សាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅចំពេលមានការអំពាវនាវរកសន្តិភាពរបស់ទីក្រុងប៉េកាំងដែលមិនគួរឱ្យទុកចិត្ត

បុគ្គលិករបស់ទស្សនាវដ្តី FORUM
បន្ទាប់ពីផែនការសន្តិភាពដ៏គួរឱ្យសង្ស័យរបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) ក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន អគ្គលេខាធិការបក្សកុម្មុយនិស្តចិន (CCP) លោក ស៊ី ជីនពីង (Xi Jinping) បានទៅបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅទីក្រុងម៉ូស្គូ ក្នុងខែមីនា ឆ្នាំ 2023។ សាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកការធ្វើដំណើរទស្សនកិច្ចនេះថាជា «ដំណើរទស្សនកិច្ចមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព» ខណៈដែលទីក្រុងប៉េកាំងព្យាយាមលាបពណ៌ខ្លួនឯងជាភាគីអព្យាក្រឹត ប្តេជ្ញាបញ្ចប់ជម្លោះបង្ហូរឈាមនៅឯអ៊ុយក្រែន ដែលជាទីកន្លែងដែលមនុស្សរាប់សែននាក់បានស្លាប់ចាប់តាំងពីការឈ្លានពានរបស់ប្រទេសរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ 2022។
យោងតាមមន្ត្រីចារកម្មអាមេរិក បានឱ្យដឹងថា សំណើគាំទ្ររុស្ស៊ីរបស់សាធារណរដ្ឋប្រជាមានិតចិនអះអាងពីគោលបំណងដើម្បីបញ្ចប់ការប្រយុទ្ធនេះ សូម្បីតែទីក្រុងប៉េកាំងសម្លឹងមើលទៅលើជម្រើសសម្រាប់ការបំពាក់អាវុធដល់ប្រទេសរុស្ស៊ីក៏ដោយ។ ទីក្រុងប៉េកាំងបានបដិសេធការអះអាងនេះ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពាណិជ្ជកម្ម និងពន្ធគយបង្ហាញថា ក្រុមហ៊ុនចិន រួមមានក្រុមហ៊ុនម៉ៅការផ្នែកការពារជាតិ បានដឹកកាំភ្លើងវែង តួរថពាសដែក គ្រឿងបន្លាស់យន្តហោះដ្រូន និងឧបករណ៍យោធាផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ីចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ 2022 នេះបើយោងតាមក្រុមហ៊ុនសារព័ត៌មាន Politico ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ របាយការណ៍ចោទប្រកាន់ថា អាវុធដែលជាប្រភេទប្រើដោយប៉ូលិសយោធាប្រតិព័ន្ធ ត្រូវបានកំណត់ថាជា «កាំភ្លើងបរបាញ់របស់ជនស៊ីវិល» ក្នុងទិន្នន័យគយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានធ្វើជាម្ចាស់ផ្ទះទទួលលោក ស៊ី នៅក្នុងដំណើរទស្សនកិច្ចដែលបានរៀបចំយ៉ាងជាក់លាក់មួយ ដូចបានបង្ហាញក្នុងរូបថត កាលពីចុងខែមីនា។ នៅលើរបៀបវារៈនោះគឺជា «ផែនការ 12 ចំណុច» របស់សាធារណរដ្ឋប្រជាមានិតចិនដែលស្នើឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែមិនបានអំពាវនាវឱ្យរុស្ស៊ីដកខ្លួនចេញពីប្រទេសនេះច្បាស់លាស់នោះទេ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា ផែនការនេះនឹង «ចូលជាធរមានលើការទទួលស្គាល់ការចំណេញរបស់រុស្ស៊ី និងការប៉ុនប៉ងដណ្តើមយកទឹកដីរបស់ប្រទេសជិតខាងខ្លួនដោយប្រើកងកម្លាំង ដែលអនុញ្ញាតឱ្យទាហានរុស្ស៊ីបន្តកាន់កាប់ទឹកដីអ៊ុយក្រែន»។ អ្នករិះគន់ក៏បានកត់សម្គាល់ផងដែរថា សំណើនេះនឹងផ្តល់ពេលវេលាដល់លោកពូទីន ដើម្បីប្រមូលផ្តុំកងកម្លាំងឡើងវិញសម្រាប់ត្រៀមតទល់ការវាយលុកមួយផ្សេងទៀត។
សាធារណរដ្ឋប្រជាមានិតចិន បដិសេធមិនប្រកាសថ្កោលទោសលើសង្គ្រាមនេះឡើយ ហើយបើយោងទៅតាមទីក្រុងម៉ូស្គូ នឹងមិនពណ៌នាការឈ្លានពានរបស់រុស្ស៊ីថាជាការឈ្លានពានទេ។ ទន្ទឹមនឹងនោះ សេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងគឺស្តីពីសង្រ្គាមអំពាវនាវឱ្យរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី។ នៅតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលសាធារណរដ្ឋប្រជាមានិតចិនអះអាងថាជាទឹកដីរបស់ខ្លួន និងគំរាមកំហែងយកដោយប្រើកម្លាំង ការលើកឡើងរបស់លោក ស៊ី ចំពោះអធិបតេយ្យភាពគឺគ្រាន់តែនិយាយឱ្យរួចពីមាត់ប៉ុណ្ណោះ។
«ចង់បានសន្តិភាពឬ? មេដឹកនាំផ្តាច់ការទាំងពីរគួរតែបញ្ឈប់ការគំរាមកំហែង ការឈ្លានពាន និងការវាតទីនិយមរបស់ពួកគេជាបន្ទាន់» នេះបើតាមរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានលើកឡើងនៅលើបណ្ដាញសង្គម Twitter។
អ្នកវិភាគបានលើកឡើងថា ការប្រមាថរបស់សាធារណរដ្ឋប្រជាមានិតចិនទៅលើកោះតៃវ៉ាន់ រួមទាំងសង្គ្រាមតាមអ៊ីនធឺណិត យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការឈ្លានពានស្ទើរតែរាល់ថ្ងៃបង្កដោយយន្តហោះ និងនាវាយោធាចិននៅក្បែរកោះនេះ ចោទជាសំណួរអំពីសមត្ថភាពរបស់ទីក្រុងប៉េកាំងក្នុងការដើរតួជាឈ្មួញកណ្តាលលើសន្តិភាពដ៏ស្មោះត្រង់នៅអ៊ុយក្រែន។ ដូចគ្នាដែរ ចំពោះអរិភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលការឈ្លានពានរបស់រុស្ស៊ីអាចមានឥទ្ធិពលក្នុងជម្លោះដែនដីនេះ។ ការទាមទារខុសច្បាប់របស់សាធារណរដ្ឋប្រជាមានិតចិនចំពោះសមុទ្រភាគច្រើនត្រួតពីលើការទាមទាររបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមានព្រុយណេ ម៉ាឡេស៊ី ហ្វ៊ីលីពីន និងវៀតណាម។ ទោះបីជាតុលាការអន្តរជាតិចាត់ទុកការអះអាងរបស់សាធារណរដ្ឋប្រជាមានិតចិនអំពីអធិបតេយ្យភាពពេញលេញនេះជាមោឃៈក៏ដោយ ក៏បក្សកុម្មុយនិស្តចិននៅតែបន្តធ្វើយោធូបនីយកម្មលើតំបន់ថ្មប៉ប្រះទឹកសិប្បនិម្មិត និងលក្ខណៈពិសេសផ្សេងទៀតនៅក្នុងសមុទ្រ ក៏ដូចជា បៀតបៀនជនស៊ីវិល និងដាក់កងកម្លាំងប្រដាប់អាវុធនៅក្នុងដែនដីរបស់ពួកគេ។
ការឆ្លើយតបរបស់សាធារណរដ្ឋប្រជាមានិតចិនចំពោះការធ្វើរដ្ឋប្រហារយោធារបស់ប្រទេសភូមាក៏បានធ្វើឱ្យមានការសង្ស័យលើឆន្ទៈរបស់ខ្លួនក្នុងការចរចាសន្តិភាពផងដែរ។ ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូបានផ្គត់ផ្គង់សព្វាវុធដល់របបយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសភូមាក្នុងខែកុម្ភៈ ឆ្នាំ 2021 ដោយបង្កឱ្យមានជម្លោះដែលបានបណ្ដាលឱ្យមានការជម្លៀសប្រជាជនប្រមាណ 1,5 លាននាក់។ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកនៅប្រទេសភូមា លោកស្រី Noeleen Heyzer បានរាយការណ៍កាលពីខែមីនាឆ្នាំ 2023 ថា នៅពេលដែលមេដឹកនាំយោធាមានការលំបាកដើម្បីរក្សាអំណាចប្រឆាំងនឹងការបះបោរប្រដាប់អាវុធដែលកាន់តែខ្លាំងឡើងនោះ ពួកគេក៏សម្រេចចិត្តប្រើអំពើហិង្សាកាន់តែខ្លាំងឡើងលើជនស៊ីវិល។ លោកស្រីបានលើកឡើងពីការទម្លាក់គ្រាប់បែកពីលើអាកាស ការដុតផ្ទះ និង «ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ» ផ្សេងទៀត។ ទន្ទឹមនឹងនេះសាធារណរដ្ឋប្រជាមានិតចិនបានគាំទ្រមិនមែនត្រឹមតែរដ្ឋាភិបាលយោធាប៉ុណ្ណោះទេ ក៏ថែមទាំងបានគាំទ្រក្រុមប្រឆាំងផងដែរ ដើម្បីទទួលបានធនធានរ៉ែ និងថាមពលពីប្រទេសភូមា នេះបើយោងតាមស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក The Jamestown Foundation។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានលើកឡើងថា ខណៈដែលប្រទេសផ្សេងទៀតបានស្វែងរកការផ្ដាច់ខ្លួនចេញពីប្រទេសរុស្ស៊ីចាប់តាំងពីការលុកលុយរបស់ពូទីន ទៅលើអ៊ុយក្រែន តែសាធារណរដ្ឋប្រជាមានិតចិនបានបែរទៅពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូទៅវិញ។ ប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារួមគ្នាជាច្រើនដង ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ កាសែត The New York Times បានរាយការណ៍ថា ក្រុងប៉េកាំងក៏បានចូលរួមជាមួយទីក្រុងម៉ូស្គូក្នុងការថ្កោលទោសអង្គការណាតូជារឿយៗ ហើយនៅតែជាអ្នកទិញប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ី។
កាមេរ៉ាថតបានការផ្លាស់ប្តូរពាក្យសម្ដីគ្នារវាងលោកស៊ី និងលោក ពូទីន ខណៈដែលមេដឹកនាំផ្តាច់ការទាំងពីរបានចាកចេញពីការទទួលទានអាហារពេលល្ងាចថ្នាក់រដ្ឋក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី 21 ខែមីនា។ លោកស៊ី បានប្រាប់លោកពូទីនថា៖ «ឥឡូវនេះ មានការផ្លាស់ប្តូរដែលយើងមិនបានឃើញបែបនេះអស់រយៈពេល 100 ឆ្នាំមកហើយ» នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ «ហើយយើងនឹងជាអ្នកជំរុញការផ្លាស់ប្តូរទាំងនេះជាមួយគ្នា»។
ប្រភពរូបភាព៖ THE ASSOCIATED PRESS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។