ភាពជាដៃគូអាស៊ីឥសាន / NEA

អ្នកការទូត G-7 ច្រានចោលការឈ្លានពានរបស់កូរ៉េខាងជើង សាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ី

The Associated Press

អ្នកការទូតកំពូលមកពី G-7 បាន​ប្តេជ្ញា​ប្រកាន់​ជំហរ​តឹងរ៉ឹងលើការគំរាមកំហែងរបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) ចំពោះតៃវ៉ាន់ និងលើការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ខណៈពេលដែលពិភាក្សាអំពីវិធីជំរុញការគាំទ្រសម្រាប់អ៊ុយក្រែន និងដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការឈ្លានពានរបស់ខ្លួន។

កិច្ចពិភាក្សារបស់ប្រេសិតនៅទីក្រុង Karuizawa ប្រទេសជប៉ុន នៅពាក់កណ្តាលខែមេសា ឆ្នាំ 2023 គឺចង់ត្រួសត្រាយផ្លូវសម្រាប់សកម្មភាពរបស់មេដឹកនាំ G-7 នៅពេលដែលពួកគេជួបប្រជុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនក្នុងខែឧសភា។ (រូបភាព៖ មើលតាមទ្រនិចនាឡិកាពីកណ្តាល៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Mélanie Joly រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani អគ្គលេខាធិការរងនៃសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុប (EEAS) លោក Enrique Mora រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក James Cleverly រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅទីក្រុង Karuizawa ប្រទេសជប៉ុន។)

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានថ្លែងថា ពិភពលោកកំពុងស្ថិតក្នុង «ចំណុចរបត់» លើការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវតែ «បដិសេធយ៉ាងដាច់អហង្ការនូវការប៉ុនប៉ងឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង និងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការគំរាមកំហែងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន»។

កិច្ចប្រជុំនេះបានធ្វើឡើងក្នុងពេលដ៏សំខាន់ក្នុងការឆ្លើយតបរបស់ពិភពលោកចំពោះការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ 2022 លើអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជាមួយសាធារណរដ្ឋប្រជាមានិតចិន បញ្ហាពីរនេះដែលរដ្ឋមន្ត្រីមកពីសមាជិក G-7 កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុប ចាត់ទុកជាបញ្ហាប្រឈមដ៏ខ្លាំងក្លាចំពោះសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

មន្ត្រីជាន់ខ្ពស់ដែលធ្វើដំណើរជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន (Joe Biden) ចង់ឱ្យកិច្ចពិភាក្សានេះ ជំរុញការគាំទ្រសម្រាប់អ៊ុយក្រែន រួមទាំងគំនិតផ្តួចផ្តើមដ៏សំខាន់មួយស្តីពីហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបានចាប់ផ្តើមនៅឯការជួបជុំ G-7 នៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ 2022 និងធានាបាននូវជំនួយយោធាជាបន្តសម្រាប់ទីក្រុងកៀវ (Kyiv)។

មន្ត្រី​រូប​នេះ​បាន​ថ្លែង​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ជា​ពិសេស​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ក៏​ជារឿង​អាទិភាព​ផងដែរ។

អ៊ុយក្រែនប្រឈមមុខនឹងពេលវេលាដ៏សំខាន់មួយ ខណៈដែលខ្លួនរៀបចំការវាយតបមួយបន្ទាប់ពីការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ី។

តួនាទីរបស់ប្រទេសជប៉ុនក្នុងនាមជាប្រធាន G-7 នឹងផ្តល់ឱកាសដើម្បីពិភាក្សាអំពីវិធានការសម្របសម្រួលលើសាធារណរដ្ឋប្រជាមានិតចិន។ មេដឹកនាំ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេស G-7 ដែលថ្មីៗនេះមានប្រទេសបារាំង និងអាល្លឺម៉ង់ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយអ្នកការទូតនៅទីក្រុង Karuizawa ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីជំហររបស់សាធារណរដ្ឋប្រជាមានិតចិនទៅលើបញ្ហាជាច្រើន រួមទាំងសង្រ្គាមនៅអ៊ុយក្រែន កូរ៉េខាងជើង និងតៃវ៉ាន់ផងដែរ។

លោក Hayashi បានជំរុញឱ្យបន្តការសន្ទនាជាមួយសាធារណរដ្ឋប្រជាមានិតចិនលើបញ្ហាប្រឈមជាសកល ដែលការចូលរួមរបស់ទីក្រុងប៉េកាំងត្រូវបានគេមើលឃើញថាមានសារៈសំខាន់ ដូចជាពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងអាកាសធាតុ។

ប៉ុន្តែអ្នកការទូតរូបនេះក៏គ្រោងនឹងដោះស្រាយទៅលើជំហរកាន់តែឈ្លានពានរបស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងតំបន់ ជាពិសេសចំពោះតៃវ៉ាន់ ដែលជាលទ្ធិប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងទាមទារជាដែនដីរបស់ខ្លួននោះ។

បក្សកុម្មុយនិស្តចិននៅដើមខែមេសា ឆ្នាំ 2023 បានបញ្ជូនយន្តហោះ និងនាវាចម្បាំង ដើម្បីក្លែងធ្វើឡោមព័ទ្ធកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងក៏បាននឹងកំពុងបន្ថែមក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងពង្រឹងជំហររបស់ខ្លួនចំពោះការទាមទាររបស់ខ្លួននៅសមុទ្រចិនខាងត្បូងផងដែរ។

ភាពតានតឹងកំពុងកើនឡើង នៅពេលដែលប្រទេសជប៉ុនដកខ្លួនចេញមួយរយៈធំពីជំហរត្រឹមតែការពារជាតិរបស់ខ្លួន ទៅជាការគ្រោងនឹងទទួលយកនូវសមត្ថភាពវាយប្រហារទុកជាមុន និងកាំជ្រួចមីស៊ីលដើម្បីទប់ទល់នឹងការគំរាមកំហែងនានា។

លោក Hayashi បានប្រាប់ទីស្ដីការដ្ឋមន្ដ្រីថា ប្រជាជាតិនានាត្រូវតែបន្ត «កសាងទំនាក់ទំនងស្ថាបនា និងស្ថិរភាព ខណៈពេលកំពុងបង្ហាញដោយផ្ទាល់ផងដែរនូវការព្រួយបារម្ភរបស់យើង និងអំពាវនាវឱ្យប្រទេសចិនដើរតួជាសមាជិកដែលមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ» នេះបើយោងតាមសេចក្តីសង្ខេបផ្លូវការមួយ។

ប្រភពរូបភាព៖ GETTY IMAGES


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button