តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIP

លោក Marcos ការពារការពង្រីកវត្តមានកងកម្លាំងអាមេរិកពីការប្រឆាំងពីសាធារណរដ្ឋប្រជាមានិតចិន

The Associated Press

ប្រធានាធិបតីហ្វ៊ីលីពីន លោក Ferdinand Marcos Jr. បានថ្លែងនៅខែមីនា ឆ្នាំ 2023 ថា ការអនុញ្ញាតការពង្រីកវត្តមានកងកម្លាំងអាមេរិកនៅក្នុងប្រទេសហ្វ៊ីលីពីនគឺមានសារសំខាន់ណាស់ដល់ការការពារបូរណភាពដែនដី ហើយច្រានចោលការប្រឆាំងនឹងផែនការនេះរបស់សាធារណរដ្ឋប្រជាមានិតចិន។

ទីក្រុងម៉ានីលបានប្រកាសថ្មីៗនេះថានឹងផ្ដល់ការអនុញ្ញាតដល់វត្តមានកងកម្លាំងអាមេរិកទៅកាន់មូលដ្ឋានហ៊្វីលីពីនចំនួនបួនក្នុងមូលដ្ឋានដាក់ពង្រាយមិនអចិន្ត្រៃយ៍ បន្ថែមទៅលើមូលដ្ឋានចំនួនប្រាំដែលបានជ្រើសរើសក្រោមកិច្ចព្រមព្រៀងការពារជាតិសម្ព័ន្ធមិត្តឆ្នាំ 2014។

លោក Marcos (នៅក្នុងរូបថត) បានថ្លែងបន្តថា ទីតាំងថ្មីចំនួនបួននឹងរួមបញ្ចូលទាំងតំបន់នៅក្នុងភាគខាងជើងប្រទេសហ្វ៊ីលីពីន ដែលនឹងផ្ដល់មូលដ្ឋានយោធាដល់កងកម្លាំងអាមេរិកនៅក្បែរភាគខាងត្បូងប្រទេសចិន និងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង។

សហរដ្ឋអាមេរិកកំពុងពង្រឹងសម្ពន្ធមិត្តយោធានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅកាន់សាធារណរដ្ឋប្រជាមានិតចិនឱ្យបានកាន់តែប្រសើរ រួមទាំងការប្រឈមមុខដាក់គ្នាចំពោះរឿងកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងទាមទារថាជាទឹកដីរបស់ខ្លួន ហើយគំរាមកំហែងដណ្តើមកាន់កាប់ដោយកងកម្លាំង។ វិធានការរបស់សហរដ្ឋអាមេរិកគឺសមស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ានីល ដើម្បីការពារបូរណភាពប្រទេសនៅក្នុងពេលមានជម្លោះកាន់តែធ្ងន់ធ្ងរជាមួយសាធារណរដ្ឋប្រជាមានិតចិននៅក្នុងដែនសមុទ្រចិនខាងត្បូង

ប្រធានាធិបតី លោក Marcos បានថ្លែងថា កិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិបានអនុញ្ញាតឱ្យកងកម្លាំងអាមេរិកមានវត្តមាននៅភាគខាងលិចខេត្ត Palawan ដែលជាប់សមុទ្រចិនខាងត្បូង ដោយសង្កត់ធ្ងន់ថា ការពង្រីកវត្តមាននេះនឹងពង្រឹងដល់សមត្ថភាពការពារឆ្នេរសមុទ្ររបស់ហ្វ៊ីលីពីន។

ប្រធានាធិបតី លោក Marcos បានថ្លែងនៅក្នុងពិធីខួបកងទ័ពហ្វ៊ីលីពីនថា៖ «កងទ័ពត្រូវតែត្រៀមខ្លួន និងមានសមត្ថភាពឆ្លើយតបទៅនឹងគ្រាអាសន្ន  ជាពិសេសគឺសូមចាត់ទុកខ្លួនអ្នកថាជាខ្សែត្រៀមការពារជាតិចុងក្រោយពីការគំរាមកំហែងសន្តិសុខពីខាងក្រៅ»។

មន្ត្រីបាននិយាយថា ការសាងសង់បន្ទាយ ឃ្លាំង និងសំណង់ផ្សេងទៀតដែលផ្ដល់មូលនិធីដោយសហរដ្ឋអាមេរិកសម្រាប់កងកម្លាំងអាមេរិកនឹងបង្កើតការងារក្នុងតំបន់ និងកំណើនសេដ្ឋកិច្ច។ ការពង្រីកវត្តមានរបស់អាមេរិកក៏នឹងជួយប្រទេសហ្វ៊ីលីពីនឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ពង្រឹកសមត្ថភាពប្រយុទ្ធ និងរារាំងសកម្មភាពឈ្លានពានពីសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

កងកម្លាំងយោធាហ្វ៊ីលីពីនបាននិយាយថា នៅខែមេសា ឆ្នាំ 2023 កងកម្លាំងសម្ពន្ធមិត្តនឹងធ្វើសមយុទ្ធប្រយុទ្ធធំបំផុតឈ្មោះថា Balikatan ដែលមានន័យថា «ទល់ស្មាគ្នា» ជាភាសាតាកាឡុក — ដែលនឹងរួមមានទាំងការបាញ់ពន្លិចនាវាសត្រូវនៅក្នុងដែនសមុទ្រ ទល់មុខសមុទ្រចិនខាងត្បូង។

 

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button