អាកាសធាតុ

នាវាស្រាវជ្រាវរបស់អាមេរិកដឹកនាំការរុករកប្រមូលទិន្នន័យនៅឥណ្ឌូប៉ាស៊ីហ្វិក

បុគ្គលិករបស់ទស្សនាវដ្តី FORUM

STORY:

នាវា​រដ្ឋបាលជាតិ​គ្រប់គ្រង​មហា​សមុទ្រ​និង​បរិយាកាស​របស់​សហរដ្ឋអាមេរិក (NOAA) ឈ្មោះ Rainier បានចេញដំណើរកាលពីខែកុម្ភៈឆ្នាំ 2023 នៅក្នុងការធ្វើដំណើរមួយដែលមានគោលបំណងពីរ គឺដើម្បីលើកម្ពស់សុវត្ថិភាព និងដើម្បីធ្វើការស្រាវជ្រាវខាងផ្នែកវិទ្យាសាស្រ្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បេសកកម្មដែលគេហៅថា​ RICHARD (Rainier Integrates Charting, Hydrography, and Reef Demographics) រួមមានការប្រមូល​ទិន្នន័យផែនទី ដើម្បីធ្វើបច្ចុប្បន្នភាពតារាងធ្វើដំណើរ ក៏ដូចជាការធ្វើសមាហរណកម្មទិន្នន័យនៅលើប្រព័ន្ធអេកូសាស្ត្រផ្កាថ្មប៉ប្រះទឹក។

បន្ថែមពីលើការថតយករូបភាពនៅបាតសមុទ្រដោយប្រើរង្វាស់ជម្រៅនិងបច្ចេកទេ​សវាស់វែងដោយ​សំឡេង​រលកដែលស្កែនពីចំហៀង​ ដោយ​មានឧបករណ៍​វាស់ជម្រៅតាមរលកសំឡេងអេកូពីច្រើន​ចំណុច​ ក្រុម​ការងារដែលនៅលើនាវា​អង្កេត​ជលសាស្ត្រ ប្រវែង 70 ម៉ែត្រ​នឹងដឹកនាំការជ្រមុជទឹកពីចំណុចចាប់ផ្ដើមចំនួនប្រាំរបស់វាក្នុងអំឡុងពេលធ្វើដំណើរជាច្រើនខែឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកពីសាម័រអាមេរិកនិង​កោះផ្កាថ្ម Palmyra ទៅកាន់​តំបន់​ថ្មប៉ប្រះទឹក Kingsman និងហួសតំបន់នោះមុនពេលត្រឡប់ទៅកាន់កោះហាវ៉ៃវិញ។

នាវា Rainier ដូចនៅក្នុង​រូបភាព និង​ដំណើរការរបស់នាវានេះក៏ដឹកជញ្ជូនកុំព្យូទ័រដំណើរការនិងផ្ទុកទិន្នន័យ ប្រព័ន្ធកំណត់ទីតាំងសកលផ្សេងៗ​ ប្រព័ន្ធកំណត់ទីតាំងនិងរយៈកម្ពស់ និងឧបករណ៍យកគំរូបាតសមុទ្រ ឧបករណ៍វាស់កម្រិតជំនោរ និង​ម៉ែត្រវាស់ល្បឿនសំឡេងផងដែរ នេះបើយោងតាមរដ្ឋបាល​ NOAA។

ទិន្នន័យរបស់នាវា Rainier នឹងមានផ្ដល់ជូនតាមអនឡាញដល់ប្រទេសជាសម្ពន្ធមិត្ត និងដៃគូដើម្បីពង្រឹងភាពជាដៃគូ និងលើកកម្ពស់វិស័យនវានុវត្តន៍ដើម្បីបរិស្ថានមហាសមុទ្រកាន់តែមានសុខភាពល្អ និងកាន់តែមានសុវត្ថិភាព។

មេបញ្ជាការរបស់នាវា Rainier អនុសេនីយ៍ឯក Casanova នៃកងកម្លាំង​ NOAA​ ដែលកំពុងតែដឹកនាំបេសកកម្មនេះ បានមានប្រសាសន៍ថា «យើងកំពុងតែដាក់បង្ហាញទិន្នន័យ» «ហើយខណៈពេលដែលអ្នកគ្រប់គ្នាមើលទៅទិន្នន័យនេះ ពួកគេអាចផ្ដល់គំនិតកាន់តែប្រសើរឡើងអំពីរបៀបនៃការដោះស្រាយបញ្ហា ឬមើលឃើញរឿងរ៉ាវទាំងនោះទៅតាមផ្លូវផ្សេងពីគ្នា ហើយជាក់ស្ដែងប្រហែលជាអាចជួយតាមរយៈការពិចារណាថា៖ អ្វីទៅជាសំណួរបន្ទាប់ដែលយើងត្រូវសួរខ្លួនយើង?»

អនុសេនីយ៍ឯក Casanova បានមានប្រសាសន៍ថា ព័ត៌មាននេះអាចផ្ដល់ប្រយោជន៍ទៅដល់សហគមន៍នៅលើកោះប៉ាស៊ីហ្វិក ក្រុមនាវិកដែនសមុទ្រពាណិជ្ជកម្ម អ្នកវិទ្យាសាស្ត្រដែលតាមដានការប្រែប្រួលអាកាសធាតុ និងជីវិតក្នុងសមុទ្រ និងអ្នករៀបចំផែនការយោធា។

វាក៏នឹងជួយឆ្លើយសំណួរសំខាន់ៗមួយចំនួនអំពីសុវត្ថិភាពនៃការធ្វើដំណើរតាមនាវា ប្រព័ន្ធអេកូសាស្ត្រនៃតំបន់ផ្កាថ្មប៉ប្រះទឹក និងវិស័យជលផល ដែលសហគមន៍នៅមហាសមុទ្រប៉ាស៊ីហ្វិកពឹងអាស្រ័យទៅលើផងដែរ។ ទិន្នន័យនេះក៏នឹងពង្រឹងប្រព័ន្ធធ្វើការព្រមានដូចជាគំរូដែលត្រូវបានប្រើដើម្បីព្យាករអំពីរលកយក្សស៊ូណាមី។

បេសកកម្មរបស់នាវា Rainier គឺជាឧទាហរណ៍មួយនៃការកើនឡើងយុទ្ធសាស្ត្រសហប្រតិបត្តិការទៅលើកិច្ចខិតខំប្រឹងប្រែងក្នុង​វិស័យ​វិទ្យាសាស្ត្រជាសកល។ ឧទាហរណ៍ដូចជា ក្រុមការងារ NOAA ក៏ចូលរួមជាមួយនឹងកងទ័ពជើងទឹកអាមេរិកជាញឹកញាប់ផងដែរ ហើយបានបញ្ចេញទិន្នន័យដែលមានប្រភពបើកចំហក្នុងបរិមាណជាច្រើនដើម្បីឱ្យ​សម្ពន្ធមិត្ត និងដៃគូនៅទូទាំងសហគមន៍វិស័យសិក្សាស្រាវជ្រាវ ឧស្សាហកម្ម និងសហគមផ្សេងទៀតចូលប្រើប្រាស់ តាមរយៈបច្ចេកវិទ្យានិងភាពជាដៃគូសាធារណៈ និងឯកជនកាន់តែប្រសើរ។

អនុសេនីយ៍ឯក Daniel Simon នៃកងកម្លាំង​ NOAA​ ដែលជាអ្នកសម្របសម្រួលរបស់ NOAA របស់​បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបានមានប្រសាសន៍ថា «ខ្ញុំបានដឹងឮស្ថិតិមួយចំនួន … អំពីទិន្នន័យក្នុងបរិមាណជាច្រើនដែលនាវា NOAA និងផ្កាយរណប និងវេទិកាប្រព័ន្ធអង្កេតការដទៃទៀត ប្រមូលមកជារៀងរាល់ថ្ងៃ ហើយទិន្នន័យទាំងនោះពិតជាច្រើនខ្លាំងណាស់ … បើធៀបទៅនឹងកាលពី 20 ឆ្នាំមុន និង​បើគិត​ដល់រយៈពេល 20 ឆ្នាំនាពេលខាងមុខ។»

 

ប្រភពរូបភាព៖ ទស្សនាវដ្តី FORUM


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button