តំបន់អូសេអានីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIP

កងទ័ពរំដោះប្រជាជនត្រូវបានគេសង្ស័យថាបានកំណត់គោលដៅលើយន្តហោះដឹកអ្នកដំណើរដោយធ្វើឱ្យមានការរាំងស្ទះដល់ប្រព័ន្ធ GPS

បុគ្គលិករបស់ទស្សនាវដ្តី FORUM

នាវាចម្បាំងរបស់ចិន ត្រូវបានគេសង្ស័យថា ធ្វើឱ្យមានការរំខានដល់ប្រព័ន្ធនាវាចរណ៍ និងរំខានដល់ការទំនាក់ទំនងតាមវិទ្យុរបស់យន្តហោះដឹកអ្នកដំណើរនៅលើសមុទ្រចិនខាងត្បូង និងដែនទឹកអន្តរជាតិដទៃទៀត ដែលនេះជាទង្វើឥតអៀនខ្មាស និងព្រហើនដែលធ្វើឡើងដោយកងទ័ពរំដោះប្រជាជន (PLA) នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនាពេលចុងក្រោយនេះ។

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់អូស្ត្រាលី Qantas Group បានធ្វើការព្រមានកាលពីពាក់កណ្តាលខែមីនា ឆ្នាំ 2023 ថាយន្តហោះរបស់ខ្លួនបានជួបប្រទះការជ្រៀតជ្រែកពីស្ថានីយ៍ទំនាក់ទំនងប្រេកង់កម្រិតខ្ពស់ខ្លាំង (VHF) ដែលតំណាងឱ្យយោធាចិននៅសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង។

ខាងក្រុមហ៊ុនបានប្រាប់ទៅក្រុមអាកាសយានិករបស់ខ្លួនថា៖ «លើសពីនេះទៅទៀតនោះ យន្តហោះរបស់ Group ក៏បានជួបប្រទះនឹងការរាំងស្ទះប្រព័ន្ធ GPS ដែលគេសង្ស័យថាមានប្រភពចេញពីនាវាចម្បាំងដែលកំពុងប្រតិបត្តិការនៅភាគពាយ័ព្យនៃប្រទេសអូស្ត្រាលី»។

កាលពីពីរសប្តាហ៍មុន សហព័ន្ធអន្តរជាតិនៃសមាគមអ្នកបើកយន្តហោះ (IFALPA) បានលើកឡើងថា យន្តហោះពាណិជ្ជកម្ម និងយោធាទទួលបានការទាក់ទងតាមរយៈវិទ្យុដោយនាវាចម្បាំងយោធានៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមទាំងនៅសមុទ្រចិនខាងត្បូង និងសមុទ្រហ្វ៊ីលីពីន ខាងកើតមហាសមុទ្រឥណ្ឌា។​ ក្នុងករណី​ខ្លះ ការហោះហើរត្រូវបានផ្តល់ជាទិសដៅ ដើម្បីបញ្ចៀស​ការហោះហើរពីលើនាវាចម្បាំង។

យោងតាមព្រឹត្តិបត្រសុវត្ថិភាពសហព័ន្ធអន្តរជាតិនៃសមាគមអ្នកបើកយន្តហោះដែលបានចេញផ្សាយកាលពីដើមខែមីនាបានឱ្យដឹងថា ប្រេកង់កម្រិតខ្ពស់ខ្លាំង (VHF) ដែលពាក់ព័ន្ធជាចម្បងគឺសម្រាប់សញ្ញាផ្សាយពេលយន្ដហោះមានគ្រោះថ្នាក់ និងការទំនាក់ទំនងរវាងអាកាសយានិកទៅអាកាសយានិក។

ទីភ្នាក់ងារដែលមានមូលដ្ឋាននៅប្រទេសកាណាដា ដែលតំណាងឱ្យអាកាសយានិកជាង 100 000 នាក់ ហើយទីភ្នាក់ងារនេះក៏បានបញ្ជាក់ផងដែរថា ខ្លួនមានហេតុផលក្នុងការជឿថាអាចមានការជ្រៀតជ្រែកដល់ប្រព័ន្ធផ្កាយរណបរុករកសកល និងឧបករណ៍វាស់ស្ទង់វិទ្យុ ដែលមានសារៈសំខាន់ចំពោះសុវត្ថិភាព។ ការលើកឡើងចុងក្រោយផ្តល់នូវ «ព័ត៌មានត្រឹមត្រូវខ្ពស់អំពីកម្ពស់ផុតពីលើដីរបស់យន្តហោះ» និងគាំទ្រប្រព័ន្ធការពារការប៉ះទង្គិចនៅលើយន្តហោះ នេះបើយោងតាមការលើកឡើងរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក។

យោងតាមអ្នកជំនាញផ្នែករលកអេឡិចត្រូម៉ាញេទិកមានការព្រួយបារម្ភអំពីទំនាក់ទំនងប្រេកង់កម្រិតខ្ពស់ខ្លាំង (VHF) ដែលមិនសមរម្យ។

លោកបណ្ឌិត Samuel Drake សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Flinders របស់ប្រទេសអូស្ត្រាលីបានប្រាប់គេហទំព័រ Australian Aviation នៅចុងខែមីនាថា៖ «ករណីទីមួយ អាកាសយានិកប្រហែលជាចង់រក្សាបណ្តាញទំនាក់ទំនងទាំងនោះឱ្យមានភាពបើកចំហសម្រាប់ទំនាក់ទំនងនៅគ្រាអាសន្ន»។ «ករណីទីពីរ រឿងនេះក៏អាចទៅរួចដែលថា យោធាបរទេសកំពុងធ្វើសមយុទ្ធ ‘សង្គ្រាមអេឡិចត្រូនិក’ ដែលអាចរំខាន ឬធ្វើឱ្យខូចប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធអេឡិចត្រូនិកនៅលើយន្តហោះពាណិជ្ជកម្ម»។

លោកបណ្ឌិត Drake បានលើកឡើងថា៖ «ឧបករណ៍ដែលមានថាមពលខ្ពស់គឺពាក់ព័ន្ធនឹងការរាំងស្ទះឧបករណ៍ទទួល GPS ស៊ីវិលនៅលើយន្តហោះពាណិជ្ជកម្ម»។ «វាជារឿងងាយស្រួលណាស់ ព្រោះថារដ្ឋ​ទាំង​អស់សុទ្ធ​មាន​សមត្ថភាព​បែបនេះ»។

ក្រុមហ៊ុនអាកាសចរណ៍ Qantas បានណែនាំអាកាសយានិកដែលកំពុងជួបប្រទះការជ្រៀតជ្រែកទំនាក់ទំនងឱ្យស្ថិតនៅលើផ្លូវហោះហើរដែលបានកំណត់របស់ពួកគេ និងរាយការណ៍ពីឧប្បត្តិហេតុនេះទៅកាន់អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។ សហព័ន្ធអន្តរជាតិនៃសមាគមអ្នកបើកយន្តហោះបានណែនាំសមាជិករបស់ខ្លួនកុំឱ្យឆ្លើយតបនឹងការហៅពីនាវាចម្បាំង ហើយធ្វើការរាយការណ៍ភ្លាមៗអំពីការជ្រៀតជ្រែកនេះ និងបញ្ជូនរបាយការណ៍សុវត្ថិភាព។

សម្ព័ន្ធមិត្ត និងដៃគូឥណ្ឌូប៉ាស៊ីហ្វិក បង្កើនកម្រិតនៃក្តីបារម្ភលើគំរូនៃអាកប្បកិរិយាមិនទទួលខុសត្រូវរបស់កងទ័ពរំដោះប្រជាជនដែលបង្កគ្រោះថ្នាក់ដល់អាកាសយានិក និងនាវិក។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា នៅក្នុងខែធ្នូ ឆ្នាំ 2022  រូបភាពយន្តហោះចម្បាំងរបស់កងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនបានចូលមកក្នុងចម្ងាយ 3 ម៉ែត្រពីយន្តហោះឈ្លបយកការណ៍ប្រភេទ RC-135 របស់កងទ័ពអាកាសអាមេរិក ដែលធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូង។ យន្តហោះប្រភេទ RC-135 ដែលមានយានិកប្រហែល 30 នាក់បានធ្វើការហោះហើរប្រកបដោយជំនាញ ដើម្បីជៀសវាងការប៉ះទង្គិចគ្នា។

បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបានលើកឡើងថា៖ «យើងរំពឹងថា ប្រទេសទាំងអស់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនឹងប្រើប្រាស់ដែនអាកាសអន្តរជាតិដោយសុវត្ថិភាព និងស្របទៅតាមច្បាប់អន្តរជាតិ»។

សារព័ត៍មាន CNN បាន​រាយការណ៍​ថា ប៉ុន្មានខែមុននេះ យន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជន បានស្ទាក់ចាប់យន្តហោះស៊ើបការណ៍របស់កងកម្លាំងការពារជាតិអូស្ត្រាលី (ADF) ដែលធ្វើការល្បាតជាប្រចាំនៅសមុទ្រចិនខាងត្បូង ហើយយន្តហោះ​របស់​ចិន​បាន​បញ្ចេញ​បំណែក​អាលុយមីញ៉ូម​តូចៗ​ដែល​គេ​ហៅ​ថា​ភាគល្អិតប្រឆាំងរ៉ាដា​ដែល​ត្រូវបាន​ស្រូប​ចូល​ក្នុង​ម៉ាស៊ីន​​របស់​យន្តហោះ​កងកម្លាំងការពារជាតិអូស្ត្រាលី។ មិន​មាន​អ្នករង​របួស​ទេ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថ្លែងថា៖ «សកម្មភាពនេះគឺ​មិន​មាន​សុវត្ថិភាពទេ… ហើយ​យើង​បាន​សុំអំពាវនាវយ៉ាងសមស្របទៅ​រដ្ឋាភិបាល​ចិន​ដោយ​បង្ហាញ​ពី​ក្ដី​បារម្ភ​របស់​យើង» ដោយកត់សម្គាល់ឃើញថាយន្តហោះរបស់កងកម្លាំងការពារជាតិអូស្ត្រាលីគឺ «អនុលោមតាមច្បាប់អន្តរជាតិ ដោយអនុវត្តសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរឆ្លងកាត់ដែនទឹក និងដែនអាកាសអន្តរជាតិ»។

ក្នុងពេលជាមួយគ្នានោះ យន្តហោះចម្បាំងកងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជន (PLAAF) ក៏បានរំខានដល់យន្តហោះរបស់កងទ័ពអាកាសកាណាដា (RCAF) ដែលកំពុងតាមដានការរំលោភបំពានដែលអាចកើតមានឡើងនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ដោយបង្ខំឱ្យយន្តហោះរបស់កងទ័ពអាកាសកាណាដាចាកចេញពីផ្លូវហោះហើររបស់ពួកគេ។

កាលពីក្នុងខែមិថុនា ឆ្នាំ 2022 កងកម្លាំងប្រដាប់អាវុធកាណាដាបានលើកឡើងថា៖ «នៅក្នុងអន្តរកម្មទាំងនេះ យន្តហោះរបស់កងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជនគឺមិនបានគោរពតាមបទដ្ឋានសុវត្ថិភាពអាកាសអន្តរជាតិនោះទេ។ អន្តរកម្មទាំងនេះគឺគ្មានវិជ្ជាជីវៈ និង/ឬធ្វើឱ្យសុវត្ថិភាពរបស់បុគ្គលិកកងទ័ពអាកាសកាណាដារបស់យើងស្ថិតក្នុងហានិភ័យ»។ «អន្តរកម្មបែបនេះ ដែលកើតឡើងនៅក្នុងដែនអាកាសអន្តរជាតិ អំឡុងពេលនៃបេសកកម្មដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិ គឺបង្កឱ្យមានការព្រួយបារម្ភ និងកើនឡើងកាន់តែញឹកញាប់។ ការកើតមានឡើងទាំងនេះក៏ត្រូវបានដោះស្រាយតាមរយៈទំនាក់ទំនងការទូតផងដែរ»។

ទន្ទឹមនឹងនេះ កងកម្លាំងដែនសមុទ្ររបស់បក្សកុម្មុយនិស្តចិនក៏កំពុងប្រើយុទ្ធសាស្ត្រប្រទូសរ៉ាយដើម្បីជំរុញការទាមទារ និងពង្រីកទឹកដីតាមអំពើចិត្តរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលតុលាការអន្តរជាតិបានច្រានចោលកាលពីឆ្នាំ 2016 នោះ។

ក្នុងខែកុម្ភៈ ឆ្នាំ 2023 នាវាឆ្មាំឆ្នេរសមុទ្រចិនបានតម្រង់ឡាស៊ែរកម្រិតយោធាទៅលើនាវាល្បាតហ្វ៊ីលីពីននៅក្បែរច្រាំងសមុទ្រដែលមានជម្លោះ ដោយបានធ្វើឱ្យសមាជិកនាវិកហ្វីលីពីនងងឹតភ្នែកជាបណ្តោះអាសន្ន។ បើ​តាម​សារព័ត៌មាន The Associated Press បានឱ្យដឹងថាប្រធានាធិបតីហ្វ៊ីលីពីនលោក Ferdinand Marcos Jr. បានកោះហៅឯកអគ្គរដ្ឋទូតចិន ដើម្បីបង្ហាញពីក្ដីបារម្ភរបស់គាត់ បន្ទាប់ពីទីក្រុងម៉ានីលបានធ្វើការតវ៉ាការទូត។

អ្នកនាំពាក្យយោធាហ្វ៊ីលីពីន លោកវរសេនីយ៍ឯក Medel Aguilar បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំគិតថា វាដល់ពេលហើយសម្រាប់រដ្ឋាភិបាលចិនក្នុងការទប់ស្កាត់កងកម្លាំងរបស់ខ្លួន ដើម្បីកុំឱ្យប្រព្រឹត្តអំពើបង្ករឿងណាមួយដែលនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស»។

ប្រភពរូបភាព៖ បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកតាមរយៈសារព័ត៌មាន Reuters


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button