ប្រទេសហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក បង្ហាញពីការត្រៀមខ្លួនប្រយុទ្ធនៅឯសមយុទ្ធយោធា Balikatan ដ៏ធំបំផុតមិនធ្លាប់មាន
Maria T. Reyes
ប្រទេសហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេកាលពីថ្ងៃទី 10 ខែមេសា ឆ្នាំ 2023 ដែលនឹងរួមបញ្ចូលការបាញ់គ្រាប់រ៉ុក្កែតដើម្បីពន្លិចនាវាកងទ័ពជើងទឹកដែលត្រូវបានឈប់ប្រើប្រាស់នៅក្នុងដែនទឹកដែលប្រឈមមុខនឹងសមុទ្រចិនខាងត្បូងនោះ។
បុគ្គលិកយោធាជាង 17 600 នាក់មកពីកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វ៊ីលីពីន (AFP) និងយោធាសហរដ្ឋអាមេរិកកំពុងហ្វឹកហាត់ក្នុងអំឡុងពេលបីសប្តាហ៍ក្នុងសមយុទ្ធ Balikatan ឆ្នាំ 2023 ដើម្បីបង្កើនអន្តរប្រតិបត្តិការ និងសមត្ថភាពក្នុងសន្តិសុខដែនសមុទ្រ ប្រតិបត្តិការនាវាចរណ៍ ការហ្វឹកហាត់បាញ់គ្រាប់ពិត ប្រតិបត្តិការទីក្រុង និងអាកាសចរណ៍ ការការពារតាមអ៊ីនធឺណិត ការប្រឆាំងភេរវកម្ម និងជំនួយមនុស្សធម៌ និងការត្រៀមលក្ខណៈសង្គ្រោះគ្រោះមហន្តរាយ។
នាយអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វ៊ីលីពីន នាយឧត្តមសេនីយ៍ Andres Centino បានលើកឡើងថា សមយុទ្ធនេះនឹងជំរុញទំនាក់ទំនងរវាងសម្ព័ន្ធមិត្ត និង «រួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងលក្ខណៈច្បាស់លាស់»។
លោកឧត្តមសេនីយ៍ទោ Eric Austin មេបញ្ជាការកងទ័ពម៉ារីនអាមេរិកបានថ្លែងនៅក្នុងការបើកអង្គពិធីនៅ Camp Aguinaldo ទីស្នាក់ការកណ្តាលរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វ៊ីលីពីនថា៖ «តាមរយៈសមយុទ្ធនេះ កងកម្លាំងហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកនឹងធ្វើឱ្យអន្តរប្រតិបត្តិការរបស់យើងកាន់តែច្បាស់ បង្កើនសមត្ថភាពរបស់យើង និងបំពេញបន្ថែមនូវសមត្ថភាពរបស់យើងតាមរយៈការសហការគ្នា ដោយធានាថាយើងត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងពិភពពិតជាមួយគ្នា»។ (រូបភាព៖ កងទ័ពហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកបានបាញ់ប្រព័ន្ធគ្រាប់រ៉ុក្កែតកាំភ្លើងធំដែលមានចល័តភាពកម្រិតខ្ពស់ អំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិតទ្វេភាគីកាលពីចុងខែមីនា ឆ្នាំ 2023។)
វរសេនីយ៍ឯកលោក Michael Logico នៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វ៊ីលីពីន បានលើកឡើងថា គោលបំណងសំខាន់សម្រាប់សមយុទ្ធលើកទី 38 នេះ ដែលរួមបញ្ចូលផងដែរនូវបុគ្គលិកយោធានៃកងកម្លាំងការពារជាតិអូស្ត្រាលី គឺដើម្បីធ្វើប្រតិបត្តិការយ៉ាងរលូនក្នុងនាមកងកម្លាំងរួមគ្នា។
ការផ្តោតសំខាន់គឺការការពារដែនសមុទ្រ និងឆ្នេរសមុទ្រ ដែលគូសបញ្ជាក់ដោយការលិចនៃនាវាកងទ័ពជើងទឹកហ្វ៊ីលីពីន BRP Pangasinan ចេញពីខេត្ត Zambales ក្បែរសមុទ្រហ្វ៊ីលីពីនខាងលិច ដែលសាធារណរដ្ឋប្រជាមានិតចិន (PRC) អះអាងថាជាដែនដីរបស់ខ្លួននោះ។
លោក Logico បានលើកឡើងថា៖ «ការលិចនាវាគឺគ្រាន់តែជាវិធីមួយដើម្បីបង្ហាញថា យើងអាចធ្វើអន្តរប្រតិបត្តិការរលើកម្រិតប្រតិបត្តិការមួយ»។ «អ្វីដែលយើងកំពុងព្យាយាមបង្ហាញនោះគឺថា យើងត្រៀមខ្លួនប្រយុទ្ធ ហើយយើងមានសមត្ថភាពបាញ់ដល់គោលដៅពីដី អាកាស និងសមុទ្រ។ រាល់សមយុទ្ធដែលយើងធ្វើគឺជាការបង្ហាញពីការត្រៀមប្រយុទ្ធរបស់ពួកយើង»។
នឹងមានព្រឹត្តិការណ៍សំខាន់ៗចំនួនបួន៖ សមយុទ្ធនៅប៉ុស្ដិ៍បញ្ជាការ សមយុទ្ធការពារតាមប្រព័ន្ធអ៊ីនធឺណិត សមយុទ្ធហ្វឹកហ្វឺនលើទីលាន និងជំនួយមនុស្សធម៌។ សមយុទ្ធនេះក៏នឹងរួមបញ្ចូលផងដែរនូវការបាញ់គ្រាប់មីស៊ីល Patriot និងប្រព័ន្ធការពារដែនអាកាស Avenger និងប្រតិបត្តិការគំរូនិម្មិត ដើម្បីដណ្តើមយកកោះដែលខ្មាំងសត្រូវគ្រប់គ្រងនៅ Palawan នៅជិតកន្លែងដែលសាធារណរដ្ឋប្រជាមានិតចិនបានសាងសង់បន្ទាយយោធានៅលើលក្ខណៈសិប្បនិម្មិតនោះ។
មន្ត្រីបានលើកថា នេះជាលើកដំបូងហើយដែលសមយុទ្ធការពារតាមអ៊ីនធឺណិតដ៏សំខាន់មួយនឹងរួមបញ្ចូលការកសាងសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធការពារ ដើម្បីស្វែងរក ឆ្លើយតប និងសង្គ្រោះពីការគំរាមកំហែងតាមអ៊ីនធឺណិតផ្សេងៗ។
លោក Centino បានលើកឡើងថា៖ «ព្រឹត្តិការណ៍សំខាន់ៗទាំងអស់នេះគឺមានគោលបំណងក្នុងការធានាឱ្យបាននូវសមិទ្ធិផលនៃស្ថានភាពចុងបញ្ចប់នៃសមយុទ្ធ Balikatan ឆ្នាំ 2023 របស់យើង ដែលជាការអភិវឌ្ឍពេញលេញនូវសមត្ថភាពការពារទៅវិញទៅមក ដើម្បីបង្កើនប្រតិបត្តិការការពារតាមអ៊ីនធឺណិត និងពង្រឹងសន្តិសុខដែនសមុទ្រ និងការយល់ដឹងអំពីដែនសមុទ្ររបស់ប្រទេស»។
សមយុទ្ធ Balikatan ដែលនឹងបញ្ចប់នៅថ្ងៃទី 28 ខែមេសា បានចាប់ផ្តើមនៅពេលដែលសាធារណរដ្ឋប្រជាមានិតចិនបានបញ្ចប់សមយុទ្ធយោធារយៈពេលបីថ្ងៃជុំវិញកោះតៃវ៉ាន់ ដែលប្រធានាធិបតីនៃកោះដែលគ្រប់គ្រងដោយខ្លួនឯងបានពិពណ៌នា ថាជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់នោះ។
លោក Logico បានលើកឡើងថា សមយុទ្ធរបស់សម្ព័ន្ធមិត្តមិនទាក់ទងទៅនឹងស្ថានភាពក្នុងតំបន់បច្ចុប្បន្នទេ ហើយមិនមានទិសដៅទៅកាន់ប្រទេសណាមួយឡើយ។
លោកបានលើកឡើងថា៖ «សមយុទ្ធ Balikatan ត្រូវបានធ្វើឡើងជារៀងរាល់ខែមេសា ហើយក៏មិនដែលខុសគ្នាដែរ។ សមយុទ្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដូច្នេះយើងត្រូវធ្វើអ្វីដែលខុសប្លែកពីមុន។ អ្វីដែលយើងមិនដែលបានធ្វើពីមុនគឺការអនុវត្តផ្នែកទាំងបីនៃកងទ័ពជើងទឹក ទ័ពអាកាស និងកងទ័ពរួមគ្នា»។
លោកបានលើកឡើងអំពីការធ្វើសមយុទ្ធបាញ់ពន្លិចថា៖ «យើងធ្លាប់ធ្វើវានៅតំបន់ដែលឥតជាប់នឹងសមុទ្រ ដូច្នេះយើងត្រូវទៅតំបន់មាត់សមុទ្រ។ ប៉ុន្តែយើងមិនមែនគ្រាន់តែបាញ់ចូលទៅក្នុងសមុទ្រនោះទេ យើងត្រូវតែមានគោលដៅ»។
Maria T. Reyes គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។
ប្រភពរូបភាព៖ GETTY IMAGES
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។