ភាពជាដៃគូអាស៊ីខាងត្បូង

សមយុទ្ធពហុជាតិសាសន៍ AFINDEX-23 បង្ហាញភាពជាដៃគូនៃអាហ្វ្រិក និងឥណ្ឌា

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការធ្វើឡើងលើសមយុទ្ធហ្វឹកហ្វឺនរបស់អាហ្រ្វិក-ឥណ្ឌា (AFINDEX-23) ជាលើកទីពីរ បាននាំបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកចំនួន 25 មកហ្វឹកហាត់ជាមួយកងទ័ពនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលពីរសប្តាហ៍កាលពីចុងខែមីនា ឆ្នាំ 2023 កន្លងទៅនេះ។

យោងតាមក្រសួងការពារជាតិឥណ្ឌា បានឱ្យដឹងថា ក្នុងគោលបំណងកសាងទំនាក់ទំនងយោធាជាវិជ្ជមាន និងចែករំលែកការអនុវត្តល្អបំផុត សមយុទ្ធនេះបានលើកកម្ពស់ការងារមនុស្សធម៌ក្នុងការដោះមីន និងពង្រឹងប្រតិបត្តិការរក្សាសន្តិភាពក្រោមអាណត្តិរបស់អង្គការសហប្រជាជាតិ។ កងទ័ពឥណ្ឌាមកពីកងវរសេនាធំ Sikh, Maratha និង Mahar បានចូលរួមក្នុងសមយុទ្ធនេះ។ (រូបភាព៖ ការហ្វឹកហ្វឺន AFINDEX-23 រួមបញ្ចូលសមុទ្ធសកម្មភាពមីនមនុស្សធម៌សម្រាប់ទាហានឥណ្ឌា និងអាហ្វ្រិក។)

ទាហានមកពីទ្វីបអាហ្រ្វិក និងឥណ្ឌាបានចែករំលែកយុទ្ធសាស្ត្រដោះមីន និងជួយធានាថាកងកម្លាំងអាចបកស្រាយបានត្រឹមត្រូវនូវច្បាប់ស្ដីអំពីការចូលរួម ខណៈពេលដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព នេះបើយោងតាមក្រសួងការពារជាតិ។

កងទ័ពឥណ្ឌាបានលើកឡើងនៅលើទំព័រ Facebook របស់ខ្លួនថា ក្រុមចម្រុះជាតិសាសន៍បានធ្វើសមយុទ្ធផ្ទាល់សម្រាប់ការដោះមីន និងសម្រាប់ការធ្វើផែនការ និងការសម្របសម្រួលភារកិច្ចរក្សាសន្តិភាព។

ទាហានម្នាក់មកពីកងវិស្វកម្មនៃកងទ័ពសំប៊ី បានប្រាប់កាសែត The Times of India ថា នាងបានរៀនពីការរុករកគ្រាប់មីនពីកងទ័ពឥណ្ឌាដែលប្រើសត្វសុនក និងរ៉ូបូតសម្រាប់ប្រតិបត្តិការវិស្វកម្មប្រយុទ្ធផ្សេងៗ។ ទាហានមកពីប្រទេសអ៊ូហ្កង់ដា និងស៊ីមបាវ៉េក៏បានសរសើរការហ្វឹកហ្វឺន និងការទទួលស្វាគមន៍ដែលពួកគេទទួលបានពីកងទ័ពឥណ្ឌាផងដែរ នេះបើយោងតាមការលើកឡើងរបស់កាសែតនេះ។

«ភាពស្មោះត្រង់ ស្មារតីរួបរួម និងសុច្ឆន្ទៈដែលបានបង្កើតក្នុងអំឡុងពេលសមយុទ្ធនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងកងទ័ពដោយអនុញ្ញាតឱ្យមានការយល់ដឹងអំពីអង្គភាព និងវិធីសាស្រ្តនៃការធ្វើប្រតិបត្តិការផ្សេងៗរបស់គ្នាទៅវិញទៅមក»។ ក្រសួងការពារជាតិឥណ្ឌា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ «សមយុទ្ធនេះគឺជាការប្រកាសជាមុនសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងកងទ័ពឥណ្ឌា និងអាហ្វ្រិកនាពេលអនាគត»។

នៅកិច្ចការក្រៅផ្លូវការ ឥណ្ឌាបានរៀបចំការតាំងបង្ហាញឧបករណ៍មួយ ដើម្បីរំលេចផលិតផលផលិតក្នុងស្រុក និងបានរៀបចំកិច្ចប្រជុំមេបញ្ជាការកងទ័ពអាហ្វ្រិក-ឥណ្ឌាជាកិច្ចចាប់ផ្ដើមនៅទីក្រុង Pune ភាគខាងលិចនៃប្រទេសឥណ្ឌា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងក្នុងតំបន់។

លោក Samir Bhattacharya សហការីផ្នែកស្រាវជ្រាវជាន់ខ្ពស់ជាមួយនឹងមូលនិធិអន្តរជាតិ Vivekananda របស់ឥណ្ឌា ដែលលើកក​ម្ពស់ការស្រាវជ្រាវ និងសិក្សាជាវេទិកាសម្រាប់ការសន្ទនា និងដំណោះស្រាយជម្លោះបានសរសេរថា៖ «ឥណ្ឌាបានគាំទ្រយ៉ាងសកម្មដល់ទ្វីបអាហ្រ្វិកនៅក្នុងវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន ការរក្សាសន្តិភាព និងការប្រឆាំងអំពើភេរវកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។ លោកបា​​នកត់សម្គាល់ថា យ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ឥណ្ឌាជាមួយនឹងទ្វីបអាហ្រ្វិកបានចាប់ផ្តើមជាច្រើនទសវត្សរ៍មកហើយ។

លោក Bhattacharya បានសរសេរថា ចាប់តាំងពីបេសកកម្មឆ្នាំ 1960 របស់អង្គការសហប្រជាជាតិ ដើម្បីជួយស្ដារស្ថិរភាពរបស់ប្រទេសកុងហ្គោឡើងវិញ ឥណ្ឌាបានចូលរួមស្ទើរតែរាល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទាំងអស់នៅលើទ្វីប។

គិតត្រឹមឆ្នាំ 2022 ឥណ្ឌាមានបុគ្គលិកជាង 4 000 នាក់ដែលកំពុងបម្រើការក្នុងបេសកកម្មរក្សាសន្តិភាពចំនួនប្រាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រទេសម៉ារ៉ុក សូម៉ាលី ស៊ូដង់ខាងត្បូង និងស៊ូដង់។

ឥណ្ឌាក៏មានប្រវត្តិដ៏យូរលង់ណាស់មកហើយក្នុងការបញ្ជូនស្ត្រី ដែលវត្តមានចូលរួមរបស់ពួកគេនៅក្នុងការរក្សាសន្តិភាពបានបង្ហាញថា បានបង្កើនប្រសិទ្ធភាពបេសកកម្ម និងជំរុញស្ថិរភាព លើបេសកកម្មរបស់អង្គការសហប្រជាជាតិទៅកាន់ទ្វីបអាហ្វ្រិក។ នៅក្នុងឆ្នាំ 1960 កងកម្លាំងដែលបានដាក់ពង្រាយទៅកាន់ប្រទេសកុងហ្គោ បានរួមបញ្ចូលស្ត្រីបម្រើការនៅក្នុងសេវាវេជ្ជសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធឥណ្ឌា។ នៅក្នុងឆ្នាំ 2007 ប្រទេសនេះបានក្លាយជាប្រទេសដំបូងគេដែលដាក់ពង្រាយកងទ័ពជំ​នួយស្ត្រីទាំងអស់សម្រាប់ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប៉ូលិសឯកភាពដែលបង្កើតឡើងដោយឥណ្ឌា (Indian Formed Police United) បានបម្រើការនៅប្រទេសលីបេរីយ៉ាអស់រយៈពេល 14 ឆ្នាំ ដោយមានភារកិច្ចយាមកាម 24 ម៉ោង ដោយធ្វើការល្បាតពេលយប់នៅក្នុងរដ្ឋធានី Monrovia និងជួយកសាងសមត្ថភាពរបស់ប៉ូលិសលីបេរីយ៉ា។

សរុបមក ឥណ្ឌាបានដាក់ពង្រាយបុគ្គលិកជាង 200 000 នាក់សម្រាប់បេសកកម្មយ៉ាងហោចណាស់ចំនួន 49 ក្នុងចំណោមបេសកកម្មរក្សាសន្តិភាពចំនួន 71 ដែលបានបង្កើតឡើងនៅជុំវិញពិភពលោកចាប់តាំងពីឆ្នាំ 1948 មក ដែលធ្វើឱ្យខ្លួនក្លាយជាអ្នករួមចំណែកនៃកងកម្លាំងធំបំផុតទីបួន នេះបើយោងតាមអង្គការសហប្រជាជាតិ។ តួនាទីរបស់ពួកគេរួមមានការការពារជនស៊ីវិល ការគាំទ្រដំណើរការសន្តិភាព និងអនុវត្តការងារដូចជា ការស្តារផ្លូវថ្នល់ និងការផ្តល់ការថែទាំវេជ្ជសាស្រ្ត និងព្យាបាលសត្វ។

ប្រភពរូបភាព៖ កងទ័ពឥណ្ឌា


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button