ភាពជាដៃគូអាស៊ីឥសាន / NEA

ជប៉ុន កូរ៉េខាងត្បូង អាមេរិក ធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក ក្រោយមានការគំរាមកំហែងពីកូរ៉េខាងជើង

THE ASSOCIATED PRESS

យោធាកូរ៉េខាងត្បូងបានលើកឡើងថា កងទ័ពជើងទឹកជប៉ុន កូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅដើមខែមេសា ឆ្នាំ 2023 ដើម្បីជំរុញការសម្របសម្រួលប្រឆាំងនឹងការបង្កើនការគំរាមកំហែងដោយមីស៊ីលរបស់កូរ៉េខាងជើង។

សមយុទ្ធរយៈពេលពីរថ្ងៃបានធ្វើឡើងនៅពេលដែលការបង្ហាញពីក្បាលគ្រាប់នុយក្លេអ៊ែរនៅសមរភូមិនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងដែលបានបង្កើនការព្រួយបារម្ភថា ប្រទេសនេះអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ 2017 មកម្ល៉េះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែនសមុទ្រនៅក្នុងដែនទឹកអន្តរជាតិក្បែរកោះ Jeju ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង រួមមាននាវាផ្ទុកយន្តហោះចម្បាំងប្រភេទ USS Nimitz និងនាវាពិឃាតកងទ័ពជើងទឹកមកពីប្រទេសសម្ព័ន្ធមិត្តទាំងបី។ (រូបភាព៖ យានិកផ្លាស់ទីជុំវិញកន្លែងហោះហើររបស់ USS Nimitz ចេញពីឆ្នេរសមុទ្រប៊ូសាន ប្រទេសកូរ៉េខាងត្បូង នៅចុងខែមីនា ឆ្នាំ 2023។)

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា គោលបំណងនេះគឺដើម្បីកែលម្អសមត្ថភាពរបស់ប្រទេសក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងក្រោមទឹកដែលបង្កឡើងដោយមីស៊ីលប៉ាលីស្ទីកដែលបាញ់ចេញពីនាវាមុជទឹក និងធនធានផ្សេងទៀតរបស់ប្រទេសកូរ៉េខាងជើង។ មន្ត្រីការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា ប្រទេសទាំងបីបានអនុវត្តការស្វែងរក និងតាមដានយានយន្តក្រោមទឹករបស់កូរ៉េខាងត្បូង និងអាមេរិកដែលមិនមានមនុស្សបើក ដែលចាត់ទុកជានាវាមុជទឹក និងធនធានផ្សេងទៀតរបស់សត្រូវ។

កាំជ្រួច​បាញ់​ពី​នាវាមុជទឹក​គឺជា​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​វា​ពិបាក​នឹង​កំណត់​ទីតាំងទុកជាមុន​បាន។ ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលប៉ាលីស្ទីកក្រោមទឹកដ៏ទំនើប ហើយបានជំរុញឱ្យបង្កើតនាវាមុជទឹកធំជាងមុន រួមទាំងនាវាដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។

កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​ការបាញ់ផ្លោង​មីស៊ីល​កាល​ពី​ខែ​មីនា ឆ្នាំ​ 2023 កន្លងទៅនេះ ជាការឆ្លើយតបនឹងកូរ៉េ​ខាងត្បូង និងអាមេរិក មុនការសមយុទ្ធយោធាទ្វេភាគី។ សព្វាវុធដែលត្រូវបានសាកល្បងរួមមានដ្រូននៅក្រោមទឹកដែលមានលទ្ធភាពបំពាក់នុយក្លេអ៊ែរ និងនាវាមុជទឹកបំពាក់កាំជ្រួចមីស៊ីល ដែលបង្ហាញថាកូរ៉េខាងជើងកំពុងព្យាយាមធ្វើឱ្យមានភាពចម្រុះនៃប្រព័ន្ធអាវុធក្រោមទឹក។

រូបថតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៃប្រទេសកូរ៉េខាងជើង បានបង្ហាញថ្នាក់ដឹកនាំលោក គីម ជុងអ៊ុន ឈរក្បែរក្បាលគ្រាប់ដែលមានក្បាលគ្រាប់ក្រហមប្រហែលជា 10 ដែលហៅថា «Hwasan [Volcano]-31» ជាមួយនឹងលេខស៊េរីផ្សេងៗគ្នា។ ផ្ទាំងរូបភាពនៅក្បែរនោះបានរាយបញ្ជីសព្វាវុធរយៈចម្ងាយខ្លីចំនួនប្រាំបីប្រភេទដែលអាចផ្ទុកក្បាលគ្រាប់ «Hwasan-31» បាន។ ការសាកល្បងអាវុធពីមុនៗបង្ហាញថា ពួកគេអាចវាយប្រហារទៅលើគោលដៅនៅកូរ៉េខាងត្បូងបាន រួមទាំងមូលដ្ឋានយោធាអាមេរិកផងដែរ។

អ្នកសង្កេតការណ៍ខ្លះថ្លែងថា ការបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរ អាចជាការឈានទៅរកការសាកល្បងនុយក្លេអ៊ែរ ខណៈដែលការសាកល្បងពីរលើកចុងក្រោយរបស់កូរ៉េខាងជើងក្នុងឆ្នាំ 2016 និង 2017 បានកើតឡើងបន្ទាប់ពីការលាតត្រដាងនៃក្បាលគ្រាប់ផ្សេងទៀត។ ការសាកល្បងនុយក្លេអ៊ែរនឹងក្លាយជាការបំផ្ទុះលើកទីប្រាំពីររបស់​កូរ៉េខាងជើង និងជាលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ​ 2017 មក។

គេហទំព័រ 38 North ដែលជាគេហទំព័រផ្តោតលើប្រទេសកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2023 ថា រូបភាពផ្កាយរណបពាណិជ្ជកម្មនាពេលថ្មីៗនេះនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon សំខាន់របស់កូរ៉េខាងជើង បានបង្ហាញពីសកម្មភាពកម្រិតខ្ពស់ ដូចជាការបន្តប្រតិបត្តិការនៃម៉ាស៊ីនរ៉េអាក់ទ័រ 5 មេហ្គាវ៉ាត់របស់ខ្លួន និងការសាងសង់ថ្មីនៅជុំវិញតំបន់រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។

អ្នក​ជំនាញ​បរទេស​ជជែក​វែកញែកគ្នា​ថា​តើ​កូរ៉េ​ខាង​ជើង​បានបង្កើតមីស៊ីល​ដែលមានប្រដាប់ទៅដោយអាវុធនុយក្លេអ៊ែរឬ​អត់។​​ ប៉ុន្តែថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-Sup បានថ្លែងប្រាប់សមាជិកសភាថា បច្ចេកវិទ្យារបស់កូរ៉េខាងជើងក្នុងការបង្កើតក្បាលគ្រាប់ខ្នាតតូច ដើម្បីបំពាក់លើមីស៊ីលរយៈចម្ងាយខ្លីដែលទំនើបមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

កូរ៉េខាងជើង​អាច​ធ្វើ​ការសាកល្បង​មី​ស៊ី​ល​ថ្មី​ដើម្បី​ប្រឆាំង​សមយុទ្ធ​កូរ៉េខាងត្បូង​-​អាមេរិក​-​ជប៉ុន ព្រោះ​ប្រទេស​នេះ​មើលឃើញថាការ​ហ្វឹកហាត់​បែបនេះ​ជាការ​គំរាមកំហែង​ផ្នែកសន្តិសុខ​។

នៅក្នុងកំណត់សម្គាល់ដែលបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ លោកឧត្ដមសេនីយ៍ទោ Kim Inho ប្រធានកងកម្លាំងកូរ៉េខាងត្បូង ដែលចូលរួមក្នុងសមយុទ្ធត្រីភាគី បានលើកឡើងថា៖ «យើងនឹងឆ្លើយតបយ៉ាងដាច់ខាតចំពោះ និងប្រឆាំងរាល់ការបង្កហេតុដោយកូរ៉េខាងជើង»។

ប្រភពរូបភាព៖ សារព័ត៌មាន REUTERS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button