វិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

កូរ៉េខាងត្បូងប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើងដោយប្រើយន្តហោះដ្រូនដំណើរការដោយ AI រ៉ូបូត

លោក Felix Kim

ការប្រជែងនឹងការគំរាមកំហែងកម្រិតផ្សេងពីគ្នារបស់កូរ៉េខាងជើងគឺជាគោលបំណងស្នូលនៃនវានុវត្តន៍ក្នុងវិស័យការពារជាតិ 4,0 (DI 4.0) ដែលជាការខិតខំប្រឹងប្រែងផ្តោតលើបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រសួងការពារជាតិ (MND) នៃសាធារណរដ្ឋកូរ៉េ (ROK)។ គំនិតផ្តួចផ្តើមនេះបង្កើនល្បឿននៃការអភិវឌ្ឍប្រព័ន្ធការពារដែលមិនដំណើរការដោយមនុស្ស និងដំណើរការដោយមនុស្ស ដែលប្រើបញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារ។ រចនាសម្ព័ន្ធពាក្យបញ្ជាថ្មីនឹងជាលទ្ធផលនៃនវានុវត្តន៍ក្នុងវិស័យការពារជាតិ 4,0 រួមទាំងអង្គភាពដែលប្ដេជ្ញាចិត្តចំពោះប្រតិបត្តិការយន្តហោះដ្រូន និងយុទ្ធសាស្ត្រការពារ។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Shin Beom-chul បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានការពារជាតិរបស់ក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េក្នុងខែមីនា ឆ្នាំ 2023 ថា៖ «ដើម្បីយកឈ្នះលើបញ្ហាប្រឈមជាច្រើននាពេលអនាគត យោធារបស់យើងបន្តការផ្លាស់ប្តូរប្រកបដោយភាពនវានុវត្តន៍ក្នុងវិស័យការពារជាតិ តាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី 4 ដែលជាកម្លាំងរបស់យើង»។ «យើងនឹងបង្កើតរចនាសម្ព័ន្ធអង្គភាព ដែលអាចកាត់បន្ថយកម្លាំងមនុស្ស ខណៈពេលដែលបង្កើនប្រសិទ្ធភាពប្រយុទ្ធ និងលទ្ធភាពរស់រាន ដោយប្រើអាវុធទំនើបៗ ដូចជាយន្តហោះដ្រូនបញ្ជាដោយ AI និងរ៉ូបូត»។ (រូបភាព៖ គំរូដើមនៃយន្តហោះដ្រូនវាយប្រហាររបស់សាធារណរដ្ឋ​កូរ៉េ។)

កូរ៉េខាងត្បូងបានទទួលយកនូវគំនិតបដិវត្តន៍ឧស្សាហកម្មទីបួនយ៉ាងទូលំទូលាយដែលបង្កើតឡើងដោយវិស្វករ និងសេដ្ឋវិទូអាល្លឺម៉ង់ លោក Klaus Schwab ទាក់ទងនឹងរលកថ្មីនៃនវានុវត្តន៍ឌីជីថល។

យោងតាមក្រសួងការពារជាតិ គោលបំណងសំខាន់នៃនវានុវត្តន៍ក្នុងវិស័យការពារជាតិ 4,0 គឺដើម្បីអនុញ្ញាតឱ្យយោធាសាធារណរដ្ឋ​កូរ៉េទប់ទល់នឹងការគំរាមកំហែងកម្រិតផ្សេងពីគ្នា ដូចជាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងដើម្បីអភិវឌ្ឍសមត្ថភាពប្រយុទ្ធ និងជ័យជម្នះលើសមរភូមិ។

បញ្ជាការនៃប្រតិបត្តិការយន្តហោះដ្រូន ដែលរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ 2023 នឹងប្រើប្រាស់យន្តហោះដ្រូនខ្នាតតូចសម្រាប់ការឃ្លាំមើល និងប្រយុទ្ធបើចាំបាច់។ មន្ត្រីនៃក្រសួងការពារជាតិរបស់សាធារណរដ្ឋកូរ៉េកំពុងសិក្សាគំរូប្រតិបត្តិការនៃយន្តហោះដ្រូននៅក្នុងប្រទេសផ្សេងទៀត រួមទាំងប្រទេសតួកគី ដែលយន្តហោះដ្រូនប្រយុទ្ធ Bayraktar ត្រូវបានប្រើប្រាស់ដោយជោគជ័យដោយកងកម្លាំងអ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។

ការពង្រឹងសមត្ថភាពយន្តហោះដ្រូនអស់រយៈពេលជាច្រើនឆ្នាំនេះគឺជាអាទិភាពសម្រាប់ទីក្រុងសេអ៊ូល ហើយបានឈានមុខគេបន្ទាប់ពីឧប្បត្តិហេតុកាលពីខែធ្នូ ឆ្នាំ 2022 ពាក់ព័ន្ធនឹងការជ្រៀតចូលដែនអាកាសរបស់សាធារណរដ្ឋ​កូរ៉េដោយយន្តហោះដ្រូនស៊ើបការណ៍របស់កូរ៉េខាងជើងចំនួនប្រាំគ្រឿង។

ក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េបានរាយការណ៍ថា បញ្ជាការយុទ្ធសាស្ត្រ ដែលត្រូវបានព្យាករថានឹងចាប់ផ្តើមនៅឆ្នាំ 2024 មានគោលបំណងរួមបញ្ចូលសមត្ថភាពនៃសាខានីមួយៗនៃយោធារបស់សារធារណៈរដ្ឋកូរ៉េ និងដឹកនាំការអភិវឌ្ឍគំនិត និងកងកម្លាំងឆ្លើយតបផងដែរ។

លោក Shin បានលើកឡើថា៖ «រចនាសម្ព័ន្ធបញ្ជាការគឺដើម្បីគ្រប់គ្រង និងរៀបចំឡើងវិញប្រកបដោយប្រសិទ្ធភាពនូវកងកម្លាំងទំនើបៗ ដែលសមស្របសម្រាប់ការបញ្ជាប្រតិបត្តិការរួមបញ្ចូលគ្នា និងរួមគ្នានាពេលអនាគត ហើយរចនាសម្ព័ន្ធអង្គភាពគឺដើម្បីបង្កើត និងពង្រឹងអង្គភាពប្រតិបត្តិការថ្មីដូចជាប្រព័ន្ធប្រយុទ្ធរួមបញ្ចូលគ្នា ទាំងបញ្ជាដោយមនុស្ស និងមិនបញ្ជាដោយមនុស្ស ព្រមទាំងលំហ និងលំហអ៊ីនធឺណិត»។

ទីក្រុងសេអ៊ូលគ្រោងនឹងចំណាយច្រើនជាង 10% នៃថវិកាការពារជាតិរបស់ខ្លួនដើម្បីស្រាវជ្រាវ និងបង្កើតនៅឆ្នាំ 2027 និងប្រមូលផ្តុំថវិកាលើបច្ចេកវិទ្យាការពារជាយុទ្ធសាស្រ្តចំនួន 30 យុទ្ធសាស្រ្តនៅក្នុងតំបន់ចំនួន 10 រួមទាំងការគណនាកង់ទិច ថាមពល និងល្បឿនលឿនជាងសំឡេងផងដែរ។

ក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េបានលើកឡើងថា គោលការណ៍បដិវត្តន៍ឧស្សាហកម្មទីបួន នឹងត្រូវបានអនុវត្តចំពោះការអភិវឌ្ឍប្រព័ន្ធបញ្ជា និងត្រួតពិនិត្យតំបន់រួមទាំងអស់ (JADC2) ថ្មី។ ប្រព័ន្ធបញ្ជា និងត្រួតពិនិត្យតំបន់រួមទាំងអស់ នឹងភ្ជាប់គ្នាទៅវិញទៅមករវាងប្រព័ន្ធបញ្ជា ការគ្រប់គ្រង ទំនាក់ទំនង កុំព្យូទ័រ និងប្រព័ន្ធស៊ើបការណ៍សម្ងាត់នៃសាខាយោធានីមួយៗ ដោយបំប្លែងពួកវាទៅជាប្រព័ន្ធបញ្ជា និងគ្រប់គ្រងជំនាន់ក្រោយដែលមានមូលដ្ឋានផ្អែកលើ AI។

ដើម្បីនាំយកមកនូវបច្ចុប្បន្នភាពដល់បុគ្គលិកការពារជាតិទាក់ទងនឹងបច្ចេកវិទ្យាថ្មីក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េក៏បានប្រកាសពីគំនិតផ្តួចផ្តើមអប់រំថ្មីដែលជាផ្នែកមួយនៃនវានុវត្តន៍ក្នុងវិស័យការពារជាតិ 4,0។ ទាំងនេះរាប់បញ្ចូលទាំងការរៀបចំស្ដង់ដារនៃការអប់រំ និងការគ្រប់គ្រងការហ្វឹកហ្វឺនសម្រាប់កងទ័ពទាំងមូល «មជ្ឈមណ្ឌលហ្វឹកហ្វឺនផ្នែកវិទ្យាសាស្ត្រ» ដើម្បីប្រមូលផ្តុំ និងប្រើប្រាស់ទិន្នន័យធំដែលទាក់ទងនឹងការហ្វឹកហ្វឺន និង «មជ្ឈមណ្ឌលហ្វឹកហ្វឺនក្នុងវិស័យការពារជាតិដ៏ទូលំទូលាយ» ដើម្បីជួយសម្រួលដល់ការហ្វឹកហ្វឺនរួមគ្នា។

លោក Shin បានលើកឡើងថា៖ «ប្រសិនបើសមាជិកបម្រើការក្នុងកងទ័ពមិនមានចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទេ នោះការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបសម្រាប់យោធាគឺនឹងនៅមានកម្រិត»។

ប្រភពរូបភាព៖ ក្រសួងការពារជាតិរបស់សាធារណរដ្ឋ​កូរ៉េ


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button