ទំនប់ដ៏ធំរបស់សាធារណរដ្ឋប្រជាមានិតចិននៅហិម៉ាឡៃយ៉ាបង្កើនភាពតានតឹងនៅប្រទេសជិតខាងដែលនៅតាមខ្សែទឹក។
បុគ្គលិករបស់ទស្សនាវដ្តី FORUM
បក្សកុម្មុយនិស្តចិន (CCP) កំពុងរក្សាទុកព័ត៌មានលម្អិតអំពីទំនប់វារីអគ្គិសនីទំនើបរបស់ខ្លួនដែលបានគ្រោងទុកដែលជាសក្តានុពលដ៏ធំបំផុតរបស់ពិភពលោក នៅលើទន្លេ Brahmaputra (Yarlung Tsangpo) ក្នុងតំបន់ស្វយ័តទីបេ ដែលបានជំរុញឱ្យមានការព្រួយបារម្ភ និងការមិនទុកចិត្តក្នុងចំណោមប្រទេសជិតខាង។
ទន្លេ Brahmaputra ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម នេសាទ និងដឹកជញ្ជូនក្នុងប្រទេសបង់ក្លាដែស ប៊ូតង់ ឥណ្ឌា និងសាធារណៈរដ្ឋប្រជាមានិតចិន (PRC)។ រំហូរនៃទន្លេកំណត់ថាតើសហគមន៍ស្ថិតនៅតាមខ្សែទឹកផ្នែកខាងក្រោមប្រឈមនឹងគ្រោះរាំងស្ងួត ទឹកជំនន់ ឬកម្រិតទឹកធម្មតាតាមរដូវកាលឬអត់។ ទោះបីជាទន្លេខាងក្រោមមានទឹកមកពីប្រភពច្រើនកន្លែងក៏ដោយ ប៉ុន្តែសក្តានុពលសម្រាប់បក្សកុម្មុយនិស្តចិនក្នុងការគ្រប់គ្រងសូម្បីតែរំហូរខ្លះជាមួយនឹងទំនប់ដ៏ធំនៅលើផ្នែកខាងលើនៃ Yarlung Tsangpo របស់ទន្លេ Brahmaputra ក៏ធ្វើឱ្យមានការព្រួយបារម្ភចំពោះប្រទេសជាប់ព្រំដែន ជាពិសេសប្រទេសឥណ្ឌាផងដែរ។ ការខ្វះតម្លាភាពរបស់ភាគីចិនអំពីផែនការរបស់ខ្លួនធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង រួមជាមួយនឹងប្រវត្តិនៃការកសាងទំនប់វារីអគ្គិសនីនៃសហគមន៍ដែលត្រូវបានផ្លាស់ប្តូរទីលំនៅ ជីវចម្រុះត្រូវបានខូចខាត និងមានគ្រោះរាំងស្ងួត និងទឹកជំនន់ដែលបង្កឡើងដោយរចនាសម្ព័ន្ធ។
រូបភាពទំនប់ទឹកដ៏ធំដែលត្រូវបានគេហៅថាគម្រោង Medog ផងដែរនោះ ដោយសារតែទីតាំងរបស់ការដ្ឋាននេះស្ថិតនៅក្នុងខោធី Medog ដែលនឹងទាយយកថាមពលមកប្រើប្រាស់នៅកន្លែងដែលទន្លេហូរធ្លាក់កាត់ជ្រលង Yarlung Tsangpo Grand Canyon ដែលជាអន្លង់វែងបំផុត និងចោតបំផុតរបស់ពិភពលោក ចម្ងាយប៉ុន្មានគីឡូម៉ែត្រពីព្រំដែនប្រទេសចិនឥណ្ឌាដែលមានជម្លោះនោះ។ វានឹងផលិតថាមពលវារីអគ្គិសនីរហូតដល់ 60 ជីហ្គាវ៉ាត់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ឬជិតបីដងនៃបរិមាណដែលបង្កើតដោយទំនប់ Three Gorges ដែលឥឡូវនេះជាទំនប់ធំជាងគេលើពិភពលោកនៅលើទន្លេ Yangtze របស់សាធារណរដ្ឋប្រជាមានិតចិន នោះបើតាម Voice of America បានរាយការណ៍។ ក្រុមហ៊ុនរបស់រដ្ឋមួយដែលមានឈ្មោះថា Power Construction Corp. នៃប្រទេសចិន គឺជាអ្នកម៉ៅការគម្រោងនេះ។
សកម្មភាពរញ្ជួយដីក្នុងតំបន់គឺជារឿងធម្មតា រួមទាំងនៅតំបន់ទំនប់ទឹកដ៏ធំ Great Bend ដែលជាកន្លែងដែលទន្លេកោងជុំវិញកំពូលភ្នំ Namcha Barwa ផងដែរ។ ទស្សនាវដ្តី Outlook របស់ប្រទេសឥណ្ឌាបានរាយការណ៍នៅចុងខែមីនា ឆ្នាំ 2023 ថា ការប្រេះនៃរចនាសម្ព័ន្ធដែលបង្កឡើងដោយគ្រោះរញ្ជួយដី ឬការបាក់ស្រុតដី អាចធ្វើឱ្យមានការជន់លិចរដ្ឋ Arunachal Pradesh និងរដ្ឋ Assam របស់ឥណ្ឌា និងសហគមន៍ដែលស្ថិតនៅតាមខ្សែទឹកខាងក្រោមផ្សេងទៀតក្នុងប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស។
ហេតុផលដែលបានលើកឡើងរបស់បក្សកុម្មុយនិស្តចិនសម្រាប់ការកសាងទំនប់ទឹកដ៏ធំគឺដើម្បីជួយឱ្យសាធារណរដ្ឋប្រជាមានិតចិនកាត់បន្ថយឥន្ធនៈហ្វូស៊ីល ជាពិសេសធ្យូងថ្ម ដែលឥឡូវនេះបង្កើតអគ្គិសនី និងឧស្ម័នផ្ទះកញ្ចក់ភាគច្រើនរបស់ប្រទេសចិន។ អគ្គលេខាធិការបក្សកុម្មុយនិស្តចិនលោកស៊ី ជីនពីងបានសន្យាថា ប្រទេសនេះនឹងមានភាពអព្យាក្រឹតកាបូនត្រឹមឆ្នាំ 2060។
គូប្រជែងលើទំនប់ទឹកទំនើបមួយចំនួនលើកឡើងថា រចនាសម្ព័ន្ធនេះក៏នឹងជួយបក្សកុម្មុយនិស្តចិនឱ្យគ្រប់គ្រងរដ្ឋជិតខាងបានផងដែរ។ ទស្សនាវដ្តី Outlook បានរាយការណ៍ថា មិនមានកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគីសម្រាប់ការគ្រប់គ្រងទន្លេ Brahmaputra នោះទេ។
ឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិនមានទំនាក់ទំនងដ៏តានតឹងមួយ។ ដៃគូពាណិជ្ជកម្មដ៏រឹងមាំបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតនៅលើខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែងដែលជាព្រំដែនប្រវែង 3 440 គីឡូម៉ែត្រដែលបំបែកភាគខាងជើងប្រទេសឥណ្ឌាពីប្រទេសចិន។ គ្មាននរណាម្នាក់បានស្លាប់នៅក្នុងការប្រឈមមុខដាក់គ្នាចុងក្រោយបំផុតនៅក្នុងខែធ្នូ ឆ្នាំ 2022 នោះទេ ប៉ុន្តែការខ្វែងគំនិតគ្នាអំពីទីតាំងព្រំដែនបានបន្តកើតមាន និងធ្វើឱ្យមានការមិនទុកចិត្តកាន់តែខ្លាំងឡើង។
ទំនប់ទឹកទំនើបដែលបានគ្រោងទុក និងទំនប់វារីអគ្គិសនីចិនផ្សេងទៀតក្នុងតំបន់គាំទ្រគំនិតនោះ។ សាធារណរដ្ឋប្រជាមានិតចិនបានសន្យាថា រចនាសម្ព័ន្ធដែលមានកម្ពស់ 50 ម៉ែត្រនឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់រំហូរនៃខ្សែទឹកហូរចុះរបស់ទន្លេនោះឡើយ។ ប្រជាជនឥណ្ឌាមួយចំនួនមិនជឿនោះទេ។
លោក SD Pradhan ដែលជាអតីតប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់រួមរបស់ប្រទេសឥណ្ឌា បានផ្តល់ជាយោបល់នៅក្នុងកាសែត The Times of India កាលពីពាក់កណ្តាលខែមករា ឆ្នាំ 2023 កន្លងទៅនេះថា សាធារណរដ្ឋប្រជាមានិតចិនស្វែងរក «អនុត្តរភាពប្រព័ន្ធធារាសាស្ត្រ»។ លោកបានសរសេរថា៖ «រូបភាពធំដែលស្ដែងចេញមកគឺថា [សាធារណរដ្ឋប្រជាមានិតចិន] ចាត់ទុកធនធានទឹកជាអាវុធយុទ្ធសាស្ត្រដើម្បីរៀបចំឥរិយាបថនៃរដ្ឋដែលមានទន្លេទាប និងជាឧបករណ៍សំខាន់សម្រាប់ផែនការល្បែងអនុត្តរភាពរបស់ខ្លួន»។
ប្រទេសបង់ក្លាដែសក៏ព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានពីទំបន់ដ៏ធំនេះដែរ។ សារព័ត៍មាន Benar News បានរាយការណ៍ពីកាលពីខែធ្នូ ឆ្នាំ 2020 គឺមួយខែបន្ទាប់ពីបក្សកុម្មុយនិស្តចិនបានប្រកាសគម្រោងនេះថា អ្នកជំនាញខាងជលសាស្ត្រក្នុងតំបន់បានលើកឡើងថា វាអាចមានផលប៉ះពាល់ដល់ «ជីវិត និងការស្លាប់» សម្រាប់ប្រទេសបង់ក្លាដែស។
កាសែត The Times of India បានរាយការណ៍ថា ប្រទេសឥណ្ឌាគ្រោងនឹងទប់ទល់នឹងទំនប់វារីអគ្គិសនីនៅតាមខ្សែទឹកជាមួយនឹងទំនប់វារីអគ្គីសនី 11 000 មេហ្គាវ៉ាត់នៅលើទន្លេ Siang ដែលជាឈ្មោះរបស់ Brahmaputra នៅរដ្ឋ Arunachal Pradesh របស់ប្រទេសឥណ្ឌា។ កាសែតនេះបានលើកឡើងថា ទន្ទឹមនឹងការផលិតអគ្គិសនី ឥណ្ឌាក៏រក្សាទំនប់វារីអគ្គិសនីរបស់ខ្លួនដែលនឹងកាត់បន្ថយគ្រោះរាំងស្ងួតដែលអាចកើតមាន ឬទឹកជំនន់ដែលបណ្តាលមកពីរំហូរបង្វែរចេញពីទំនប់ទឹករបស់ចិនផងដែរ។ កាសែត Nikkei បានរាយការណ៍កាលពីចុងខែមករាឆ្នាំ 2023 ថា សហគមន៍ Arunachal Pradesh មួយចំនួនជំទាស់នឹងគម្រោងពហុបំណងនៅទន្លេ Siang ខាងលើដែលនឹងក្លាយជាទំនប់វារីអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា។
បក្សកុម្មុយនិស្តចិន មិនទាន់បានប្រកាសផែនការច្បាស់លាស់សម្រាប់ទំបន់ដ៏ធំនេះនៅឡើយ រួមទាំងតារាងកាលវិភាគផងដែរ។ សកម្មភាពនេះគឺផ្ទុយពីអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ 1997 ស្តីពីច្បាប់នៃការប្រើប្រាស់ផ្លូវទឹកអន្តរជាតិមិនមែនជាការធ្វើនាវាចរណ៍ ដែលអំពាវនាវឱ្យប្រើប្រាស់ផ្លូវទឹកឆ្លងកាត់ព្រំដែនក្នុងលក្ខណៈសមធម៌ និងសមហេតុផល។
ក្នុងខែធ្នូ ឆ្នាំ 2022 ទស្សនាវដ្តី The Diplomat បានរាយការណ៍ថាទីក្រុងប៉េកាំងច្រានចោលការព្រួយបារម្ភរបស់ឥណ្ឌា ជាជាងឆ្លើយតបនឹងពួកគេ។ ទស្សនាវដ្ដីនោះបានលើកឡើងថា៖ «បើគ្មានការផ្សព្វផ្សាយជាសាធារណៈនូវទិន្នន័យជលសាស្ត្រ ឬផែនការសម្រាប់ទំនប់ទេនោះ វាពិតជាពិបាកក្នុងការព្យាករឱ្យបានត្រឹមត្រូវអំពីផលប៉ះពាល់របស់គម្រោងមេហ្គាដែលបានស្នើឡើងលើប្រទេសឥណ្ឌាណាស់»។ «ការកាត់ទុកព័ត៌មានគឺកាន់តែបង្កើនការមិនជឿទុកចិត្តរបស់ឥណ្ឌាចំពោះចិននោះទេ»។
ប្រភពរូបភាព៖ GETTY IMAGES
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។