សន្តិសុខ សកម្មភាព
ប្រទេសជប៉ុនជំរុញ ឱ្យមានភាពសេរី និងបើកចំហ ដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក
លោក Fumio Kishida/នាយករដ្ឋមន្ត្រី ប្រទេសជប៉ុន | រូបថតដោយសារព័ត៌មាន THE ASSOCIATED PRESS
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងប្រាប់នៅថ្ងៃបើកសុន្ទរកថាឯកិច្ចប្រជុំកំពូលសន្តិសុខនៅក្នុងកិច្ចសន្ទនា Shangri-La នៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2022។ វាត្រូវបានកែសម្រួល ដើម្បីធ្វើឱ្យសមទៅនឹងទម្រង់របស់ទស្សនាវដ្តី FORUM។
ជាមួយនឹងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិដែលត្រូវបានរង្គោះរង្គើដោយការឈ្លានពានរបស់ប្រទេសរុស្ស៊ី ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន សហគមន៍អន្តរជាតិឈរនៅផ្លូវបំបែកជាប្រវត្តិសាស្ត្រ។ ពេលចុងក្រោយដែលពិភពលោកប្រឈមមុខទៅនឹងចំណុចរបត់ដ៏សំខាន់បែបនេះគឺប្រហែលជា 30 ឆ្នាំមុន។ នោះគឺកើតឡើងនៅពេលសម័យសង្រ្គាមត្រជាក់ ជាសម័យកាលដែលពិភពលោកត្រូវបានបែងចែកជាពីរបក្ស ហើយមនុស្សម្នាមានការភ័យខ្លាចថាការប្រឆាំងរបស់ភាគីទាំងពីរអាចនឹងកើតឡើងម្តងទៀត។ សង្គ្រាមត្រជាក់បានដល់ទីបញ្ចប់ ហើយយុគសម័យក្រោយសង្គ្រាមត្រជាក់បានចាប់ផ្តើមហើយ។
នៅក្នុងសុន្ទរកថាទៅកាន់សភារបស់ប្រទេសជប៉ុន នៅពេលនោះលោកនាយករដ្ឋមន្ត្រី Kiichi Miyazawa ដែលបានទៅមុនខ្ញុំក្នុងនាមជាសមាជិកសភាមកពីទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) និងជាអ្នកដឹកនាំក្រុម Kochikai ដែលជាក្រុមគោលនយោបាយដែលមានខ្ញុំជាសមាជិក — បានកំណត់នូវលក្ខណៈនៃយុគសម័យក្រោយសង្គ្រាមត្រជាក់ថា ជាការចាប់ផ្តើមយុគសម័យនៃការបង្កើតសណ្តាប់ធ្នាប់ថ្មីសម្រាប់សន្តិភាពពិភពលោក ដោយនិយាយចំចំណុចអំពីការពិតដែលប្រទេសជប៉ុនត្រូវបានអំពាវនាវឱ្យដើរតួនាទីក្នុងអន្តរជាតិកាន់តែច្រើននៅក្នុងវេទិកាស្តីពីសន្តិសុខ។ បន្ទាប់ពីការជជែកវែកញែកយ៉ាងទូលំទូលាយនៅក្នុងប្រទេសជប៉ុន លោក Miyazawa បានសម្រេចនូវច្បាប់កិច្ចសហប្រតិបត្តិការរក្សាសន្តិភាពដែលបានអនុម័ត ហើយលោកបានដាក់ពង្រាយកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជាដោយផ្អែកលើច្បាប់នេះ។ 30 ឆ្នាំបានកន្លងផុតទៅហើយ តាំងពីសម័យលោក Miyazawa តើយើងកំពុងរស់នៅក្នុងសម័យកាលណាដែរ? ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងមក ពិភពលោកកាន់តែមានភាពមិនច្បាស់លាស់។
ចំពេលដែលមានការរំខានដល់ផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់មក យើងបានទទួលស្គាល់ពីសារៈសំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព។ ការឈ្លានពានរបស់ប្រទេសរុស្ស៊ីដែលប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែនបានកើតឡើង នៅពេលដែលពិភពលោកបានធូរស្បើយពីជំងឺរាតត្បាត។ គ្មានប្រទេស ឬតំបន់ណាមួយក្នុងពិភពលោកអាចដោះស្រាយបញ្ហានេះបានទេ ដែលវាគឺជាបញ្ហារបស់ប្រទេសដទៃ។ វាជាស្ថានការណ៍ដែលបង្កការរង្គោះរង្គើដល់មូលដ្ឋានសណ្តាប់ធ្នាប់អន្តរជាតិយ៉ាងខ្លំាង ដែលគ្រប់ប្រទេស និងបុគ្គលម្នាក់គួរតែចាត់ទុកថានេះជារឿងរបស់ខ្លួនផងដែរ។
តើគេពិតជាគោរពច្បាប់នៅសមុទ្រចិនខាងត្បូងដែរឬទេ? ទាំងច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលប្រទេសពាក់ព័ន្ធទាំងអស់បានយល់ព្រមបន្ទាប់ពីកិច្ចពិភាក្សា និងការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ហើយក៏មិនមែនជាសេចក្តីសម្រេចដែលផ្តល់ដោយតុលាការអាជ្ញាកណ្តាលនៅក្រោមអនុសញ្ញានេះ [ការសម្រេចរបស់ប្រទេសហ្វ៊ីលីពីន និងការច្រានចោលភាគច្រើននៃការទាមទារទឹកដីរបស់សាធារណរដ្ឋប្រជាមានិតចិន] កំពុងត្រូវបានអនុវត្តតាម។ នៅសមុទ្រចិនខាងកើតដែលជប៉ុនស្ថិតនៅនោះ ការព្យាយាមឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពដោយបង្ខំ ដែលកំពុងតែបន្តបំពានច្បាប់អន្តរជាតិ។
ប្រទេសជប៉ុនកំពុងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងទៅនឹងការប៉ុនប៉ងបែបនេះ។ សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលស្ថិតនៅចន្លោះសមុទ្រទាំងពីរនេះ ក៏មានសារៈសំខាន់ខ្លាំងដែរ។ ពិតជាគួរឱ្យសោកស្តាយណាស់ ដែលមានសកម្មភាពជាច្រើនដែលបានកើតឡើងនៅក្នុងតំបន់នេះ ដូចជាការមិនគោរពទៅដល់ភាពចម្រុះរបស់មនុស្សជាតិ សិទ្ធិអំណាចដែលអាចសម្រេចបានដោយខ្លួនឯង និងសិទ្ធិមនុស្ស។ លើសពីនេះទៅទៀត ចាប់តាំងពីដើមឆ្នាំ 2022 មក ប្រទេសកូរ៉េខាងជើងបានផ្លោងគ្រាប់មីស៊ីលម្តងហើយម្តងទៀត រួមមានទាំងប្រភេទថ្មី ICBM [មីស៊ីលផ្លោងអន្តរទ្វីប] ជាមួយនឹងប្រេកង់ដែលមិនធ្លាប់មានពីមុនមក និងតាមរបៀបថ្មីទៀត។ ដូច្នេះហើយ ប្រទេសកូរ៉េខាងជើងកំពុងពង្រឹងសកម្មភាពនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ខ្លួនដែលបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលបង្កនូវបញ្ហាប្រឈមដ៏ច្បាស់លាស់ និងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិ។ វាពិតជាគួរឱ្យសោកស្តាយយ៉ាងខ្លាំងសម្រាប់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដែលបានស្នើឡើងថ្មីៗនេះ មិនត្រូវបានអនុម័តជាលទ្ធផលនៃការអនុវត្តសិទ្ធិវេតូនោះទេ។ បញ្ហានៃការចាប់ជំរិត [ពលរដ្ឋជប៉ុន] ដែលជាអាទិភាពចម្បងសម្រាប់រដ្ឋបាលរបស់ខ្ញុំ ក៏ដូចជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។ ឫសគល់នៃបញ្ហាទាំងអស់នេះគឺជាស្ថានភាពមួយដែលមានទំនុកចិត្តលើច្បាប់សកលកំពុងត្រូវបានរង្គោះរង្គើក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។ នេះគឺជាបញ្ហាមូលដ្ឋានដ៏សំខាន់ និងធ្ងន់ធ្ងរបំផុត។
តើសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ដែលយើងបានបង្កើតឡើងតាមរយៈការខិតខំប្រឹងប្រែងធ្វើការ ការពិភាក្សា និងការព្រមព្រៀងមតិអាចត្រូវបានប្រកាន់ខ្ជាប់ ហើយការហែក្បួននៃសន្តិភាព និងវិបុលភាពនៅតែបន្ដទៀតដែរឬទេ? ឬតើយើងនឹងត្រលប់ទៅរកពិភពដែលគ្មានច្បាប់វិញ ដែលច្បាប់ត្រូវបានគេច្រានចោល និងមិនមានប្រសិទ្ធិភាព ដែលមានការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្នដោយកងកម្លាំងមិនត្រូវបានជំទាស់ និងទទួលយក ហើយអ្នកខ្លាំងគំរាមគំហែងលើអ្នកទន់ខ្សោយខាងផ្នែកយោធា ឬសេដ្ឋកិច្ចឬ? នោះគឺជាជម្រើសដែលយើងត្រូវធ្វើនៅថ្ងៃនេះ។ ប្រទេសជប៉ុន គឺជាប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ចទីបីដ៏ធំបំផុតរបស់ពិភពលោក ហើយបានព្យាយាមឥតឈប់ឈរដើម្បីនាំមកនូវសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ដោយបានរួមចំណែកជាចម្បងក្នុងវិស័យសេដ្ឋកិច្ច។ ដូច្នេះហើយ ទំនួលខុសត្រូវដែលប្រទេសជប៉ុនត្រូវតែបំពេញគឺពិតជាធ្ងន់ណាស់។ ជាមួយនឹងការយល់ដឹងបែបនោះ តើប្រទេសជប៉ុនគួរតែដើរតួនាទីបែបណាក្នុងការសម្រេចបាននូវសន្តិភាព និងវិបុលភាព នៅពេលដែលយើងប្រឈមមុខនឹងផ្លូវបំបែកនេះនៅក្នុងប្រវត្តិសាស្ត្រ?
ខណៈពេលដែលផ្តោតទៅលើតម្លៃជាសកលដែលមនុស្សគ្រប់គ្នាគួរតែគោរព និងការពារ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃឧត្តមគតិរបស់យើងសម្រាប់ពេលអនាគត ដូចជាពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ ខណៈពេលដែលឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតទៅតាមស្ថានភាពដែលបានតម្រូវ។ ខ្ញុំសូមធ្វើការប្តេជ្ញាចិត្តចំពោះវិស័យការទូតបែបប្រាកដនិយមសម្រាប់យុគសម័យថ្មីដែលប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែងយ៉ាងហ្មត់ចត់បែបនេះ។ នៅក្នុងពាក់កណ្តាលនៃរឿងទាំងអស់នេះ ប្រទេសជប៉ុននឹងមិនបាត់បង់ភាពរាបសារបស់ខ្លួន ភាពបត់បែនក្នុងការឱ្យតម្លៃលើភាពចម្រុះ ឬការអត់ឱនដែលគោរពបុគ្គលរបស់អ្នកដទៃឡើយ។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងកាន់តែសកម្មជាងពេលណាៗទាំងអស់ ក្នុងការដោះស្រាយនូវបញ្ហា និងវិបត្តិដែលប្រឈមមុខនឹងប្រទេសជប៉ុន ទ្វីបអាស៊ី និងពិភពលោក។
ចក្ខុវិស័យសម្រាប់សន្តិភាព
ដោយប្រកាន់យកទស្សនៈនោះ ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់សន្តិភាពនៅក្នុងតំបន់នេះ ខ្ញុំនឹងជំរុញចក្ខុវិស័យរបស់លោកនាយករដ្ឋមន្រ្តី Kishida សម្រាប់សន្តិភាព និងជំរុញតួនាទីការទូត ព្រមទំាងសន្តិសុខរបស់ប្រទេសជប៉ុននៅក្នុងតំបន់ ដោយការលើកកម្ពស់សសរស្តម្ភទាំងប្រាំនៃគំនិតផ្តួចផ្តើមខាងក្រោម។
គោលការណ៍ទីមួយគឺការរក្សា និងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហ។ ជាពិសេស យើងនឹងជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការនាំយកនូវការអភិវឌ្ឍថ្មីៗឆ្ពោះទៅរក FOIP [តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ]។
គោលការណ៍ទីពីរគីពង្រឹងសន្តិសុខ។ យើងនឹងធ្វើការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុនក្នុងពេលពង្រឹកសម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាមេរិកដំណាលគ្នា និងពង្រឹកកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយបណ្តាប្រទេសដែលមានគោលការណ៍ដូចគ្នា។
គោលការណ៍ទីបីកិច្ចខំប្រឹងប្រែងក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរក្នុងពិភពលោក។
គោលការណ៍ទីបួនគឺពង្រីកតួនាទីរបស់អង្គការសហប្រជាជាតិតាមរយៈការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
គោលការណ៍ទីប្រាំគឺពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងគោលនយោបាយថ្មីដូចជាសន្តិសុខសេដ្ឋកិច្ចជាដើម។
ដើម្បីនាំមកនូវសន្តិភាពដល់សហគមន៍អន្តរជាតិ ជាការសំខាន់ណាស់ដែលយើងត្រូវរក្សា និងពង្រីកសណ្ដាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហ។ នីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះដែលគាំទ្រសណ្ដាប់ធ្នាប់អន្ដរជាតិបែបនេះ។ កត្តាបន្ថែមគឺដំណោះស្រាយជម្លោះដោយសន្តិភាព ការជៀសវាងមិនប្រើប្រាស់កម្លាំង និងការគោរពអធិបតេយ្យភាព។ នៅដែនសមុទ្រគឺសេរីភាពនៃការធ្វើនាវាចរណ៍។ នៅវិស័យសេដ្ឋកិច្ចគឺពាណិជ្ជកម្មសេរី។
ការគោរពសិទ្ធិមនុស្សគឺសំខាន់ណាស់នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យដែលឆ្លុះបញ្ចាំងអំពីឆន្ទៈដោយសេរីរបស់ប្រជាជន និងលក្ខណៈចម្រុះនៃសង្គម។ នេះគឺជាគោលការណ៍រួម និងជាសកលដែលកសាងឡើងដោយប្រជាជនទូទាំងពិភពលោកដែលប្រថ្នាចង់បានសន្តិភាព។ ច្បាប់ និងគោលការណ៍ដែលខ្ញុំទើបតែលើកឡើងនេះក៏ស្របនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ ច្បាប់ត្រូវតែគោរពតាម។ ទោះបីជាច្បាប់មានភាពគួឱ្យរំខានក៏ដោយ ក៏មិនមាននណារម្នាក់ត្រូវបានអនុញ្ញាតិឱ្យប្រព្រឹត្តដូចមិនមានច្បាប់នោះដែរ ហើយក៏មិនមាននរណារអាចផ្លាស់ប្តូរច្បាប់ដោយឯកតោភាគីបានដែរ។ ប្រសិនបើនរណាម្នាក់ចង់ផ្លាស់ប្តូរច្បាប់ ការផ្លាស់ប្ដូរនោះត្រូវតែមានការយល់ស្របថ្មី។
ប្រទេសជប៉ុនបានកំពុងតែជំរុញតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យមានភាពសេរី និងបើកចំហក្នុងគោលបំណងរក្សា និងពង្រីកសណ្ដាប់ធ្នាប់អន្តរជាតិដែលសេរី និងបើកចំហនៅក្នុងតំបន់។ ហើយចក្ខុវិស័យដែលយើងបានខិតខំជំរុញគឺទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងសហគមន៍អន្តរជាតិ។ ប្រទេសជប៉ុនបានគាំទ្រពេញលេញ និងខ្លាំងក្លាចំពោះទស្សនវិស័យរបស់អាស៊ាន [សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍] លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលអាស៊ានបានបង្កើតជាគោលនយោបាយមូលដ្ឋានរបស់ខ្លួន។ ប្រទេស និងស្ថាប័នអន្តរជាតិជាច្រើនរួមមាន អូស្ត្រាលី សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ ឥណ្ឌា អ៊ីតាលី ហូឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកសុទ្ធតែបានដាក់ចេញនូវចក្ខុវិស័យសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាចក្ខុវិស័យរួម។
ផលប្រយោជន៍សន្តិសុខរួម
ប្រទេសជាដៃគូដែលមានគោលការណ៍ដូចគ្នាអនុវត្តគោលនយោបាយដោយខ្លួនឯង ដោយមិនធ្វើតាមគោលនយោបាយរបស់ប្រទេសផ្សេងទេ។ នេះគឺជាមូលដ្ឋានគ្រឹះនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ផ្អែកទៅលើគោលការណ៍បរិយាប័ន្ន ដែលស្គាល់ថាគោលការណ៍ FOIP។ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាពិសេស កិច្ចសហប្រតិបត្តិការជាមួយអាស៊ានគឺចាំបាច់ណាស់។ បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តី ខ្ញុំបានធ្វើទស្សនកិច្ចប្រទេសកម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំ 2022។ បន្ទាប់មក ខ្ញុំបានធ្វើទស្សនកិច្ចទៅប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម និងប្រទេសថៃ។ ហើយនៅថ្ងៃនេះ ខ្ញុំនៅប្រទេសសិង្ហបុរី។ ខ្ញុំបានជួបប្រជុំជាមួយអ្នកដឹកនាំនៃប្រទេសសមាជិកអាស៊ាន។ ប្រវត្តិសាស្ត្រនៃប្រទេសជប៉ុន និងប្រទេសសមាជិកអាស៊ានត្រូវបានគាំទ្រដោយប្រវត្តិនៃសុច្ឆន្ទៈ និងមិត្តភាពដ៏យូរលង់។ បន្ទាប់ពីសង្គ្រាមបានចប់ទៅ ប្រទេសជប៉ុនគាំទ្រការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៏។ ហើយប្រទេសនៅអាស៊ីអាគ្នេយ៍បានពង្រីកជំនួយដល់ប្រទេសជប៉ុនក្នុងការកសាងឡើងវិញរបស់យើងពីគ្រោះរញ្ជួយដី និងគ្រោះមហន្តរាយរលកយក្សស៊ូណាមិដែលមិនធ្លាប់មានពីមុនមក។
ខ្ញុំចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំនៃប្រទេសសមាជិកអាស៊ានដើម្បីពិភាក្សាស៊ីជម្រៅលើមធ្យោបាយធានាសន្តិភាពនិងវិបុលភាពក្នុងតំបន់។ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ប្រទេសនៅដែនកោះប៉ាស៊ីហ្វិកក៏ជាដៃគូដ៏សំខាន់សម្រាប់ការសម្រេចបាននូវគោលការណ៍ FOIP ផងដែរ។ យើងនឹងខិតខំបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព រួមទាំងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈមកម្រិតអត្ថិភាព។
យើងបានផ្ដល់ជំនួយឆ្លើយតបបានទាន់ពេលទៅនឹងការផ្លាស់ប្ដូរក្នុងបរិយាកាសសន្តិសុខ ដូចជាការដាក់ខ្សែកាបនៅក្រោមសមុទ្រនៅប្រជុំដែនកោះមីក្រូណេស៊ី ដោយសហការជាមួយប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ហើយយើងនឹងធ្វើការជាមួយប្រទេសនៅកោះប៉ាស៊ីហ្វិកជាដៃគូដើម្បីរក្សាសណ្ដាប់ធ្នាប់នៅដែនសមុទ្រប្រកបដោយនិរន្តរភាពដែលផ្អែកលើច្បាប់។ កិច្ចសហការដោយផ្អែកលើគោលការណ៍ FOIP គឺជាកិច្ចសហការដែលបានកសាងលើទំនុកចិត្តរយៈពេលយូរអង្វែង។ មិនត្រូវបានកំណត់ចំពោះបញ្ហាហាដវែរ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើមនោះទេ ប៉ុន្តែក៏មានការផ្តោតទៅលើការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងមូលដ្ឋាន ការលើកកម្ពស់ការអភិវឌ្ឍស្វ័យភាព និងរួមបញ្ចូល និងការកសាងឧស្សាហកម្មតាមរយៈគម្រោងអភិវឌ្ឍន៍សាធារណៈ និងឯកជន។ យើងបានផ្ដល់ជំនួយគាំទ្រក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការតភ្ជាប់ក្នុងតំបន់អាស៊ាន ក្នុងនាមជាដៃគូវិនិយោគ។
ប្រជាជាតិដែលមានគំនិតដូចគ្នាគឺត្រូវធ្វើការរួមគ្នាក្នុងការបង្កើនការវិនិយោគនៅក្នុងតំបន់នេះ។ បន្ថែមលើបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសនៅដែនកោះប៉ាស៊ីហ្វិកប្រទេសជប៉ុន អូស្ត្រាលី ឥណ្ឌា និងសហរដ្ឋអាមេរិកដែលត្រូវបានគេស្គាល់ថា Quad កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គោលការណ៍ FOIP។ នៅក្នុងកិច្ចប្រជុំរបស់អ្នកដឹកនាំប្រទេសសមាជិក Quad ខែឧសភា ឆ្នាំ 2022 នៅទីក្រុងតូក្យូ យើងបានបញ្ជាក់ថា Quad នឹងស្វែងរកការពង្រីកជំនួយនិងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតចំនួន 50 ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដែលនឹងមានសារៈសំខាន់ក្នុងការលើកកម្ពស់ផលិតកម្ម និងភាពរុងរឿងនៅក្នុងតំបន់នេះ។ ខ្ញុំនឹងបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងទាំងនេះបន្ថែមទៀត។ យើងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការ FOIP ដែលមានស្រាប់ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតរបស់យើង រួមទាំងដោយការពង្រីកជំនួយអភិវឌ្ឍន៍ផ្លូវការរបស់យើង (ODA) ខណៈពេលដែលបង្កើនប្រសិទ្ធភាព និងយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈ ODA។
ខ្ញុំនឹងដាក់បង្ហាញផែនការ FOIP សម្រាប់សន្តិភាពនៅនិទាឃរដូវឆ្នាំក្រោយ [ឆ្នាំ 2023] ដែលនឹងពង្រឹកកិច្ចខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការជំរុញចក្ខុវិស័យ FOIP ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការផ្ដល់នាវាល្បាត និងពង្រឹងសមត្ថភាពអនុវត្តច្បាប់ដែនសមុទ្រ សមត្ថភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត គម្រោងអភិវឌ្ឍន៍ឌីជីថលនិងគម្រោងអភិវឌ្ឍន៍បៃតង និងសន្តិសុខសេដ្ឋកិច្ច។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុនបានខិតខំពង្រឹងសន្តិសុខដែនសមុទ្រដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាផ្កាយរណប បញ្ញាសិប្បនិម្មិត និងយន្តហោះគ្មានមនុស្សបើក ហើយយើងនឹងបន្តចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយប្រទេសផ្សេងទៀត។ ក្នុងទស្សនវិស័យនេះ ក្នុងរយៈពេលបីឆ្នាំខាងមុខ យើងនឹងប្រើប្រាស់កិច្ចសហប្រតិបត្តិការបច្ចេកទេស ការបណ្តុះបណ្តាល និងមធ្យោបាយផ្សេងទៀតក្នុងការពង្រឹងសមត្ថភាពអនុវត្តច្បាប់ដែនសមុទ្ររបស់ប្រទេសយ៉ាងហោចណាស់ចំនួន 20 ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលបុគ្គលិកសន្តិសុខដែនសមុទ្រយ៉ាងហោចណាស់ 800 នាក់ និងពង្រឹងបណ្តាញធនធានមនុស្សរបស់ប្រទេសទាំងនោះ។ លើសពីនេះ យើងនឹងផ្ដល់ជំនួយដែលមានថវិកាប្រហែល 2 ពាន់លានដុល្លារអាមេរិក ដូចជាសម្ភារសម្រាប់សន្តិសុខដែនសមុទ្រ រួមមាននាវាល្បាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធដឹកជញ្ជូនតាមដែនសមុទ្រនៅក្នុងប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។
យើងនឹងពង្រឹងជំនួយគាំទ្ររបស់យើងនៅប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ដោយប្រើប្រាស់កិច្ចសហប្រតិបត្តិការរបស់ Quad និងក្របខណ្ឌស្ថាប័នអន្តរជាតិ។ ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និងគុណតម្លៃសកលដូចជានីតិរដ្ឋ យើងនឹងពង្រឹងការតភ្ជាប់ និងបណ្តាញរវាងប្រទេស និងប្រជាជន។ ដើម្បីសម្រេចបានគោលដៅនេះ យើងនឹងបណ្ដុះបណ្ដាលបុគ្គលិកចំនួន 1 500 នាក់ក្នុងវិស័យនីតិរដ្ឋ និងអភិបាលកិច្ចក្នុងរយៈពេលបីឆ្នាំខាងមុខ។
តួនាទីរបស់ប្រទេសជប៉ុន
ទីពីរ ខ្ញុំចង់និយាយអំពីតួនាទីដែលប្រទេសជប៉ុនគួរមាននៅក្នុងវិស័យសន្តិសុខ។ ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែនដោយប្រទេសរុស្ស៊ីបានធ្វើឱ្យទស្សនៈអំពីសន្តិសុខប្រទេសជាច្រើននៅជុំវិញពិភពលោក ផ្លាស់ប្តូរយ៉ាងខ្លាំង។ ប្រទេសអាល្លឺម៉ង់បានប្រកាសថានឹងមានការផ្លាស់ប្ដូរគោលយោបាយសន្តិសុខ និងបង្កើនការចំណាយការពារជាតិទៅដល់ 2% នៃផលិតផលក្នុងស្រុកសរុប។ ប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែតដែលស្ថិតនៅជិតប្រទេសរុស្ស៊ី បានផ្លាស់ប្ដូរចេញពីគោលនយោបាយអព្យាក្រឹត្យដ៏យូរអង្វែង និងបានប្រកាសថាពួកគេនឹងដាក់ពាក្យចូលជា
សមាជិក NATO។
ខ្លួនខ្ញុំ ខ្ញុំគិតថារឿងដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែនថ្ងៃនេះ អាចនឹងកើតឡើងនៅអាស៊ីបូព៌ានាពេលអនាគត។ ប្រទេសជប៉ុនបានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរគោលនយោបាយចំពោះប្រទេសរុស្ស៊ី និងរួបរួមជាមួយសហគមន៍អន្តរជាតិក្នុងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសរុស្ស៊ី និងគាំទ្រដល់ប្រទេសអ៊ុយក្រែន។ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនដែលស្រឡាញ់សន្តិភាព ខ្ញុំមានការទទួលខុសត្រូវក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិនៃប្រជាជនជប៉ុន និងចូលរួមចំណែកនៅក្នុងសណ្ដាប់ធ្នាប់សន្តិភាពក្នុងតំបន់។ ខ្ញុំនឹងខិតខំកសាងសណ្តាប់ធ្នាប់អន្តរជាតិដ៏រឹងមាំតាមរយៈការសន្ទនា មិនមែនតាមការប្រឈមមុខគ្នាទេ។ ស្របពេលនេះដែរ យើងត្រូវតែត្រៀមខ្លួនសម្រាប់ការលេចឡើងនូវតួអង្គដែលរំលោភបំពានសន្តិភាព និងសន្តិសុខនៃប្រទេសដទៃដោយប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយគ្មានការគោរពច្បាប់។ យើងត្រូវតែពង្រឹងសមត្ថភាពរារាំង និងសមត្ថភាពក្នុងការឆ្លើយតប ដើម្បីការពារស្ថានភាពទាំងនោះកុំឱ្យកើតឡើង និងការពារខ្លួនយើង។
សកម្មភាពនេះនឹងមានសារៈសំខាន់ជាទីបំផុតសម្រាប់ប្រទេសជប៉ុន ប្រសិនបើប្រទេសជប៉ុនត្រូវរៀនរស់ក្នុងយុគសម័យថ្មី ហើយបន្តនិយាយអំពីបញ្ហាក្នុងនាមជាអ្នកគាំទ្រសន្តិភាព។ យើងនឹងត្រូវបង្កើតយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីត្រឹមឆ្នាំ 2022 ដោយសារតែបរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុនមានស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ខ្ញុំប្តេជ្ញាពង្រឹងមូលដ្ឋាននៃសមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុនក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ហើយធានាកំណើនថវិកាការពារជាតិដែលប្រទេសជប៉ុនត្រូវការដើម្បីធ្វើការពង្រឹងសមត្ថភាពនេះ។ យើងនឹងមិនច្រានចោលជម្រើសណាមួយទេ រួមទាំងសមត្ថភាពក្នុងការវាយប្រហារប្រឆាំងតបវិញ ហើយនឹងពិចារណារអំពីសមត្ថភាពដែលចាំបាច់ក្នុងការការពារអាយុជីវិត និងជីវភាពរបស់ប្រជាជនយើង។ ខ្ញុំសូមបញ្ជាក់ទៅកាន់អ្នកទាំងអស់គ្នាថា គោលជំហររបស់ប្រទេសជប៉ុនក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពនឹងនៅតែមិនផ្លាស់ប្តូរឡើយ។ កិច្ចខិតខំប្រឹងប្រែងរបស់យើងនឹងអនុវត្តនៅក្នុងដែនវិសាលភាពនៃរដ្ឋធម្មនុញ្ញរបស់យើង និងអនុលោមតាមច្បាប់អន្តរជាតិក្នុងលក្ខណៈមួយដែលមិនផ្លាស់ប្តូរតួនាទីជាមូលដ្ឋាន និងបេសកកម្មរួមរបស់ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកក្រោមសម្ព័ន្ធភាពរបស់យើងនោះទេ។ យើងនឹងបន្តពន្យល់វិធីសាស្ត្ររបស់យើងទៅកាន់ប្រទេសផ្សេងទៀតដោយបើកចំហ និងយ៉ាងលម្អិត។ មិនមានប្រទេសណាមួយអាចធានាសន្តិសុខជាតិទាំងស្រុងដោយខ្លួនឯងនោះទេ។ នេះជាមូលហេតុដែលខ្ញុំជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសដែលមានតម្លៃសាកលរួម ដោយប្រើប្រាស់សម្ព័ន្ធភាពប្រទេសជប៉ុន និងសហរដ្ឋអាមេរិកធ្វើជាផ្នែកសំខាន់បំផុត។ ប្រធានាធិបតីអាមេរិក លោក [Joe] Biden បានគាំទ្រការប្ដេផ្ញារបស់ខ្ញុំចំពោះសមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុន ក្នុងកិច្ចប្រជុំនាអំឡុងពេលដំណើរទស្សនកិច្ចមកប្រទេសជប៉ុននាខែមីនា ឆ្នាំ 2022។ យើងក៏យល់ស្របគ្នាទាំងស្រុងលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសជប៉ុននិងសហរដ្ឋអាមេរិកលើវិស័យសន្តិសុខ និងការពារជាតិ។ យើងនឹងពង្រឹងសមត្ថភាពសមត្ថភាពរារាំង និងសមត្ថភាពក្នុងការឆ្លើយតបរបស់សម្ព័ន្ធភាពប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលបានក្លាយជាមូលដ្ឋាននៃសន្តិភាពនិងស្ថិរភាពមិនត្រឹមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ គឺក្នុងទូទាំងពិភពលោកទាំងមូលផងដែរ។
ស្របពេលជាមួយគ្នានេះ យើងនឹងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសអូស្ត្រាលី និងប្រទេសដែលមានគោលការណ៍ដូចគ្នា។ ខ្ញុំពិតជារីករាយណាស់ក្នុងការចាប់ផ្ដើមការចរចារជាមួយប្រទេសសិង្ហបុរីដើម្បីបញ្ចប់កិច្ចព្រមព្រៀងស្ដីពីសម្ភារការពារជាតិ និងការផ្ទេរបច្ចេកវិទ្យាការពារជាតិ។ យើងនឹងបន្តជំរុញកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសសមាជិកអាស៊ាន និងបង្កើតគម្រោងកិច្ចសហប្រតិបត្តិការជាក់លាក់ទៅតាមតម្រូវការរបស់ប្រទេសទាំងនោះ។ បន្ទាប់ពីចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ RAA ជាមួយប្រទេសអូស្ត្រាលី នាខែមករា ឆ្នាំ 2022 កន្លងទៅនេះ យើងបានព្រមព្រៀងជាមូលដ្ឋានជាមួយចក្រភពអង់គ្លេស។ ប្រទេសជប៉ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាដៃគូនៅអ៊ឺរ៉ុប និងអាស៊ីដើម្បីបង្កើតកិច្ចព្រមព្រៀងទាំងនេះ។ ដើម្បីចូលរួមក្នុងការបង្កើតសណ្ដាប់ធ្នាប់ដែនសមុទ្រដែលសេរី និងបើកចំហ ប្រទេសជប៉ុន [បានបញ្ជូន] កងនាវាចម្បាំងនៃកងកម្លាំងស្វ័យការពារដែនសមុទ្រដែលដឹកនាំដោយនាវាពិឃាត Izumo នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនាខែមិថុនា ឆ្នាំ 2022 ដើម្បីធ្វើសមយុទ្ធជាមួយប្រទេសនៅក្នុងតំបន់ រួមទាំងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
ការទប់ស្កាត់ការប្រើប្រាស់នុយក្លេអ៊ែរ
កត្តាទីបី យើងនឹងខិតខំគ្រប់បែបយ៉ាងដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរឱ្យអស់ពីពិភពលោក។ នៅក្នុងវិបត្តិជម្លោះនៅប្រទេសអ៊ុយក្រែន ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរុស្ស៊ីត្រូវបានពិភាក្សាថាជាព្រឹត្តិការណ៍ដែលអាចកើតឡើងបាន។ យើងមិនត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរម្តងទៀតទេ។ ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរគឺមិនអាចអត់ឱនឱ្យបានឡើយ កុំថាឡើយដល់ទៅការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាក់ស្ដែងទៀតនោះ។ ខ្ញុំអំពាវនាវយ៉ាងមុតមាំចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសតែមួយគត់ដែលបានរងគ្រោះពីការទំលាក់គ្រាប់បែកបរមាណូ។ ផលវិបាកនៃការគំរាមកំហែងដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយប្រទេសរុស្សីគឺមិនកំណត់ត្រឹមតែការគំរាមកំហែងនោះទេ។ ការគំរាមកំហែងអាចធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់កិច្ចព្រមព្រៀងស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។ ចំពោះប្រទេសដែលកំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ការបោះបង់ចោលគម្រោងអភិវឌ្ឍន៍អាវុធទាំងនោះគឺកាន់តែលំបាកជាងមុនទៅទៀត។ ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការកាន់កាប់អាវុធនុយក្លេអ៊ែរអាចនឹងរីករាលដាលទៅប្រទេសផ្សេងទៀតផងដែរ។
បញ្ហាទាំងនេះត្រូវបានលើកឡើងមកពិភាក្សា។ មុនវិបត្តិនៅប្រទេសអ៊ុយក្រែនកើតឡើង កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលជាញឹកញាប់ និងជាច្រើនដងរួមទាំងមីស៊ីលអន្តរទ្វីប ហើយយើងមានការបារម្ភណ៍ថាការធ្វើតេស្តនុយក្លេអ៊ែរនឹងកើតឡើងឆាប់ៗនេះ។ ការបង្កើនសមត្ថភាពយោធាដោយមិនមានតម្លាភាពរួមទាំងអាវុធនុយក្លេអ៊ែរស្ថិតនៅជុំវិញប្រទេសជប៉ុន បានក្លាយជាបញ្ហាសន្តិសុខក្នុងតំបន់ដ៏ធ្ងន់ធ្ងរ។ ការត្រលប់ទៅរកការអនុវត្តតាមកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរមិនទាន់បានកើតឡើងនៅឡើយទេ។
ដំណើរឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរគឺខាន់តែពិបាកទៅ។ ក្នុងមានជានាយករដ្ឋមន្ត្រីដែលមានកំណើតនៅទីក្រុង
ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដែលរងគ្រោះពីការទំលាក់គ្រាប់បែកបរមាណូ និងដោយសារស្ថានភាពដ៏ពិបាកនេះហើយ ខ្ញុំបានថ្លែងជាសារធារណៈអំពីបញ្ហានេះ និងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានេះ និងចូលរួមដើម្បីធ្វើឱ្យពិភពលោកនេះគ្មានអាវុធនុយក្លេអ៊ែរ។
មិនមានបដិវាទកម្មរវាងការធានាសន្តិសុខជាតិជប៉ុនទេ នៅពេលដែលស្ថានភាពសន្តិសុខជុំវិញប្រទេសជប៉ុនកាន់តែធ្ងន់ធ្ងរ និងស្របពេលដែលកំពុងមានការស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរឱ្យអស់ពីពិភពលោក។
ផ្អែកទៅលើទំនាក់ទំនងនៃការជឿទុកចិត្តរបស់យើងជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់យើង ប្រទេសជប៉ុននឹងបង្ហាញផ្លូវដែលនឹងនាំទៅឧត្តមគតិរបស់យើង ហើយនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ។ តម្លាភាពកាន់តែខ្លាំងឡើងនៃកងកម្លាំងនុយក្លេអ៊ែរគឺជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងនេះ។ នេះគឺជាជំហានដំបូងក្នុងការរំសាយអាវុធនុយក្លេអ៊ែរដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រលប់ក្រោយបាន និងក្នុងការកសាងទំនុកចិត្តក្នុងចំណោមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ និងរវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរនិងប្រទេសដែលមិនមានអាវុធនុយក្លេអ៊ែរ។
ដោយសារស្ថានភាពមិនមានតម្លាភាពក្នុងប្រទេសមួយចំនួនបាន និងកំពុងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ពួកគេ យើងសូមអំពាវនាវឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងអស់បង្ហាញព័ត៌មានទាក់ទងនឹងកងកម្លាំងនុយក្លេអ៊ែររបស់ពួកគេ។ រួមគ្នាជាមួយបណ្តាប្រទេសពាក់ព័ន្ធផ្សេងទៀត យើងនឹងលើកទឹកចិត្តសហរដ្ឋអាមេរិកនិងប្រទេសចិនឱ្យចូលរួមក្នុងកិច្ចសន្ទនាទ្វេភាគីស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការគ្រប់គ្រងអាវុធ។ នេះគឺជាគន្លឹះក្នុងការចាប់ផ្តើមការពិភាក្សាលើកិច្ចព្រមព្រៀងអំពីការហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងអំពីការហាមឃាត់ការចម្រាញ់សារធាតុដើម្បីផលិតអាវុធនុយក្លេអ៊ែរ ដោយកិច្ចព្រមព្រៀងទាំងពីរនេះស្ទើរតែត្រូវបានបំភ្លេចចោលទៅហើយនាពេលថ្មីៗនេះ។ ពេលនេះគឺជាពេលសំខាន់បំផុតដែលយើងត្រូវរក្សា និងពង្រឹងសន្ធិសញ្ញាស្ដីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលជាមូលដ្ឋានគ្រឹះនៃការរំសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា សន្និសីទស្ដីពីការត្រួតពិនិត្យ NPT នៅខែសីហា ឆ្នាំ 2022 ដែលមានការចូលរួមពីប្រទេសមានអាវុធនុយក្លេអ៊ែរ និងប្រទេសមិនមានអាវុធមិនមែននុយក្លេអ៊ែរទទួលបានលទ្ធផលដ៏មានអត្ថន័យ។ នៅពេលដែលការប្រប្រាស់អាវុធនុយក្លេអ៊ែរអាចនឹងកើតឡើងដូចពេលនេះ ការរំលឹកពិភពលោកម្តងទៀតអំពីគ្រោះមហន្តរាយ និងអមនុស្សធម៌នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺមានសារៈសំខាន់ណាស់។ ក្នុងនាមជាប្រទេសតែមួយគត់ដែលបានរងគ្រោះពីការទម្លាក់គ្រាប់បែកបរមាណូ ជប៉ុននឹងប្រើប្រាស់គ្រប់ឱកាសដើម្បីបង្ហាញលទ្ធផលដ៏អាក្រក់ពីការទំលាក់គ្រាប់បែកបរមាណូទៅកាន់ពិភពលោក រួមទាំងក្នុងសន្និសីទស្តីពីផលប៉ះពាល់ដល់មនុស្សជាតិនៃអាវុធនុយក្លេអ៊ែរ [នៅខែមិថុនា ឆ្នាំ 2022]។ ក្នុងគោលបំណងដើម្បីជំរុញការពិភាក្សាបន្ថែមទៀតដែលធ្វើឡើងដោយក្រុមឥស្សរជនជាន់ខ្ពស់សម្រាប់ភាពជឿនលឿនជាក់លាក់នៃការរំសាយអាវុធនុយក្លេអ៊ែរ ដែលខ្ញុំបានបង្កើតឡើងនៅពេលខ្ញុំបម្រើការជារដ្ឋមន្ត្រីការបរទេស និងដើម្បីជំរុញសន្ទុះសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ យើងនឹងបង្កើតក្រុមឥស្សរជនជាន់ខ្ពស់អន្តរជាតិសម្រាប់ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។
ក្រុមនេះនឹងមានការចូលរួមពីមេដឹកនាំនយោបាយដែលកំពុងកាន់តំណែង និងអតីតមេដឹកនាំនយោបាយនៃប្រទេសផ្សេងៗ ហើយផែនការរបស់យើងគឺរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៅឆ្នាំ 2022។ កិច្ចការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើងស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធនៅក្នុងវិស័យសន្តិសុខក្នុងតំបន់ កិច្ចពិភាក្សានៅអង្គការសហប្រជាជាតិ និងកិច្ចខិតខំប្រឹងប្រែងការទូតអំពីកូរ៉េខាងជើង ។ ហើយជប៉ុននឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយសហគមន៍អន្តរជាតិទាំងមូល។ យើងនឹងខិតខំឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរតាមរយៈកិច្ចខិតខំយ៉ាងមុតមាំ។
ការកែទម្រង់អង្គការសហប្រជាជាតិ
ទីបួន យើងគួរកែទម្រង់អង្គការសហប្រជាជាតិដែលដើរតួនាទីជាអ្នកថែរក្សាសន្តិភាពឱ្យបានឆាប់រហ័ស។ ប្រទេសរុស្សីដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាស្ថាប័នមានតួនាទីចម្បងក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ បានធ្វើសកម្មភាពប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិដែលមិនអាចទទួលយកបាន និងធ្វើឱ្យអង្គការសហប្រជាជាតិប្រឈមមុខនឹងពេលវេលានៃការជំនុំជម្រះក្ដី។ គោលជំហររបស់ប្រទេសជប៉ុនស្ដីពីការភ្ជាប់សារសំខាន់ទៅលើអង្គសហប្រជាជាតិគឺមិនផ្លាស់ប្ដូរឡើយ។
ចាប់តាំងពីខ្ញុំជារដ្ឋមន្ត្រីក្រសួងការបរទេសមក ខ្ញុំបានធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការកែទម្រង់អង្គការសហប្រជាជាតិ ហើយឥឡូវនេះក្នុងតួនាទីជានាយករដ្ឋមន្ត្រី ខ្ញុំបានឆ្លៀតយកឱកាសជំនួបការទូតកម្រិតកំពូល ដើម្បីពិភាក្សាជាមួយមេដឹកនាំនៃប្រទេសផ្សេងៗអំពីវិធីពង្រឹងមុខងាររបស់អង្គការសហប្រជាជាតិ។ ការកែទម្រង់អង្គការសហប្រជាជាតិមិនមែនជាកិច្ចការងាយស្រួលទេដោយសារផលប្រយោជន៍របស់ប្រទេសផ្សេងៗជាប់ទាក់ទងគ្នាយ៉ាងស៊ាំញ៉ាំ។
ប្រទេសជប៉ុនក្នុងនាមជាប្រជាជាតិស្រឡាញ់សន្តិភាព នឹងដឹកនាំការពិភាក្សាដើម្បីពង្រឹងមុខងាររបស់អង្គការសហប្រជាជាតិ រួមទាំងការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសជប៉ុននឹងចូលរួមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ពីឆ្នាំ 2023 ហើយយើងនឹងធ្វើការដោយមិននឿយហត់នៅក្នុងក្រុមប្រឹក្សាសន្តិសុខផងដែរ។ ទន្ទឹមនឹងនេះ យើងក៏នឹងស្វែងរកមធ្យោបាយឆ្ពោះទៅមុខសម្រាប់អភិបាលកិច្ចសកល ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនៅក្នុងសហគមន៍អន្តរជាតិផងដែរ។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ជាចុងក្រោយ ខ្ញុំចង់ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងគោលនយោបាយថ្មីដូចជាសន្តិសុខសេដ្ឋកិច្ចជាដើម។ នៅពេលមានការរាតត្បាតនៃជំងឺដែលមិនធ្លាប់មានពីមុនមក ភាពទន់ខ្សោយនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលបានបង្ហាញខ្លួនឡើង។ ការដាក់សម្ពាធសេដ្ឋកិច្ចដែលមិនសមហេតុផលលើប្រទេសផ្សេងទៀតដើម្បីទាមទារជាឯកតោភាគី ឬការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក៏មិនអាចទទួលយកបានដែរ។
ការឈ្លានពានលើអ៊ុយក្រែនបានធ្វើឱ្យយើងកាន់តែដឹងអំពីតម្រូវការច្បាស់លាស់ និងបន្ទាន់ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់យើងកាន់តែមានភាពរឹងមាំព្រោះវាប៉ះពាល់ដោយផ្ទាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើង។ ដោយសារសេដ្ឋកិច្ចត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងសន្តិសុខជាតិ ហើយវិស័យទាំងនោះដូចជាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងឌីជីថលបនីយកម្មកាន់តែមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ យើងនឹងលើកកម្ពស់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សន្តិសុខ ដើម្បីធានាសន្តិសុខរបស់ប្រទេសជាតិ និងប្រជាជនរបស់យើងផ្អែកលើទស្សនៈសេដ្ឋកិច្ច។
នៅប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ច្បាប់លើកកម្ពស់សន្តិសុខសេដ្ឋកិច្ចត្រូវបានអនុម័តក្រោមការដឹកនាំរបស់ខ្ញុំ។ ប៉ុន្តែ ជប៉ុនមិនអាចសម្រេចបានតែឯងនោះទេ។ កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ រួមទាំងក្នុងក្របខណ្ឌនៃប្រទេសដែលមានគំនិតដូចគ្នា ដូចជាក្រុម G7 [ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ]។ ជប៉ុន និងអាស៊ានបាននឹងកំពុងកសាងខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើនផ្នែក។ វាមានសារៈសំខាន់ណាស់ដែលវិស័យសាធារណៈ និងវិស័យឯកជនរបស់យើងបន្តវិនិយោគក្នុងការរក្សា និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងនេះ។ ដល់ទីបញ្ចប់នេះ ប្រទេសជប៉ុននឹងគាំទ្រគម្រោងអភិវឌ្ឍន៍បង្កើនភាពរឹងមាំនៃខ្សែសង្វាក់ផ្គត់ផ្គង់ច្រើនជាង 100 គម្រោងក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
នៅពេលដែលស្ថានភាពរបស់ប្រទេសនៅក្នុងសហគមន៍អន្តរជាតិ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនត្រូវបានលើកកម្ពស់ ប្រទេសនោះមិនត្រឹមតែទទួលបានអត្ថប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ ប្រទេសនេះគួរតែបំពេញនូវទំនួលខុសត្រូវ និងកាតព្វកិច្ចដែលសមស្របនឹងស្ថានភាពនោះ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវតែកំណត់លក្ខណៈដោយតម្លាភាព ហើយពួកគេគួរតែនាំទៅដល់សុខុមាលភាពរយៈពេលវែងរបស់ប្រជាជននៃប្រទេសអ្នកទទួល។
យើងនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយផ្អែកលើគោលការណ៍សន្តិសុខមនុស្សជាតិ ដោយគោរពភាពជាម្ចាស់នៃប្រទេសនីមួយៗ និងផលប្រយោជន៍ជាតិរបស់ប្រទេសទាំងនោះ។ ដើម្បីទទួលបានវិបុលភាពក្នុងគ្រាដ៏លំបាកទាំងនេះ អាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវតែនៅតែជាម៉ាស៊ីនកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ ប្រទេសជប៉ុននឹងចូលរួមចំណែកក្នុងការកសាងភាពរឹងមាំរបស់ប្រទេស ដែលអាចដោះស្រាយបញ្ហាប្រឈមដ៏ធំឬលំបាកដែលប្រទេសទាំងនោះអាចប្រឈមមុខ។
ខ្ញុំសុំឱ្យអ្នកពិចារណាអំពីអនាគតរបស់យើង។ ចក្ខុវិស័យដែលខ្ញុំបានចែករំលែកជាមួយអ្នកនៅថ្ងៃនេះ ដែលជាចក្ខុវិស័យនៃសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដែលផ្អែកលើច្បាប់ គឺជាចក្ខុវិស័យមួយដែលយើងទាំងអស់គ្នាធ្វើការជាមួយគ្នា។ យើងនឹងលើកតម្កើង FIOP ទៅកាន់កម្រិតថ្មីមួយទៀត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រសិនបើយើងធ្វើដូច្នេះ អនាគតនៃសន្តិភាព និងវិបុលភាពប្រាកដជានឹងរង់ចាំយើង នោះគឺជាពិភពលោកដ៏ភ្លឺស្វាងនឹងរុងរឿងពោរពេញដោយក្តីសង្ឃឹម ជាកន្លែងដែលមានការជឿទុកចិត្ត និងការយល់ចិត្តគ្នាក្នុងចំណោមយើងទាំងអស់គ្នា។ o
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។