អាស៊ីខាងត្បូង

ប្រទេសស្រីលង្កាសង្ឃឹមលើកិច្ចព្រមព្រៀងដើម្បីជម្នះលើវិបត្តិហិរញ្ញវត្ថុ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ប្រទេសស្រីលង្កាបន្តធ្វើការដើម្បីឆ្លងកាត់វិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍តាមរយៈការពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អំពីកិច្ចព្រមព្រៀងផ្តល់ជំនួយ។ ប្រទេសនេះក៏រំពឹងផងដែរនូវកិច្ចព្រមព្រៀងបន្ធូរបន្ថយបំណុលជាមួយសាធារណរដ្ឋប្រជាមានិតចិន (PRC) ដែលជាម្ចាស់បំណុលធំបំផុតរបស់ខ្លួន។

ប្រទេសស្រីលង្កាមានបំណុលដែលជំពាក់ចិនចំនួន 7.4 ពាន់លានដុល្លារអាមេរិកត្រឹមចុងឆ្នាំ 2021 ដែលជិតស្មើនឹង 20% នៃបំណុលខាងក្រៅរបស់ប្រទេស នេះបើយោងតាមរបាយការណ៍ខែវិច្ឆិកា ឆ្នាំ 2022 ដោយគំនិតផ្តួចផ្តើមស្រាវជ្រាវអាហ្វ្រិកចិន (CARI) ដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យ Johns Hopkins ថ្នាក់ការសិក្សាអន្តរជាតិកម្រិតខ្ពស់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ ភាគច្រើននៃបំណុលរបស់ប្រទេសស្រីលង្កាចំពោះសាធារណរដ្ឋប្រជាមានិតចិន ពាក់ព័ន្ធនឹងប្រាក់កម្ចីដើម្បីគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ពន្ធផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ទីក្រុងប៉េកាំង។

«ប្រទេសចិនគឺជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសស្រីលង្កា ហើយមានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃបំណុលអធិបតេយ្យភាពរបស់ប្រទេសកោះនេះ ដែលបច្ចុប្បន្នកំពុងជាប់គាំងក្នុងវិបត្តិ» ថ្លែងនៅក្នុងឯកសារសង្ខេបរបស់កម្មវិធីគំនិតផ្តួចផ្តើមស្រាវជ្រាវអាហ្វ្រិកចិន ដែលមានចំណងជើងថា «ការវិវឌ្ឍនៃការផ្តល់ប្រាក់កម្ចីរបស់ចិនដល់ស្រីលង្កាចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ 2000 — ការបែងចែកឱ្យដាច់ស្រេចរវាងជំនឿបែបទេវកថាពីការពិត»។

ស្រីលង្កាជំពាក់បំណុលបរទេសសរុបជាង 47.6 ពាន់លានដុល្លារអាមេរិក ដែលច្រើនជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសខ្លួន នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសខែកញ្ញា ឆ្នាំ 2022 ពីធនាគារកណ្តាលនៃប្រទេសស្រីលង្កា។

ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានថ្លែងប្រាប់សមាជិកសភាថា ទោះបីជាមានសញ្ញានៃសេដ្ឋកិច្ចប្រសើរឡើងក៏ដោយ ក៏ប្រទេសនេះនៅតែខ្វះទុនបម្រុងរូបិយបណ្ណបរទេសដែលត្រូវការសម្រាប់ការធ្វើអាហរ័ណ នេះបើតាមសេចក្ដីរាយការណ៍កាលពីដើមខែមីនា ឆ្នាំ 2023 របស់សារព័ត៌មាន Reuters ។ លោកបានមានប្រសាសន៍ថា លោកបានរំពឹងថាការធានាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់ជំនួយដល់មាត្រដ្ឋានសម្រាប់ការអនុម័តប្រាក់កម្ចីចំនួន 2.9 ពាន់លានដុល្លារអាមេរិកពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដូច្នេះស្រីលង្កាអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។ រដ្ឋាភិបាលស្រីលង្កាបានពិចារណាលើការធានាការគាំទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន ដែលជាជំហានដ៏សំខាន់សម្រាប់កិច្ចព្រមព្រៀងមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីឆ្ពោះទៅមុខបន្ដ។

លោក Wickremesinghe បានថ្លែងកាលពីដើមខែមីនាថា៖ «ឥឡូវនេះយើងបានចូលរួមចំណែកពីខាងយើងរួចហើយ ហើយខ្ញុំរំពឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងចូលរួមចំណែករបស់ខ្លួននៅចុងខែនេះ នៅសប្តាហ៍ទីបី ឬទីបួន» លោកបានថ្លែងទៀតដោយកត់សម្គាល់ថា ប្រទេសស្រីលង្កាបានទទួលលិខិតមួយដែលមានការធានាចាំបាច់ពីធនាគារចិនអាហរ័ណ និហ័រណ (EXIM)។ (រូបភាព៖ ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe នៅខាងឆ្វេង មកដល់សភាក្នុងទីក្រុង Colombo ក្នុងខែកុម្ភៈ ឆ្នាំ 2023។)

លិខិតនោះបានសរសេរថា ធនាគារអាហរ័ណ និហ័រណ (EXIM) នឹងពន្លឿនការពិភាក្សាអំពីបំណុលនៅប៉ុន្មានខែខាងមុខបន្ថែមពីលើការពន្យារបំណុលរយៈពេលពីរឆ្នាំដែលខ្លួនបានផ្តល់នៅខែមករា ឆ្នាំ 2023។ សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសឥណ្ឌាដែលជាអ្នកផ្តល់ប្រាក់កម្ចីដ៏សំខាន់ផ្សេងទៀតរបស់ប្រទេសស្រីលង្កា បានប្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិរួចហើយថា ខ្លួននឹងគាំទ្រដល់ប្រទេសស្រីលង្កាតាមរយៈការបន្ធូរបន្ថយបំណុល និងការផ្តល់ហិរញ្ញប្បទាន។

អ្នកនាំពាក្យខុទ្ទកាល័យស្រីលង្កា លោក Bandula Gunawardena បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ប្រទេសស្រីលង្កាបានធ្វើការយ៉ាងលំបាក និងបានចំណាយពេលជាច្រើនខែដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់កម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅពេលជាក់លាក់ណាមួយ ដែលប្រធានាធិបតីបានចូលរួមនៅក្នុងកម្រិតផ្ទាល់ខ្លួនដើម្បីទទួលបានការគាំទ្រ» នេះបើយោងតាមសារព័ត៌មាន Reuters។ «បើគ្មានកម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិទេ នោះស្រីលង្កាមិនអាចស្ដារសេដ្ឋកិច្ចរបស់ខ្លួនបានឡើយ»។

វិបត្តិហិរញ្ញវត្ថុបានជះឥទ្ធិពលដល់ទិដ្ឋភាពរាប់មិនអស់នៃរដ្ឋាភិបាល និងជីវិតប្រចាំថ្ងៃ ការពន្យារពេលការបោះឆ្នោត និងការជំរុញការដំឡើងពន្ធ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសស្រីលង្កាបានលើកឡើងថា ខ្លួនមិនមានប្រាក់សម្រាប់ម៉ាស៊ីនបោះពុម្ព ប៉ូលិស ឬសន្លឹកឆ្នោតដែលបានដល់កាលកំណត់នៅថ្ងៃទី 9 ខែមីនា ឆ្នាំ 2023 នោះទេ នេះបើយោងតាមសារព័ត៌មាន Bloomberg។ ក្រុមអ្នកប្រឆាំងបានចោទប្រកាន់លោក Wickremesinghe ពីការប៉ុនប៉ងលើការរារាំងការបោះឆ្នោត ហើយមានការតវ៉ាជុំវិញការពន្យារពេលការបោះឆ្នោតមួយនេះ។ លោក Charith Janappriya ជាអ្នករស់នៅទីក្រុងកូឡុំបូដែលមានអាយុ 32 ឆ្នាំ បានប្រាប់សារព័ត៌មាន South China Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនៅ​ខែ​មីនា ឆ្នាំ​ 2023 ថា៖ «រដ្ឋាភិបាលអាចបន្តប្រើលេសនៃការក្ស័យធនដើម្បីពន្យារពេលការបោះឆ្នោតជារៀងរហូត បន្ទាប់មកទុកប្រទេសនេះឱ្យនៅក្ស័យធនជារៀងរហូតដើម្បីតែរក្សាអំណាច»។

ថ្លៃថាមពលក៏បានកើនឡើងផងដែរដោយសារវិបត្តិនេះបាននាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈ ឧស្ម័នសម្រាប់ការចម្អិនម្ហូប អាហារ និងថ្នាំ នេះបើយោងសេចក្ដីរាយការណ៍របស់សារព័ត៌មាន Associated Press (AP)។

លោក Wickremesinghe បានថ្លែងថា ការសម្រេចចិត្តដែលមិនមានប្រជាប្រិយភាពគឺចាំបាច់ដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា។ លោកបានលើកឡើងថា៖ «អតិផរណាកើនឡើងក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។ តម្លៃទំនិញកើនឡើង។ ការងារមានហានិភ័យ។ អាជីវកម្មដួលរលំ។ ពន្ធកើនឡើង។ វាពិបាកសម្រាប់គ្រប់ផ្នែកនៃសង្គមក្នុងការទ្រទ្រង់» នេះបើយោងតាមសារព័ត៌មាន The Associated Press។ «ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងស៊ូទ្រាំនឹងការលំបាកនេះរយៈពេលប្រាំទៅប្រាំមួយខែទៀត យើងអាចឈានដល់ដំណោះស្រាយមួយ»។

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button