សាធារណរដ្ឋកូរ៉េ, សហរដ្ឋអាមេរិកប្រកាសការចុះធ្វើសមយុទ្ធធំបំផុតក្នុងរយៈពេល 5 ឆ្នាំ
The Associated Press
កងកម្លាំងសាធារណរដ្ឋកូរ៉េ (ROK) និងសហរដ្ឋអាមេរិកកំពុងតែរៀបចំការចុះសមយុទ្ធរួមគ្នាដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលប្រាំឆ្នាំនៅក្នុងខែមីនា ឆ្នាំ 2023។ ការប្រកាសនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានបង្ហោះយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B រយៈចម្ងាយឆ្ងាយទៅកាន់ដែនឧបទ្វីបកូរ៉េដើម្បីជាការបង្ហាញការគាំទ្រទៅដល់ប្រទេសកូរ៉េខាងត្បូង។ (រូបភាព៖ វរសេនីយ៍ឯក Isaac Taylor ខាងឆ្វេង នៃបញ្ជាការអង្គការសហប្រជាជាតិ បញ្ជាការនៃកងកម្លាំងចម្រុះ និងកងកម្លាំងអាមេរិកនៅកូរ៉េ និងវរសេនីយ៍ឯក Lee Sung-jun នៃអគ្គសេនាធិការចម្រុះរបស់សាធារណរដ្ឋកូរ៉េចូលរួមនៅក្នុងបទរាយការណ៍សារព័ត៌មានអំពីសមយុទ្ធដែលមានឈ្មោះថា Freedom Shield នៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងកាលពីខែមីនា ឆ្នាំ 2023។)
ប្រទេសកូរ៉េខាងជើងបានគំរាមកំហែងថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ «ដែលមិនធ្លាប់មានពីមុនមក» ប្រឆាំងទៅនឹងសមយុទ្ធដូច្នេះ។ ទំនងណាស់ដែលថាប្រទេសនេះនឹងឆ្លើយតបទៅនឹងការហ្វឹកហ្វឺននាពេលខាងមុខនេះជាមួយនឹងការធ្វើតេស្តគ្រាប់មីសុីល។
មន្ត្រីយោធាសាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិកបានមានប្រសាសន៍ថាការហ្វឹកហ្វឺន Freedom Shield ដែលជាការហ្វឹកហ្វឺនក្រោយការចេញបញ្ជាបែបនិម្មិតតាមកុំព្យូទ័រ ពង្រឹងទៅដល់សមត្ថភាពឆ្លើយតប និងការការពារជាតិរបស់ពួកគេ ព្រមជាមួយនឹងការចុះសមយុទ្ធហ្វឹកហាត់រួមទ្រង់ទ្រាយធំដាច់ដោយឡែក ដែលគេហៅថា Warrior Shield FTX។
វរសេនីយ៍ឯក Isaac L. Taylor នៃបញ្ជាការអង្គការសហប្រជាជាតិ បញ្ជាការនៃកងកម្លាំងចម្រុះ និងកងកម្លាំងអាមេរិកនៅកូរ៉េ បានមានប្រសាសន៍ថាការចុះហ្វឹកហ្វឺននេះនឹងរួមមានសមយុទ្ធឡើងឆ្នេរសមុទ្ររួមគ្នាមួយផងដែរ។ លោកបានមានប្រសាសន៍ថាទំហំនៃការបង្ហាញកម្លាំងនេះនឹងត្រឡប់ទៅកាន់ទ្រង់ទ្រាយនៃការចុះសមយុទ្ធនានិទាឃរដូវដ៏ធំបំផុតពីមុនមករបស់សម្ពន្ធមិត្តវិញដែលគេហៅថា Foal Eagle។
ប្រទេសទាំងពីរបានធ្វើសមយុទ្ធ Foal Eagle ចុងក្រោយកាលពីឆ្នាំ 2018 ប៉ុន្តែបានពង្រីកសមយុទ្ធយោធារួមគ្នានេះជាថ្មីម្ដងទៀតចំពេលនៃការបង្កហេតុដោយគ្រាប់នុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង។
កាលពីខែមករា ឆ្នាំ 2023 រដ្ឋលេខាធិការក្រសួងការពារជាតិលោក Lloyd Austin បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបន្តបង្កើនការដាក់ពង្រាយយុទ្ធភណ្ឌទំនើបរបស់ខ្លួនដូចជាយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកនៅឧបទ្វីបកូរ៉េ។
ប្រភពរូបភាព៖ THE ASSOCIATED PRESS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។