តំបន់អាស៊ីអគ្នេយ៍ / SEAភាពជាដៃគូ

កងទ័ពហ៊្វីលីពីន និងសហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធ Salaknib ទ្រង់ទ្រាយធំដែលជប៉ុននឹងធ្វើជាអ្នកសង្កេតការណ៍លើកដំបូង

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ប្រទេសជប៉ុននឹងចូលរួមជាលើកដំបូងក្នុងនាមជាអ្នកសង្កេតការណ៍ក្នុងអំឡុងពេលសមយុទ្ធ Salaknib ឆ្នាំ 2023 ដែលជាសមយុទ្ធហ្វឹកហ្វឺនទ្វេភាគីប្រចាំឆ្នាំរវាងកងទ័ពហ៊្វីលីពីន និងកងទ័ពសហរដ្ឋអាមេរិកប៉ាស៊ីហ្វិក (USARPAC)។

សមយុទ្ធ Salaknib ឆ្នាំនេះក៏នឹងមានទំហំធំជាងមុនផងដែរ ដោយមានទាហានហ៊្វីលីពីន និងអាមេរិកចំនួន 3,000 នាក់ចូលរួមបើធៀបក្នុងឆ្នាំ 2022​ មានកងទ័ពចំនួន 2,200 នាក់ នេះបើតាមព័ត៌មាន Benar ដែលបានរាយការណ៍នៅក្នុងខែកុម្ភៈ ឆ្នាំ 2023

ឧត្តមសេនីយ៍ឯក Romeo S. Brawner Jr. អគ្គបញ្ជាការកងទ័ពហ៊្វីលីពីនបានលើកឡើងនៅចុងបញ្ចប់នៃសមយុទ្ធ ឆ្នាំ2022 ថា៖ «កងទ័ពហ៊្វីលីពីន និងកងទ័ពរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិកបានរួបរួមគ្នាតាមរយៈទំនាក់ទំនងទ្វេភាគីយូរអង្វែងក្នុងការស្វែងរកគោលដៅរួមនៃការរក្សាឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ»។ ដោយបន្ថែមទៀតថា ចក្ខុវិស័យរួមគ្នាត្រូវបានបង្ហាញជាថ្មីម្តងទៀតតាមរយៈការហ្វឹកហាត់រួមគ្នានេះ។

លោក Brawner បានលើកឡើងថា ប្រទេសជប៉ុនត្រូវបានអញ្ជើញឱ្យសង្កេតមើលជាផ្នែកបន្ថែមនៃកម្មវិធីសង្កេតការណ៍សម្រាប់ Balikatan ដែលជាសមយុទ្ធយោធាដ៏ធំបំផុតរវាងហ៊្វីលីពីន និងសហរដ្ឋអាមេរិក ដែលជាកន្លែងដែលប្រទេសដែលមានគំនិតដូចគ្នាដែលចូលរួមជាអ្នកសង្កេតការណ៍។ លោក Brawner បានប្រាប់កាសែត Philippine Daily Inquirer ក្នុងខែមីនា ឆ្នាំ 2023 ថា «នេះនឹងជួយដល់អន្តរប្រតិបត្តិការរបស់យើងក្នុងនាមជាកងកម្លាំងលើដីគោក»។

សមយុទ្ធ Salaknib ដែលមានន័យថាខែលនៅ Ilocano មានគោលបំណងបង្កើនការត្រៀមខ្លួនការពារក្នុងចំណោមកងទ័ពហ៊្វីលីពីន និងសហរដ្ឋអាមេរិក តាមរយៈការអភិវឌ្ឍអន្តរប្រតិបត្តិការយុទ្ធសាស្ត្រ។ លោក Brawner បានប្រាប់កាសែត Inquirer ថាជប៉ុនអាចនឹងបញ្ជូនទាហានបន្ថែមទៀតដើម្បីចូលរួមក្នុងការហ្វឹកហ្វឺននាពេលខាងមុខនៅពេលដែលខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការបំពេញទស្សនកិច្ចរបស់កងកម្លាំងជាមួយហ៊្វីលីពីន។ កាសែត Inquirer បានរាយការណ៍ថា ប្រទេសទាំងពីរហៀបនឹងបង្កើតកិច្ចព្រមព្រៀងបែបនេះ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងគ្នាកាលពីពេលថ្មីៗនេះដែលស្តីពីជំនួយមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ។ សម្រាប់ពេលនេះ កងកម្លាំងស្វ័យការពារជើងគោកជប៉ុននឹងបញ្ជូនអ្នកសង្កេតការណ៍ «មួយក្រុមតូច» ទៅកាន់សមយុទ្ធ Salaknib។ សមយុទ្ធនេះធ្វើឡើងជាដំណាក់កាល ចាប់ពីពាក់កណ្តាលខែមីនា ដល់ដើមខែមេសា និងម្តងទៀតនៅខែមិថុនា។ (រូបភាព៖ ទាហានអាមេរិកម្នាក់ និងទាហានហ៊្វីលីពីនម្នាក់ដើរឆ្លងកាត់អូរអំឡុងពេលហ្វឹកហាត់ប្រតិបត្តិការព្រៃនៅឯសមយុទ្ធ Salaknib ក្នុងប្រទេសហ៊្វីលីពីននាខែមីនា ឆ្នាំ 2022។)

កាសែត Inquirer បានរាយការណ៍ថា ការពង្រីកពីទ្វេភាគីទៅជាសមយុទ្ធពហុជាតិក្នុងចំណោមសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត គឺជានិន្នាការមួយដែលត្រូវបានគេរំពឹងថានឹងបន្តនៅពេលដែលប្រទេសនានារួមគ្នាប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង និងអាកប្បកិរិយាមិនទទួលខុសត្រូវពីតួអង្គក្នុងតំបន់ដូចជាសាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េខាងជើងជាដើម។

ហ៊្វីលីពីន និងសហរដ្ឋអាមេរិក ក៏កំពុងពន្លឿនកិច្ចសហប្រតិបត្តិការយោធា ដោយផ្តល់សិទ្ធិឱ្យទាហានអាមេរិកចូលទៅកាន់ទីតាំងយោធាចំនួនបួនបន្ថែមទៀត នេះបើយោងតាមកិច្ចព្រមព្រៀងដែលបានប្រកាសនាពេលថ្មីៗនេះ។ ផែនការនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិឱ្យប្រសើរឡើង ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសម្ពន្ធភាពរវាងសហរដ្ឋអាមេរិក និងហ៊្វីលីពីន បង្កើនភាពធន់ និងបង្កើនល្បឿនទំនើបកម្មនៃសមត្ថភាពយោធារួមបញ្ចូលគ្នារបស់ពួកគេ។

ឧត្តមសេនីយទោលោក Joseph Ryan មេបញ្ជាការ USARPAC នៃកងពលធំថ្មើរជើងទី 25 បានលើកឡើងបន្ទាប់ពីសមយុទ្ធ Salaknib 2022 ថា សមយុទ្ធដូចជា Salaknib បង្ហាញពីតម្លៃរបស់សហរដ្ឋអាមេរិកលើភាពជាដៃគូរបស់ខ្លួនជាមួយហ៊្វីលីពីន និងបង្ហាញពីការវិនិយោគដើម្បីធានាបានជោគជ័យទៅវិញទៅមក។

លោក Ryan បានលើកឡើងថា៖ «សំខាន់បំផុតនោះ គឺយើងបានបង្កើតការត្រៀមខ្លួន និងប្តេជ្ញាខ្លួនយើងចំពោះភាពជាដៃគូដែលមានសន្ធិសញ្ញាយូរអង្វែងនេះ ដែលធានាការពារនៅពេលមានសន្តិភាព ឬសង្រ្គាម ថាសហរដ្ឋអាមេរិកប្រកៀកស្មាជាមួយកងទ័ពហ៊្វីលីពីន ដោយធានាឱ្យឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងបើកចំហ»។ នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់ USARPAC។ «គ្មាននរណាម្នាក់ នៅទីកន្លែងណាមួយ គួរមានការសង្ស័យលើការប្តេជ្ញាចិត្តនេះនោះទេ។ វាគឺរឹងមាំដូចដែកថែប»។

 

ប្រភពរូបភាព៖ នាយទោ DARBI COLSON/កងទ័ពអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button