តំបន់អាស៊ីអគ្នេយ៍ / SEAភាពជាដៃគូ

សមយុទ្ធកាំជ្រួចមីស៊ីល Javelin នៅ Balikatan ពង្រឹងការប្តេជ្ញាចិត្តលើផ្នែកការពារជាតិហ្វ៊ីលីពីន-អាមេរិក

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការបង្ហាញខ្លួនជាលើកដំបូងនៅទូទាំងពិភពលោកនៃអាវុធមីស៊ីលបាញ់ប្រឆាំងរថពាស់ដែកដោយពាក់ពីលើស្មាបានទាក់ទាញចំណាប់អារម្មណ៍ចំពោះកងកម្លាំងហ្វ៊ីលីពីន និងអាមេរិកដែលបានហ្វឹកហាត់នៅក្នុងខែមេសា ឆ្នាំ 2023 ដើម្បីពង្រឹងសមត្ថភាពទំនើប បង្កើនសមត្ថភាពអន្តរប្រតិបត្តិការ និងបង្ហាញពីការប្តេជ្ញាចិត្តការពាររួមគ្នា។ ក្នុងអំឡុងពេលសមយុទ្ធ Balikatan កងទ័ពនៃប្រទេសទាំងពីរបានចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតជាមួយនឹងកាំជ្រួចមីស៊ីល Javelin បញ្ជាបាញ់ពីលើផ្ទៃ។ អាវុធនេះមានរយៈចម្ងាយបាញ់ 2 គីឡូម៉ែត្រ និងបំពាក់នូវលក្ខណៈពិសេសនៃបច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដកម្រិតខ្ពស់ ដែលចាប់ជាប់គោលដៅដែលកំពុងផ្លាស់ទី។ សមត្ថភាពប្រព័ន្ធ «fire-and-forget» អនុញ្ញាតឱ្យខ្មាន់កាំភ្លើងផ្លាស់ប្តូរទីតាំងភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ។ អាវុធ Javelin កម្ចាត់គ្រឿងរថពាសដែកដែលល្បីៗទាំងអស់នៅលើសមរភូមិ ចាប់ពីរថក្រោះប្រយុទ្ធសំខាន់ៗ រហូតដល់គោលដៅដែលទាបជាងនេះ។ (រូបភាព៖ សមាជិកយោធាហ្វ៊ីលីពីន និងអាមេរិក បាញ់មីស៊ីល Javelin ប្រឆាំងរថពាសដែក កម្ទេចគោលដៅនៅលើសមរភូមិនិម្មិតធ្វើនៅឯបន្ទាយ Fort Magsaysay ភាគខាងជើងប្រទេសហ្វ៊ីលីពីន កាលពីថ្ងៃទី 13 ខែមេសា ឆ្នាំ 2023)។

ព្រឹត្តិការណ៍សមយុទ្ធ Balikatan លើកទី 38 ធ្វើឡើងនៅថ្ងៃទី 11 ដល់ទី 28 ខែមេសា នៅទូទាំងខេត្តជាច្រើនក្នុងប្រទេសហ្វ៊ីលីពីន។ ដោយមានកងទ័ពចម្រុះជាង 17 500 នាក់មកពីកងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន (AFP) និងយោធាសហរដ្ឋអាមេរិក នៅឆ្នាំ 2023 ដែលបានសម្គាល់ថាជាសមយុទ្ធ Balikatan ដ៏ធំបំផុតដែលមិនធ្លាប់មាន ដែលមានន័យថាសមយុទ្ធប្រកៀកស្មាជាភាសាតាហ្កាឡុក។ កងកម្លាំងដែលចូលរួមបានធ្វើប្រតិបត្តិការបាញ់គ្រាប់ពិត សន្តិសុខដែនសមុទ្រ ឆ្នេរសមុទ្រ ទីប្រជុំជន អាកាសចរណ៍ និងប្រតិបត្តិការប្រឆាំងភេរវកម្ម ព្រមទាំងជំនួយមនុស្សធម៌ និងសមយុទ្ធឆ្លើយតបគ្រោះមហន្តរាយផងដែរ។ សមយុទ្ធ Balikatan ពង្រឹងការត្រៀមខ្លួនជាទ្វេភាគីដោយមានការហ្វឹកហ្វឺនស្មុគស្មាញកាន់តែខ្លាំងឡើង ដែលត្រូវបានបង្កើតឡើងនៅលើភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការពីលើកមុនរបស់ AFP និងសហរដ្ឋអាមេរិក។ យោធាធ្វើសមយុទ្ធទ្វេភាគីជាង 450 សមយុទ្ធ និងព្រឹត្តិការណ៍នៃការហ្វឹកហ្វឺន និងការចូលរួមផ្សេងទៀតពេញមួយឆ្នាំ។

នាយឧត្តមសេនីយ Andres Centino នាយអគ្គសេនា​ធិការរបស់ AFP បានថ្លែងនៅក្នុងពិធីបើកកម្មវិធីថា៖ «សម្រាប់កងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វ៊ីលីពីន ជាពិសេស សមយុទ្ធ Balikatan នៅឆ្នាំនេះគឺធ្វើឡើងចំពេលដ៏ល្អបំផុតដែលនៅពេលដែលយើងពន្លឿនការអភិវឌ្ឍសមត្ថភាពរបស់យើងសម្រាប់សន្តិសុខដែនសមុទ្រ និងការយល់ដឹងអំពីដែនសមុទ្រ ក៏ដូចជាគំនិតការងាររបស់យើងអំពីឧបករណ៍ និងប្រព័ន្ធសព្វាវុធដែលទទួលបានថ្មីៗក្រោមកម្មវិធីទំនើបភាវូបនីយកម្មរបស់យើង និងការអនុវត្តគោលលទ្ធិដែលទើបបង្កើតថ្មី — ជាមួយនឹងទិដ្ឋភាពចុងក្រោយនៃការព្យាករនូវឥរិយាបថការពារដ៏គួរឱ្យទុកចិត្ត»។

សារព័ត៌មាន Associated Press បានរាយការណ៍ថា នៅតំបន់សមរភូមិនិម្មិតដែលធ្វើនៅបន្ទាយ Fort Magsaysay ដែលជាជំរុំហ្វឹកហ្វឺនភាគខាងជើងប្រទេសហ្វ៊ីលីពីនសម្រាប់កងកម្លាំងពិសេសរបស់ប្រទេសនោះ ដែលមានការសាកអាវុធ Javelin ដែលអាចបញ្ជាបាញ់គ្រប់មីស៊ីលឆ្ពោះទៅកាន់យានគោលដៅក្នុងរយៈចម្ងាយចំនួនបីគីឡូម៉ែត្រកន្លះ។ គោលដៅទាំងបីសុទ្ធតែបានផ្ទុះឡើង។ ទាហានកងកម្លាំងពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP, ទាហានអាមេរិក និងទាហានម៉ារីនអាមេរិក ម្នាក់ៗបានពង្រាយកាំជ្រួចមីស៊ីលដោយជោគជ័យ ដោយបាញ់ឆ្លាស់គ្នាតាមបែបវាយប្រហារផ្ទាល់ និងការវាយប្រហារបែបបាញ់ផ្លោងរបស់អាវុធពីទីតាំងផ្សេងៗ។ អាវុធ Javelin ដែលមានការរចនាបែបប្រព័ន្ធ “Soft launch” របស់វាក៏អាចត្រូវបានបាញ់ដោយសុវត្ថិភាពពីខាងក្នុងអគារ ឬលេណដ្ឋានផងដែរ។

អង្គការសារព័ត៌មាន Military Times បានរាយការណ៍នៅឆ្នាំ 2022 ថា អាវុធប្រឆាំងរថពាសដែកចល័តដ៏ទំនើបបំផុតត្រូវបានគេហៅថាជាឧបករណ៍ផ្លាស់ប្តូរស្ថានការណ៍នៅប្រទេសអ៊ុយក្រែនដែលវាបានធ្វើឱ្យមានការខូតខាតយ៉ាងធ្ងន់ធ្ងរទៅលើរថក្រោះរុស្ស៊ីដែលធ្វើការឈ្លានពាននោះ និងទទួលបានរហស្សនាមថា «Saint Javelin»។ មេបញ្ជាការកងទ័ពហ្វ៊ីលីពីន លោកឧត្តមសេនីយ៍ឯក Romeo Brawner បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជាតិរំពឹងថានឹងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន ដោយទទួលបានអាវុធ Javelins ពីសហរដ្ឋអាមេរិក ក្រោមការរៀបចំលក់ពីខាងយោធាបរទេស។

លោក Brawner បានលើកឡើងថា៖ «អ្នកបានឃើញអាវុធ Javelin កម្ទេចរថពាសដែក [នៅអ៊ុយក្រែន] យ៉ាងម៉េចដែរ ដូច្នេះយើងក៏ចង់នាំមានការនាំយកសមត្ថភាពនោះទៅឱ្យកងទ័ពហ្វ៊ីលីពីនផងដែរ ដើម្បីឱ្យពួកយើងពង្រឹងជំហរការពាររបស់យើង និងអាចការពារទឹកដីរបស់យើង» នេះបើយោងទៅតាមកាសែត Philippine Star។ លោកបានបន្ថែមទៀតថា គោលបំណងគឺស្របតាមការសន្យារបស់ប្រធានាធិបតីលោក Ferdinand Marcos Jr. ដែលថាហ្វ៊ីលីពីននឹងមិនផ្តល់ទឹកដីរបស់ខ្លួនសូម្បីតែមួយអ៊ីញឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោក Brawner ក៏បានលើកឡើងទៀតថា សេណារីយ៉ូនៃការហ្វឹកហ្វឺនសមយុទ្ធ Balikatan ផ្តោតលើការរៀបចំសម្រាប់ការគំរាមកំហែងផ្សេងៗ — កើតឡើងដោយសារមនុស្ស និងធម្មជាតិ — ហើយមិនត្រូវបានតម្រង់ឆ្ពោះទៅរកសត្រូវណាមួយជាក់លាក់នោះទេ។

ការហ្វឹកហ្វឺនដើម្បីរៀបចំ AFP និងយោធាសហរដ្ឋអាមេរិកសម្រាប់វិបត្តិ ភាពអាសន្ន និងគ្រោះមហន្តរាយនាពេលអនាគតបានពង្រឹងសមត្ថភាពរបស់អ្នកចូលរួមក្នុងការធ្វើការដោយប្រកៀកស្មាគ្នា ដើម្បីការពារផលប្រយោជន៍របស់ប្រទេសហ្វ៊ីលីពីន និងគាំទ្រប្រជាជនក្នុងតំបន់។ អន្តរកម្មនេះជំរុញឱ្យមានការយោគយល់គ្នាទៅវិញទៅមកអំពីតួនាទី បេសកកម្ម និងសមត្ថភាពរបស់សម្ពន្ធភាពមួយនេះ ហើយនឹងសង្កត់ធ្ងន់ទៅលើកាតព្វកិច្ចរួមក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

បើយោងតាមសម្ដីរបស់ឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាមេរិក លោក Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប៉ាស៊ីហ្វិកបានលើកឡើងថា សមយុទ្ធ Balikatan គឺជា «ប្រតិបត្តិការនៃការប្តេជ្ញាចិត្តចំពោះគ្នាទៅវិញទៅមក និងដើម្បីឱ្យឥណ្ឌូប៉ាស៊ីហ្វិកមានសុវត្ថិភាព ស្ថិរភាព សេរី និងបើកចំហ ដែលមនុស្សគ្រប់គ្នាទទួលបានអត្ថប្រយោជន៍ពីវា»។

ប្រភពរូបភាព៖ សារព័ត៌មាន THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button