សន្តិសុខ ការរួបរួមគ្នា
សម្ព័ន្ធមិត្តនិងដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ធ្វើសកម្មភាពរួម ដើម្បីរក្សាសន្តិភាពក្នុងតំបន់
បុគ្គលិករបស់ទស្សនាវដ្តី FORUM
ផលប្រយោជន៍សន្តិសុខទៅវិញទៅមកកំពុងរួបរួមគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដើម្បីបង្កើតសមត្ថភាពសន្តិសុខរួមគ្នាដែលកំពុងបន្តរីកចម្រើន។
ក្រុមអ្នកវិភាគលើវិស័យការពារជាតិបាននិយាយថា ទោះបីជាតំបន់នេះមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងដែលចងសម្ព័ន្ធភាពទៅនឹងប្រទេសនានានៅក្នុងការប្តេជ្ញាចិត្តផ្នែកវិស័យការពារជាតិក៏ដោយ ក៏ប្រទេសជាច្រើនកំពុងរួមដៃគ្នាជុំវិញការគំរាមកំហែងផ្នែកសន្តិសុខដើម្បីពង្រឹងចំណងមិត្តភាពក្រៅផ្លូវការ និងកែលម្អកិច្ចសហប្រតិបត្តិការយោធា និងអន្តរប្រតិបត្តិការ។
ការកើនឡើងលើចំនួននៃការសមយុទ្ធយោធាពហុភាគីតំណាងឱ្យសញ្ញាដែលអាចចង្អុលបង្ហាញច្បាស់បំផុតនៃនិន្នាការនេះ។ សមយុទ្ធយោធានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពហុជាតិ Cobra Gold ដែលបានចាប់ផ្តើមនៅឆ្នាំ 1982 ជាសមយុទ្ធទ្វេភាគីរវាងប្រទេសថៃ និងសហរដ្ឋអាមេរិក បានវិវត្តទៅជាសមយុទ្ធពហុជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានការចូលរួមពីបណ្ដាប្រទេសចំនួន 20 នៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី និងកូរ៉េខាងត្បូង។ Garuda Shield គឺជាការសមយុទ្ធទ្វេភាគីប្រពៃណីមួយដែលបានក្លាយទៅជាពហុភាគីក្នុងឆ្នាំ 2022 ដើម្បីរួមបញ្ចូលប្រទេសចំនួន 12 បន្ថែមទៀតរួមជាមួយនឹងដៃគូដើមរបស់ខ្លួនផងដែរនោះគឺ ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ដែលស្រដៀងគ្នាទៅនឹងសមយុទ្ធកងទ័ពជើងទឹក Malabar ដែលបានចាប់ផ្តើមរវាងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក ដែលឥឡូវនេះរួមបញ្ជូលប្រទេសអូស្ត្រាលី និងជប៉ុនផងដែរ។ សមយុទ្ធ Rim of the Pacific ដែលធ្វើឡើងនៅក្នុង និងជុំវិញកោះហាវ៉ៃ និងភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា បានបង្ហាញពីចលនាពហុភាគីនៅឆ្នាំ 2022 ដោយមាន 26 ប្រទេសចូលរួម៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ស៊ីលី កូឡុំប៊ី ដាណឺម៉ាក អេក្វាទ័រ បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីស្រាអែល ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ហូឡង់ នូវែលសេឡង់ ប៉េរូ ហ្វ៊ីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ស្រីលង្កា ថៃ តុងហ្កា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានពិភាក្សាអំពីនិន្នាការសន្តិសុខក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅឯកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ 2022៖ «ក្រឡេកមើលជុំវិញពិភពលោក តួអង្គជាច្រើនរួមមាន អូស្ត្រាលី សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ ឥណ្ឌា អ៊ីតាលី ហូឡង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សុទ្ធតែបានដាក់ចេញនូវចក្ខុវិស័យសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក ដោយចែករំលែកនូវទស្សនៈវិស័យដ៏អស្ចារ្យរួម» គាត់បាននិយាយនៅក្នុងវេទិកាប្រចាំឆ្នាំ ដែលត្រូវបានឧបត្ថម្ភដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងស្ថិតក្នុងការលើកឡើងលើកទី 19 របស់ខ្លួន។ «ដៃគូដែលមានគំនិតដូចគ្នា គឺម្នាក់ៗធ្វើសកម្មភាពអនុវត្តគោលនយោបាយដោយខ្លួនឯង មិនមែនតាមគោលនយោបាលរបស់ប្រទេសដទៃនោះឡើយ។ នេះគឺជាគោលគំនិតនៃឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលផ្អែកលើបរិយាប័ន្ន»។
វត្តមានពហុជាតិសាសន៍ និងសមយុទ្ធសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក ក៏បង្ហាញពីការបង្រួបបង្រួមក្នុងចំណោមប្រទេសដែលស្វែងរកសន្តិភាព និងស្ថិរភាពផងដែរ។ អូស្ត្រាលី បារាំង អាល្លឺម៉ង់ ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក គឺសុទ្ធតែបានចូលរួមក្នុងប្រតិបត្តិការបែបនេះក្នុងឆ្នាំកន្លងទៅ។
ពង្រីកទ្វេភាគីនិយម
នៅក្នុងស្នូលនៃការរួបរួមសន្តិសុខសមូហភាពនេះ ប្រទេសឥណ្ឌូប៉ាស៊ីហ្វិកបាននឹងកំពុងបង្កើនទំនាក់ទំនងទ្វេភាគីនៅកម្រិតមូលដ្ឋាន ដោយចូលរួមក្នុងសមយុទ្ធយោធា ការហ្វឹកហ្វឺន និងការផ្តោះប្តូរផ្សេងៗទៀត។ ជាឧទាហរណ៍ ប្រទេសជប៉ុន និងសិង្ហបុរីបានឯកភាពលើការធ្វើទស្សនកិច្ចទៅកំពង់ផែរបស់គ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូងក៏កំពុងពង្រឹងផងដែរ។ កាសែត The Korea Herald បានរាយការណ៍នៅក្នុងខែមិថុនា ឆ្នាំ 2022 ថារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Park Jin បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយជប៉ុនឡើងវិញ។ សារព័ត៌មាន Kyodo បានរាយការណ៍ផងដែរថាអូស្ត្រាលី និងជប៉ុនបានពង្រឹងការចូលរួមផ្នែកការពារជាក់ស្តែងរបស់ពួកគេជាមួយនឹងផែនការដែលបានប្រកាសនៅក្នុងខែមិថុនា ឆ្នាំ 2022 ដើម្បី «បង្កើនភាពទំនើប» នៃសមយុទ្ធ និងសកម្មភាពរួមគ្នារបស់ពួកគេ។
ពីរបីថ្ងៃបន្ទាប់ពីការសន្ទនា Shangri-La រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីថ្មី Richard Marles នៅទីក្រុងតូក្យូ។ លោក Marles បានប្រាប់ទៅសារព័ត៌មាន The Associated Press ថា «ច្បាស់ណាស់ថា តំបន់របស់យើងប្រឈមមុខនឹងស្ថានការណ៍យុទ្ធសាស្ត្រដ៏ស្មុគស្មាញបំផុតដែលយើងមានចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី 2 ហើយសកម្មភាពក្នុងតំបន់នេះគឺសំខាន់ណាស់»។ «គឺមានតែតាមរយៈការធ្វើការរួមគ្នាទេ ទើបយើងអាចរក្សាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ រួមចំណែកដល់តុល្យភាពនៃអំណាចយោធាប្រកបដោយប្រសិទ្ធភាព និងធានាឱ្យតំបន់របស់យើងនៅតែមានស្ថិរភាព សន្តិភាព និងវិបុលភាព»។
បន្ថែមពីលើការពិភាក្សាអំពីកង្វល់របស់ពួកគេអំពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន រដ្ឋមន្ត្រីបានលើកឡើងថា ពួកគេប្រឆាំងនឹងការផ្លាស់ប្តូរដោយឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ហើយនៅតែប្តេជ្ញាចំពោះចក្ខុវិស័យរួមនៃសណ្តាប់ធ្នាប់អន្តរជាតិនៃសមុទ្រដោយសេរី និងបើកចំហ។ លោក Kishi បានមានប្រសាសន៍ថា «វាមានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយដៃគូក្នុងតំបន់របស់យើង ជាពិសេសជាមួយអាស៊ាន [សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍] និងកោះប៉ាស៊ីហ្វិក ដើម្បីរក្សា និងពង្រឹងឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
ក្រោយមកនៅខែមិថុនា ឆ្នាំ 2022 លោក Marles បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh ក្នុងទីក្រុង New Delhi សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិទ្វេភាគីលើកដំបូងរបស់ប្រទេស និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ។ លោក Marles បានលើកឡើងថា «សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ដែលបាននាំមកនូវសន្តិភាព និងវិបុលភាពដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកអស់ជាច្រើនទសវត្សរ៍កំពុងតែទទួលរងសម្ពាធ នៅពេលដែលយើងប្រឈមមុខនឹងការផ្លាស់ប្តូរលំដាប់លំដោយយុទ្ធសាស្ត្រភូមិសាស្ត្រ។ អូស្ត្រាលីត្រៀមខ្លួនជាស្រេចដើម្បីធ្វើការកាន់តែជិតស្និទ្ធជាមួយនឹងឥណ្ឌាក្នុងការគាំទ្រដល់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានការបើកចំហ មានលក្ខណៈបរិយាប័ន្ន និងភាពស្វាហាប់»។
មេដឹកនាំក្នុងវិស័យការពារជាតិឥណ្ឌាក៏បានជួបពិភាក្សាលើភាពស្រដៀងគ្នានេះជាមួយសមភាគីរបស់ខ្លួនមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកដែរក្នុងពេលជាមួយគ្នាផងដែរ។ កាលពីឆ្នាំមុន មេដឹកនាំនៃប្រទេសអូស្ត្រាលីនិងឥណ្ឌូណេស៊ី អូស្ត្រាលីនិងកូរ៉េខាងត្បូង ឥណ្ឌានិងកូរ៉េខាងត្បូង ព្រមទាំងឥណ្ឌូណេស៊ីនិងកូរ៉េខាងត្បូងបានចាត់វិធានការស្រដៀងគ្នានេះ ដែលជាភស្តុតាងនៃបញ្ជីនៃបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកដែលកំពុងកើនឡើងដែលកំពុងស្វែងរកការពង្រឹងទំនាក់ទំនងទ្វេភាគីនោះ។
ប្រទេសដែលមានកង្វល់ផ្នែកសន្តិសុខក៏កំពុងបង្កើនការចូលរួមក្នុងគម្រោងវិស័យការពារជាតិ និងសន្តិសុខដែលដឹកនាំដោយអាស៊ាន រួមទាំងវេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកផងដែរ។ សារពត៍មាន AP បានរាយការណ៍ថា នៅពាក់កណ្តាលខែមិថុនា ឆ្នាំ 2022 រដ្ឋមន្ត្រីការបរទេសនៃប្រទេសឥណ្ឌា និងអាស៊ានមានកិច្ចប្រជុំជាពិសេសមួយ ដើម្បីពង្រឹងទំនាក់ទំនង ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងលើសន្តិសុខស្បៀង និងថាមពល តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវបានធ្វើឱ្យការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង និងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន (PRC)។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានលើកឡើងថា «ឥណ្ឌាគាំទ្រយ៉ាងពេញទំហឹងដល់អាស៊ានដែលរឹងមាំ ចេះបង្រួបបង្រួម និងមានវិបុលភាព ដោយចំណុចកណ្តាលរបស់ខ្លួននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានទទួលស្គាល់យ៉ាងពេញលេញ»។ ឥណ្ឌានិងអាស៊ានជាដៃគូសន្ទនាអស់ជាង 30 ឆ្នាំមកហើយ។ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា Jaishankar បានជំរុញឱ្យមានការពង្រឹងការតភ្ជាប់ផ្លូវគោក និងសមុទ្រក្នុងចំណោមសមាជិកអាស៊ាន ដែលជាគម្រោងអភិវឌ្ឍន៍ការតភ្ជាប់អាស៊ាន-ឥណ្ឌា រួមមានការធ្វើឱ្យប្រសើរឡើងនូវផ្លូវហាយវេ រវាងឥណ្ឌា-មីយ៉ាន់ម៉ា(ភូមា)-ថៃ។
ទំនាក់ទំនងត្រីភាគីក៏កំពុងបង្ហាញពីចំណុចសំខាន់សម្រាប់ការកសាងសន្តិសុខសមូហភាពផងដែរ។ ជាឧទាហរណ៍ ការបង្រួបបង្រួមជុំវិញតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មេដឹកនាំសន្តិសុខនៃប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាជារៀងរាល់ឆ្នាំអស់រយៈពេលជាងមួយទសវត្សរ៍ ហើយប្រទេសទាំងបីនេះតែងតែធ្វើសមយុទ្ធរួមគ្នាដូចជា Southern Jackaroo និង Cope North។ «សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន សុទ្ធតែមានការប្តេជ្ញាចិត្តយោធាយ៉ាងសកម្មចំពោះកូរ៉េខាងត្បូងនាពេលកន្លងមកទាក់ទងនឹងស្ថិរភាពនៃឧបទ្វីបកូរ៉េ។ ដូចកាលពីឆ្នាំមុននេះផងដែរ អូស្ត្រាលីបានបញ្ជូនកងរក្សាសន្តិភាពដាក់ពង្រាយនៅទីបញ្ជាការអង្គការសហប្រជាជាតិស្តីពីតំបន់គ្មានយោធា។ រាល់ការប្រឈមមុខដាក់គ្នាខាងយោធានៅលើឧបទ្វីបនឹងធ្វើឱ្យកងកម្លាំងអាមេរិក ជប៉ុន និងអូស្ត្រាលីធ្វើសកម្មភ្លាមៗ ហើយបណ្តាលឱ្យប្រទេសទាំងនោះមានផលវិបាកដោយផ្ទាល់» អ្នកស្រី Hayley Channer អ្នកស្រាវជ្រាវគោលនយោបាយជាន់ខ្ពស់ជាមួយមជ្ឈមណ្ឌល Perth USAsia ដែលជាស្ថាប័នកិច្ចការបរទេសឯករាជ្យដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានសរសេរនៅក្នុង ទស្សនាវដ្តីអនឡាញ The Diplomat នៅខែមិថុនា ឆ្នាំ 2022។
គំនិតផ្តួចផ្តើមត្រីភាគីដើម្បីពង្រឹងទំនាក់ទំនងលើសពីឥណ្ឌូប៉ាស៊ីហ្វិកក៏កំពុងក្លាយជាការពិតផងដែរ ដូចជាការបង្កើតឡើងថ្មីៗនៃ AUKUS ដែលជាសម្ព័ន្ធមិត្តសន្តិសុខរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ចក្ខុវិស័យរួម
សកម្មភាពសមូហភាពក៏គាំទ្រផងដែរនូវយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកដែលបានធ្វើបច្ចុប្បន្នភាពដែលបានបង្ហាញនៅក្នុងខែកុម្ភៈឆ្នាំ 2022 ដោយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden។ នៅក្រោមយុទ្ធសាស្ត្រនេះ សហរដ្ឋអាមេរិកនឹងទាញយកសមត្ថភាពរួមនៃប្រទេសក្នុងតំបន់ និងដៃគូសន្ធិសញ្ញាទាំងប្រាំរបស់ខ្លួន តាមរយៈទំនាក់ទំនងផ្លូវការ និងក្រៅផ្លូវការ និងអង្គការជាច្រើន ដើម្បីកសាងសមត្ថភាពរួម។ លោកបណ្ឌិត Joshy M. Paul អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាសមត្ថភាពទ័ពអាកាសក្នុងទីក្រុង New Delhi បានសរសេរនៅក្នុងអត្ថបទមួយនៅលើគេហទំព័ររបស់ស្ថាប័នស្រាវជ្រាវ។ «ជំនួសឱ្យការពឹងផ្អែកលើធនធានការពារជាតិផ្ដាច់មុខរបស់សហរដ្ឋអាមេរិក ដើម្បីធានាបានឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ នោះគឺត្រូវស្វះស្វែងរកធនធានសម្ភាររបស់ប្រទេសក្នុងតំបន់ឯទៀតដើម្បីរួមចំណែកដល់សន្តិសុខក្នុងតំបន់។ វាក៏បង្ហាញផងដែរថា វាមិនមែនជាចក្ខុវិស័យឯកតោភាគីរបស់សហរដ្ឋអាមេរិកដែលអនុវត្តលើបណ្តាប្រទេសក្នុងតំបន់នោះទេ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជម្រើសនៃប្រទេសក្នុងតំបន់ ដូចជាស្វ័យភាពជាយុទ្ធសាស្ត្ររបស់ឥណ្ឌា អាទិភាពសេដ្ឋកិច្ចរបស់ជប៉ុនលើសន្តិសុខ ភាពជាកណ្តាលរបស់អាស៊ានក្នុងពហុភាគីនិយមរបស់អាស៊ី និង វិធាការតុល្យភាពរបស់អូស្ត្រាលី រវាងសហរដ្ឋអាមេរិក និងចិន»។
លោក Kurt Campbell ជំនួយការរងប្រធានាធិបតី និងជាអ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិកនៃក្រុមប្រឹក្សាសន្តិសុខជាតិបានថ្លែងថា ដើម្បីបង្កើនសន្តិសុខក្នុងតំបន់ សហរដ្ឋអាមេរិកក៏កំពុងពង្រឹងការចូលរួមរបស់ខ្លួនជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក (PIC)។ គាត់បានប្រាប់អ្នកចូលរួមនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ក្នុងព្រឹត្តិការណ៍ស្ដីពីគំនិតផ្តួចផ្តើមដៃគូប៉ាស៊ីហ្វិកក្នុងទីក្រុងវ៉ាស៊ីនតោន D.C. នៅខែមិថុនា ឆ្នាំ 2022 ថា «យើងមិនភ្លេចតម្លៃចំណងទំនាក់ទំនងទាំងនេះទេ»។ «យើងគិតថាការការពារអធិបតេយ្យភាពគឺសំខាន់។ យើងយល់ថាអធិបតេយ្យភាពគឺជាចំណុចកណ្តាលនៃតំបន់ប៉ាស៊ីហ្វិកទាំងមូល។ គំនិតផ្តួចផ្តើមណាមួយដែលធ្វើឱ្យខូចខាត ឬប៉ះពាល់ដល់អធិបតេយ្យភាពនោះ ខ្ញុំគិតថាយើងនឹងមានការព្រួយបារម្ភ» លោក Campbell បានលើកឡើងថា យោងតាមប្រតិចារិកនៃព្រឹត្តិការណ៍ដែលមានចំណងជើងថា «ការកសាងរបៀបវារៈប៉ាស៊ីហ្វិកពណ៌ខៀវសម្រាប់សតវត្សរ៍ទី 21»។
លោកបានលើកឡើងថា «ពាក្យស្លោករបស់ពួកយើងគឺ គ្មានអ្វីក្នុងប៉ាស៊ីហ្វិកឡើយ បើគ្មានប៉ាស៊ីហ្វិក។ យើងនឹងមិនធ្វើការសម្រេចចិត្ត ឬការចូលរួមដោយគ្មានការចូលរួមដ៏ជិតស្និទ្ធបំផុតជាមួយដៃគូប៉ាស៊ីហ្វិកនោះទេ»។ លោកបន្តទៀតថា៖ «យើងនឹងធ្វើបែបនេះក្នុងលក្ខណៈបើកចំហ និងតម្លាភាពបំផុត។ ជាថ្មីម្តងទៀត យើងនឹងផ្តោតលើការដោះស្រាយបញ្ហានៅក្នុងសហគមន៍អ្នករស់នៅលើកោះប៉ាស៊ីហ្វិក ខណៈពេលដែលព្យាយាមដោះស្រាយបញ្ហាធំៗ រួមមានដំណើរការកសាងឡើងវិញបន្ទាប់កូវីដ ការកែលម្អវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដែលយើងជឿថានឹងក្លាយជាកម្លាំងជំរុញក្នុងសតវត្សទី 21។
លោក Satyendra Prasad ឯកអគ្គរដ្ឋទូតហ្វីជីប្រចាំអង្គការសហប្រជាជាតិបានប្រាប់ទៅអ្នកចូលរួមថា «ប្រជាជនប៉ាស៊ីហ្វិក និងរដ្ឋាភិបាលនឹងស្វាគមន៍លើភាពជាដៃគូដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក» និងបានជំរុញឱ្យមាន «ទំនាក់ទំនងកាន់តែមានភាពបោះជំហានទៅមុខ និងទូលំទូលាយរវាងសហរដ្ឋអាមេរិក និងប៉ាស៊ីហ្វិក។ ហើយថាមានស្ថិតភាពនាអនាគតនៅទូទាំងផ្នែកដែលយើងកំពុងចូលរួមយ៉ាងស៊ីជម្រៅ»។
លោក Fatumanava-o-Upolu III Pa’olelei Luteru ឯកអគ្គរដ្ឋទូត Samoa ប្រចាំអង្គការសហប្រជាជាតិ បាននិយាយគាំទ្រក្នុងអំឡុងពេលព្រឹត្តិការណ៍ CSIS ចំពោះសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសកោះទទួលបានហិរញ្ញប្បទានសម្បទាន និងលើកទឹកចិត្តឱ្យពង្រីកសន្ធិសញ្ញារបស់សហរដ្ឋអាមេរិកជាមួយ PICs ទាក់ទងនឹងការចាប់ត្រីធូណា។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងចក្រភពអង់គ្លេសក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការពង្រឹងចំណងជាមួយ PIC ក្នុងឆ្នាំ 2022 ចំពេលមានការជំរុញរបស់សាធារណរដ្ឋប្រជាមានិតចិនឱ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ច យោធា និងប៉ូលីសរបស់ខ្លួនជាមួយនឹងតំបន់នោះផងដែរ។
លោក Luteru បាននិយាយថា «នៅក្នុងបរិបទនៃបណ្តាប្រទេសប៉ាស៊ីហ្វិករបស់យើង យើងដឹងយ៉ាងច្បាស់អំពីបញ្ហាដែលយើងកំពុងដោះស្រាយ» ដោយមិនបានលើកឡើងអំពីឈ្មោះសាធារណរដ្ឋប្រជាមានិតចិននោះឡើយ។
នៅចុងខែកញ្ញាឆ្នាំ 2022 សហរដ្ឋអាមេរិកបានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ PICs តាមរយៈកិច្ចប្រជុំកំពូលរវាងអាមេរិកនិងបណ្ដាប្រទេសកោះប៉ាស៊ីហ្វិកលើកដំបូងដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន D.C ដែលប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រកាសទឹកប្រាក់ជាង 810 លានដុល្លារក្នុងការពង្រីកកម្មវិធីនោះ។ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ជាង 1.5 ពាន់លានដុល្លារអាមេរិកសម្រាប់បណ្ដាប្រទេសនៅកោះប៉ាស៊ីហ្វិកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
កិច្ចសហប្រតិបត្តិការជាសកល
ប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានគំនិតដូចគ្នាកំពុងងាកទៅរកវេទិកាអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើតឡើង។ ឧទាហរណ៍ នាយករដ្ឋមន្ត្រី Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុងម៉ាឌ្រីដ នៅចុងខែមិថុនា ឆ្នាំ 2022 ដែលបង្ហាញពីចេតនារបស់ខ្លួនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសនៅតំបន់មហាសមុទ្រអាត្លង់ទិក។ សារពត៍មាន Bloomberg បានរាយការណ៍ថា នាយករដ្ឋមន្ត្រី Kishida បាននិយាយនៅក្នុងការប្រកាសផែនការចូលរួមកិច្ចប្រជុំកំពូលនេះថា «ការឈ្លានពានរបស់រុស្ស៊ី [ទៅលើអ៊ុយក្រែន] រំលោភលើសន្តិភាព និងសណ្តាប់ធ្នាប់របស់ពិភពលោក ហើយមិនអាចអត់ឱនបាននោះឡើយ»។ ជាមួយគ្នានេះដែរ មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ពួកគេប្រាថ្នាចង់បង្កើនការចែករំលែកព័ត៌មាន សមយុទ្ធរួម និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយអង្គការណាតូ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការណាតូនៅខែមិថុនា ឆ្នាំ 2022 អង្គការណាតូបានលើកឡើងថា ការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង គឺជាអាទិភាពមួយ ហើយខ្លួនក៏កំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូឥណ្ឌូប៉ាស៊ីហ្វិក លើលំហអ៊ីនធឺណេត បច្ចេកវិទ្យា និងសន្តិសុខដែនសមុទ្រ ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀតផងដែរ។ ការចេញផ្សាយបាននិយាយថា «នៅក្នុងបរិយាកាសស្មុគ្រស្មាញនាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងជាមួយដៃគូដែលមានគំនិតដូចគ្នានៅទូទាំងពិភពលោកគឺមានសារៈសំខាន់កាន់តែខ្លាំងឡើងក្នុងការដោះស្រាយបញ្ហាសន្តិសុខដែលកើតឡើងដំណាលគ្នា និងបញ្ហាប្រឈមជាសកល ក៏ដូចជាដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ផងដែរ»។
លោក Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បាននិយាយថា «សន្តិសុខរបស់អឺរ៉ុប និងអាស៊ីមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសឥឡូវនេះ ជាមួយនឹងសហគមន៍អន្តរជាតិដែលកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរផងទៀតនោះ»។
សន្តិសុខសេដ្ឋកិច្ច
ការពង្រឹងទំនាក់ទំនងសន្តិសុខត្រូវបានផ្សារភ្ជាប់កាន់តែខ្លាំងឡើងជាមួយនឹងវិស័យសេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានជំរុញកិច្ចសហការរួមគ្នាបន្ថែមទៀតនៅក្នុងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ដើម្បីកាត់បន្ថយហានិភ័យនៃអរិភាព ដោយផ្តល់ឱ្យប្រទេសនានានូវភាគហ៊ុនមួយនៅក្នុងភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមកក្នុងអំឡុងពេលសុន្ទរកថារបស់គាត់នៅឯសន្និសីទអន្តរជាតិស្តីពីអនាគតនៃអាស៊ីលើកទី 27 នៅចុងខែឧសភា ឆ្នាំ 2022 នៅទីក្រុងតូក្យូ។
យោងតាមកាសែត The Straits Times លោកបានលើកឡើងថា «សន្តិសុខមិនមែនត្រឹមតែ (ចំពោះ) ប្រទេសផ្ទាល់ខ្លួនមួយនោះទេ ពីព្រោះប្រទេសផ្សេងទៀតនីមួយៗនឹងចាត់វិធានការស្រដៀងគ្នានេះ ដើម្បីធានាសន្តិសុខរបស់ពួកយើង»។ «ជារួម យើងទាំងអស់គ្នាអាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាមិនមានសុវត្ថិភាព ហើយបន្ទាប់មកយើងទាំងអស់គ្នាអាចកាន់តែមិនមានអារម្មណ៍ថាមានសុវត្ថិភាពជាមុនទៅទៀត។ ដូច្នេះ យើងក៏ត្រូវតែធ្វើការជាមួយប្រទេសផ្សេងៗទៀតដើម្បីធានាសន្តិសុខជាសមូហភាព»។
លោក Lee បានពន្យល់ថា សម្រាប់ហេតុផលនេះ សិង្ហបុរីកំពុងចូលរួមទាំងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក (IPEF) ដែលបានចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ 2022 និងគម្រោងអភិវឌ្ឍន៍របស់សាធារណរដ្ឋប្រជាមានិតចិន ដូចជា ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (OBOR)។ IPEF នឹងជួយបេក្ខភាពចូលរួមនានាធ្វើការការពង្រឹងទំនាក់ទំនង និងចូលរួមក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានសារៈសំខាន់ចំពោះតំបន់។ លោក Lee បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំមិនឃើញថារឿងទាំងពីរមានភាពដាច់ដោយឡែកពីគ្នាទៅវិញទៅមក ឬគ្រាន់តែដោយសារតែភាគីម្ខាងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដែលមានន័យថាវាអាក្រក់សម្រាប់ភាគីម្ខាងទៀតនោះទេ»។
ប្រទេសជាច្រើនបន្តការពារទល់នឹងការខាតបង់របស់ពួកគេលើគ្រោងការណ៍ហេដ្ឋារចនាសម្ព័ន្ធរបស់សាធារណរដ្ឋប្រជាមានិតចិន ដោយមិនគិតពីបញ្ហាហិរញ្ញវត្ថុ និងសន្តិសុខដែលបង្ហាញឱ្យឃើញនៅក្នុងគម្រោង OBOR នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសផ្សេងទៀតកំពុងតែចាត់វិធានការដើម្បីឆ្លើយតបទៅនឹងមេរៀនដែលបានរៀនសូត្រដោយប្រទេសដែលបានធ្លាក់ខ្លួនជាជនរងគ្រោះនៃរបៀបផ្ដល់ប្រាក់កម្ចីរបស់សាធារណរដ្ឋប្រជាមានិតចិនដែលជញ្ជក់ឈាមអ្នកដ៏ទៃនោះ និងអ្នកផ្សេងទៀតដែលងាយរងគ្រោះផ្នែកសេដ្ឋកិច្ចក្នុងអំឡុងពេលរាតត្បាតកូវីដ-19។ សម្ព័ន្ធមិត្ត និងប្រទេសជាដៃគូបន្តផ្តល់ជម្រើសសម្រាប់ការវិនិយោគរបស់ចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបក្សកុម្មុយនិស្តចិន។ ក្នុងឆ្នាំ 2019 អូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិកបានបើកដំណើរការបណ្តាញ Blue Dot ដើម្បីលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ដោយសហការជាមួយប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌា បណ្តាញនេះកំពុងលើកកម្ពស់គម្រោងប្រកបដោយនិរន្តរភាព រួមទាំងតាមរយៈទីផ្សារ Blue Dot Marketplace ដែលត្រូវបានគ្រោងទុក ដើម្បីជួយប្រទេសនានាក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធដោយកត្តាសន្តិសុខស្បៀងអាហារ សុខភាព និងគ្រោះមហន្តរាយធម្មជាតិ។ កិច្ចសន្ទនាសន្តិសុខចតុភាគី ឬ Quad ក៏ផ្តោតលើការធានានូវវិបុលភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ចាប់ពីការអភិវឌ្ឍបច្ចេកវិទ្យា និងសម្ភារសំខាន់ៗ រហូតដល់ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន និងរហូតដល់ការឆ្លើយតបសន្តិសុខប្រព័ន្ធអ៊ីនធឺណិត។
កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់បានក្លាយជាការផ្តោតសំខាន់នៃសកម្មភាពសន្តិសុខសមូហភាពក្នុងចំណោមប្រទេសដែលមានគំនិតដូចគ្នា។ លោក Wang Yunjong លេខាធិការរបស់ប្រធានាធិបតីកូរ៉េខាងត្បូងសម្រាប់សន្តិសុខសេដ្ឋកិច្ចបានលើកឡើងក្នុងអំឡុងពេលសុន្ទរកថារបស់គាត់នៅឯកិច្ចប្រជុំប្រចាំឆ្នាំលើកទីប្រាំពីរនៃវេទិកាយុទ្ធសាស្ត្រនៅដើមខែមិថុនា ឆ្នាំ 2022 ឧបត្ថម្ភដោយ CSIS រវាងសាធារណរដ្ឋកូរ៉េ-សហរដ្ឋអាមេរិក ថា «ស្ថិរភាពនិងភាពរឹងមាំនៃខ្សែសង្វាក់ផ្គត់ផ្គង់មិនអាចសម្រេចបានដោយប្រទេសមួយតែឯងនោះទេ»។ លោក Yunjong បានលើកឡើងថា «ការឆ្ពោះទៅរកសម្ព័ន្ធមិត្តគឺបន្ថែមពីលើការផ្លាស់ប្តូរផលិតកម្មដែលមានមូលដ្ឋានក្រៅប្រទេសទៅកាន់មាតុភូមិខ្លួនវិញ ដែលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ និងតម្រូវការលើសម្ភារយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាក្នុងចំណោមប្រទេសដែលមានគំនិតដូចគ្នា គឺកាន់តែមានសារៈសំខាន់»។ «គន្លឹះសំខាន់គឺទំនុកចិត្ត។ យើងអាចពង្រឹងសុវត្ថិភាពសង្វាក់ផ្គត់ផ្គង់ដោយការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក»។
កិច្ចសហប្រតិបត្តិការដោយឥតភ័យបារម្ភ
អ្នកវិភាគបាននិយាយថា នៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក ការបញ្ចូលគ្នានៃសន្តិសុខដែលមិនមានរចនាសម្ព័ន្ធភាគច្រើននេះកំពុងដំណើរការទៅយ៉ាងឆាប់រហ័សដោយឥតភ័យបារម្មណ៍សម្រាប់ប្រទេសដែលចូលរួម ដោយសារវាត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានគុណតម្លៃរួម។ ទន្ទឹម
នឹងនោះ សន្ធិសញ្ញាការពារទៅវិញទៅមកដែលមានស្រាប់ក្នុងតំបន់
ផ្តល់ក្របខណ្ឌសម្រាប់វឌ្ឍនភាព។ អ្នកវិភាគបាននិយាយថា រចនា
សម្ព័នរួមនៃម៉ាទ្រីសដែលកំពុងលេចចេញរូបរាងនៃកិច្ចសហប្រតិបត្តិការសន្តិសុខគឺមានភាពបត់បែន ហើយទំនងជានឹងនៅតែមានសភាពដូច្នេះសម្រាប់ពេលនេះ។ ចលនានេះទំនងជាមិនអាចកើតចេញជារូបរាងនៃអង្គការប្រភេទអង្គការសហប្រជាជាតិច្បាស់លាស់នៅពេលណាមួយក្នុងពេលឆាប់ៗនេះនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកទេ បើទោះបីជាអ្នកបង្កើតគោលនយោបាយមួយចំនួនបាននិយាយគាំទ្រឱ្យបង្កើតស្ថាប័នសន្តិសុខសមូហភាពជាផ្លូវការនៅក្នុងតំបន់ក៏ដោយ។
នៅឆ្នាំ 1954 អូស្ត្រាលី បារាំង នូវែលហ្សេឡង់ ប៉ាគីស្ថាន ហ្វ៊ីលីពីន ថៃ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានបង្កើតអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (SEATO) ដែលផ្ដោតចម្បងលើការបញ្ឈប់ការរីករាលដាលនៃលទ្ធិកុម្មុយនិស្តនៅក្នុងតំបន់ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។ ទោះជាយ៉ាងនេះក្តី វាមិនដូចជាអង្គការណាតូនោះទេ សមត្ថភាពរបស់ SEATO គឺនៅមានកម្រិតក្នុងការប្រមូលផ្តុំសកម្មភាពសន្តិសុខសមូហភាព។ យោងតាមក្រសួងការបរទេសអាមេរិក អង្គការនេះក៏មិនមានយន្តការសម្រាប់ការប្រមូលយកការស៊ើបការណ៍ ឬការដាក់ពង្រាយកងកម្លាំងយោធា ហើយវាត្រូវបានរំលាយជាផ្លូវការនៅឆ្នាំ 1977 ពីរឆ្នាំបន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់។
សព្វថ្ងៃនេះ ប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកំពុងបង្កើតវិធានការការពារ ដែលស្របតាមផលប្រយោជន៍ជាតិរៀងៗខ្លួន ប៉ុន្តែក៏ជាប្រយោជន៍របស់ពួកគេក្នុងការទប់ទល់នឹងបញ្ហាប្រឈម និងការគំរាមកំហែងផ្នែកសន្តិសុខរួមគ្នាផងដែរ។ ក្រុមអ្នកវិភាគបាននិយាយថា ការបង្រួបបង្រួមសន្តិសុខជាលទ្ធផលគឺជាការផ្លាស់ប្តូរវិជ្ជមាននៅក្នុងទស្សនវិស័យសម្រាប់វិបុលភាព និងស្ថិរភាពក្នុងតំបន់។
ប្រជាជាតិនានាត្រូវតែវាយតម្លៃជានិច្ចនូវប្រសិទ្ធភាពនៃសម្ព័ន្ធភាពសន្តិសុខ និងការពារជាតិរបស់ពួកគេ និងគុណសម្បត្តិដែលបានមកពីការរៀបចំទាំងនេះ មិនត្រឹមតែក្នុងលក្ខខណ្ឌនៃស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យរាប់ចាប់តាំងពីការចែករំលែកព័ត៌មាន និងបច្ចេកវិទ្យា រហូតដល់ការការពារសិទ្ធិមនុស្ស និងសេរីភាព។ ការឆ្លុះបញ្ចាំង និងការគណនាជាយុទ្ធសាស្ត្របែបនេះ គឺស្របតាមនិយមន័យនៃពាក្យថា អធិបតេយ្យភាព ដែលទទួលបានការគោរពអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រទេសដែលមានគំនិតដូចគ្នាមានបំណងបង្កើតឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។