តំបន់អូសេអានីនៃតំបន់បញ្ហាសំខាន់ៗភាពជាដៃគូ

សមយុទ្ធ Cope North ប្រចាំឆ្នាំ 2023 ពង្រឹងជំនាញប្រយុទ្ធជាយុទ្ធសាស្ត្រ ដែលជាការសម្របសម្រួលក្នុងចំណោមដៃគូនៅតំបន់ប៉ាស៊ីហ្វិក

បុគ្គលិករបស់ទស្សនាវដ្តី FORUM

សម្ពន្ធមិត្ត និងដៃគូនៅក្នុងតំបន់ប៉ាស៊ីហ្វិកបានចាប់ផ្តើមសមយុទ្ធ Cope North ប្រចាំឆ្នាំ 2023 នៅក្នុងខែកុម្ភៈ ដោយពង្រឹងសមត្ថភាពរបស់ពួកគេសម្រាប់ការសម្របសម្រួលកងកម្លាំងដែនអាកាស ការប្រយុទ្ធរហ័សរហួន និងជំនួយមនុស្សធម៌ និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ (HADR)។

សមយុទ្ធនេះ ទទួលបានការឧបត្ថម្ភពីកងកម្លាំងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិក (PACAF) របស់អាមេរិក ដែលបាននាំសមាជិកប្រហែល 2 000 នាក់នៃកងទ័ពអាកាសអូស្ត្រាលី (RAAF) កងទ័ពអាកាស និងអវកាសបារាំង កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន និងកងទ័ពអាកាស កងទ័ពម៉ារីន និងកងទ័ពជើងទឹកអាមេរិក។ ជាមួយនឹងយន្តហោះចំនួន 100 គ្រឿង កងកម្លាំងបានហោះហើរចេញប្រតិបត្តិការចំនួន 1 200 ដងឆ្លងកាត់តាមកោះចំនួនប្រាំពីរ និងអាកាសយានដ្ឋានចំនួន 10។ (រូបភាព៖ កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន និងយន្តហោះរបស់កងទ័ពអាកាសអាមេរិក ហោះហើរជាក្បួននៅក្បែរកោះហ្គាម (Guam) អំឡុងពេលនៃសមយុទ្ធ Cope North កាលពីខែកុម្ភៈ ឆ្នាំ 2023 កន្លងទៅនេះ។)

សកម្មភាពនៃសមយុទ្ធ Cope North ប្រចាំឆ្នាំ 2023 លាតសន្ធឹងពីកោះ Iwo Jima របស់ជប៉ុននៅភាគខាងជើងទៅដល់ប្រទេសផៅឡូ (Palau) នៅភាគខាងត្បូង។ កងកម្លាំងពហុភាគីក៏បានធ្វើប្រតិបត្តិការនៅកោះ Rota កោះ, Saipan និង កោះ Tinian នៅតំបន់ប្រជុំកោះ Northern Mariana ផងដែរ។ កោះ Yap នៅរដ្ឋសហព័ន្ធនៃមីក្រូណេស៊ី និងនៅមូលដ្ឋានទ័ពអាកាស Andersen នៃកោះហ្គាម (Guam), អាកាសយានដ្ឋានអន្តរជាតិ Won Pat និងអាកាសយានដ្ឋាន Northwest Field។

គោលបំណងរបស់ពួកគេ៖ ពង្រឹងសន្តិសុខ និងស្ថិរភាព ដើម្បីរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ សមយុទ្ធទាំងនេះបានទាមទារឱ្យមានផែនការពហុភាគីច្បាស់លាស់ ការហ្វឹកហ្វឺនអំពីប្រតិបត្តិការ និងការស៊ើបយកការណ៍សម្រាប់កងកម្លាំងធំ។ មេបញ្ជាការក្រុមរបស់អាកាសយានិកនៃកងទ័ពអាកាសអូស្ត្រាលី (RAAF) លោក Robert Graham បានហៅសមយុទ្ធ Cope North ថាជាឱកាសដ៏ល្អមួយក្នុងការបង្រួបបង្រួម និងបង្កើនការសម្របសម្រួល។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​អ្វី​ដែល​យើង​ពិត​ជា​ចង់​ធ្វើ​គឺ​ការ​ធ្វើ​ការ​លើ​​អន្តរប្រតិបត្តិការ»។ «យើងប្រើប្រាស់ឧបករណ៍ យុទ្ធសាស្ត្រ និងនីតិវិធីដូចគ្នាជាច្រើន ប៉ុន្តែភាពខុសគ្នាបន្តិចបន្តួចអាចជារឿងសំខាន់។ នោះហើយគឺជាមូលហេតុដែលធ្វើឱ្យការខិតខំប្រឹងប្រែងយល់ដឹងអំពីរបៀប និងមូលហេតុនៃប្រតិបត្តិការរបស់គ្នាទៅវិញទៅមកគឺមានសារៈសំខាន់។»

មេដឹកនាំយោធាបានថ្លែងថា គន្លឹះនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការសង្កត់ធ្ងន់ ការផ្ទៀងផ្ទាត់សុពលភាព និងការកែលម្អការងារប្រយុទ្ធដ៏រហ័សរហួន គោលការណ៍នៃការពឹងផ្អែកតិចលើមូលដ្ឋានទ័ពបែបចាស់ដ៏ធំ និងច្រើនទៀតលើការដាក់ដំណើរការ ការសង្គ្រោះ និងរក្សាយន្តហោះពីទីតាំងដែលបែកខ្ញែកដោយកិច្ចសហប្រតិបត្តិការជាមួយសម្ពន្ធមិត្ត និងដៃគូ។ សមយុទ្ធបានធ្វើឡើងនៅលើខ្សែសង្វាក់នៃកោះដែលមានលាតសន្ធឹងតាមបណ្តោយគែមខាងកើតនៃសមុទ្រហ៊្វីលីពីន ដើម្បីបង្កើតខ្សែការពារសម្រាប់ដៃគូនៃតំបន់ប៉ាស៊ីហ្វិក។ លោកវរសេនីយ៍ឯក Jared Paslay ជាអ្នកដឹកនាំសមយុទ្ធ Cope North ប្រចាំឆ្នាំ 2023 បានថ្លែងប្រាប់កាសែត Stars and Stripes ឱ្យដឹងថា៖ «ការហ្វឹកហ្វឺននេះគឺផ្តោតទៅលើប្រតិបត្តិការប្រកួតប្រជែងប្រឆាំងនឹងតួអង្គរដ្ឋ ហើយពិតជាបង្កើនការប្រឈម»។ «នេះប្រហែលជាសមយុទ្ធ Cope North ដ៏ក្លៀវក្លា និងប្រកួតប្រជែងខ្លំាងបំផុតដែលខ្ញុំបានឃើញ»។

សមយុទ្ធ HADR បានពង្រឹងការត្រៀមខ្លួនរួមគ្នាសម្រាប់ព្រឹត្តិការណ៍ដែលអាចបង្កឱ្យមានមហន្តរាយ។ លោក Graham បានលើកឡើងថា៖ «យើងមានការផ្តោតអារម្មណ៍ខុសៗគ្នាជាច្រើនសម្រាប់សមយុទ្ធ ហើយការឆ្លើយតបនឹងវិបត្តិគឺជារឿងដ៏សំខាន់មួយ»។ “គ្រោះមហន្តរាយធម្មជាតិកើតឡើងជារៀងរាល់ឆ្នាំ ដូច្នេះជានិច្ចកាលវាជាការល្អក្នុងការរឹតចំណងមិត្តភាព និងភាពជាដៃគូរបស់យើង ដោយដឹងថា មិនថាមានរឿងអ្វីកើតឡើងឡើយ យើងនឹងជួយគ្នាទៅវិញទៅមក»។

ដោយបានបង្កើតឡើងក្នុងឆ្នាំ 1978 ជាការហ្វឹកហ្វឺនទ្វេភាគីប្រចាំត្រីមាសនៅមូលដ្ឋានទ័ពអាកាស Misawa របស់ប្រទេសជប៉ុន សមយុទ្ធ Cope North បានផ្លាស់ទៅមូលដ្ឋានទ័ពអាកាស Andersen នៅក្នុងឆ្នាំ 1999 ហើយជាសមយុទ្ធពហុភាគីដ៏ធំបំផុតរបស់កងកម្លាំងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិក (PACAF)។

 

ប្រភពរូបភាព៖ CHARLES T. FULTZ/កងទ័ពអាកាសអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button