ទស្សនៈសាកលអាស៊ីឥសាន / NEA

ជប៉ុនពិចារណាដកបម្រាមនាំចេញអាវុធ ដើម្បីគាំទ្រដល់ប្រទេសដែលរងការគំរាមកំហែង

Marc Jacob Prosser

និមិត្តសញ្ញានេះគឺមិនអាចច្រឡំបាន នៅពេលដែលដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ទៅកាន់អ៊ុយក្រែន ស្របពេលជាមួយនឹងដំណើររបស់អគ្គលេខាធិការបក្សកុម្មុយនិស្តចិន (CCP) លោក ស៊ី ជីនពីង (Xi Jinping) ទៅកាន់ទីក្រុងមូស្គូ។

ដំណើរទស្សនកិច្ចកាលពីខែមីនា ឆ្នាំ 2023 គូសបញ្ជាក់ការពង្រីកផ្នែកភូមិសាស្ត្រនយោបាយដែលរួមចំណែកដល់ប្រទេសជប៉ុនដោយពិចារណាលើការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងផ្នែកគោលនយោបាយ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញអាវុធទៅកាន់ប្រទេសដូចជាអ៊ុយក្រែនជាដើម។

អ្នកជំនាញបានលើកឡើងថា ទង្វើនេះអាចពង្រឹងគោលជំហររបស់ទីក្រុងតូក្យូនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងឧស្សាហកម្មការពារជាតិរបស់ខ្លួន។

លោក James Angelus ប្រធានក្រុមប្រឹក្សាឧស្សាហកម្មសន្តិសុខអន្តរជាតិនៅប្រទេសជប៉ុនបានថ្លែងប្រាប់ ទស្សនាវដ្តី FORUM ថា៖ «ការបន្ធូរបន្ថយ ‘ការហាមឃាត់អាវុធទាំងបី’ នឹងមិនត្រឹមតែជួយស្តារឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងពង្រឹងការទូត ជំនួយសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍របស់ខ្លួនផងដែរ»។

លោក Tsuneo Watanabe សមាជិកជាន់ខ្ពស់នៃកម្មវិធីសិក្សាផ្នែកសន្តិសុខនៅស្ថាប័នស្រាវជ្រាវមូនិធិសន្តិភាព Sasakawa បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «ការនាំចេញឧបករណ៍ការពារជាតិរបស់ប្រទេសជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពក្នុងវិស័យការពារជាតិ នឹងរួមចំណែកដល់សន្តិសុខពិភពលោក និងក្នុងតំបន់ផងដែរ»។

កាសែត Nikkei បានរាយការណ៍ថា លោក Kishida បានជំរុញសមាជិកសភាឱ្យពិនិត្យឡើងវិញនូវបទប្បញ្ញត្តិនៃការនាំចេញអាវុធ ដោយអះអាងថា ការនាំចេញផ្នែកយោធាដែលបានពង្រីកអាចជាឧបករណ៍សំខាន់សម្រាប់ជួយប្រទេសនានាប្រឆាំងនឹងអ្នកឈ្លានពានបាន។

ការពិនិត្យឡើងវិញដែលបានស្នើឡើងទាមទារឱ្យមាន «ការរៀបចំស្ថាប័នដែលនឹងអនុញ្ញាតឱ្យផ្ទេរឧបករណ៍យ៉ាងទូលំទូលាយទៅកាន់ប្រទេសដែលប្រឈមនឹងការឈ្លានពានដែលផ្ទុយនឹងច្បាប់អន្តរជាតិ»។ រដ្ឋាភិបាល ​និង​សភា​របស់​ប្រទេស​ជប៉ុន​គឺ The Diet ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ពិភាក្សា​តទល់អំពី​ការ​នាំ​ចេញ​អាវុធ​បន្ទាប់​ពី​ការ​បោះឆ្នោត​ក្នុង​ស្រុក​ក្នុង​ខែ​មេសា ឆ្នាំ 2023។

ជាប្រពៃណី ការហាមឃាត់ការលក់អាវុធរបស់ប្រទេសជប៉ុន ដែលគេស្គាល់ថាជា ការហាមឃាត់ការនាំចេញអាវុធទាំងបី បានដាក់កំហិតជំនួយរបស់ទីក្រុងតូក្យូដល់ប្រទេសដែលកំពុងរងការវាយប្រហារ ឬការគំរាមកំហែងដល់ជំនួយហិរញ្ញវត្ថុ និងមនុស្សធម៌ និងឧបករណ៍ដែលមិនបង្កគ្រោះថ្នាក់។ ប្រទេសជប៉ុនអាចបបញ្ជូនបានតែឧបករណ៍ដូចជាយន្តហោះចម្បាំង រថពាសដែក និងមីស៊ីលទៅកាន់ប្រទេសដែលសហការក្នុងការអភិវឌ្ឍ និងផលិតឧបករណ៍ទាំងនោះប៉ុណ្ណោះ។ (រូបភាព៖ រថក្រោះកង​កម្លាំង​ស្វ័យការពារ​ដីគោក​ជប៉ុន​ដែល​ផលិត​ក្នុង​ស្រុក​ចូល​រួម​ក្នុង​សមយុទ្ធ​នៅតំប​ន់​ Hokkaido ​កាលពីខែ​តុលា ឆ្នាំ 2022។)

ក្នុង​ករណី​អ៊ុយក្រែន ជប៉ុន​បាន​ផ្តល់​អាវការពារ​គ្រាប់កាំភ្លើង ម៉ាស៊ីនភ្លើង និង​អំពូលភ្លើងសូឡា និង​បាន​ផ្តល់​ជំនួយផ្នែកដោះ​មីន​ចាប់​តាំង​ពី​មានការ​ឈ្លានពាន​ដោយ​មិន​ញញើត​របស់​រុស្ស៊ី​មក​លើ​ប្រទេស​ជិត​ខាង​ជា​អធិបតេយ្យភាព​របស់​ខ្លួន​កាលពីក្នុង​ខែ​កុម្ភៈ ឆ្នាំ 2022។ ថ្មីៗនេះ ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយបន្ថែមចំនួន 5,5 ពាន់លានដុល្លារអាមេរិកដល់ទីក្រុងកៀវ (Kyiv) ហើយបានទទួលយកជនភៀសខ្លួនអ៊ុយក្រែនជាង 2 000 នាក់ ដោយផ្តល់លំនៅឋាន និងការគាំទ្រផ្នែកការងារ និងការអប់រំ។

ការផ្លាស់ប្តូរច្បាប់នាំចេញ ដើម្បីបើកការបញ្ជូនសម្ភារយោធាក៏អាចបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយមហាអំណាចលោកខាងលិច និងការសហការការពារជាតិនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយផ្តល់នូវការប្រឆាំងទៅនឹងអាកប្បកិរិយាអះអាងកាន់តែខ្លាំងឡើងរបស់យោធាបក្សកុម្មុយនិស្ត​ចិន រួមទាំងការកើនឡើងនូវភាពតានតឹងជុំវិញតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងផងដែរ។

«ការនាំចេញសម្ភារការពារជាតិទៅកាន់តំបន់នោះ អាចជួយពង្រឹងសមត្ថភាពរបស់ហ្វ៊ីលីពីន វៀតណាម ឬតៃវ៉ាន់ ដើម្បីការពារខ្លួនពួកគេ។ សំណួរ​សម្រាប់​ប្រទេស​ជប៉ុន និង​ដៃគូ​ទាំង​នេះ​គឺ៖ តើ​​ឧបករណ៍អ្វីដែល​ល្អ​បំផុត​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​ពួកគេ? នេះបើតាមលោក Stephen Nagy ជា​សាស្ត្រាចារ្យខាង​ផ្នែកការសិក្សា​នយោបាយ និងការ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យគ្រឹស្តសាសនាអន្តរជាតិនៅតូក្យូ​បាន​ថ្លែងប្រាប់ ទស្សនាវដ្តី FORUM។

លោក Nagy បានបន្ថែមថា ការធ្វើឱ្យមានតុល្យភាពល្អរវាងការបន្តជំនួយមនុស្សធម៌ និងការនាំចេញសក្តានុពលនៃបច្ចេកវិទ្យាការពារជាតិដ៏ទំនើប នឹងក្លាយជារឿងសំខាន់សម្រាប់ភាពជោគជ័យ — ហើយសម្រាប់សាធារណៈជនជប៉ុនក្នុងការគាំទ្រការនាំចេញបែបនេះ។

លោកបានលើកឡើងថា៖ «ជប៉ុនត្រូវអភិវឌ្ឍម៉ាកយីហោ ដែលផ្តោតលើការប្រើប្រាស់ឧស្សាហកម្មនាំចេញផ្នែកការពារជាតិជាប្រយោជន៍សាធារណៈ។ អ្វីមួយដែលមានគុណភាពខ្ពស់ មានឈ្មោះល្បី និងអាចទុកចិត្តបាន»។

ការបង្កើនការនាំចេញផ្នែកការពារជាតិក៏អាចពង្រីកទីផ្សារដែលមានសក្តានុពលសម្រាប់ឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុន និងជំរុញឱ្យមានសន្តិសុខរយៈពេលវែងរបស់ប្រទេសផងដែរ។

លោក Watanabe បានថ្លែងថា៖ «សម្រាប់ជំហរការពារជាតិដ៏មានប្រសិទ្ធភាព និងធូរថ្លៃនាពេលអនាគត ប្រទេសជប៉ុនចាំបាច់ត្រូវមានឧស្សាហកម្មការពារជាតិដែលមានការប្រកួតប្រជែង»។ «គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិ នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត ជាមួយនឹងឥទ្ធិពលលេចធ្លាយដល់បច្ចេកវិទ្យា និងឧស្សាហកម្មមិនមែនយោធា ខណៈដែល DARPA [ទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់ផ្នែកការពារជាតិ] របស់សហរដ្ឋអាមេរិកបានរួមចំណែកដល់ឧស្សាហកម្មរបស់ខ្លួន»។

លោក Marc Jacob Prosser គឺជាការីនិពន្ធរបស់ទស្សនាវដ្ដី FORUM រាយការណ៍ពីទីក្រុងតូក្យូ។

 

ប្រភពរូបភាព៖ YOMIURI SHIMBUN តាមរយៈវេទិកាឌីជីថល REUTERS Connect


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button