ្គួរ នេះបើយោងតាមការរាយការណ៍របស់កាសែត The Guardian។
បន្ទាប់ពីទទួលបានដំណឹងពីអ្នករស់រានមានជីវិតពីជុំរុំឃុំខ្លួន និងអ្នកជំនាញក្នុងតំបន់ សាលាក្តីនៃជនជាតិអ៊ុយហ្គួរ ដែលជាក្រុមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានកំណត់ថា វិធានការពន្យាកំណើត និងការក្រៀវដែលដាក់លើជនជាតិអ៊ុយហ្គួរ គឺជាអំពើប្រល័យពូជសាសន៍។
លោក Geoffrey Nice ជាមេធាវីរបស់ចក្រភពអង់គ្លេសដែលបានធ្វើជាប្រធានសវនាការមុនសេចក្ដីសម្រេចរបស់សាលាក្តីនៅខែធ្នូ ឆ្នាំ 2021 បានមានប្រាសន៍ថា ក្រុមបានរកឃើញថា សាធារណរដ្ឋប្រជាមានិតចិន បានអនុវត្ត «គោលនយោបាយដោយចេតនា ជាប្រព័ន្ធ និងរួមគ្នា» ដើម្បីនាំមកនូវ «ការកាត់បន្ថយរយៈពេលវែងនៃជនជាតិអ៊ុយហ្គួរ និងប្រជាជនជនជាតិភាគតិច» នេះបើយោងតាមសារព័ត៌មាន BBC។ ក្រុមវាគ្មិននេះក៏បានរកឃើញភស្តុតាងនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទផងដែរ។
លោក Nice បានថ្លែងថា ក្រុមនេះបានសន្និដ្ឋានថា លោក Xi និងមន្ត្រីជាន់ខ្ពស់ចិនផ្សេងទៀត «ទទួលខុសត្រូវចម្បង» ចំពោះការរំលោភបំពានលើជនជាតិភាគតិចមូស្លីមនៅតំបន់ស៊ីនជាំង (Xinjiang)។
ទោះបីជាប្រទេសនានា រួមទាំងសហរដ្ឋអាមេរិកផងដែរនោះ បានហាមឃាត់ការនាំចូលទំនិញដែលផលិតនៅក្នុងតំបន់ស៊ីនជាំង (Xinjiang) ក៏ដោយ ការដាក់ទណ្ឌកម្មបែបនេះអាចទទួលបានភាពជោគជ័យដែលមានកម្រិត។ លោកស្រី Nicole Morgret អ្នកវិភាគសិទ្ធិមនុស្សប្រចាំនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាការពារកម្រិតខ្ពស់ (C4ADS) បានថ្លែងប្រាប់ ទស្សនាវដ្តី FORUM ថា៖ «នៅពេលពិភាក្សាអំពីសហគ្រាស XPCC ជាក់លាក់ គោលដៅរបស់សហគ្រាសមិនមែនជាពាណិជ្ជកម្មសុទ្ធសាធទេ ដូច្នេះអាកប្បកិរិយានៃការគាបសង្កត់របស់សហគ្រាសទំនងជាមិនត្រូវបានផ្លាស់ប្តូរដោយផលប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួនតែម្នាក់ឯងនោះទេ»។
‘ឧក្រិដ្ឋកម្មនៃឥរិយាបថធម្មតា’
បក្សកុម្មុយនិស្តចិន តាមរយៈសហគ្រាស XPCC គ្រប់គ្រងស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតនៅក្នុងតំបន់ស៊ីនជាំង (Xinjiang)។ កាមេរ៉ាសុវត្ថិភាពមាននៅគ្រប់ទីកន្លែង ហើយប្រជាជនត្រូវបានលើកទឹកចិត្តឱ្យឃ្លាំមើលអ្នកជិតខាងរបស់ពួកគេ។ លោក James Leibold ជាបុគ្គលិកជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បានថ្លែងនៅក្នុងអំឡុងព្រឹត្តិការណ៍បែបនិម្មិតនៃក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ (CFR) ថា៖ «មានការឃ្លាំមើលយ៉ាងសុះសាយ និងរំលោភសិទ្ធិយ៉ាងខ្លាំង ដែលមានន័យថា មន្ត្រីគណបក្សឥឡូវនេះអាចសម្លឺងមើលផ្ទះ និងសូម្បីតែគ្រែគេងរបស់ជនជាតិអ៊ុយហ្គួរ»។
យោងតាមរបាយការណ៍ជាច្រើន សហគ្រាស XPCC បានដកយកទ្រព្យសម្បត្តិរបស់មនុស្សជាច្រើន ហើយបង្ខំឱ្យអ្នកទាំងនោះធ្វើការរោងចក្រ ឬកសិដ្ឋាន ខណៈពេលដែលកំពុងមានការហាមឃាត់ផ្នែកភាសាកំណើត ការប្រតិបត្តិសាសនា និងសម្លៀកបំពាក់ជាតិសាសន៍។ អ្នកប្រឆាំងត្រូវបានឃុំខ្លួននៅក្នុងជុំរុំការងារដែលពួកគេត្រូវបានគេបញ្ចុះបញ្ចូលនៅក្នុងវប្បធម៌ចិនហាន។ ជនជាតិអ៊ុយហ្គួរជាច្រើនស្រាប់តែបាត់ខ្លួន។ ស្លាកស្នាមនៃជីវិតរបស់ពួកគេត្រូវបានបំផ្លាញចោល។ ទ្រព្យសម្បត្តិដែលចាត់ទុកថាមានតម្លៃ ដូចជាដីដែលអាចដាំដំណាំបានត្រូវបានគេរឹបអូសយក។
មជ្ឈមណ្ឌល Helena Kennedy បានរាយការណ៍ថា៖ «តំបន់ ប្រជាជននៅក្នុងតំបន់ និងអត្តសញ្ញាណរបស់ពួកគេត្រូវបានគេមើលឃើញថាមានការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងខ្លាំងចំពោះបូរណភាពវប្បធម៌របស់ប្រទេសចិន ស្ថិរភាពនៃព្រំដែនរបស់រដ្ឋ និងសិទ្ធិអំណាចដាច់ខាតរបស់បក្សកុម្មុយនិស្តចិន»។ «ជាពិសេសក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ សហគ្រាស XPCC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាបសង្កត់ជីវិត វប្បធម៌ និងអត្តសញ្ញាណរបស់ជនជាតិអ៊ុយហ្គួរ»។ របាយការណ៍បានរកឃើញថា យុទ្ធសាស្ត្ររបស់សហគ្រាស XPCC គឺ «មិនធ្លាប់មានពីមុនមកទេ ក្នុងចំណោមការកំណត់រចនាសម្ពន្ធសាជីវកម្ម ឬនយោបាយសកល។ រាល់ភាពស្រដៀងគ្នាទាំងអស់បរាជ័យក្នុងការចាប់យកមុខងារពង្រីក ការឈានដល់ និងអំណាចរបស់ខ្លួន»។
លោក Chen Quanguo ដែលពេលនោះជាប្រធាននៃបក្សកុម្មុយនិស្តចិននៅតំបន់ស៊ីនជាំង (Xinjiang) បានចេញបញ្ជានៅឆ្នាំ 2017 និង 2018 ដើម្បី «ប្រមូលអ្នកទាំងអស់ដែលគួរតែត្រូវបានប្រមូល» ដែលនាំឱ្យមានការសាងសង់ជុំរុំឃុំខ្លួន និងការពង្រីកពន្ធនាគារ។ អាជ្ញាធរចិនបានរារាំងអ្នកសារព័ត៌មាន និងអ្នកស៊ើបអង្កេតបរទេសពីមជ្ឈដ្ឋាននានា។ អ្នកជំនាញនៅតំបន់ស៊ីនជាំង (Xinjiang) បានថ្លែងប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ (CFR) ថា ចំពេលមានការរិះគន់ទូទាំងពិភពលោក បក្សកុម្មុយនិស្តចិនបានបន្តបញ្ជូនមនុស្សទៅកាន់ពន្ធនាគារ និងកន្លែងឃុំខ្លួនក្រៅប្រព័ន្ធតុលាការ។
លោក Darren Byler អ្នកជំនាញខាងផ្នែកនរវិទ្យាដែលបានសិក្សាអំពីជនជាតិអ៊ុយហ្គួរ បានប្រាប់សារព័ត៌មាន The Associated Press (AP) កាលពីក្នុងខែកក្កដា ឆ្នាំ 2021 ថា អ្នកជាប់ឃុំជាច្រើនមិនបានប្រព្រឹត្ត «ឧក្រិដ្ឋកម្មពិតប្រាកដតាមស្តង់ដារណាមួយនោះទេ» ហើយត្រូវបានគេឃុំខ្លួនដោយគ្មាននីតិវិធីត្រឹមត្រូវ។ លោកបានលើកឡើងថា៖ «វាជាបង្កើតឱ្យទៅជាឧក្រិដ្ឋកម្មចំពោះឥរិយាបថធម្មតា»។
ការសាបព្រួសមនោគមន៍វិជ្ជាក៏កើតឡើងហួសពីជញ្ជាំងនៃមជ្ឈដ្ឋានរដ្ឋាភិបាលផងដែរ។ លោក Teng បានថ្លែងនៅក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាអន្តរជាតិ (CFR) ថា៖ «យើងគួរតែចងចាំក្នុងចិត្តថា ការរំលោភសិទ្ធិមនុស្សគឺ … ក៏មាននៅក្នុងជីវិតប្រចាំថ្ងៃរបស់ជនជាតិអ៊ុយហ្គួរ និងជនមូស្លីម និងជនជាតិភាគតិចផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង (Xinjiang) ផងដែរ»។ នៅខាងក្រៅជុំរុំ ជនជាតិអ៊ុយហ្គួរ «បានបន្តទទួលរងនូវការឈឺចាប់ពីការបង្រ្កាបកាន់តែខ្លាំងឡើង និងការឃ្លាំមើលដោយអំណាចផ្តាច់ការដោយអាជ្ញាធរចិន»។
ក្រុមតស៊ូមតិនៃអង្គការ Amnesty International និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ចោទប្រកាន់ទីក្រុងប៉េកាំងពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ស៊ីនជាំង (Xinjiang)។ ក្នុងចំណោមការរំលោភបំពាន មានទាំងការបង្ខំឱ្យធ្វើការ ការក្រៀវ និងការអនុលោមតាមកាតព្វកិច្ចជាមួយនឹងការយល់ជាក់លាក់របស់បក្សកុម្មុយនិស្តចិន រួមទាំងការរឹតបន្តឹងលើការប្រតិបត្តិសាសនា។ មជ្ឈមណ្ឌល Helena Kennedy បានរាយការណ៍ថា ការគាបសង្កត់ព្យាយាមធ្វើឱ្យជនជាតិអ៊ុយហ្គួ
រស្របតាម និងពឹងផ្អែកលើរដ្ឋ ស្មើនឹង «រជ្ជកាលនៃភេរវកម្ម»។
តើជនជាតិអ៊ុយហ្គួរជានរណា?
ទោះបីជាតំបន់ស្វយ័តរបស់ជនជាតិអ៊ុយហ្គួរនៅតំបន់ស៊ីនជាំង (Xinjiang) មានស្ទើរតែមួយភាគប្រាំមួយនៃផ្ទៃដីរបស់ប្រទេសចិនក៏ដោយ ប្រជាជនរស់នៅចំនួន 26 លាននាក់ មានចំនួនតិចជាង 2% នៃប្រជាជនរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានចំនួន 1.4 ពាន់លាននាក់។ វាជាមាតុភូមិរបស់ជនជាតិអ៊ុយហ្គួរ ប្រហែលជាចំនួន 12 លាននាក់ ដែលភាគច្រើនជាជនជាតិមូស្លីម រួមជាមួយនឹងក្រុមជនជាតិភាគតិចផ្សេងទៀត និងបានប្តូរពូជជនជាតិចិនហាន នេះបើយោងតាមសារព័ត៌មាន BBC។ ដោយមានការគ្រប់គ្រងអស់ជាច្រើនសតវត្សរ៍ដោយពួកមេទ័ព និងរបបផ្សេងៗ ជនជាតិដើមភាគតិចនៃតំបន់ស៊ីនជាំង (Xinjiang) បានប្រមូលផ្តុំគ្នាភាគច្រើននៅក្នុង អូស៊ីស (oases) ដ៏តូចមួយនៅក្នុងទឹកដីនៃភ្នំដ៏រដិបរដុប និងវាលខ្សាច់ដ៏ធំ។
ជនជាតិអ៊ុយហ្គួរ តួកគី និងក្រុមដទៃទៀតដែលមានទម្លាប់រស់នៅក្នុងតំបន់នេះមានទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រខ្លាំងជាងជាមួយនឹងប្រជាជននៅអាស៊ីកណ្តាលនៅភាគខាងលិចជាងជាមួយជនជាតិចិននៅភាគខាងកើត។ ជាប្រវត្តិសាស្ត្រ រដ្ឋចិនមួយចំនួនបានចូលរួមជាមួយតំបន់នេះតាមរយៈការទូត និងពាណិជ្ជកម្ម។ អ្នកផ្សេងទៀតបានស្វែងរកការដណ្តើមយក និងបង្ខំឱ្យប្រើប្រព័ន្ធនយោបាយ និងសង្គមរបស់ចិន ដូចនៅតំបន់ស៊ីនជាំង (Xinjiang) សព្វថ្ងៃនេះអ៊ីចឹង។
តំបន់នេះត្រូវបានវាយលុកកាន់កាប់បានដោយចក្រភពឈីង (Qing) ក្នុងសតវត្សទី 18 តំបន់ស៊ីនជាំង (Xinjiang) គឺជា «តំបន់ស្វយ័ត» នៃសាធារណរដ្ឋប្រជាមានិតចិនចាប់តាំងពីសង្រ្គាមស៊ីវិលចិនបានបញ្ចប់នៅក្នុងឆ្នាំ 1949 មកម៉្លេះ។ សាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ 1954 បានបង្កើតសហគ្រាស XPCC ដែលជាអង្គការដំបូងដែលមានសមាសភាពភាគច្រើននៃអតីតទាហានកងទ័ពរំដោះប្រជាជន។ បេសកកម្មរបស់សារធារណរដ្ឋប្រជាមានិតចិន៖ គ្រប់គ្រងប្រជាជនជនជាតិដើមភាគតិច និងកេងប្រវ័ញ្ចកម្លាំងពលកម្ម និងធនធានក្នុងតំបន់ដោយ «ដៃម្ខាងកាន់កាំភ្លើង» និង «ដៃម្ខាងទៀតកាន់នង្គ័ល» នេះបើយោងតាមមជ្ឈមណ្ឌល Helena Kennedy។ ដោយបានរំសាយនៅឆ្នាំ 1975 បន្ទាប់ពីបដិវត្តន៍វប្បធម៌របស់សាធារណរដ្ឋប្រជាមានិតចិន សហគ្រាស XPCC ត្រូវបានបង្កើតឡើងវិញនៅក្នុងឆ្នាំ 1981 ហើយបានដើរតួជាក្រុមហ៊ុនសាជីវកម្មក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋាភិបាលកណ្តាល។
ការបង្ក្រាបលើជនជាតិអ៊ុយហ្គួរ ដែលបានទាមទារឯករាជ្យក្នុងឆ្នាំ 2009 មានមុនការគាបសង្កត់របស់រដ្ឋាភិបាលសព្វថ្ងៃ។ បក្សកុម្មុយនិស្តចិនបានចោទអ្នកគាំទ្រការបះបោរថាជាភេរវករ ហើយកេងប្រវ័ញ្ចលើការភ័យខ្លាចភេរវកម្មជាសកល បានច្រានចោលការរិះគន់លើការប្រព្រឹត្តចំពោះជនជាតិអ៊ុយហ្គួរ នេះបើយោងតាម The Strategy Bridge ដែលជាកាសែតអនឡាញមិនរកប្រាក់ចំណេញ និងផតខាស។
ក្រសួងការបរទេសអាមេរិកបានរាយការណ៍ថា ចាប់តាំងពីការបង្រ្កាបរបស់ខ្លួនបានចាប់ផ្តើម រដ្ឋាភិបាលចិនបានលើកហេតុផលថា «អំពើអាក្រក់បី» នៃការបំបែកខ្លួនជនជាតិភាគតិច លទ្ធិជ្រុលនិយមសាសនា និងអំពើភេរវកម្មដោយហិង្សា។
ទន្ទឹមនឹងនោះដែរ សហគ្រាស XPCC បានវិវត្តទៅជាប្រតិបត្តិការសកលដែលបានផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនរាប់ពាន់។ ដំបូងឡើយ សហគ្រាសកសិកម្មដែលផលិតដំណាំរួមមានកប្បាស ប៉េងប៉ោះ និងម្ទេស ឥឡូវនេះផលប្រយោជន៍របស់សហគ្រាសពង្រីកដល់ថាមពល ការជីកយករ៉ែ សារធាតុគីមី ការបូមយកប្រេង និងឧស្ម័ន ផ្នែកដឹកជញ្ជូន សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្រា ការកែច្នៃម្ហូបអាហារ ក្រុមហ៊ុនធានារ៉ាប់រង និងទេសចរណ៍។ សរសៃឈាមដ៏សំខាន់នៃគម្រោងហេដ្ឋារចនាសម្ពន្ធផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់សាធារណរដ្ឋប្រជាមានិតចិនកាត់តាមតំបន់ ដោយផ្តល់នូវចរចរណ៍ចូលទៅកាន់ទីផ្សារនៅអាស៊ីកណ្តាល និងអឺរ៉ុបខាងកើត។
បក្សកុម្មុយនិស្តចិនចង់បន្ថយចំនួនប្រជាជនអ៊ុយហ្គួរ ជាពិសេសនៅភាគខាងត្បូងនៃតំបន់ស៊ីនជាំង (Xinjiang) ហើយចុងក្រោយលុបបំបាត់វប្បធម៌ និងសាសនារបស់ជនជាតិអ៊ុយហ្គួរ នេះបើតាមលោក លោក Leibold ជាបុគ្គលិកជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បានថ្លែងប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ (CFR)។ ខ្លួនបានបំផ្លាញវិហារអ៊ីស្លាម និងទីបញ្ចុះសព ហើយលោក Xi បានលើកឡើងថា សាសនាឥស្លាមនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ត្រូវតែ «ស្ថិតនៅក្នុងបរិបទរបស់ចិន» នេះបើយោងតាមសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋ Xinhua News បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ 2022។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរាយការណ៍កាលពីខែមិថុនា ឆ្នាំ 2022 ថា ជនជាតិអ៊ុយហ្គួរ ដែលមានភាសាទាក់ទងទៅនឹងតួកគី ត្រូវបានបង្ខំឱ្យរៀនភាសាចិនកុកងឺ រួមទាំងកុមារដែលបំបែកចេញពីគ្រួសាររបស់ពួកគេ ហើយត្រូវបានបញ្ជូនទៅសាលា ឬមណ្ឌលកុមារកំព្រា ដែលជាកន្លែងដែលពួកគេក៏ស្ថិតក្រោមការឃោសនារបស់បក្សកុម្មុយនិស្តចិនផងដែរ។
យោងតាមមជ្ឈមណ្ឌល Helena Kennedy បានឱ្យដឹងថា «ពីកន្លែងគេងរហូតដល់ផ្នូរ ប្រជាជនអ៊ុយហ្គួរស្ថិតក្រោមការបញ្ចូលមនោគមន៍វិជ្ជា ដែលផ្តល់ដោយសហគ្រាស XPCC»។ «កម្មវិធីគ្រោងទុកនៃវិស្វកម្មសង្គមរបស់សហគ្រាស XPCC តម្រូវឱ្យពលរដ្ឋជនជាតិភាគតិចគ្រប់រូបលះបង់បេតិកភណ្ឌវប្បធម៌ ភាសា និងជំនឿសាសនារបស់ពួកគេ ដើម្បីគាំទ្រដល់ការអនុវត្តរបស់ហាន និងមនោគមវិជ្ជា Xi Jinping»។
មានអ្វីកើតឡើងបន្ទាប់?
រដ្ឋាភិបាល អាជីវម្ម និងអ្នកប្រើប្រាស់នៅទូទាំងពិភពលោកជួយទ្រទ្រង់កម្លាំងពលកម្មដោយបង្ខិតបង្ខំនៅក្នុងតំបន់ស៊ីនជាំង (Xinjiang) ទោះបីជាមនុស្សជាច្រើនមិនដឹងអំពីវាក៏ដោយ។ យោងតាមអ្នកផ្តល់ទិន្នន័យ Sayari បានឱ្យដឹងថា សហគ្រាស XPCC មានភាគហ៊ុនដោយផ្ទាល់ ឬដោយប្រយោលជាមួយអង្គភាពសាជីវកម្មរាប់ពាន់នៅទូទាំងពិភពលោក ដែលធ្វើឱ្យវាមានការលំបាក ទោះបីថាមិនមែនមិនអាចទៅរួចក៏ដោយ ក្នុងការកំណត់ថាតើផលិតផលមួយមានជាប់ទាក់ទងនឹងសហគ្រាស XPCC ដែរឬទេ។ «កម្លាំងពលកម្មដោយបង្ខិតបង្ខំ និងការរំលោភបំពានដែលប្រជាជនតួកគីនៅតំបន់ស៊ីនជាំង (Xinjiang) ប្រឈម មិនស្ថិតនៅក្នុងព្រំដែនក្នុងតំបន់នោះទេ ប៉ុន្តែបានសាយភាយចូលទៅក្នុងពិភពលោកតាមរយៈប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុសកល។ ទំនាក់ទំនងជាសាកលទាំងនេះអាចអនុញ្ញាតិឱ្យមានការបង្កើនប្រាក់ចំណេញដោយរំលោភបំពានលើសិទ្ធិមនុស្ស ហើយលុះត្រាតែមានការប្រឆាំង មានន័យថាភាគីពាក់ព័ន្ធអន្តរជាតិអាចបើកឧក្រិដ្ឋកម្មបែបនេះបានយ៉ាងច្បាស់លាស់» នេះបើតាមសេចក្ដីរាយការណ៍នៅក្នុងខែឧសភា ឆ្នាំ 2022 របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាការពារកម្រិតខ្ពស់ (C4ADS)។
របាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាការពារកម្រិតខ្ពស់ (C4ADS) មួយផ្សេងទៀតដែលបានចេញផ្សាយកាលពីចុងខែមិថុនាឆ្នាំ 2022 បានសន្និដ្ឋានថា តំបន់ស៊ីនជាំង (Xinjiang) កំពុងក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ចិនយ៉ាងឆាប់រហ័ស។ របាយការណ៍នេះបានសរសេរថា ក្រុមហ៊ុនផលិតកម្មចំនួន 4 480 ត្រូវបានបង្កើតឡើងនៅទីនោះក្នុងឆ្នាំ 2021 កើនឡើងពី 1 604 ក្នុងឆ្នាំ 2009។
ភាគច្រើននៃការកើនឡើងរបស់សហគ្រាស XPCC គឺជាលទ្ធផលនៃសមត្ថភាពរបស់បក្សកុម្មុយនិស្តចិនក្នុងការគ្រប់គ្រងការអធិប្បាយនេះ។ លោក Teng បានថ្លែងនៅក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាទំនាក់ទំនងបរទេស (CFR) ថា តាមរយៈការឃោសនា និងការធ្វើឱ្យមានភាពភ័យខ្លាច ការបំភិតបំភ័យ និងការរើសអើងជាតិសាសន៍ សាជីវកម្មដែលដឹកនាំដោយរដ្ឋាភិបាលបានរីកចម្រើនដល់ការបំផ្លាញកម្មករអ៊ុយហ្គួររបស់ខ្លួន។ អតីតអ្នកជាប់ឃុំក្នុងជុំរុំ លោក Omir Bekali ជាជនជាតិអ៊ុយហ្គួរ ដែលសព្វថ្ងៃរស់នៅក្នុងប្រទេសហូឡង់ បានលើកឡើងថា ប្រជាជនចិន «មិនដឹងថាមានអ្វីកើតឡើងពិតប្រាកដទេ» ដោយសារតែឧបករណ៍បិតបាំងព័ត៌មានរបស់បក្សកុម្មុយនិស្តចិន។ លោក Bekali បានប្រាប់សារព័ត៌មាន The Associated Press (AP) កាលពីខែកញ្ញាឆ្នាំ 2022 ថា៖ «ប្រសិនបើអ្នកចង់ដឹងពីការពិត ចូរនិយាយទៅកាន់ជនរងគ្រោះ»។ «រដ្ឋាភិបាលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពួកគេបន្តនិយាយកុហក»។
ព័ត៌មានដែលអាចទុកចិត្តបាន និងទណ្ឌកម្មទូទាំងពិភពលោកដែលមានការសម្របសម្រួល គឺជាគន្លឹះក្នុងការលាតត្រដាងយុទ្ធសាស្ត្ររបស់សហគ្រាស XPCC នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទស្សនាវដ្តី Foreign Affairs កាលពីខែកក្កដា ឆ្នាំ 2021។ «គ្មាននរណាម្នាក់គួរស្ថិតនៅក្រោមការបំភាន់ណាមួយដែលថាវានឹងងាយស្រួលក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់រដ្ឋាភិបាលចិននៅក្នុងតំបន់ស៊ីនជាំង (Xinjiang) នោះទេ។ ទីក្រុងប៉េកាំងទំនងជាមិនធ្លាប់ទទួលស្គាល់ថា ខ្លួនកំពុងមានអារម្មណ៍ក្តៅដោយសារសម្ពាធអន្តរជាតិ ឬការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះប្រជាជនអ៊ុយហ្គួរនោះទេ»។
ទោះបីជាក្រុមសិទ្ធិមនុស្សមួយចំនួន និងអ្នកនិរទេសជនជាតិអ៊ុយហ្គួរបានរិះគន់លោកស្រី Bachelet ចំពោះការមិនប្រកាសភាពឃោរឃៅរបស់បក្សកុម្មុយនិស្តចិននៅក្នុងតំបន់ស៊ីនជាំង (Xinjiang) ថាជាអំពើប្រល័យពូជសាសន៍ក៏ដោយ ក៏ការយកចិត្តទុកដាក់ជាអន្តរជាតិដែលបង្កើតឡើងតាមរយៈការរកឃើញរបស់លោកស្រីនៅតែអាចមានឥទ្ធិពលដែរ។ យោងតាមកាសែត The Guardian បានឱ្យដឹងថា «របាយការណ៍របស់អង្គការសហប្រជាជាតិបានបន្ថែមបន្តិចបន្តួចចំពោះអ្វីដែលបានដឹងរួចមកហើយ ប៉ុន្តែការពិតដែលថាវាមកពីស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់ពិភពលោក មិនមែនរដ្ឋាភិបាលតែមួយទេ ប៉ុន្តែរាប់រយបានផ្តល់ការសង្គ្រោះ និងក្តីសង្ឃឹមដល់ជនរងគ្រោះជាច្រើន»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យសាធារណរដ្ឋប្រជាមានិតចិនអនុវត្តតាមអនុសាសន៍របស់លោកស្រី Bachelet រួមទាំងការដោះលែងមនុស្សដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត និងការបង្ហាញទីតាំងរបស់ជនជាតិ អ៊ុយហ្គួរនៅតំបន់ស៊ីនជាំង (Xinjiang) ដែលសាច់ញាតិនៅក្រៅប្រទេសមិនទទួលបានដំណឹង នេះបើតាមវិទ្យុអាស៊ីសេរីរាយការណ៍កាលពីខែកញ្ញា ឆ្នាំ 2022។ របាយការណ៍របស់អង្គការសហប្រជាជាតិក៏បានជំរុញឱ្យសាធារណរដ្ឋប្រជាមានិតចិនស៊ើបអង្កេតលើការរំលោភសិទ្ធិមនុស្សនៅក្នុងមណ្ឌលឃុំឃាំងផងដែរ។
លើសពីនេះទៀត អ្នកជំនាញលើកឡើងថា ការធ្វើពហិការអន្តរជាតិលើផលិតផលពីតំបន់ស៊ីនជាំង (Xinjiang) ខណៈពេលដែលទទួលបានជោគជ័យកម្រិតមធ្យម ត្រូវតែមានការពង្រឹង។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាការពារកម្រិតខ្ពស់ (C4ADS) ក្នុងខែមិថុនា ឆ្នាំ 2022 បានឱ្យដឹងថា «ទិន្នន័យ និងវិធីសាស្រ្តចាំបាច់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុនៃការគាបសង្កត់នៅក្នុងតំបន់ស៊ីនជាំង (Xinjiang) គឺអាចរកបាន ហើយដល់ពេលដែលភាគីពាក់ព័ន្ធត្រូវប្រើប្រាស់ទិន្នន័យ និងវិធីសាស្រ្តទាំងនោះហើយ»។ របាយការណ៍បានសរសេរថា ផលិតផលរបស់សហគ្រាស XPCC ឈានដល់ទីផ្សារក្នុងស្រុក និងទីផ្សារពិភពលោកតាមវិធីផ្សេងៗ។ ក្រុមហ៊ុនបុត្រសម្ពន្ធរបស់សាជីវកម្មនេះធ្វើពាណិជ្ជកម្មជាសាធារណៈលើទីផ្សារហិរញ្ញវត្ថុចិន។ សហគ្រាស XPCC ក៏មានក្រុមហ៊ុនបុត្រសម្ពន្ធបរទេសផងដែរ ហើយសហគ្រាសនេះលក់ដោយផ្ទាល់ទៅឱ្យក្រុមហ៊ុនក្នុងស្រុក និងក្នុងតំបន់ ដែលផ្តល់ផលិតផលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ របាយការណ៍បានសរសេរថា៖ «ការយល់ដឹង និងការយកចិត្តទុកដាក់ចំពោះមធ្យោបាយទាំងនេះសម្រាប់ការផ្លាស់ប្តូរផលិតផលអាចកាត់បន្ថយការពឹងផ្អែកលើពួកវាបាន»។
ទោះជាយ៉ាងណាក៏ដោយ ការហាមប្រាមផលិតផលដែលផលិតដោយកម្លាំងពលកម្មដោយបង្ខិតបង្ខំនៅក្នុងតំបន់ស៊ីនជាំង (Xinjiang) បង្កបញ្ហាមួយ ប្រសិនបើវាមានជម្លោះជាមួយនឹងតម្រូវការក្នុងស្រុកដោយបង្ខិតបង្ខំរបស់ប្រទេសមួយ។ ដូចជា បន្ទះសូឡា។ សាធារណរដ្ឋប្រជាមានិតចិន គ្រប់គ្រងការផ្គត់ផ្គង់បន្ទះសូឡារបស់ពិភពលោក ប៉ុន្តែភ្នាក់ងារគយរបស់សហរដ្ឋអាមេរិកបានរឹបអូសយកផលិតផលដែលផលិតពីប្រទេសចិនចាប់តាំងពីច្បាប់ការពារកម្លាំងពលកម្មដោយបង្ខិតបង្ខំលើជនជាតិអ៊ុយហ្គួររបស់សហព័ន្ធបានចូលជាធរមានក្នុងខែមិថុនា ឆ្នាំ 2022 មក។ ទោះបីជា
វាប៉ះពាល់ដល់សមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តនៅខែសីហា ឆ្នាំ 2022 របស់ខ្លួនចំពោះការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញក៏ដោយ ក៏ស្ថាប័នគយ និងល្បាតព្រំដែនរបស់សហរដ្ឋអាមេរិកចន្លោះខែមិថុនា ឆ្នាំ 2022 ដល់ខែមករា ឆ្នាំ 2023 បានកំណត់ការដឹកជញ្ជូនទំនិញចំនួនច្រើនជាង 2 692 ថាជាការបំពានលក្ខខណ្ឌនៃច្បាប់ការពារកម្លាំងពលកម្មដោយបង្ខិតបង្ខំលើជនជាតិអ៊ុយហ្គួរ។ ជិតពាក់កណ្តាលនៃការដឹកជញ្ជូនដែលបានធ្វើឡើងគឺជាបន្ទះសូឡា ឬសមាសធាតុពាក់ព័ន្ធ។
វាជាស្ថានភាពលំបាកស្រដៀងនឹងប្រទេសដែលប្រឈមមុខនឹងការថ្កោលទោសទាក់ទងនឹងការឈ្លានពានអ៊ុយក្រែនដោយមិនញញើតរបស់រុស្ស៊ី ប៉ុន្តែស្ទាក់ស្ទើរក្នុងការធ្វើពហិការចំពោះប្រេង និងរ៉ែដែលមានតម្រូវការច្រើនរបស់រុស្ស៊ី។ ទោះបីជាមានឧបសគ្គបែបនេះក៏ដោយ វិធានការអន្តរជាតិដែលបានសម្របសម្រួលបង្ហាញថា ពិភពលោកនឹងមិនព្រងើយកន្តើយចំពោះការលុបបំបាត់ក្រុមជនជាតិភាគតិចទាំងស្រុងរបស់បក្សកុម្មុយនិស្តចិននោះទេ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ក្រសួងការបរទេសនៅក្នុងខែកក្កដា ឆ្នាំ 2021។ «ប្រជាជនអ៊ុយហ្គួរ
មិនសមនឹងទទួលបានអ្វីតិចជាងនេះទេ»។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។