កងទ័ពជើងទឹក ឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកចាប់ផ្ដើមល្បាតសន្តិសុខតំបន់អូសេអានី

វរនាវីទោ/កិច្ចការសាធារណៈកងនាវាទី 3 របស់អាមេរិក
កងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងកងឆ្មាំឆ្នេរសមុទ្រអាមេរិកបានចាប់ផ្ដើមចេញល្បាតរួមគ្នានៅក្នុងខែមីនាឆ្នាំ 2023 នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចនៅក្រោមគំនិតផ្តួចផ្ដើមសន្តិសុខដែនសមុទ្រនៅតំបន់អូសេអានី (OMSI) ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង ក៏ដូចជាប្រយុទ្ធប្រឆាំងជាមួយនឹងបទឧក្រិដ្ឋឆ្លងដែន និងពង្រឹងសន្តិសុខនៅក្នុងតំបន់។
លោកមេបញ្ជាការ Richard Skinnell របស់នាវាចម្បាំងឯករាជ្យឈ្មោះ USS Mobile នៃកងកម្លាំងដែលបានចូលរួមជាចម្បងរបស់កងទ័ពជើងទឹក ដូចមានក្នុងរូបភាព បានមានប្រសាសន៍ថា «OMSI មានភាពចាំបាច់ដើម្បីធានាឲ្យបានថាកិច្ចព្រមព្រៀងរបស់គណៈកម្មាធិការនេសាទតំបន់ប៉ាស៊ីហ្វិកកណ្ដាលនិងភាគខាងលិច (WCPFC) ត្រូវបានអនុវត្តតាមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ «គំនិតផ្ដួចផ្ដើមនេះអនុញ្ញាតឱ្យយើងទទួលបានឱកាសធ្វើការរួមគ្នាជាមួយនឹងអង្គភាពផ្សេងទៀតរបស់យោធា ក៏ដូចជាសម្ពន្ធមិត្តនិងដៃគូរបស់យើងផងដែរ។»
OMSI លើកកម្ពស់សន្តិសុខដែនសមុទ្រ និងការយល់ដឹងអំពីដែនតាមរយៈការផ្ដល់សមត្ថភាពដល់បុគ្គលិករបស់កងឆ្មាំឆ្នេរសមុទ្រដើម្បីធ្វើប្រតិបត្តិការពង្រឹងច្បាប់ដែនសមុទ្រពីនាវាកងទ័ពជើងទឹក។ ប្រតិបត្តិការរួមគ្នានិងចម្រុះទាំងនេះធានាថាយោធារបស់អាមេរិកគោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសម្ពន្ធមិត្តនិងដៃគូ។
លោកមេបញ្ជាការ Jeff Bryant ដែលជាប្រធានកងកម្លាំងសង្កាត់ទី 14 នៃកងឆ្មាំឆ្នេរសមុទ្រអាមេរិកបានមានប្រសាសន៍ឲ្យដឹងថា «កិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូរបស់យើងនៅទូទាំងតំបន់អូសេអានីមានសារៈសំខាន់ជាខ្លាំងក្នុងការធានាឲ្យបាននូវតំបន់ប៉ាស៊ីហ្វិកពណ៌ខៀវដែលសេរីនិងបើកចំហ»។ «វាគឺជាអភ័យឯកសិទ្ធិមួយ ហើយយើងមានមោទនភាពក្នុងការគាំទ្ររដ្ឋសហព័ន្ធមីក្រូណេស៊ីតាមរយៈភាពជាដៃគូប្រកបដោយការប្ដេជ្ញាចិត្តក្នុងកិច្ចប្រឹងប្រែងរក្សាឲ្យបាននូវអភិបាលកិច្ចដែនសមុទ្រ និងបូរណភាពដែនសមុទ្រ។»
កិច្ចព្រមព្រៀងវិស័យជលផលអន្តរជាតិរបស់ WCPFC ផ្ដល់អាទិភាពទៅលើការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃទិន្នផលត្រីដែលផ្លាស់ប្ដូរទីជាខ្លាំង។
លោក Bryant បានមានប្រសាសន៍ថា «កងឆ្មាំឆ្នេរសមុទ្រអាមេរិកតែងតែត្រៀមខ្លួនរួចរាល់ និងទន្ទឹងរង់ចាំការអនុវត្តបេសកកម្ម OMSI ព្រមជាមួយនឹងដៃគូកងទ័ពជើងទឹកអាមេរិកនានា។»
នាវា USS Mobile ដោយមានភាពដាច់តែឯងពីកងឆ្នាំឆ្នេរសមុទ្រដែលបានចេញដំណើរពីក្រុមអាជ្ញាធរអនុវត្តច្បាប់យុទ្ធសាស្ត្រនៃតំបន់ប៉ាស៊ីហ្វិក ធ្វើការគាំទ្រទៅដល់ច្បាប់ដែនសមុទ្រជាមួយប្រទេសជាដៃគូតាមរយៈការពង្រឹងទៅលើការអនុវត្តកិច្ចព្រមព្រៀង WCPFC និងទប់ស្កាត់សកម្មភាពខុសច្បាប់។ នាវានេះអាចធ្វើចលនាបានយ៉ាងឆាប់រហ័ស ហើយទីលានចុះចតយន្តហោះរបស់ខ្លួនអាចផ្ទុកធនធានយន្តហោះ ដែលមាននិងមិនមានមនុស្សបើកនានា។
ជាផ្នែកមួយនៃកងនាវាសមុទ្រប៉ាស៊ីហ្វិករបស់អាមេរិក កងនាវាទី 3 របស់អាមេរិកផ្ដល់ជូននូវការហ្វឹកហ្វឺនជាក់ស្ដែងនិងដែលជាប់ពាក់ព័ន្ធ ដែលចាំបាច់ចំពោះការអនុវត្តបេសកកម្មរបស់កងទ័ពជើងទឹកអាមេរិកនៅទូទាំងវិសាលគមនៃប្រតិបត្តិការយោធា រាប់ចាប់តាំងពីការប្រយុទ្ធទៅដល់ជំនួយមនុស្សធម៌ និងជំនួយទៅដល់គ្រោះធម្មជាតិនានា។ កងនាវាទី 3 របស់អាមេរិកធ្វើការជាមួយនឹងសម្ពន្ធមិត្តនិងដៃគូដើម្បីជំរុញទៅដល់សេរីភាពនៃការធ្វើនាវាចរណ៍ នីតិរដ្ឋ និងគោលការណ៍ដទៃទៀតដែលផ្សារភ្ជាប់ទៅនឹងសន្តិសុខតំបន់។
ប្រភពរូបភាព៖ ERIC PARSONS/កងទ័ពជើងទឹកអាមេរិក
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។