កងឆ្មាំឆ្នេរសមុទ្រអាមេរិកដោះស្រាយបញ្ហានេសាទ IUU និងពង្រឹងចំណងមិត្តភាពក្នុងតំបន់អូសេអានី
បុគ្គលិកទស្សនាវដ្តី FORUM
បេសកកម្មសហប្រតិបត្តិការដើម្បីពង្រឹងនិងចូលរួមការអនុវត្តច្បាប់បាននាំមកនូវជោគជ័យទាំងពីរទិដ្ឋភាពក្នុងអំឡុងរយៈពេលមួយខែពេញរបស់នាវាប្រដាប់អាវុធ Oliver Henry នៃកងឆ្មាំឆ្នេរសមុទ្រអាមេរិក ជាការល្បាតរយៈចម្ងាយ 9 700 គីឡូម៉ែត្រនៅមហាសមុទ្រប៉ាស៊ីហ្វិក។
នាវាប្រដាប់អាវុធដែលឆ្លើយតបរហ័សបានធ្វើដំណើរឆ្លងកាត់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រជាជាតិជាដៃគូនៅប្រទេសប៉ាឡូ និងរដ្ឋសហព័ន្ធមីក្រូណេស៊ី ក៏ដូចជាតំបន់ទឹកអន្តរជាតិ រវាងប្រទេសជាដែនកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើការនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍ និងមិនមានច្បាប់ទម្លាប់ (IUU)។ តាមសេចក្ដីប្រកាសព័ត៌មាននាពាក់កណ្តាលខែមេសា ឆ្នាំ 2023 បានឱ្យដឹងថា សមាជិកនៃកងឆ្មាំឆ្នេរសមុទ្រអាមេរិកបានឡើងទូកនេសាទដែលមានទង់ជាតិបរទេសមួយចំនួន រួមមានទាំងការឡើងទៅកាន់ទូកចំនួនប្រាំជាមួយនឹងមន្ត្រីអនុវត្តច្បាប់ដែនសមុទ្រនៃប្រទេសប៉ាឡូដែលបានធ្វើការល្បាតជាមួយគ្នា និងបានកំណត់អត្តសញ្ញាណការរំលោភបំពានច្បាប់ជាសក្តានុពលមួយចំនួននៅក្នុងការធ្វើកំណត់ត្រាទិន្នផលនេសាទ លិខិតអនុញ្ញាតធ្វើនាវាចរឆ្លងដែន ព្រមទាំងប្រព័ន្ធតាមដាន និងសម្គាល់នាវា។ (រូបភាព៖ នាវិករបស់នាវាប្រដាប់អាវុធនៃកងឆ្មាំឆ្នេរសមុទ្រអាមេរិក Oliver Henry ចូលទៅរកទូកនេសាទមួយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនាងចុងខែមីនា ឆ្នាំ 2023។)
នៅក្នុងតំបន់កណ្តាលនិងខាងលិចនៃសមុទ្រប៉ាស៊ីហ្វិក ការចាប់ត្រីធូណាតែមួយមុខក្នុងឆ្នាំ 2021 ត្រូវបានគេវាយតម្លៃថាមានចំនួនទឹកប្រាក់ 4,8 ពាន់លានដុល្លារ នេះបើយោងតាមគណៈកម្មការនេសាទនៃតំបន់ប៉ាស៊ីហ្វិកខាងលិច និងកណ្តាល។ នៅក្នុងឆ្នាំ 2019 ចំនួនត្រីធូណាដែលចាប់បានដោយខុច្បាប់ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ 333 លានដុល្លារ។ ការនេសាទខុសច្បាប់គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់តំបន់នេះ ដែលពឹងពាក់អាស្រ័យជាខ្លាំងទៅលើជលផលរបស់ខ្លួនសម្រាប់ការចិញ្ចឹមជីវិត និងជីវភាពរស់នៅ។
អនុសេនីយ៍ទោ Freddy Hofschneider ដែលជាមេបញ្ជាការរបស់នាវាប្រដាប់អាវុធ បានមានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានថា «វាជាអារម្មណ៍ដ៏ល្អមួយសម្រាប់ក្រុមការងារនៅលើនាវា ដែលដឹងថាយើងកំពុងតែមានឥទ្ធិពលផ្លាស់ប្ដូរតាមរយៈការចងក្រងឯកសារអំពីការរំលោភបំពានដែលអាចកើតមាន និងតាមរយៈការអប់រំសមាជិកនាវាអំពីតម្រូវការនានា»។ «នៅលើគ្រប់នាវា នាវិកបានមកជួបយើងដោយមានការគោរព ចំណាប់អារម្មណ៍វិជ្ជមាន និង បំណងក្នុងការកែតម្រូវភាពខ្វះខាតនានា»។
បេសកកម្មនេះបានគាំទ្រដល់ប្រតិបត្តិការ 365 របស់ទីភ្នាក់ងារជលផលរបស់វេទិកាដែនដីកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក និងប្រតិបត្តិការ Rematau ក្នុងផ្នែកកោះហ្គាម/មីក្រូណេស៊ីនៃកងកម្លាំងឆ្មាំឆ្នេរសមុទ្រអាមេរិក ដែលបេសកកម្មទាំងពីរនេះលើកកម្ពស់ដល់អធិបតេយ្យភាព សន្តិសុខ និងវិបុលភាពវិស័យសេដ្ឋកិច្ចក្នុងតំបន់អូសេអានី។ នាវា Oliver Henry និងនាវា FSS Tosiwo Nakayama របស់មីក្រូណេស៊ីបានធ្វើការល្បាតរួមគ្នាមួយ ដែលជាផ្នែកមួយនៃប្រតិបត្តិការ 365។
នៅក្រោមកិច្ចព្រមព្រៀងសមាគមសេរី មីក្រូណេស៊ីនិងប៉ាឡូ ក៏ដូចជាប្រជុំកោះម៉ាស៊ល ទទួលបានជំនួយផ្នែកសេដ្ឋកិច្ច និងការធានាសន្តិសុខពីសហរដ្ឋអាមេរិក។
អនុសេនីយ៍ឯក Nick Simmons មេបញ្ជាការនៃផ្នែកកោះហ្គាម/មីក្រូណេស៊ីនៃកងកម្លាំងឆ្មាំឆ្នេរសមុទ្រអាមេរិក បានមានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានថា «ការត្រឡ់បមកវិញនៃការវិនិយោគសម្រាប់ដៃគូរបស់យើង … តាមរយៈការប្រើប្រាស់នាវាប្រដាប់អាវុធដែលឆ្លើយតបរហ័ស និងកងឆ្មាំឆ្នេរសមុទ្រអាមេរិកក្នុងតំបន់នេះ គឺមិនអាចបដិសេធបាននោះទេ ហើយយើងស្តាប់ឮសញ្ញានៃតម្រូវការនោះយ៉ាងច្បាស់លាស់»។
នៅលើកោះ Satawal របស់មីក្រូណេស៊ី នាវិកនៃនាវា Oliver Henry បានចូលរួមនៅក្នុងពិធីបុណ្យអបអរអ្នករុករកផ្លូវស្ទាត់ជំនាញ ហើយបានជួបជាមួយនឹងមេដឹកនាំនៅក្នុងតំបន់ដើម្បីពិភាក្សាអំពីការលំបាកនានាដែលប្រជាជន 500 រូបកំពុងតែប្រឈម។ នៅប៉ាឡូ សិស្សវិទ្យាល័យនិងអនុវិទ្យាល័យជាង 80 នាក់បានធ្វើដំណើរទស្សនកិច្ចនៅលើនាវាប្រដាប់អាវុធនេះ ហើយកងឆ្នាំឆ្នេរសមុទ្របានធ្វើការហ្វឹកហ្វឺនស្ដីពីការស្វែងរក និងការជួយសង្គ្រោះ និងការធ្វើគម្រោងដើម្បីគ្រប់គ្រងការខូចខាតជាមួយនឹងមន្ត្រីអនុវត្តច្បាប់ដែនសមុទ្រនៅក្នុងតំបន់។
Simmons បានមានប្រសាសន៍ថា «កងកម្លាំងឆ្មាំឆ្នេរសមុទ្រអាមេរិកនៅមីក្រូណេស៊ី និងនាវិកនៃនាវារបស់យើងមានការប្ដេជ្ញាចិត្តដើម្បីបម្រើដល់ដៃគូរបស់យើង តាមរយៈការផ្ដល់ជូនការហ្វឹកហ្វឺនដ៏មានតម្លៃដែលបានស្នើសុំ និងធនធាននានាដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ»។
បេសកកម្មរបស់នាវា Oliver Henry បានត្រួតស៊ីគ្នាទៅនឹងការដាក់ពង្រាយនាវា Myrtle Hazard រយៈពេលបីសប្តាហ៍ ទៅកោះ Northern Mariana ដែលក៏ជាផ្នែកមួយនៃបេសកកម្ម Rematau។
នាវា Myrtle Hazard បានគាំទ្រដល់បេសកកម្មដែលរួមមានទាំងការពង្រឹងការអនុវត្តច្បាប់ដែនសមុទ្រ ការការពារធនធានសមុទ្រ ការស្រាវជ្រាវនិងជួយសង្គ្រោះ និងសន្តិសុខតំបន់ឆ្នេរ កំពង់ផែ និងផ្លូវទឹក នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានកាលពីចុងខែមីនាឆ្នាំ 2023។ នាវាប្រដាប់អាវុធក៏បានដឹកជញ្ជូនបុគ្គលិកនិងសម្ភារសម្រាប់ប្រតិបត្តិការសន្តិសុខនិងសុវត្ថិភាពដែនសមុទ្រនៅជិតកោះ Saipan ជាកោះដ៏ធំបំផុតក្នុងចំណោមកោះជាដែនដីរបស់សហរដ្ឋអាមេរិក។
អនុសេនីយ៍ទោ Jalle Merritt ដែលជាមេបញ្ជាការរបស់នាវាប្រដាប់អាវុធបានមានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «អស្ចារ្យណាស់ដែលបានទៅដល់ [កោះម៉ារីយ៉ាណាខាងជើង] ដើម្បីផ្ដល់សេវាកម្មទាំងនេះក្នុងការជួយពង្រឹងសុវត្ថិភាពនៃការធ្វើដំណើរតាមទូក និងផ្ដល់ជំនួយទៅដល់ដៃគូនៅក្នុងតំបន់របស់យើង»។ «យើងសូមថ្លែងអំណរគុណទៅដល់ប្រជាជននៅកោះ Saipan ចំពោះការស្វាគមន៍របស់ពួកគេក្នុងអំឡុងពេលការស្នាក់នៅរបស់យើង»។
ប្រភពរូបភាព៖ នាយចក្របាលឯក SARA MUIR/កងឆ្មាំឆ្នេរសមុទ្រអាមេរិក
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។