ការរីកសាយអាវុធអាស៊ីឥសាន / NEA

ការផ្ទេរការទូតរបស់បក្សកុម្មុយនិស្តចិនទៅកាន់កូរ៉េខាងជើង បានធ្វើឱ្យមានភាពមិនប្រាកដប្រជា ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសដ៏ទុច្ចរិតនេះ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

មានការរំពឹងទុកកាន់តែខ្លាំងឡើងអំពីថាតើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងវិស័យការទូតជាមួយកូរ៉េខាងជើង នឹងកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ និងអាវុធផ្លោងរបស់របបលោក គីម ជុងអ៊ុន ឬធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តបន្ថែមទៀតនៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានគោលបំណងបញ្ឈប់ការអភិវឌ្ឍរបស់ប្រទេសនោះ។

អគ្គលេខាបក្សកុម្មុយនិស្តចិន (CCP) លោក ស៊ី ជីនពីង (Xi Jinping) នៅក្នុងលិខិតមួយផ្ញើជូនទៅលោក គីម ដែលបានចេញផ្សាយនៅពាក់កណ្តាលខែមេសា ឆ្នាំ 2023 បានប្រកាសថាលោកស្វែងរក «ដំណាក់កាលមួយដែលខ្ពស់ជាងនេះ» នៃទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េដែលគ្រប់គ្រងដោយរដ្ឋ (KCNA) ខាងទីភ្នាក់ងារសារព័ត៌មានបារាំងបានរាយការណ៍។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា «ស្ថានភាពអន្តរជាតិ និងស្ថានភាពតំបន់ឥឡូវនេះកំពុងផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរ និងដោយតាមរបៀបមួយដ៏ស្មុគស្មាញ» នេះជាអ្វីដែលលោក ស៊ី បានសរសេរនៅក្នុងលិខិតនោះ ហើយគាត់មានឆន្ទៈក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដោយ «ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងការណែនាំរួមគ្នា»។

ការជំរុញនេះបានធ្វើឡើងនៅពេលដែលក្រុមរដ្ឋមន្ត្រីការបរទេសទាំងប្រាំពីរ (G-7) បានធ្វើការថ្កោលទោសចំពោះការបន្តការសាកល្បងអាវុធដែលមិនធ្លាប់មានពីមុនមករបស់កូរ៉េខាងជើង។ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាអ្នកការទូតកំពូលរបស់ G-7 មកពីប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុប បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចចរចាខែមេសា ឆ្នាំ 2023 របស់ពួកគេនៅទីក្រុង Karuizawa ប្រទេសជប៉ុនថា «សកម្មភាពបែបនេះត្រូវតែការមានការឆ្លើយតបឱ្យបានយ៉ាងរហ័ស មានលក្ខណៈរួបរួម និងរឹងមាំ រួមទាំងវិធានការសំខាន់ៗបន្ថែមទៀតដែលនឹងត្រូវធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

របបលោក គីម បានបន្តផ្គើននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលយ៉ាងហោចណាស់រាប់សិបគ្រាប់ក្នុងឆ្នាំ 2023 រហូតមកដល់ពេលនេះ រួមទាំងការបាញ់បង្ហោះមីស៊ីលប៉ាលីស្ទីកអន្តរទ្វីប (ICBMs) ចុងក្រោយបង្អស់មួយចំនួនផងដែរ។ កូរ៉េខាងជើងបានអះអាងថា ការសាកល្បងរបស់ខ្លួនកាលពីថ្ងៃទី 13 ខែមេសា គឺជាប្រភេទមីស៊ីលប៉ាលីស្ទីកអន្តរទ្វីបដោយប្រើឥន្ធនៈរឹង ដែលប្រសិនបើមានការអភិវឌ្ឍពេញលេញ អាចនឹងត្រូវប្រើដើម្បីកំណត់គោលដៅទៅលើទ្វីបអាមេរិក នេះបើយោងតាមសារព័ត៌មាន Associated Press (AP) បានរាយការណ៍។ នៅឆ្នាំ 2022 ប្រទេសកូរ៉េខាងជើងបានធ្វើសាកល្បងចំនួន 68 ដង ច្រើនជាងឆ្នាំ 2021 ចំនួន 10 ដង នេះបើយោងតាមទស្សនាវដ្តី Time។

បណ្តាញផ្សាយព័ត៍មាន CNN បានរាយការណ៍ថា លោក គីម ក៏បានអះអាងនៅពាក់កណ្តាលខែមេសានឹងត្រៀមខ្លួនបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដំបូងបង្អស់របស់កូរ៉េខាងជើង។

នៅពេលដែលកិច្ចចរចា G-7 បានចាប់ផ្តើម ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធកងទ័ពជើងទឹកនៅក្នុងដែនទឹកអន្តរជាតិរវាងកូរ៉េខាងត្បូង និងជប៉ុន ហើយបានផ្តោតលើការគ្រប់គ្រងឱ្យបានល្អលើនីតិវិធីសម្រាប់ការចាប់រក តាមដាន និងចែករំលែកព័ត៌មានស្តីពីមីស៊ីលប៉ាលីស្ទីករបស់កូរ៉េខាងជើង។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នារយៈពេល 10 ថ្ងៃ ដែលធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ (រូបភាព៖ យន្តហោះចម្បាំងរបស់សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក ហោះហើរពីលើឧបទ្វីបកូរ៉េ នៅថ្ងៃទី 21 ខែមេសា ឆ្នាំ 2023 អំឡុងពេលសមយុទ្ធដែនអាកាសរួមគ្នានៅប្រទេសកូរ៉េខាងត្បូង)។

ចាប់តាំងពីឆ្នាំ 2006 មក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទនូវដំណោះស្រាយចំនួន 9 ដែលដាក់ទណ្ឌកម្មកូរ៉េខាងជើងសម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងសកម្មភាពពាក់ព័ន្ធ។ អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក សុទ្ធតែបានដាក់ទណ្ឌកម្មឯកតោភាគីបន្ថែមពីលើ ដែលត្រូវបានប្រកាសកាលពីខែធ្នូ ឆ្នាំ 2022។

ទោះបីជាសាធារណៈរដ្ឋប្រជាមានិតចិន (PRC) បានយល់ព្រមលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើងជុំវិញការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ រហូតមកដល់ពេលនេះគឺមិនមានភស្តុតាងណាមួយ ដែលបញ្ជាក់ថាសាធារណរដ្ឋប្រជាមានិតចិនបានអនុវត្តទណ្ឌកម្មនេះនោះទេ ដោយទទួលយកការស្តីបន្ទោស និងគាំទ្រយ៉ាងយ៉ាងស្ងៀមស្ងាត់ចំពោះកម្មវិធីអាវុធរបស់របបលោក គីម ទៅវិញ។

អ្នកវិភាគបានលើកឡើងថា នេះអាចចាត់ចូលជាប្រវត្តិសាស្ត្រហើយដែលសាធារណរដ្ឋប្រជាមានិតចិនបានព្យាយាមធ្វើឱ្យការអនុវត្តសេចក្តីសម្រេចមួយចំនួនរបស់អង្គការសហប្រជាជាតិចុះខ្សោយ ហើយបន្តអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើងនោះ។ បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់សាធារណរដ្ឋប្រជាមានិតចិនថាបានជួយកូរ៉េខាងជើងឱ្យរួចផុតពីការដាក់ទណ្ឌកម្ម ជាឧទាហរណ៍ ការធ្វើជាមើលមិនឃើញការលក់ធ្យូងថ្មរបស់កូរ៉េខាងជើង។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចិនបានបំពានលើការរឹតបន្តឹងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង នេះបើយោងតាមអ្នកស៊ើបអង្កេតការដាក់ទណ្ឌកម្ម មកពីអង្គការសហប្រជាជាតិ រតនាគារសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត នេះបើតាមកាសែត The Wall Street Journal បានរាយការណ៍នៅក្នុងខែមីនា ឆ្នាំ 2022។

ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក 15 រូបមិនអាចយល់ស្របលើការឆ្លើយតបទៅនឹងការរំលោភបំពានចុងក្រោយបង្អស់របស់កូរ៉េខាងជើងចំពោះការហាមប្រាមការសាកល្បងនេះទេ មួយផ្នែកទៀតគឺដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កើនភាពតានតឹងជាសកល។ នៅចុងខែឧសភា ឆ្នាំ 2022 សាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ីបានវេតូដំណោះស្រាយដែលព្រាងដោយសហរដ្ឋអាមេរិក ដែលនឹងដាក់ទណ្ឌកម្មបន្ថែមទៀត ដូចជាការហាមឃាត់ការនាំចេញប្រេង និងថ្នាំជក់ទៅកាន់កូរ៉េខាងជើងជាដើម។

កាលពីឆ្នាំមុន រដ្ឋបាលសហរដ្ឋអាមេរិកបានចោទប្រកាន់ថា សាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ីបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់សម្ពន្ធមិត្ត និងដៃគូនានា ក្នុងការដាក់ទណ្ឌកម្មរបបកូរ៉េខាងជើងសម្រាប់ការសាកល្បងនាពេលថ្មីៗនេះ។ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានអះអាងថា ការបន្ថែមទណ្ឌកម្មនឹងកាន់តែបង្កើនភាពតានតឹងជាមួយកូរ៉េខាងជើង ហើយបានអំពាវនាវឱ្យបន្ធូរបន្ថយទណ្ឌកម្មដែលមានស្រាប់ នេះបើយោងតាមកាសែត South China Morning Post។

រួមជាមួយនឹងជោគវាសនានៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលស្ថិតនៅក្រោមការទូតដ៏ខ្លាំងក្លារបស់បក្សកុម្មុយនិស្ត​ចិន នៅតែមានការចោទសំណួរថាតើសាធារណរដ្ឋប្រជាមានិតចិននឹងជួយសម្រាលភាពស្រេកឃ្លាន និងភាពក្រីក្រដែលជនរងគ្រោះដល់ទៅ 60% នៃចំនួនប្រជាជនកូរ៉េខាងជើងជួបប្រទះដែរឬទេ ដូចដែលបានប៉ាន់ប្រមាណដោយអង្គការមិនរកប្រាក់ចំណេញ Borgen Project ដែលភាគច្រើនគឺជាលទ្ធផលបណ្ដាលមកពីការបរាជ័យលើការគ្រប់គ្រងរបស់លោក គីម។

អ្នកវិភាគបានលើកឡើងថា សាធារណរដ្ឋប្រជាមានិតចិននាពេលបច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង និងជាប្រភពនៃការគាំទ្រផ្នែកនយោបាយ។ ក្រុមអ្នកវិភាគបានចង្អុលបង្ហាញថាទោះបីជាយ៉ាងណាក៏ដោយជំនួយមនុស្សធម៌របស់សាធារណរដ្ឋប្រជាមានិតចិនដល់កូរ៉េខាងជើង មានលក្ខណៈជាប្រវត្តិសាស្ត្រទៅហើយដែលវាមិនដែលគ្រប់គ្រាន់ទេ ដោយសារបញ្ហាអត់ឃ្លានរបស់កូរ៉េខាងជើងបានបន្តកើតមានអស់ជាច្រើនទសវត្សរ៍មកហើយ។ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិមិនដាក់កម្រិតលើជំនួយមនុស្សធម៌ទេ។

បន្ថែមពីលើការធានាចុងក្រោយរបស់លោក ស៊ី ចំពោះកូរ៉េខាងជើង បក្សកុម្មុយនិស្ត​ចិន កាលពីចុងខែមីនា ឆ្នាំ 2023 ក៏បានរៀបចំឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំនៅកូរ៉េខាងជើងគឺលោក Wang Yajun ដែលជាសញ្ញានៃការបន្តទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ នេះបើយោងតាមរបាយការណ៍ព័ត៌មាន។

អ្នកនាំពាក្យក្រសួងការបរទេសបក្សកុម្មុយនិស្ត​ចិន លោក Mao Ning បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា លោក Wang នឹងលើកកម្ពស់មិត្តភាពបែបប្រពៃណីរវាង «ប្រទេសជិតខាងជិតស្និទ្ធដែលមានព្រំប្រទល់នៃភ្នំ និងទន្លេជាប់គ្នា»។

ទីក្រុងប៉េកាំងបានតែងតាំងលោក Wang ក្នុងខែកុម្ភៈ ឆ្នាំ 2021 ដើម្បីជំនួសលោក Li Jinjun ជាឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងព្យុងយ៉ាង ប៉ុន្តែការទៅដល់របស់លោកត្រូវបានពន្យារពេលជាងពីរឆ្នាំ ដោយសារការរឹតបន្តឹងព្រំដែនរបស់ប្រទេសកូរ៉េខាងជើងអំឡុងពេលជំងឺការរាតត្បាតនៃជំងឺកូវីដ-19 នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap News។

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button