ឥណ្ឌូណេស៊ីផ្តល់អាទិភាពដល់និរន្តរភាព សន្តិសុខ

Gusty Da Costa
ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសន្តិសុខដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងតម្រូវការបន្ទាន់សម្រាប់និរន្តរភាព និងភាពធន់ដើម្បីការពារប្រជាជនរបស់ខ្លួន និងធានាប្រសិទ្ធភាពនៃយោធារបស់ខ្លួន។ ការយល់ដឹងនេះបកស្រាយទៅជាសកម្មភាពតាមរយៈផែនការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីល វិធានការដើម្បីកសាងភាពធន់នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងការបង្កើត «ទីក្រុងព្រៃឈើប្រកបដោយនិរន្តរភាព» ជារដ្ឋធានីរបស់ខ្លួនដើម្បីជំនួសទីក្រុងហ្សាការតាដែលកពុងលិចលង់នោះ។
លោក Kusnanto Anggoro សាស្ត្រាចារ្យនៅសាកលវិទ្យាល័យការពារជាតិឥណ្ឌូណេស៊ីបានប្រាប់ទស្សនាវដ្តី FORUM ថា៖ «គ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុអាចបង្ហាញក្នុងទម្រង់ផ្សេងៗគ្នា ចាប់ពីការកើនឡើងកម្រិតទឹកសមុទ្រ សីតុណ្ហភាពខ្លាំង ទិសដៅខ្យល់មូសុងជាដើម»។ «តើមានផលវិបាកយ៉ាងណាខ្លះ? ប្រជាជននឹងទទួលរងនូវគ្រោះថ្នាក់ជាច្រើន ហើយនឹងមានជនរងគ្រោះដោយសារវិបត្តិស្បៀងអាហារ ការខាតបង់ខាងផ្នែកសង្គម និងសេដ្ឋកិច្ចជាដើម។ល។ ការឆ្លើយតបទៅលើបញ្ហានេះគួរតែជាការផ្លាស់ប្តូរទីតាំង ការអនុវត្ត និងការធ្វើឱ្យបច្ចេកវិទ្យាកាន់តែប្រសើរឡើង»។
រដ្ឋាភិបាលកំពុងធ្វើការជាមួយប្រទេសកាណាដា សហភាពអឺរ៉ុប ជប៉ុន និងអាមេរិកលើផែនការសម្រាប់ការវិនិយោគ ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ដើម្បីអនុវត្តអន្តរកាលថាមពលបស់ប្រទេសឥណ្ឌូណេស៊ី ដែលផ្លាស់ប្តូរពីធ្យូងថ្ម និងឥន្ធនៈហ្វូស៊ីលផ្សេងទៀតទៅជាអព្យាក្រឹតកាបូនត្រឹមឆ្នាំ 2045។
គម្រោងរយៈពេលប្រាំមួយខែនេះគឺជាផ្នែកមួយនៃភាពជាដៃគូអន្តរកាលថាមពល Just Energy ដែលត្រូវបានបង្កើតឡើងដោយប្រទេសឥណ្ឌូណេស៊ី និងដៃគូនានាក្នុងអំឡុងពេលធ្វើជាប្រធាន G20 របស់ប្រទេសនោះ។ គម្រោងនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ 2022។
រដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូណេស៊ី ដែលមានឈ្មោះថា Nusantara ដែលបកប្រែថាជា «ប្រជុំកោះ» ត្រូវបានគេរំពឹងថានឹងបង្កើតឡើងនៅខែសីហា ឆ្នាំ 2024 នៅលើកោះ Borneo រវាងទីក្រុង Samarinda និងទីក្រុងកំពង់ផែ Balikpapan។ ទីក្រុងហ្សាការតាកំពុងលិចលង់យ៉ាងឆាប់រហ័ស នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដោយមួយភាគបីនៃទីក្រុងទំនងនឹងជាអាចស្ថិតនៅក្រោមទឹកត្រឹមឆ្នាំ 2050។ ការទាញយកទឹកក្រោមដីដែលមិនបានត្រួតពិនិត្យគឺជាពិរុទ្ធជនចម្បង ប៉ុន្តែការកើនឡើងនៃសមុទ្រជ្វា ដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។
ស្ថិតនៅចម្ងាយ 15 គីឡូម៉ែត្រដែលនៅឆ្ងាយពីសមុទ្រ នោះ Nusantara នឹងមានការរងគ្រោះនឹងព្យុះត្រូពិច និងទឹកជំនន់ជាងទីក្រុងហ្សាការតា និងនៅលើកោះមួយដែលមានការរញ្ជួយដីតិចតួច។ មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ទីក្រុងថ្មីនេះនឹងមានលក្ខណៈពិសេសនៃស្ថាបត្យកម្ម និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព រួមជាមួយនឹងដំបូលដើមឈើដ៏ក្រាស់ ដែល 65% នឹងត្រូវបានដាំឡើងវិញបន្ទាប់ពីការសាងសង់។ (រូបភាព៖ រូបភាពដែលបង្កើតដោយកុំព្យូទ័របង្ហាញពី Nusantara រដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី។)
រដ្ឋធានីនាពេលអនាគតក៏នឹងមានហេដ្ឋារចនាសម្ព័ន្ធការពារ និងសន្តិសុខដែលមានភាពធន់ រួមទាំងមូលដ្ឋានសម្រាប់ផ្ទុកទាហានចំនួន 30 000 នាក់ផងដែរ នេះបើតាមលោក Khairul Fahmi អ្នកជំនាញផ្នែកយោធានៅវិទ្យាស្ថានសន្តិសុខ និងការសិក្សាយុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ីបានថ្លែងប្រាប់ទស្សនាវដ្តី FORUM។
លោកបានមានប្រសាសន៍ថា៖ «ការពិចារណាជាចម្បងក្នុងការអភិវឌ្ឍបរិក្ខារ និងទីតាំងយោធាគឺសុវត្ថិភាព ហើយសន្តិសុខរបស់បុគ្គលិក និងប្រជាជន និងប្រសិទ្ធភាពនៃការអនុវត្តការងារ មុខងារ និងទម្រង់នៃការគំរាមកំហែង»។ «ដោយហេតុនោះ ភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិដូចជាព្យុះ រញ្ជួយដី ទឹកជំនន់ ជាដើម ក្លាយជាកត្តាសំខាន់ក្នុងការអភិវឌ្ឍគ្រឿងបរិក្ខារ/ទីតាំងយោធា និងការចំណាយលើលទ្ធកម្មនៃសម្ភារជំនួយ»។
លោកឧត្តមសេនីយទទោ Tubagus Hasanuddin ដែលចូលនិវត្តន៍ គឺជាសមាជិកសភាមកពីគណៈកម្មការសភាតំណាងឥណ្ឌូណេស៊ី I ដែលគ្រប់គ្រងកិច្ចការការពារជាតិ និងកិច្ចការបរទេសបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា ការពិចារណាស្រដៀងគ្នានេះគឺចាំបាច់នៅទូទាំងកងកម្លាំងប្រដាប់អាវុធ។
លោកបានលើកឡើងថា៖ «នៅក្នុងបរិបទនៃអាកាសធាតុ បច្ចុប្បន្ននេះមានព្យុះ ហើយខ្យល់ព្យុះនោះបានប៉ះពាល់ដល់ការឡើងចុះនៃកម្រិតទឹកសមុទ្រ។ ប្រសិនបើមានខ្យល់ព្យុះ ប្រភេទនៃអាវុធដែលប្រើប្រាស់ត្រូវតែកែសម្រួលតាមនោះដែរ ហើយប្រព័ន្ធអាវុធចម្បងត្រូវកែតម្រូវ រួមទាំងឧបករណ៍សម្រាប់ចុះចតផងដែរ»។ លោកបានបន្ថែមថា ការហ្វឹកហ្វឺន និងយុទ្ធសាស្ត្រចាំបាច់ត្រូវកែតម្រូវផងដែរ ជាពិសេសសម្រាប់អង្គភាពនៅផ្នែកហោះហើរ និងចុះឆ្នេរសមុទ្រ។
លោក Fahmi បានលើកឡើងថា ទីតាំងដែលមានស្រាប់ក៏ចាំបាច់ត្រូវជួសជុលឡើងវិញផងដែរ ដើម្បីធ្វើឱ្យពួកវាមានភាពធន់នឹងផលប៉ះពាល់នៃអាកាសធាតុ។
លោកបានមានប្រសាសន៍ថា «តម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងនូវទីតាំងយោធាបច្ចុប្បន្ន ដើម្បីរៀបចំសម្រាប់បញ្ហាអាកាសធាតុនាពេលខាងមុខ ផ្លាស់ប្តូរទីតាំងយោធាដែលងាយរងគ្រោះ ហើយវាយតម្លៃពីយុទ្ធសាស្ត្រសាងសង់ និងលទ្ធកម្ម គឺជាផលប៉ះពាល់ជិតបំផុតនៃការប្រែប្រួលអាកាសធាតុ»។
ប្រភពរូបភាព៖ ក្រសួងការងារសាធារណៈ និងលំនៅឋានរបស់ប្រទេសឥណ្ឌូណេស៊ី
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។