ទស្សនៈសាកល

ការសន្ទនាជារួម សកម្មភាពសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមសកល

បុគ្គលិករបស់ទស្សនាវដ្តី FORUM

នៅពេលដែលបណ្ដាប្រទេសនានាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងដោយផ្អែកលើគុណតម្លៃរួមគ្នា និងប្រព័ន្ធរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ការប្តេជ្ញាចិត្តចំពោះពហុភាគីនិយមគឺមានសារៈសំខាន់ជាងពេលណាទាំងអស់។ ទិវាអន្តរជាតិនៃពហុភាគីនិយម និងកិច្ចការទូតសម្រាប់សន្តិភាពរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី 24 ខែមេសា ឆ្នាំ 2023 ផ្តោតលើការផ្លាស់ប្តូរជាវិជ្ជមាន និងសមិទ្ធិផលក្នុងចំណោមប្រជាជាតិនានា ទោះបីជាមានភាពខុសគ្នាក៏ដោយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ខ្ញុំសូមអំពាវនាវឱ្យរដ្ឋាភិបាល និងមេដឹកនាំទាំងអស់បន្តការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចសន្ទនា និងដំណោះស្រាយជាសកលដែលជាមធ្យោបាយដែលមាននិរន្តរភាពតែមួយគត់សម្រាប់សន្តិភាព»។

ការអំពាវនាវរបស់លោកបន្លឺឡើងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកដែលប្រទេសមួយចំនួនមិនប្រកាន់ខ្ជាប់នូវបទបញ្ជាអន្តរជាតិដែលផ្អែកលើច្បាប់។ ជាឧទាហរណ៍ សាធារណរដ្ឋប្រជាមានិតចិន នៅតែបន្តមិនយកចិត្តទុកដាក់លើសេចក្តីសម្រេចឆ្នាំ 2016 របស់តុលាការអន្តរជាតិស្តីពីសិទ្ធិដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។ ហើយ​កូរ៉េ​ខាងជើង​បាន​ផ្គើន​នឹង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ដែលទាមទារ​ឱ្យ​ខ្លួន​ឈប់​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីលប៉ាលីស្ទីកនោះផងដែរ។

មូលនិធិស្រាវជ្រាវអ្នកសង្កេតការណ៍ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌាបានចោទសួរនៅកាលពីដើមខែមីនាឆ្នាំ 2023 ថា៖ «តើពហុភាគីនិយមបានក្លាយទៅជាដំណើរការមិនប្រក្រតីខ្លាំងពេកទេ ឬតើ​យើង​នៅ​តែ​អាច​ធ្វើ​ឱ្យ​មាន​នូវអធិបតេយ្យភាព និងអន្តរជាតិនិយមប្រកាន់នូវសហត្ថិភាព​បាន​ទេ?»។ ខ្លួនបានទទួលស្គាល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថាជាសម្ព័ន្ធមួយដែលមានប្រវត្តិនៃការធ្វើការរួមគ្នា ទោះបីជាមានភាពខុសប្លែកគ្នាក៏ដោយ ទោះបីជាស្ថានភាពរបស់ខ្លួនបានធ្លាក់ចុះបន្តិចចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ 2021 ក្នុង​ប្រទេសភូមាដែលជាប្រទេសសមាជិក និងការបង្ក្រាបយ៉ាងឃោរឃៅរបស់កងកម្លាំងប្រដាប់អាវុធទាំងនេះលើអ្នកតស៊ូ។

អង្គភាពថ្មីៗកំពុងកើនឡើងឥទ្ធិពលនៅក្នុងតំបន់នេះ ហើយអង្គភាពមួយចំនួនរួមបញ្ចូលផ្នែកសន្តិសុខទៅក្នុងចំណោមផ្នែកដែលពួកគេចាប់អារម្មណ៍។ ​ឧទាហរណ៍រួមមានកិច្ចសន្ទនាសន្តិសុខចតុភាគី (អូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក) និងសម្ព័ន្ធភាព AUKUS (អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក)។ យោធាឥណ្ឌូប៉ាស៊ីហ្វិកជាធម្មតាមករួមគ្នាសម្រាប់សមយុទ្ធដូចជា សមយុទ្ធ Balikatan សមយុទ្ធ Cobra Gold និងសមយុទ្ធ Rim of the Pacific។ រួមជាមួយនឹងសមយុទ្ធទាំងនោះ បុគ្គលិកយោធាសហការលើគម្រោងសហគមន៍ និងបង្កើតទំនាក់ទំនងជាមួយសមភាគីមកពីប្រទេសផ្សេងៗផងដែរ។

ក្នុងចំណោមស្ថាប័នក្នុងតំបន់ដែលលើកកម្ពស់ពហុភាគីនិយម៖

វិទ្យាស្ថាន Pacific Forum៖ វិទ្យាស្ថានគោលនយោបាយការបរទេសមិនរកប្រាក់ចំណេញ សហការជាមួយអង្គភាពស្រាវជ្រាវជាង 30 នៅទូទាំងគែមតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយចែកចាយការរកឃើញរបស់ខ្លួន ដើម្បីផ្ដល់ជាមតិដល់អ្នកដឹកនាំ មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

មហាវិទ្យាល័យសន្តិសុខប៉ាស៊ីហ្វិកអូស្ត្រាលីនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី៖ មហាវិទ្យាល័យនេះផ្តោតលើអាកាសធាតុ និងបរិស្ថាន សន្តិសុខមនុស្ស និងជាតិ សន្តិសុខតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន។ ខ្លួនសង្កត់ធ្ងន់លើការតភ្ជាប់ក្នុងតំបន់ និងតម្រូវការសម្រាប់ការពិភាក្សា និងកិច្ចសហប្រតិបត្តិការ។

មជ្ឈមណ្ឌល East-West Center៖ វិទ្យាស្ថានមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លើកកម្ពស់ការយល់ដឹងក្នុងចំណោមប្រជាជន និងប្រជាជាតិឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការសិក្សាស្រាវជ្រាវ និងកិច្ចសន្ទនាសហប្រតិបត្តិការ។

សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង៖ ស្ថាប័នវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសិង្ហបុរីបណ្តុះអ្នកដឹកនាំនៅពេលអនាគត និងមានឥទ្ធិពលលើសង្គមតាមរយៈការអប់រំ និងការស្រាវជ្រាវ។

សម្ព័ន្ធសម្រាប់ពហុភាគីនិយម ដែលជាបណ្តាញក្រៅផ្លូវការនៃប្រជាជាតិ ប្រកាន់ខ្ជាប់ថា វិធីសាស្រ្តអន្តរជាតិគឺមិនអាចខ្វះបានទេក្នុងការធានាសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្ព័ន្ធភាពនេះប្រកាសថា «បញ្ហាប្រឈមធំៗដែលយើងប្រឈមមុខសព្វថ្ងៃនេះ គឺមានវិសាលភាពជាសកល និងតាមលក្ខណៈនៃបញ្ហាប្រឈមនោះ ដូច្នេះយើងមិនអាចដោះស្រាយដោយប្រទេសរៀងៗខ្លួននោះទេ ប៉ុន្តែត្រូវតែដោះស្រាយរួមគ្នា»។

អង្គការសហប្រជាជាតិលើកឡើងថា «ពហុភាគីនិយម» គឺផ្អែកលើគោលការណ៍គ្រឹះដូចជា ការពិគ្រោះយោបល់ បរិយាបន្ន និងសាមគ្គីភាព។ វាគឺ «ទាំងវិធីសាស្រ្តនៃកិច្ចសហប្រតិបត្តិការ និងទម្រង់នៃការរៀបចំនៃប្រព័ន្ធអន្តរជាតិ»។

 

ប្រភពរូបភាព៖ រូបភាព AFP/GETTY


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button