វរនាវីទោប្រចំាទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM)៖ សហរដ្ឋអាមេរិកនឹងការពារសេរីភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

The Associated Press
នាយឧត្តមនាវីនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក John Aquilino ដែលជាវរនាវីទោប្រចំាបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបានមានប្រសាសន៍កាលពីខែមីនា ឆ្នាំ 2023 ថាទីក្រុងវ៉ាស៊ីនតោនមិនព្យាយាមទប់ស្កាត់សាធារណរដ្ឋប្រជាមានិតចិន (PRC) ឬព្យាយាមដោះស្រាយជម្លោះនៅក្នុងតំបន់នោះទេ ប៉ុន្តែទីក្រុងនេះនឹងចាត់វិធានការដើម្បីគាំទ្រតំបន់ប្រឆាំងទៅនឹងការបង្ខិតបង្ខំ និងការគំរាមកំហែងដោយរបបផ្តាច់ការ។
លោក Aquilino បានថ្លែងប្រាប់នៅក្នុងសុន្ទរកថានៅប្រទេសសិង្ហបុរីថាថា យុគសម័យនៃសកលភាវូបនីយកម្មបានវិវត្តទៅជា «ការប្រកួតប្រជែងលើអំណាចដ៏អស្ចារ្យជាថ្មី» ដែលបរិយាកាសសន្តិសុខមានឥទ្ធិពលលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
លោកបានបន្តទៀតថា «ការព្រួយបារម្ភរបស់ខ្ញុំគឺថាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់នេះ … ស្ថិតនៅក្រោមការការវាយប្រហារដោយផ្ទាល់ដោយរបបអំណាចផ្ដាច់ការ» លោកមិនបានបញ្ចេញឈ្មោះប្រទេសណាមួយទេ ទោះបីជាលោកបានកត់សម្គាល់ពីសកម្មភាពនាពេលថ្មីៗនេះរបស់សាធារណរដ្ឋប្រជាមានិតដើម្បី «ដណ្តើមយកទីតាំង» នៅកោះសូឡូម៉ុងក៏ដោយ។
សម្ពន្ធភាពសន្តិសុខរវាងសាធារណរដ្ឋប្រជាមានិតចិន និងកោះសូឡូម៉ុងកាលពីរយៈពេលមួយឆ្នាំមុនបានធ្វើឱ្យមានក្តីបារម្ភនៅទូទាំងតំបន់ប៉ាស៊ីហ្វិកភាគខាងត្បូង ជាក្តីបារម្ភដែលថាវាអាចជំរុញឱ្យមានការបង្កើនកម្លាំងយោធាទ្រង់ទ្រាយធំ។
លោក Aquilino ក៏បានលើកឡើងផងដែរថា ការតវ៉ារបស់សាធារណរដ្ឋប្រជាមានិតចិនទៅលើនាវានិងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ជាតំបន់ដែលទីក្រុងប៉េកាំងបានបង្កើតការគំរាមកំហែងសារជាថ្មីទៅលើតៃវ៉ាន់ ជាកន្លែងដែលសាធារណរដ្ឋប្រជាមានិតចិនមើលឃើញថាជាទឹកដីរបស់ខ្លួន ដោយគំរាមកំហែងថានឹងយកតៃវ៉ាន់មកដាក់ក្រោមការកាន់កាប់របស់ខ្លួនវិញដោយប្រើកម្លាំងប្រសិនបើចាំបាច់។
ខណៈពេលដែលសហរដ្ឋអាមេរិកមិនស្វះស្វែងបង្កជម្លោះ ហើយក៏មិនគាំទ្រទៅដល់ឯករាជ្យភាពរបស់តៃវ៉ាន់ លោក Aquilino បានមានប្រសាសន៍ថាយោធានឹងបន្ត «ធ្វើការហោះហើរ ចេញនាវា និងធ្វើប្រតិបត្តិការ» នៅក្នុងតំបន់ដើម្បីគាំទ្រទៅដល់លក្ខខណ្ឌសេរីភាពនៃការធ្វើនាវាចរណ៍នៅក្រោមច្បាប់អន្តរជាតិ។
លោកបានមានប្រសាសន៍ថា «មហាអំណាចដែលនិយមការផ្លាស់ប្ដូរព្យាយាមធ្វើការរំខាន និងផ្លាស់ប្ដូរជំនួសនូវប្រព័ន្ធបច្ចុប្បន្នទៅតាមរបៀបមួយដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ពួកគេ ហើយផលប៉ះពាល់ត្រូវទទួលរងដោយអ្នកដទៃផ្សេងទៀតទាំងអស់។ ពួកគេប្រើការបង្ខិតបង្ខំ ការគំរាមកំហែង ដើម្បីសម្រេចឱ្យបាននូវគោលបំណងរបស់ពួកគេ ហើយពួកគេបង្ហាញសកម្មភាពរបស់ពួកគេនៅក្រោមទ្រឹស្ដី «អំណាចស្មើនឹងសិទ្ធិ»។
«ពួកគេបានធ្វើការទាមទារទឹកដីហួសប្រមាណដោយខុសច្បាប់ ដោយមិនផ្អែកទៅលើអ្វីសោះ ក្រៅតែពីប្រវត្តិសាស្រ្តនៃពួកនិយមការផ្លាស់ប្ដូរទាំងនោះ។ ពួកគេផ្ដល់សិទ្ធិអំណាចទៅដល់អង្គភាពអនុវត្តច្បាប់ក្នុងការយាយីទៅដល់ប្រជាជាតិដទៃ ដែលកំពុងតែធ្វើប្រតិបត្តិការដោយស្របច្បាប់នៅក្នុងដែនសេដ្ឋកិច្ចពិសេសផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេបំពានទៅលើការប្ដេជ្ញាចិត្តជាលក្ខណៈផ្លូវការ។ ពួកគេមិនអើពើទៅលើសេចក្តីសម្រេចរបស់ច្បាប់អន្តរជាតិនោះទេ។ លោកបានមានប្រសាសន៍ ដោយសំដៅទៅលើសកម្មភាពឈ្លានពានរបស់ប្រទេសចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងការកើនឡើងនៃការបំពានរបស់ប្រទេសចិនចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ថា «ពួកគេគេចវេះពីការទាមទារដែលតម្រូវដោយរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ»។
លោក Aquilino បានមានប្រសាសន៍ថាសាធារណរដ្ឋប្រជាមានិតចិនមានតួនាទីយ៉ាងសំខាន់មួយនៅក្នុងពិភពលោក ប្រសិនបើប្រទេសនេះគោរពទៅតាមរបៀបរបបដែលផ្អែកទៅលើច្បាប់ ជាពិសេសទាក់ទងទៅនឹងប្រទេសកូរ៉េខាងជើង។
កាលពីឆ្នាំ 2022 ទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះមីស៊ីលចំនួន 70 គ្រាប់ ដែលលោក Aquilino ចាត់ទុកថាជាចំនួននៃការបាញ់បង្ហោះគ្រាប់មីស៊ីលដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃសកម្មភាពបង្កហេតុរបស់លោក គីម (Kim)។ លោកបានកត់សម្គាល់ឃើញថាប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបដោយខុសច្បាប់ ត្រឹមតែប៉ុន្មានម៉ោងមុនពេលមេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនបានជួបប្រជុំនៅក្នុងកិច្ចប្រជុំកំពូលមួយនាទីក្រុងតូក្យូ។ ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលប៉ាលីស្ទីកដែលត្រូវបានគេហាមឃាត់ជាច្រើននៅក្នុងខែមីនាឆ្នាំ 2023 ជាសកម្មភាពមួយដែលទីក្រុងព្យុងយ៉ាងបាននិយាយថាគឺជាការឆ្លើយតបទៅនឹងសមយុទ្ធរវាងកងកម្លាំងសាធារណរដ្ឋកូរ៉េនិងសហរដ្ឋអាមេរិក។ អ្នកវិភាគបានលើកឡើងថា ការធ្វើតេស្តដែលត្រូវបានហាមឃាត់ដោយដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គឺជាផ្នែកមួយនៃគោលបំណងដ៏ធំរបស់លោក Kim Jong Un ក្នុងការពង្រីកឃ្លាំងសព្វាវុធរបស់លោក។
សកម្មភាពរបស់ប្រទេសកូរ៉េខាងជើងបានគំរាមកំហែងទៅដល់កូរ៉េខាងត្បូងនិងប្រទេសជប៉ុន ហើយប្រទេសនេះបាន «អភិវឌ្ឍសមត្ថភាពដើម្បីធ្វើការគំរាមកំហែងដល់សហរដ្ឋអាមេរិកផងដែរ» នេះបើតាមប្រសាសន៍របស់លោក។
លោក Aquilino បានមានប្រសាសន៍ថា «ប្រទេសនេះកំពុងតែបង្កអស្ថិរភាព មានលក្ខណៈមិនអាចព្យាករបាន និងកំពុងតែបន្តដោយមិនមានការថមថយ» ដោយបានបន្ថែមទៀតថា សក្តានុពលសម្រាប់សាធារណរដ្ឋប្រជាមានិតចិនក្នុងការជួយបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបញ្ឈប់ការអនុវត្តព្រឹត្តិការណ៍ទាំងនេះនឹងមានផលប្រយោជន៍យ៉ាងពិតប្រាកដ។
ប្រភពរូបភាព៖ វិទ្យាស្ថានអន្តរជាតិដើម្បីសិក្សាយុទ្ធសាស្ត្រតាមរយៈកាសែត AP
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។