ទស្សនៈសាកលលក្ខណៈពិសេសអធិបតេយ្យជាតិអាស៊ីឥសាន / NEA

ការការពារភាពរីកចម្រើន លូតលាស់នៅក្នុងមូលដ្ឋាន

បញ្ហាប្រឈមប្រចាំជំនាន់ជំរុញឱ្យមានការអភិវឌ្ឍលើវិស័យការពារជាតិនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ដោយប្រើប្រាស់កាំភ្លើងយន្ត MK44 Bushmaster ទំហំ 30 មីលីម៉ែត្រ

ដែលអាចបាញ់បានទៅដល់ចម្ងាយ 3 គីឡូម៉ែត្រ

 រថពាសដែក CM-34 Clouded Leopard របស់កងទ័ពតៃវ៉ាន់អាចឃ្លាំមើលតាមដានសត្រូវនៅគ្រប់ស្ថានភាពភូមិសាស្ត្រ និងគ្រប់លក្ខខណ្ឌ ក្នុងល្បឿនរហូតដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង។ រថពាសដែកកង់ប្រាំបីចំនួនជាង 300 គ្រឿងដែលផលិតនៅភាគកណ្ដាលតៃវ៉ាន់គួរតែត្រូវបានដាក់ចូលប្រតិបត្តិការនៅឆ្នាំ 2023។ Clouded Leopard គឺជាឈ្មោះដែលត្រូវបានដាក់តាមអំបូរឆ្មាធំដែលគេជឿថាផុតពូជនៅលើកោះនេះហើយ ប៉ុន្តែវាជារបស់ពិសិដ្ឋសម្រាប់ជនជាតិដើមភាគតិចតៃវ៉ាន់ ក៏ជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃឧស្សាហកម្មការពារជាតិក្នុងស្រុកដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដែលនេះគឺជាផ្នែកមួយនៃនិន្នាការនៃការរីកចម្រើនផ្នែកយោធាក្នុងស្រុកដែលឃើញនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ 

រយៈពេលពីរបីសប្តាហ៍មុនថ្ងៃដែលតៃវ៉ាន់បង្ហាញរថពាសដែក CM-34 នៅទីតាំងធ្វើតេស្តដែលសម្បូរភ្នំច្រើនក្នុងខែមិថុនា ឆ្នាំ 2022 អ្នកស្រាវជ្រាវកូរ៉េខាងត្បូងបានប្រកាសជាសាធារណៈលើកដំបូងថាថ្ងៃណាមួយកម្មវិធីដែលផ្នែកលើបញ្ញាសិប្បនិម្មិតនឹងអាចបំពាក់បន្ថែមលើយានជំនិះ​យោធាដូចជា Clouded Leopard ជាដើម។ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា បច្ចេកវិទ្យាបើកប្រតិបត្តិការដោយខ្លួនឯង វិភាគលក្ខណៈភូមិសាស្រ្តដីពិបាក រុករកផ្លូវធ្វើដំណើរដោយមានការជួយពីមនុស្សតិចតួច សូម្បីតែបើកបរក្នុងល្បឿនលឿនក៏ដោយ។ គម្រោងនេះត្រូវបានដឹកនាំដោយរដ្ឋបាលកម្មវិធីទិញសព្វាវុធការពារជាតិដែលគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងសេអ៊ូល (DAPA) ដែលជំរុញការអភិវឌ្ឍក្នុងស្រុកនៃបច្ចេកវិទ្យាដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិ។ នៅក្នុងជុំវិញថ្ងៃប្រកាសអំពីបច្ចេកវិទ្យាបើកប្រតិបត្តិការដោយខ្លួនឯងនោះ DAPA ក៏បានបង្ហាញពីគម្រោងសម្រាប់ឧបករណ៍ឡាស៊ែរចល័តបាញ់រំសាយអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ រ៉ាដារយៈចម្ងាយឆ្ងាយដើម្បីតាមដានដែនអាកាសរបស់ប្រទេស និងមួកសុវត្ថិភាពទម្ងន់ស្រាលដែលមានសមត្ថភាពការពារគ្រាប់កម្រិតខ្ពស់។ នៅចុងខែកក្កដាឆ្នាំ 2022 ប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រទេសមួយក្តាប់តូចដែលមានយន្តហោះចម្បាំងទំនើបដែលផលិតក្នុងស្រុក ដោយមានការហោះហើរដំបូងរបស់យន្តហោះចម្បាំង KF-21 Boramae។ CNN បានរាយការណ៍ថានៅឆ្នាំ 2030 កងទ័ពអាកាសនៃសាធារណរដ្ឋកូរ៉េត្រូវបានរំពឹងថានឹងដាក់ពង្រាយយន្តហោះ KF-21 ចំនួន 120 គ្រឿងដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍរួមគ្នាជាមួយប្រទេសឥណ្ឌូណេស៊ី។

បញ្ហាប្រឈមប្រចាំជំនាន់មួយចំនួន រាប់ចាប់ពីជំងឺរាតត្បាតដ៏សាហាវ រហូតដល់ការពង្រីកយោធាដ៏ខ្លាំងក្លារបស់បក្សកុម្មុយនិស្តចិន និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពន្លឿនការអភិវឌ្ឍក្នុងស្រុកនៃប្រព័ន្ធសព្វាវុធ និងទ្រព្យសម្បត្តិការពារជាតិផ្សេងទៀត។ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល ជាពិសេសពីប្រភពបញ្ហាដូចជារុស្ស៊ី ដែលឧស្សាហកម្មសព្វាវុធត្រូវបានកាត់បន្ថយយ៉ាងធ្ងន់ធ្ងរដោយទណ្ឌកម្មអន្តរជាតិ រដ្ឋាភិបាលនៅក្នុងប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ថៃ និងប្រទេសផ្សេងទៀតកំពុងវិនិយោគយ៉ាងច្រើនក្នុងវិស័យការពារជាតិរបស់ពួកគេដើម្បីធានាបាននូវមធ្យោបាយការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងការផ្លាស់ប្តូរការគំរាមកំហែង និងភូមិសាស្ត្រនយោបាយដែលមិនប្រក្រតី។

ក្រសួងការពារជាតិជប៉ុនបានប្រកាសនៅក្នុងរបាយការណ៍សាធារណៈ អំពី «ការការពារប្រទេសជប៉ុនឆ្នាំ 2021» ថា «ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងមជ្ឈឋានសន្តិសុខ ប្រទេសជប៉ុនត្រូវតែពង្រឹងសមត្ថភាពការពាររបស់ខ្លួនក្នុងល្បឿនមួយដែលខុសពីអតីតកាល» ការអភិវឌ្ឍយន្តហោះ នាវាពិឃាត នាវាមុជទឹក មីស៊ីល យានជំនះប្រយុទ្ធ ផ្កាយរណប និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក។ ក្រសួងការពារជាតិបានខិតខំបង្កើនការចំណាយយោធាប្រាំបួនដងជាប់ៗគ្នា ខណៈដែលខ្លួនបង្កើតកម្លាំងដែនតំបន់ត្រួតត្រាចម្រុះ។ របាយការណ៍សាធារណៈបានលើកឡើងថា «និន្នាការយោធារបស់ចិន រួមទាំងការខ្វះខាតតម្លាភាពអំពីគោលនយោបាយការពារជាតិ និងកិច្ចការយោធារបស់ប្រទេសចិន បានក្លាយជាបញ្ហានៃការព្រួយបារម្ភយ៉ាងខ្លាំងចំពោះតំបន់ រួមទាំងប្រទេសជប៉ុន និងសហគមន៍អន្តរជាតិផងដែរ»។

ជប៉ុន​ក៏​កំពុង​អភិវឌ្ឍ​យន្តហោះ និង​សព្វាវុធ​ល្បឿនលឿន​ជាង​សំឡេង រួម​ទាំង​កាំជ្រួចមីស៊ីល​ ដែល​អាច​ធ្វើ​ដំណើរ​បានក្នុងល្បឿន​យ៉ាង​ហោច​ណាស់ប្រាំដង​នៃ​ល្បឿន​សំឡេង។ យោងតាមសារព័ត៌មាន The Japan Times អ្នកស្រាវជ្រាវជប៉ុនបានធ្វើការធ្វើតេស្តចំហេះដោយហោះហើរនៃសមត្ថភាពហោះលឿនជាងសំឡេងលើកដំបូង ដែលជាផ្នែកមួយនៃគម្រោងដោយទីភ្នាក់ងារទិញ បច្ចេកវិទ្យា និងភស្តុភាររបស់ក្រសួងការពារជាតិជប៉ុននៅពាក់កណ្តាលឆ្នាំ 2022។ សារព័ត៌មាន Kyodo បានរាយការណ៍នៅពាក់កណ្តាលឆ្នាំ 2022 ថារដ្ឋាភិបាលជប៉ុនអាចបន្ធូរបន្ថយច្បាប់នាំចេញសព្វារុធ ដើម្បីបន្ថែមលើកិច្ចព្រមព្រៀងផ្ទេរសម្ភារ និងបច្ចេកវិទ្យាការពារជាច្រើនដែលខ្លួនមានជាមួយដៃគូដូចជា អូស្ត្រាលី ឥណ្ឌា និងហ្វ៊ីលីពីន ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ខ្លួននៅពេលជំរុញកិច្ចសហប្រតិបត្តិការពហុប្រជាជាតិ។ ពិភពលោកមិនត្រឹមតែបានប្រឈមមុខនឹង «ការលំបាកដែលមិនធ្លាប់មានពីមុនមកដោយសារជំងឺកូវីដ-19 នោះទេ ប៉ុន្តែបញ្ហាប្រឈមសន្តិសុខផ្សេងៗ និងកត្តាអស្ថិរភាពកាន់តែមានភាពជាក់ស្តែង និងខ្លាំងក្លា ហើយសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើតម្លៃជាសកល ដែលបានគាំទ្រដល់សន្តិភាព និងវិបុលភាពរបស់សហគមន៍អន្តរជាតិក៏ត្រូវបានស្ថិតនៅក្រោមការសាកល្បង» រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi បានកត់សម្គាល់នៅក្នុងការណែនាំរបស់របាយការណ៍សាធារណៈអំពីសន្តិសុខ។ «វាមានសារៈសំខាន់ណាស់ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលចែករំលែកតម្លៃជាមូលដ្ឋានដូចគ្នា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនេះនៅក្នុងមជ្ឈឋានសន្តិសុខ ក៏ដូចជាពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុន និងពង្រីកតួនាទីដែលយើងអាចបំពេញបាន»។

គ្រាប់មីស៊ីលបាលីស្ទីកបាញ់ចេញក្រោមទឹក ដែលផលិតក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានបាញ់សាកល្បងចេញពីនាវាមុជទឹកក្នុងខែកញ្ញា ឆ្នាំ 2021។ ក្រសួងការពារជាតិកូរ៉េខាងត្បូង/សារព័ត៌មាន THE ASSOCIATED PRESS

ដំណោះស្រាយដ៏រឹងមាំ

ប្រហែលជាគ្មានតំបន់ណាដែលមានបញ្ហាប្រឈមផ្នែកសន្តិសុខជាងនៅតៃវ៉ាន់នោះទេ ដោយតៃវ៉ាន់គឺមានចម្ងាយពីឆ្នេរសមុទ្រចិនត្រឹម 160 គីឡូម៉ែត្រនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាគូទឹកធម្មជាតិដែលហាក់មានសភាពតូចចង្អៀតសម្រាប់អ្នករស់នៅទីនោះរហូតដល់ 24 លាននាក់លើកោះដែលគ្រប់គ្រងដោយខ្លួនឯង ខណៈដែលបក្សកុម្មុយនិស្តចិន (CCP) ដែលកាន់តែមាននិន្នការឈ្លានពាន បង្កើនការគំរាមកំហែងលើការប្រើប្រាស់កម្លាំងបាយ ដើម្បីទាមទារអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់។ ចំនួននៃយន្តហោះរបស់កងទ័ពរំដោះប្រជាជន (PLA) ដ៏ច្រើនដែលមិនធ្លាប់មានពីមុនមកបានហោះបំពានទៅលើដែនការពារអាកាសរបស់តៃវ៉ាន់ក្នុងឆ្នាំ 2022 ដែលត្រូវបានជឿថាជាផ្នែកនៃយុទ្ធសាស្ត្រសង្គ្រាមក្នុងតំបន់ប្រទាញប្រទង់របស់បក្សកុម្មុយនិស្ត​ចិនដើម្បីកាត់បន្ថយសមត្ថភាពការពាររបស់តៃវ៉ាន់ ហើយបន្ទាប់មកនឹងគ្របសង្កត់តៃវ៉ាន់តែម្ដង។ នៅក្នុងខែសីហា ឆ្នាំ 2022 PLA បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុតរបស់ខ្លួននៅក្នុង និងជុំវិញច្រកសមុទ្រ រួមទាំងការបាញ់បង្ហោះគ្រាប់មីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ ដែលជាច្រើនគ្រាប់បានធ្លាក់ក្នុងដែនសមុទ្រតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ សមាជិកសភាមកពីប្រទេសប្រជាធិបតេយ្យនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានថ្កោលទោសសមយុទ្ធដែលធ្វើឱ្យមានអស្ថិរភាពថាជាទម្រង់នៃការវាយបកជាក់ស្តែងសម្រាប់ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិចិន លោកឧត្តមសេនីយ៍ Wei Fenghe បានគំរាមកំហែងក្នុងកិច្ចប្រជុំសន្តិសុខអន្តរជាតិនៅប្រទេសសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ 2022 ថាបក្សកុម្មុយនិស្ត​ចិននឹង «មិនស្ទាក់ស្ទើរក្នុងការប្រយុទ្ធ» ប្រសិនបើតៃវ៉ាន់បន្តទាមទារឯករាជ្យទៀតនោះ ទោះបីជាកោះនេះមិនធ្លាប់ជាផ្នែកណាមួយនៃសាធារណៈរដ្ឋប្រជាមានិតចិនក៏ដោយ។

ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022 បានបង្កើនការភ័យខ្លាចចំពោះការវាយលុករបស់ បក្សកុម្មុយនិស្ត​ចិនទៅលើកោះតៃវ៉ាន់ ដោយមានក្រុមអ្នកវិភាគអះអាងថា អគ្គលេខាធិការបក្សកុម្មុយនិស្ត​ចិន លោក Xi Jinping អាចនឹងមើលឃើញសង្គ្រាមនៅអឺរ៉ុបជាឱកាសមួយដើម្បីកែសម្រួលផែនការសង្គ្រាមរបស់ PLA។ លោក Xi បានបដិសេធមិនថ្កោលទោសប្រធានាធិបតីរុស្ស៊ី Vladimir Putin ឬចូលរួមជាមួយពិភពលោកក្នុងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូជុំវិញការវាយប្រហារដោយគ្មានហេតុផលរបស់ខ្លួន ជំនួសឱ្យការបញ្ជាក់ឡើងវិញអំពីមិត្តភាព «គ្មានដែនកំណត់» របស់បក្សកុម្មុយនិស្ត​ចិនជាមួយរុស្ស៊ី។ តៃវ៉ាន់ និងអ៊ុយក្រែន គឺស្រដៀងគ្នាខ្លាំងបំផុត «គឺមានលទ្ធិប្រជាធិបតេយ្យដែលស្រឡាញ់សន្តិភាព ដែលជាកម្មវត្ថុនៃលទ្ធិប្រជាធិបតេយ្យដែលមិនចេះរញ៉េរញ៉ៃលើផ្នែកនៃអំណាចយោធា និងគំរាមកំហែងដល់ស្វ័យភាពប្រទេសជិតខាង» នោះបើយោងតាមការវិភាគក្នុងខែមីនា ឆ្នាំ 2022 ដោយស្ថាប័នស្រាវជ្រាវឯករាជ្យ វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក។ 

ចាប់តាំងពីជាប់ឆ្នោតលើកដំបូងក្នុងឆ្នាំ 2016 ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានផ្តល់អាទិភាពដល់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់កោះនេះ រួមទាំងការអភិវឌ្ឍក្នុងស្រុកនាលើនាវាមុជទឹក នាវាចម្បាំងដែលបំបាំងខ្លួនពីរ៉ាដា នាវាដាក់ពង្រាយមីននិងបច្ចេកវិទ្យាខ្ពស់ អាវុធចល័តដែលអាចផ្តល់ការវាយប្រហារចំគោលដៅ និងពិបាកសម្រាប់សត្រូវក្នុងការកំណត់រក​គោលដៅបកវិញ។ ការផ្តោតរបស់តៃវ៉ាន់លើការការពារមិនស្មើគ្នាត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការចំណាយនៃ

ជម្លោះមិនអាចទទួលយកបានសម្រាប់កម្លាំងឈ្លានពាន ត្រូវបានស្គាល់ថាជា «យុទ្ធសាស្ត្រកាំប្រមា»។ នាយឧត្តមនាវីចូលនិវត្តន៍លើកឡើងថា «គំនិតនេះគឺពិបាកទទួលយកខ្លាំងណាស់សម្រាប់សត្រូវ ដែលតម្រូវឱ្យសត្រូវគិតពិចារណារយ៉ាងដិតដល់មុនពេលធ្វើសកម្មភាពណាមួយ»។ លោក Lee Hsi-min ដែលបានបម្រើការជានាយអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់បានប្រាប់កាសែត The New York Times ក្នុងខែមិថុនា ឆ្នាំ 2022។

ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសបង្កើនសមត្ថភាពផលិតកាំជ្រួចមីស៊ីលប្រចាំឆ្នាំរបស់ខ្លួនដល់ទៅជិត 500 គ្រាប់ក្នុងឆ្នាំ 2022 រួមទាំងការបង្កើតអាវុធប្រឆាំងនឹងលេណដ្ឋានដែលមានបាញ់ដល់ចម្ងាយ 1 000 គីឡូម៉ែត្រ ដែលអាចវាយប្រហារមូលដ្ឋានយោធានៅក្នុងប្រទេសចិន និងសព្វាវុធការពារដែនអាកាស អាច​បំផ្លាញ​យន្តហោះ​ចម្បាំង និង​កាំជ្រួចមីស៊ីល​។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ផែនការនោះកើតឡើងបន្ថែមពីលើផែនការផលិតយន្តហោះដ្រូនចម្បាំង។ ដើម្បីពង្រឹងការការពាររបស់ខ្លួនបន្ថែមទៀត តៃវ៉ាន់បានយល់ព្រមលើការចំណាយយោធាបន្ថែមចំនួន 8.2 ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលប្រហែល 2 ភាគ 3 នៃចំនួននេះត្រូវបានបម្រុងទុកសម្រាប់មីស៊ីលផលិតក្នុងស្រុក និងអាវុធប្រឆាំងនាវា។

គម្រោងភាពរីកចម្រើនផលិតក្នុងស្រុកទាំងនោះត្រូវបានបំពេញបន្ថែមដោយការលក់សម្ភារយោធាពីដៃគូចាស់នៅឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងឧបករណ៍ និងគ្រឿងបន្លាស់សម្រាប់កងទ័ពជើងទឹកចំនួន 120 លានដុល្លារអាមេរិកក្នុងខែមិថុនា ឆ្នាំ 2022។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់លោក Xavier Chang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញនេះ ដែលជាការទិញលើកទីបីរបស់ទីក្រុងតៃប៉ិពីទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលប្រាំមួយខែនេះ «បង្ហាញជាថ្មីម្តងទៀតថាភាពជាដៃគូសហប្រតិបត្តិការដ៏រឹងមាំរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកកំពុងជួយពង្រឹងសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់»។ «តៃវ៉ាន់ ដែលស្ថិតនៅលើខ្សែបន្ទាត់ជួរមុខនៃការពង្រីកអំណាចផ្តាច់ការ នឹងបន្តបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារខ្លួន ខណៈពេលដែល… ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមគ្នាពង្រឹងភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យជាសាកល»។

កងម៉ារីនថៃ និងទាហានម៉ារីនអាមេរិក ប្រតិបត្តិការយានជំនិះប្រយុទ្ធរបស់កងម៉ារីនថៃ អំឡុងពេលសមយុទ្ធ Cobra Gold 2022 នៅប្រទេសថៃ។
ពលបាលកាំភ្លើងធំ TYLER HLAVAC/កងទាហានម៉ារីនអាមេរិក

ការស្វះស្វែងរកការពឹងផ្អែកលើខ្លួនឯង

សម្រាប់ប្រទេសឥណ្ឌា ដែលជាប្រទេសចំណាយលើយោធាធំជាងគេទីបីរបស់ពិភពលោកក្នុងឆ្នាំ 2021 ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ីកំពុងជំរុញប្រទេសរបស់ខ្លួនឆ្ពោះទៅកាន់ឯករាជ្យភាពលើផលិតកម្មវិស័យការពារជាតិ។ នៅតំបន់ភ្នំហិម៉ាឡៃ ប្រទេសឥណ្ឌាត្រូវបានជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាតាមព្រំដែនជាមួយសាធារណរដ្ឋប្រជាមានិតចិនដែលជាជម្លោះអស់ជាច្រើនទសវត្សរ៍ដែលបានផ្ទុះឡើងនៅក្នុងការប៉ះទង្គិចដ៏សាហាវរវាងកងកម្លាំងយោធារបស់ប្រទេសនៅពាក់កណ្តាលឆ្នាំ 2020 ហើយបានបានគំរាមកំហែងថានឹងធ្លាក់ចូលទៅក្នុងជម្លោះម្តងទៀត នៅពេលដែលការចរចារផ្តាច់ទំនាក់ទំនងដំណើរការក្នុងល្បឿនយឺតខ្លាំងបំផុត។ ថ្មីៗនេះ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន – ត្រូវបានថ្កោលទោសយ៉ាងបើកចំហថាជាសង្រ្គាមលើឧត្តមគតិប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់អន្តរជាតិ​ផ្អែកលើច្បាប់ – បានចោទជាសំណួរអំពីការពឹងផ្អែកយ៉ាងយូររបស់ឥណ្ឌាលើទីក្រុងមូស្គូដែលជាប្រភពអាវុធដ៏សំខាន់របស់ខ្លួននោះ ជាពិសេសដោយសារការដាក់ទណ្ឌកម្មតឹងរ៉ឹងប្រឆាំងនឹងរបបរបស់លោក Putin និងភាពតានតឹងលើមូលដ្ឋានយោធា និងឧស្សាហកម្មរបស់រុស្ស៊ី។ កត្តាបែបនេះធ្វើឱ្យមានការព្រួយបារម្ភជាបន្តបន្ទាប់ក្នុងចំណោមអ្នកទិញពីក្រៅប្រទេស រួមទាំងឥណ្ឌា ជុំវិញបញ្ហាយន្តហោះចម្បាំង រថពាសដែក និងប្រព័ន្ធសព្វាវុធដែលផលិតដោយរុស្ស៊ីមិនមានគុណភាព។ នៅក្នុងរបាយការណ៍ខែមេសា ឆ្នាំ 2021 ស្ថាប័នស្រាវជ្រាវមិនរកប្រាក់ចំណេញវិទ្យាស្ថាន Robert Lansing សម្រាប់ការសិក្សាលទ្ធិប្រជាធិបតេយ្យ និងការគំរាមកំហែងសកល បានកត់សម្គាល់ថា «យើងប៉ាន់ស្មានថាព្រោះតែអំពើពុករលួយរីករាលដាលនៅក្នុងឧស្សាហកម្មការពារជាតិរុស្ស៊ី និងប្រព័ន្ធបញ្ជាការពាររដ្ឋ នឹងបង្អាក់ប្រទេសនេះឱ្យដើរក្រោយប្រទេសនាំមុខផ្នែកវិស័យការពារជាតិក្នុងពិភពលោកធំៗ 20 ទៅ 25 ឆ្នាំនោះដែរ»។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) គឺថា ចាប់តាំងពីឆ្នាំ 2010 ចាប់តាំងពីឆ្នាំ 2010 មក 62% នៃការនាំចូលអាវុធរបស់ឥណ្ឌាគឺបានមកពីប្រទេសរុស្ស៊ី ដែលធ្វើឱ្យទីក្រុង New Delhi ក្លាយជាអតិថិជនក្រៅប្រទេសដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនលក់អាវុធរបស់ទីក្រុងម៉ូស្គូ។ «លក្ខខណ្ឌ​តម្រូវរបស់យោធារុស្ស៊ីផ្ទាល់ និងកម្រិតការបាត់បង់ដែលខ្លួនកំពុងជួបប្រទះ [នៅអ៊ុយក្រែន] អាចមានន័យថា គ្រឿងសពា្វវុធដែលនៅសល់មួយចំនួនដែលយើងត្រូវការ ប្រហែលជាត្រូវបានបង្វែរ» ឧត្តមសេនីយ៍ឯក DS Hooda កងទ័ពឥណ្ឌាចូលនិវត្តន៍បានប្រាប់ទស្សនាវដ្ដី The Diplomat ខែមេសា ឆ្នាំ 2022។

SIPRI បានរាយការណ៍នៅក្នុងខែមេសា ឆ្នាំ 2022 ថា ការចំណាយលើផ្នែកយោធារបស់ឥណ្ឌាបានកើនឡើង 33% ក្នុងមួយទសវត្សរ៍កន្លងមក ដោយបានឡើងដល់ 76 ពាន់លានដុល្លារក្នុងឆ្នាំ 2021 ដែលនៅពីក្រោយតែសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនប៉ុណ្ណោះ។ របាយការណ៍បានរកឃើញថា «នៅក្នុងការជំរុញដើម្បីពង្រឹងឧស្សាហកម្មការពារជាតិក្នុងប្រទេស ឱ្យបាន 64% នៃការចំណាយនៅក្នុងថវិកាយោធាឆ្នាំ 2021 ត្រូវបានបម្រុងទុកសម្រាប់ការទិញសព្វាវុធផលិតក្នុងស្រុក»។ យោងតាមកាសែត The Diplomat បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានបង្កើតតំបន់ឧស្សាហកម្មការពារជាតិចំនួនពីរ ហើយក្រសួងការពារជាតិរំពឹងថានឹងមានការបញ្ជាទិញដែលមានតម្លៃ 28 ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនការពារជាតិដែលគ្រប់គ្រងដោយរដ្ឋ និងឯកជនក្នុងស្រុកក្នុងរយៈពេល 5 ឆ្នាំបន្ទាប់។ ក្រោមការឧបត្ថម្ភរបស់អង្គការអភិវឌ្ឍន៍ស្រាវជ្រាវលើការការពារជាតិ (DRDO) ក្រុមហ៊ុនឥណ្ឌាកំពុងផលិតប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត កាំជ្រួចមីស៊ីលរយៈចម្ងាយខ្លី និងរយៈចម្ងាយឆ្ងាយ រថពាសដែក និងយន្តហោះប្រយុទ្ធធុនស្រាល។ នាវាផ្ទុកយន្តហោះដែលផលិតក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសគឺនាវា INS Vikrant ត្រូវបានដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ 2022។

នៅពាក់កណ្តាលឆ្នាំ 2022 ក្រសួងការពារជាតិបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋដើម្បីបំពាក់យន្តហោះចម្បាំងរបស់កងទ័ពអាកាសឥណ្ឌា និងកងទ័ពជើងទឹកឥណ្ឌាជាមួយនឹងកាំជ្រួចមីស៊ីលពីអាកាស Astra Mk-I ដោយប្រើបច្ចេកវិទ្យាដែលបង្កើតឡើងដោយ DRDO។ គម្រោងនេះគឺជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅរកការពឹងផ្អែកលើខ្លួនឯង នេះបើតាមលោក Anil Chopra សេនាធិការអាកាសចូលនិវត្តន៍របស់ឥណ្ឌា បានប្រាប់កាសែត Hindustan Times។ លោក Chopra អគ្គនាយកនៃមជ្ឈមណ្ឌលសិក្សាថាមពលអាកាសដែលមានមូលដ្ឋាននៅទីក្រុងញូវដេលីបាននិយាយថា «យើងបានពឹងផ្អែកលើប្រព័ន្ធមីស៊ីលរបស់រុស្ស៊ី និងអ៊ីស្រាអែល»។ «ការផលិតកាំជ្រួចមីស៊ីល Astra ក្នុងស្រុក បំពេញចន្លោះដ៏សំខាន់នៅក្នុងសមត្ថភាពក្នុងប្រទេស»។

យោងតាមទស្សនាវដ្តី Forbes ក្នុងឆ្នាំ 2020 រដ្ឋាភិបាលឥណ្ឌាបានប្រកាសហាមឃាត់ការនាំចូលជាដំណាក់កាលលើសព្វាវុធ និងប្រព័ន្ធជាង 100 ប្រភេទ ចាប់ពីកាំភ្លើងអ្នកលបបាញ់ពីចម្ងាយ រហូតដល់នាវាពិឃាតប្រើមីស៊ីល។ ការហាមឃាត់នេះបានពង្រីកដល់ជាង 300 ប្រភេទនៃធន់ធានយោធាដែលជាផ្នែកមួយនៃយុទ្ធនាការ “ប្រទេសឥណ្ឌាដែលពឹងផ្អែកលើខ្លួនឯង” ឬ Atmanirbhar Bharat របស់រដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ឥណ្ឌា​កំពុង​អញ្ជើញ​ដៃគូ​ដូចជា​សហរដ្ឋអាមេរិក​ឱ្យ​សហការ​ជាមួយខ្លួនលើ​ឧស្សាហកម្ម​ការពារជាតិ​របស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh បានប្រាប់សភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសឥណ្ឌាក្នុងខែមេសា ឆ្នាំ 2022 ប៉ុន្មានថ្ងៃបន្ទាប់ពីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីថា ទំនាក់ទំនងឥណ្ឌា-អាមេរិកត្រូវបានបង្កើតឡើងនៅលើ «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់សមត្ថភាពការពារជាតិ ហើយឥឡូវនេះការសង្កត់ធ្ងន់ថ្មីលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងការផលិតរួមគ្នា»។ យោងតាមកាសែត The Times of India លោក Singh បានប្រាប់សមាជិកនៅសភាពាណិជ្ជកម្មនៅទីក្រុង New Delhi ថា «ក្នុងរយៈពេលមួយទសវត្សរ៍ ការផ្គត់ផ្គង់ការពារជាតិពីសហរដ្ឋអាមេរិកបានដោយចាប់ផ្តើមពីបរិមាណបន្តិចបន្តួច រហូតដល់បរិមាណលើសពី 20 ពាន់លានដុល្លារ»។ «ដោយមានកំណើននៃអាជីវកម្ម យើងប្រាថ្នាចង់បានការវិនិយោគកាន់តែច្រើនឡើងដោយក្រុមហ៊ុនការពារជាតិអាមេរិកនៅក្នុងប្រទេសឥណ្ឌា ក្រោមកម្មវិធី ‘ផលិតនៅឥណ្ឌា’។

ទាហាន​កងទ័ព​តៃវ៉ាន់​ឈរ​ក្បែរ​កាំភ្លើងធំអាចចល័តបានដោយខ្លួនឯង ដែលត្រូវបាន​ផលិត​ក្នុង​ស្រុក​អំឡុង​ពេល​សមយុទ្ធ​យោធា Han Kuang ប្រចាំ​ឆ្នាំ​របស់​កោះ។
រូបភាព AFP/GETTY

ការធានាអធិបតេយ្យភាព

យោងតាមមេបញ្ជាការកងទ័ពអាមេរិកនៅក្នុងតំបន់ ការការពារបូរណភាពទឹកដី – មិនថានៅហិម៉ាឡៃយ៉ា ឬសមុទ្រចិនខាងត្បូង គឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលជំរុញគម្រោងការពារក្នុងស្រុកនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក។ នាយឧត្តមសេនីយ៍ Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប៉ាស៊ីហ្វិក បានប្រាប់ទស្សនាវដ្តី FORUM ក្នុងអំឡុងពេលសន្និសីទ កងកម្លាំងអន្តរជាតិដែនដីប៉ាស៊ីហ្វិក នៅ Hawaii ក្នុងខែឧសភា ឆ្នាំ 2022 ថា «មានរឿងជាច្រើនកំពុងមានការផ្លាស់ប្តូរនៅពេលនេះ ចាប់ពីបច្ចេកវិទ្យារហូតដល់ការអភិវឌ្ឍសព្វាវុធ ទៅដល់គោលគំនិត នឹងទៅដល់ការពិនិត្យឡើងវិញនូវប្រភេទនៃសមត្ថភាពដែល [ប្រជាជាតិនានា] កំពុងធ្វើការបណ្តាក់ទុន និងចំនួនប្រាក់ដែលត្រូវចំណាយ»។ «ខ្ញុំ​ប្រាកដ​ជា​បាន​ឮ និង​ឃើញ និងចាប់អារម្មណ៍ដឹងថា​ការ​ពិភាក្សានេះ​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ទឹក​ដី​កាន់​តែ​ខ្លាំង។ រវាងឆ្នាំ 2014 និង 2018 នៅពេលដែលខ្ញុំធ្វើការងារនៅទីនេះក្នុងនាម​ជាឧត្តមសេនីយ៍ទោនៅក្នុងកងពលធំទី 25 [កងពលធំថ្មើរជើង] ហើយបន្ទាប់មកជាមេបញ្ជាការរងនោះ គឺថាបញ្ហានោះមិនមែនជាផ្នែកនៃការពិភាក្សានោះទេ។

នាយឧត្តមសេនីយ៍ Flynn បានលើកឡើងថា «វាគឺជាការប្រកួតប្រជែងគ្នាលើធនធាន»។ «ហើយអធិបតេយ្យភាពជាតិ និងសិទ្ធិអធិបតេយ្យភាពចំពោះសារធាតុរ៉ែ ទឹកសាប អាហារ និងវត្ថុទាំងនោះដែលរក្សាបាននូវសង្គមស្ថិរភាព… ខ្ញុំគិតថាមានភាពតានតឹង និងការគំរាមកំហែងប្រឆាំងនឹងរឿងទាំងអស់នោះ។ យ៉ាងណាក៏ដោយ​ខ្ញុំ​គិត​ថាការ​ផ្លាស់​ប្តូរ​កំពុងតែកើត​ឡើង​នៅ​​ក្នុង​តំបន់នេះ»។

សម្រាប់ប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក និងជាដៃគូរយៈពេល 190 ឆ្នាំ និងជាមហាអំណាចសេដ្ឋកិច្ចទីពីរនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក 10 នោះ គឺថាការគំរាមកំហែងដល់សន្តិសុខជាតិ និងអធិបតេយ្យភាពរបស់ខ្លួនរួមមាន ភេរវកម្មក្នុងស្រុក ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរគ្រឿងញៀននៅក្នុងតំបន់ឆ្លងព្រំដែនដ៏ល្បីឈ្មោះ ត្រីកោណមាស ក៏ដូចជាជម្លោះទឹកដីជាមួយប្រទេសជិតខាងដូចជា កម្ពុជា និងឡាវ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ យោងតាមរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ (ITA) ទីភ្នាក់ងាររបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ថវិកាការពាររាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានព្យាករថានឹងកើនឡើងដល់ 7 ពាន់លានដុល្លារក្នុងឆ្នាំ 2022 ដែលស្មើនឹង 1.3% នៃផលិតផលក្នុងស្រុកសរុប។ ITA បានរាយការណ៍នៅក្នុងខែសីហា ឆ្នាំ 2021 ថា «រដ្ឋាភិបាលថៃក៏មានគម្រោងអភិវឌ្ឍឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រទេសទៅលើការនាំចូល លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងពង្រឹងសន្តិសុខជាតិ»។

ក្នុងចំណោមវិធានការផ្សេងទៀត រដ្ឋាភិបាលថៃបានផ្តល់អាទិភាពដល់ឧស្សាហកម្មការពារជាតិក្នុងតំបន់នៅក្នុងយុទ្ធសាស្ត្រជាតិរយៈពេល 20 ឆ្នាំរបស់ខ្លួន ហើយកំពុងបង្កើតតំបន់ឧស្សាហកម្មការពារជាតិ ដើម្បីលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន។ យោងតាម «ទិដ្ឋភាពនៃឧស្សាហកម្មការពារជាតិរបស់ប្រទេសថៃក្នុងសតវត្សរ៍ទី 21» នៃសិក្ខាសាលាដែលបង្ហាញដោយវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិរបស់ប្រទេសថៃក្នុងខែតុលា ឆ្នាំ 2021 បានឱ្យដឹងថា «ប្រទេសថៃបាននឹងកំពុងផ្លាស់ប្តូរចេញពីលទ្ធកម្មលើសព្វាវុធការពារជាតិដែលមានមូលដ្ឋាននាំចូលដោយក្រុមហ៊ុនផលិតពីបរទេសទៅជាការកសាង និងស្ដារឡើងវិញនូវមូលដ្ឋានឧស្សាហកម្មសព្វាវុធការពារជាតិក្នុងស្រុក”  ដែលកំពុងកំណត់គោលដៅលើភាពជឿនលឿននៃការប្រើប្រាស់បានទាំងពីរស្ថានការណ៍ក្នុងយោធា និងស៊ីវិល ដូចជាយានយន្តដែលមិនមានអ្នកបើក ប្រព័ន្ធរូបភាពនិម្មិត​(VR) និង​ការបង្កើតគំរូនិម្មិត​ ការទំនាក់ទំនង និងប្រព័ន្ធបញ្ជារ៉ុក្កែត។ «អាទិភាពគឺលើការផ្ទេរបច្ចេកវិទ្យាសម្រាប់កម្មវិធីលទ្ធកម្មសព្វាវុធការពារជាតិ ដែលគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក និងបង្កើនប្រសិទ្ធភាពនៃសកម្មភាពយោធាថៃ ការផ្គត់ផ្គង់កងកម្លាំងយោធាក្នុងស្រុក ផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងទាំងប្រសិទ្ធភាព និងបច្ចេកវិទ្យា»។

នាវាចម្បាំង Ta Chiang ដែលត្រូវបានផលិតក្នុងស្រុករបស់កងទ័ពជើងទឹកតៃវ៉ាន់ បានបាញ់គ្រាប់អណ្តាតភ្លើងក្នុងអំឡុងពេលសមយុទ្ធត្រៀមប្រយុទ្ធក្នុងខែមករា ឆ្នាំ 2022។ រូបភាព AFP/GETTY

ការប្រកួតប្រជែងដែលកំពុងតែកើតឡើង

SIPRI បានរាយការណ៍ថា នេះជាលើកដំបូងហើយដែលការចំណាយលើផ្នែកយោធាពិភពលោកលើសពី 2 ទ្រីលានដុល្លារ ហើយនេះគឺព្រោះតែបានការរួមចំណែកពីប្រទេសថៃលើការចំណាយលើវិស័យការពារជាតិរបស់ខ្លួនជាមួយនឹងប្រទេសកំពូលទាំងប្រាំ រួមមានសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន ឥណ្ឌា ចក្រភពអង់គ្លេស និងរុស្សី រួមគ្នាផងទៀតនោះ ធ្វើឱ្យការចំណាយយោធាសរុបក្នុងឆ្នាំ 2021 ស្មើនឹង 62%​។ ការគំរាមកំហែងរួមគ្នាមួយបានបង្ហាញឡើងក្នុងចំណោមដៃគូឥណ្ឌូប៉ាស៊ីហ្វិកណា ដែលបានបង្កើនថវិការបស់ពួកគេ។ អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ SIPRI លោកបណ្ឌិត Nan Tian បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ការបង្កើនការអះអាងរបស់ប្រទេសចិននៅក្នុង និងជុំវិញសមុទ្រចិនខាងត្បូង និងខាងកើត បានក្លាយជាកត្តាជំរុញដ៏សំខាន់នៃការចំណាយលើវិស័យយោធានៅក្នុងប្រទេសដូចជាអូស្ត្រាលី និងជប៉ុន»។ «ឧទាហរណ៍មួយគឺកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលគិតទុកជាមុនអំពីការផ្គត់ផ្គង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួនប្រាំបីទៅកាន់ប្រទេសអូស្ត្រាលីក្នុងតម្លៃប៉ាន់ស្មានរហូតដល់ 128 ពាន់លានដុល្លារ»។ នៅក្រោមកិច្ចព្រមព្រៀង AUKUS ដែលបានចុះហត្ថលេខាក្នុងខែកញ្ញា ឆ្នាំ 2021 សម្ព័ន្ធមិត្តទាំងបីក៏កំពុងសហការលើគម្រោងអភិវឌ្ឍសមត្ថភាពកម្រិតខ្ពស់ដូចជា បញ្ញាសិប្បនិម្មិត អ៊ិនធឺណិត សង្គ្រាមអេឡិចត្រូនិក សព្វាវុធដែលមានល្បឿនលឿនជាងសំឡេង និងប្រព័ន្ធការពារនឹងសព្វាវុធបែបនោះ និងបច្ចេកវិទ្យាកង់ទិច។ សេតវិមានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រារព្ធខួបជាលើកទីមួយសម្រាប់ AUKUS ថា «នៅពេលដែលការងាររបស់យើងរីកចម្រើនលើសមត្ថភាពការពារ និងសន្តិសុខដ៏សំខាន់ផ្សេងទៀត យើងនឹងស្វែងរកឱកាសដើម្បីភ្ជាប់សម្ព័ន្ធមិត្ត និងដៃគូជិតស្និទ្ធ»។

SIPRI បានប៉ាន់ស្មានថា ទោះបីជាមានការដួលរលំសេដ្ឋកិច្ចព្រោះតែការរាតត្បាតជំងឺ ហើយនឹងរោងចក្រក៏ត្រូវបានបិទទ្វារ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលជាប់គាំងក៏ដោយ ការចំណាយលើវិស័យយោធារបស់សាធារណរដ្ឋប្រជាមានិតចិននៅតែបានកើនឡើង 4.7% គឺច្រើនជាង 290 ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ 2021។ នោះបានបន្តការកើនឡើងប្រចាំឆ្នាំដែលបានចាប់ផ្តើមនៅឆ្នាំ 1995 ក្នុងឆ្នាំដដែលដែលតៃវ៉ាន់កំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតប្រធានាធិបតីតាមបែបប្រជាធិបតេយ្យជាលើកដំបូងរបស់ខ្លួន នៅពេលដែលកងទ័ពរំដោះប្រជាជនចិនបានបាញ់មីស៊ីលចូលទៅក្នុងចក្រដែនសមុទ្រយុទ្ធសាស្ត្រ និងរៀបចំល្បែងសង្គ្រាម ហើយព្រឹត្តិការណ៍នេះត្រូវបានស្គាល់ថាជាវិបត្តិច្រកសមុទ្រតៃវ៉ាន់ទីបី។ ការគំរាមកំហែងរបស់បក្សកុម្មុយនិស្ត​ចិនលើកោះនេះបានបញ្ចប់បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពង្រាយបញ្ជាការប្រយុទ្ធដែលដឹកនាំដោយនាវាផ្ទុកយន្តហោះទៅកាន់តំបន់នេះ។

វិបត្តិមួយផ្សេងទៀតដែលអាចកើតឡើងនៅក្នុងច្រកសមុទ្រនេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីក្រុងតូក្យូ ដែលបានប្រឆាំងនឹងការឈ្លានពានទឹកដីរបស់ទីក្រុងប៉េកាំងនៅជុំវិញប្រជុំដែនកោះ Senkaku ដែលគ្រប់គ្រងដោយជប៉ុន និងទាមទារដោយចិននៅក្នុងសមុទ្រចិនខាងកើត។ ក្រសួងការពារជាតិជប៉ុនបានដកស្រង់បញ្ហានៅកោះតៃវ៉ាន់ដាក់នៅក្នុងរបាយការណ៍សាធារណៈស្ដីពីសន្តិសុខ ប្រចាំឆ្នាំរបស់ខ្លួនជាលើកដំបូងក្នុងឆ្នាំ 2021 ដោយលើកឡើងថា៖ «​ការជួយឱ្យ​ស្ថានភាពនៅជុំវិញ​កោះ​តៃវ៉ាន់មានស្ថិរភាព​គឺ​សំខាន់​សម្រាប់​សន្តិសុខ​របស់​ជប៉ុន និង​ស្ថិរភាព​របស់​សហគមន៍​អន្តរជាតិ។ ដូច្នេះ ជា​ការ​ចាំ​បាច់​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថានការណ៍​ដោយប្រុងប្រយ័ត្ន​ជាង​ពេលកន្លងមកនេះទាំងអស់»។

SIPRI បានឱ្យដឹងថា ការទប់ស្កាត់ជម្លោះដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់គឺជាកត្តាជំរុញឱ្យប្រទេសជប៉ុនបង្កើនការចំណាយលើវិស័យការពារជាតិដល់ 7.3% គឺស្មើនឹង 54.1 ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ 2021 ដែលជាការកើនឡើងដ៏ច្រើនបំផុតក្នុងរយៈពេល 50 ឆ្នាំមកនេះ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា គន្លងចលនានៃការបាញ់គ្រាប់ទំនងជាមិនងាយនឹងផ្លាស់ប្តូរនោះទេ ដូចនេះនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅក្នុងពាក់កណ្តាលឆ្នាំ 2022 បានសន្យាថានឹង «បង្កើន» ការចំណាយលើវិស័យការពារជាតិ ដើម្បីពង្រឹងសមត្ថភាពយោធារបស់ប្រទេសលោក។ រដ្ឋបាលរបស់លោក Kishida បានដៅបង្ហាញនៅក្នុងសេចក្តីព្រាងគោលនយោបាយសេដ្ឋកិច្ចថា «មានការប៉ុនប៉ងដើម្បីផ្លាស់ប្តូរស្ថានការណ៍ជាឯកតោភាគីដោយកម្លាំងនៅអាស៊ីបូព៌ា ដែលធ្វើឱ្យសន្តិសុខក្នុងតំបន់កាន់តែមានភាពធ្ងន់ធ្ងរឡើង»។ «យើងនឹងពង្រឹងសមត្ថភាពការពារជាតិឱ្យកាន់តែខ្លាំង ដែលនឹងក្លាយប្រាតិភោគខ្ពស់បំផុត ក្នុងការធានាសន្តិសុខជាតិ»។  


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button