សកម្មភាពខុសច្បាប់

នាវាចម្បាំងបារាំងរឹបអូសបានថ្នាំញៀនយ៉ាងសន្ធឹកសន្ធាប់នៅក្នុងមហាសមុទ្រឥណ្ឌា

បុគ្គលិករបស់ទស្សនាវដ្តី FORUM

នាវាចម្បាំងនៃកងទ័ពជើងទឹកប្រទេសបារាំងចំនួនពីរបានរឹបអូសថ្នាំហេរ៉ូអ៊ីននិងមេតំហ្វេតាមីនជាង 1​ 000 គីឡូក្រាម ដែលមានតម្លៃ 38 លានដុល្លារសហរដ្ឋអាមេរិក​ពីនាវាដឹកជញ្ជូនពីរគ្រឿង​នៅក្នុងមហាសមុទ្រឥណ្ឌាកាលពីខែមីនាឆ្នាំ 2023 ដែលជាផ្នែកមួយនៃបេសកកម្មសន្តិសុខដែនសមុទ្រនៃសហភាពអឺរ៉ុប​ដែលដំណើរការជាយូរមកហើយ។

ថ្នាំញៀនខុសច្បាប់ត្រូវបានហាមឃាត់នៅក្រោមប្រតិបត្តិការ Atalanta នៅប្រទេសសូម៉ាលីដោយកងកម្លាំងជើងទឹកសហភាពអឺរ៉ុប (EUNAVFOR) ដែលរួមមានទាំងការល្បាតប្រឆាំងនឹងចោរកម្មដែនសមុទ្រនិងប្រឆាំងនឹងការរត់ពន្ធ បេសកកម្មស្វែងរកនិងសង្គ្រោះ ការផ្ដល់ជំនួយមនុស្សធម៌និងការធានាឱ្យ​បាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព​សម្រាប់នាវាដែលប្រតិបត្តិការកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ និងបេសកកម្មសហភាពអាហ្វ្រិក នៅក្នុងប្រទេសសូម៉ាលី នេះបើយោងតាម EUNAVFOR

នាវាចម្បាំងហ្វ្រេហ្គាតរបស់កងទ័ពជើងទឹកបារាំងឈ្មោះ Dixmude និង​ La Fayette បានចេញធ្វើបេសកកម្មនៅតំបន់ឧបទ្វីបអាហ្វ្រិកខណៈពេលដែលពួកគេបានបង្ខាំងនាវាចំនួនពីរគ្រឿង ដែលកំពុងតែធ្វើដំណើរតាមបណ្ដោយឆ្នេរមហាសមុទ្រឥណ្ឌា ដែលមិនមានបំពាក់ទង់ជាតិប្រទេសណាមួយនោះឡើយ។ មន្ត្រីនានាបានមានប្រសាសន៍ថា នាវិកបានប្រើយន្តហោះដ្រូនស៊ើបការប្រភេទ S-100 ក្នុងអំឡុងពេលនៃការស៊ើបអង្កេតនាថ្ងៃទី 2 ខែមីនា ដែលបង្ហាញឱ្យ​ឃើញពី «តម្លៃ​នៅក្នុងប្រតិបត្តិការបន្ថែមរបស់យន្តហោះដ្រូនពីលើអាកាស»។ (រូបភាព៖ នាវាចម្បាំងហ្វ្រេហ្គាតរបស់ប្រទេសបារាំង La Fayette ចេញប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងលិចនាខែមីនាឆ្នាំ 2023។)

នាវាចម្បាំងរបស់បារាំងកំពុងធ្វើការគាំទ្រទៅដល់ប្រតិបត្តិការ Atalanta ជាមួយនឹងនាវាចម្បាំងហ្វ្រេហ្គាតនៃកងទ័ពជើងទឹកប្រទេសអ៊ីតាលីឈ្មោះ Carlo Bergamini និង​នាវាចម្បាំងហ្វ្រេហ្គាតកងទ័ពជើងទឹកប្រទេសអេស្ប៉ាញឈ្មោះ Reina Sofia ដែលជាប្រភេទនាវាចម្បងៗក្នុង​ប្រតិបត្តិការ។

សេចក្ដីប្រកាសព័ត៌មានរបស់ EUNAVFOR បានលើកឡើងថា «ការប្ដេជ្ញាចិត្តចំពោះប្រទេសដែលបានចូលរួមនៅក្នុងប្រតិបត្តិការ ដូចជាប្រទេសបារាំងនៅក្នុងករណីនេះ អនុញ្ញាតឱ្យ​ប្រតិបត្តិការ Atalanta អាច​ទប់ស្កាត់​បានចំពោះលំហូរ​ថ្នាំញៀន​នៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងលិចស្របទៅតាមអាណត្តិរបស់ខ្លួន»។ «ប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយនឹងគ្រឿងញៀន Atalanta ផ្ដោតទៅលើសកម្មភាពខុសច្បាប់ដែលក្នុងនោះ បណ្ដាញឧក្រិដ្ឋ​ជនបានបំបែកក៏ដូចជា​គ្រប់គ្រង​ប្រភពនៃការផ្ដល់មូលនិធិសម្រាប់អង្គភាពជ្រុលនិយមហិង្សានៅទូទាំងតំបន់អាហ្វ្រិកខាងកើត ពីប្រទេសម៉ូសំប៊ិកទៅដល់សុម៉ាលីភាគខាងជើង»។

តាំងពីប្រតិបត្តិការនេះចាប់ផ្ដើមនៅឆ្នាំ 2008 មក ធនធានដែនសមុទ្រនិងដែនអាកាសរបស់បេសកកម្ម Atalanta បានរឹបអូសយកថ្នាំញៀនខុសច្បាប់ប្រមាណជា 14 000 ​គីឡូក្រាម បានចាប់ខ្លួនចោរសមុទ្រដែលត្រូវបានគេសង្ស័យចំនួនជាង 170 នាក់ ព្រមទាំងបានការពារ​នាវាពាណិជ្ជកម្ម​ ដែលបានចែកចាយអាហារប្រហែល 11 លានតោន រួមទាំងអាហារជាង 3 លានតោនទៅប្រទេសសូម៉ាលី។ ប្រទេសមិនស្ថិតនៅក្នុងសហភាពអឺរ៉ុប — រួមមាន ម៉ុងតេណេហ្គ្រោ នូវែលសេឡង់ ន័រវេស ស៊ែប៊ី និងអ៊ុយក្រែន — ​ក៏បានរួមចំណែកផ្ដល់មន្ត្រីនិងនាវាទៅដល់បេសកកម្ម Atalanta ផងដែរ។

EUNAVFOR បានលើកឡើងថា «កិច្ចសហប្រតិបត្តិការនិងគុណភាពនៃដៃគូជាយុទ្ធសាស្ត្រដែលបានគាំទ្រទៅដល់បេសកកម្ម Atalanta ក៏ដូចជាប្រទេសដែលបានរួមចំណែកទៅដល់បេសកកម្ម Atalanta គឺមានតម្លៃមហិមាទៅដល់ជោគជ័យរបស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្ដល់សន្តិសុខដែនសមុទ្រ និងប្រយុទ្ធប្រឆាំងជាមួយនឹងបទឧក្រិដ្ឋដែនសមុទ្រ​នៅក្នុងមហាសមុទ្រឥណ្ឌា»។

បើយោងទៅតាមក្រសួងកងកម្លាំងប្រដាប់អាវុធនៃប្រទេសបារាំងបានឱ្យ​ដឹងថា នាវា Dixmude និង La Fayette ត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃបេសកកម្ម Jeanne D’Arc នៃកងទ័ពជើងទឹកបារាំងក្នុងឆ្នាំ 2023 ជាបេសកកម្មប្រតិបត្តិការរយៈពេលយូរអង្វែងនៅក្នុងទីតាំងជាយុទ្ធសាស្ត្រទូទាំងពិភពលោក។ ជាងមួយសប្តាហ៍បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងគ្រឿងញៀន នាវាទាំងនេះបានចូលរួមជាមួយនឹងសមយុទ្ធដែនសមុទ្រពហុជាតិសាសន៍ដែលដឹកនាំដោយប្រទេសបារាំងដែលមានឈ្មោះថា La Perouse នៅឈូងសមុទ្របេងហ្កាល់ ដោយធ្វើសមយុទ្ធប្រឆាំងនឹងយន្តហោះចម្បាំង ការចាក់បំពេញឥន្ធនៈឡើងវិញនៅដែនសមុទ្រ ការឆ្លងដែនគោក ការការពារដែនអាកាស និងសមយុទ្ធដទៃទៀតរយៈពេល 2 ថ្ងៃជាមួយនឹងកងកម្លាំងមកពីប្រទេសអូស្ត្រាលី កាណាដា ឥណ្ឌា ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានលើកឡើងថា «ការហ្វឹកហ្វឺនទាំងនេះធ្វើ​ឱ្យការរក្សាបាននូវអន្តរប្រតិបត្តិការកម្រិតខ្ពស់រវាងកងទ័ពជើងទឹករបស់ដៃគូយូរអង្វែងដែលមានចក្ខុវិស័យដូចគ្នាចំពោះបញ្ហាសន្តិសុខដែនសមុទ្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ «ប្រតិបត្តិការនេះរួមចំណែកចំពោះការរក្សានូវសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកទៅលើច្បាប់ដែនសមុទ្រ និងពហុភាគីនិយម»។

ប្រភពរូបភាព៖ ក្រសួងកងកម្លាំងប្រដាប់អាវុធរបស់បារំាង


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button